បន្ទាប់ពីមានការពិគ្រោះយោបល់រវាងមន្ត្រីអគ្គិសនីកម្ពុជា ជាមួយម្ចាស់ផ្ទះជួល ឬបន្ទប់ជួលកាលពីថ្ងៃទី១៩ មករា អំពីការបញ្ចុះតម្លៃលក់ភ្លើងជូនកម្មករមកនៅត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់រួចមក ខាងអគ្គិសនីកម្ពុជា សម្រេចបង្កើតគណៈកម្មការមួយដើម្បីចុះវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីតាមផ្ទះជួលទាំងនោះ មុននឹងរៀបចំតបណ្ដាញអគ្គិសនីជូនកម្មករប្រើប្រាស់ក្នុងតម្លៃថោក។
អាជ្ញាធរអគ្គិសនី សន្យាថានឹងសងសំណងសមរម្យជូនម្ចាស់ផ្ទះជួល ក្នុងករណីគណៈកម្មការចុះទៅវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីត្រឹមត្រូវ ឬមិនខុសឆ្ងាយពីស្តង់ដារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ កាលពីថ្ងៃទី២០ មករា បញ្ជាក់ថា អគ្គិសនីកម្ពុជា នឹងបង្កើតគណៈកម្មការដើម្បីវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ម្ចាស់ផ្ទះជួល។ ក្នុងករណីហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីទាំងនោះត្រឹមត្រូវ ឬមិនខុសឆ្ងាយពីស្តង់ដារបច្ចេកទេស អគ្គិសនីកម្ពុជា នឹងធ្វើការទូទាត់សំណងសមរម្យជូនម្ចាស់ផ្ទះជួលតាមជាក់ស្តែង។
ប៉ុន្តែ បើករណីហេដ្ឋារចនាសម្ព័ន្ធទាំងនោះមិនត្រឹមត្រូវ ឬខុសឆ្ងាយពីស្តង់ដារបច្ចេកទេស អគ្គិសនីកម្ពុជា នឹងវិនិយោគរៀបចំបណ្ដាញអគ្គិសនីថ្មីឡើងវិញ ដើម្បីធានាការបាត់បង់ថាមពលអគ្គិសនី និងធានាបាននូវសុវត្ថិភាពដល់អ្នកជួលផ្ទះ តាមស្តង់ដាររបស់អគ្គិសនីកម្ពុជា ដែលអនុវត្តទូទាំងប្រទេស។
លោក កែវ រតនៈ ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា នៅពេលដែលអគ្គិសនីកម្ពុជា រៀបចំបណ្ដេញអគ្គិសនីរួចរាល់ហើយនោះ អគ្គិសនីកម្ពុជា នឹងរៀបចំទទួលពាក្យសុំតចរន្ត និងទទួលប្រាក់កក់ពីអ្នកជួលផ្ទះ ឬបន្ទប់ជួលដោយផ្ទាល់នៅទីតាំងប្រើប្រាស់ គឺចាប់ពីម៉ោង ៤កន្លះ ដល់ម៉ោង ៨កន្លះយប់រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។ រីឯថ្ងៃអាទិត្យ ដែលកម្មករឈប់សម្រាក មន្ត្រីអគ្គិសនីនឹងចុះទៅចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥រសៀល។
យ៉ាងណា ការរៀបចំតបណ្ដាញអគ្គិសនីឲ្យកម្មករប្រើភ្លើងពីរដ្ឋដោយផ្ទាល់នេះ គឺតម្រូវឲ្យកម្មករបង់ប្រាក់កក់មុន ៣ម៉ឺន ៥០០រៀល ដើម្បីបានភ្លើងប្រើ។
លោក កែវ រតនៈ ធ្លាប់បញ្ជាក់ថា ប្រាក់កក់នោះ ខាងអគ្គិសនីកម្ពុជា នឹងប្រគល់ឲ្យកម្មករ ឬអ្នកជួលផ្ទះវិញនៅពេលដែលពួកគេឈប់ស្នាក់នៅបន្ទប់ជួល ដោយអាចស្នើសុំដកយកប្រាក់ទាំងនោះ ឬក៏ទូទាត់ថ្លៃភ្លើងប្រើចុងក្រោយ៖ «គាត់កក់ ៣ម៉ឺន ៥០០រៀលក្នុង ៥០គីឡូវ៉ាត់មួយខែ គាត់ប្រើបានតែ ២អាទិត្យ អស់ ១០គីឡូ ឬ ៥គីឡូ គាត់ឈប់ គាត់យកវិក្កយបត្រដែលគាត់កក់ទៅដកលុយ យើងឲ្យលុយគាត់ភ្លាម នេះជាលុយគាត់»។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា ក៏បញ្ជាក់ថា ក្នុងករណីអ្នកជួលផ្ទះ ឬបន្ទប់ជួល មិនប្រើប្រាស់អគ្គិសនី ឬសូន្យគីឡូវ៉ាត់ម៉ោងក្នុងមួយខែនោះ អគ្គិសនីកម្ពុជា តម្រូវឲ្យម្ចាស់ផ្ទះត្រូវបង់ថ្លៃសេវាកម្មថែទាំប្រព័ន្ធនាឡិកាស្ទង់ចំនួន ៣ពាន់រៀលក្នុងមួយខែ ឬបើមិនដូច្នោះទេ ម្ចាស់ផ្ទះអាចជ្រើសរើសវិធីរាយការណ៍ទៅអាជ្ញាធរអគ្គិសនី ដើម្បីមកដោះបញ្ឈប់ប្រព័ន្ធនាឡិកាស្ទង់នោះចេញពីផ្ទះជួល។ ចំពោះការទារបំណុលក្នុងការប្រើប្រាស់អគ្គិសនី និងបំណុលផ្សេងៗ គឺជាភារកិច្ចរបស់អគ្គិសនីកម្ពុជា។ តែក្នុងវិក្កយបត្រប្រើប្រាស់អគ្គិសនីរបស់អ្នកជួល មិនទាន់មានបូកថ្លៃសំរាមនៅឡើយទេ ដោយការងារកំណត់ថ្លៃសំរាមនេះ ជាភារកិច្ចរបស់គណៈកម្មការដោយឡែកមួយទៀត ដែលដឹកនាំដោយសាលារាជធានីភ្នំពេញ។
អាជ្ញាធរអគ្គិសនីកម្ពុជា ក៏ស្នើសុំកិច្ចសហការជាមួយម្ចាស់ផ្ទះជួល ដើម្បីអនុវត្តច្បាប់ស្ដីពីអគ្គិសនី និងគោលនយោបាយរបស់រដ្ឋាភិបាល និងអនុញ្ញាតឲ្យអ្នកបច្ចេកទេសអគ្គិសនីកម្ពុជា ចេញចូលផ្ទះរៀបចំតបណ្ដាញថ្មី ឬកែសម្រួលបណ្ដេញចាស់ ក្នុងពេលគណៈកម្មការវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចុះទៅអនុវត្ត។
ម្ចាស់ផ្ទះជួលម្នាក់នៅសង្កាត់ចោមចៅ លោកស្រី សោ ម៉ ឲ្យដឹងថា គាត់មិនជំទាស់នឹងគម្រោងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ទេ។ លោកស្រីរំឭកថា អ្នកជួលផ្ទះដែលភាគច្រើនជាកម្មកររោងចក្រ តែងផ្លាស់ប្ដូរទីកន្លែងស្នាក់នៅញឹកញាប់។ ដូច្នេះ បើពួកគេមិនបង់ថ្លៃភ្លើង នោះលោកស្រីជាម្ចាស់ផ្ទះនឹងមិនទទួលខុសត្រូវឡើយ។
ម្ចាស់ផ្ទះម្នាក់ទៀត លោកស្រី ណារី បញ្ជាក់ថា លោកស្រីមិនពេញចិត្តចំពោះគម្រោងនេះទេ ប៉ុន្តែក៏មិនដឹងប្រឆាំងយ៉ាងម៉េចដែរ៖ «យើងជំទាស់តែឯងក៏ពិបាកដែរ និយាយឲ្យចំបើរដ្ឋាភិបាលជួយខ្មែរ មិនមែនជួយតែកម្មករទេ កម្មករជាខ្មែរ អ្នកមានផ្ទះជួលក៏ជាខ្មែរដែរ»។
អគ្គិសនីកម្ពុជា (EDC) ត្រៀមប្រាក់ចន្លោះ ២លានទៅ ៣លានដុល្លារ សម្រាប់ដាក់កុងទ័រតាមបន្ទប់ជួលឲ្យកម្មករ ដើម្បីធានាថា ពួកគេអាចប្រើប្រាស់អគ្គិសនីពីរដ្ឋក្នុងតម្លៃថោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។