សហព័ន្ធ​សហជីព​ចំនួន​១០​នឹង​ទាមទារ​ប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករ​១៧៧​ដុល្លារ

តំណាង​សហភាព និង​សហព័ន្ធ​សហជីព​សំខាន់ៗ​ចំនួន​១០ នៅ​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​៣១ កក្កដា អនុម័ត​ថា នឹង​ទាមទារ​ប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករ​ចំនួន ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ ពី​ថៅកែ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែក​ជើង។

តំណាង​សហជីព​កម្មករ បាន​លើក​ឡើង​ថា ការ​ទាមទារ​ប្រាក់​ខែ​អប្បបរមា​ចំនួន ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ​នេះ ដោយសារ​មាន​ការ​ស្រាវជ្រាវ និង​រក​ឃើញ​ថា ការ​បែង​ចែក​ប្រាក់​ចំណេញ​របស់​និយោជក​មិន​យុត្តិធម៌ គឺ​ពួក​ថៅកែ​រក​ចំណូល​ប្រហែល ៦​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​យក​មក​ចំណាយ​លើ​កម្លាំង​ពលកម្ម​របស់​កម្មករ​ប្រហែល ១០​ភាគ​រយ​ប៉ុណ្ណោះ​នៃ​ប្រាក់​ចំណូល​នោះ។

លោក គង់ អាទិត្យ តំណាង​សហជីព​សហភាព​ការងារ​កម្ពុជា ដែល​បាន​ចូលរួម​ប្រជុំ ថ្លែង​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ការ​ទាមទារ​ប្រាក់​ខែ​អប្បបរមា​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល បាន​សម្រេច​ផ្តល់​ប្រាក់​ខែ​ឲ្យ​កម្មករ​ក្នុង​មួយ​ខែ​ត្រឹម ១០០​ដុល្លារ៖ «បើ​គេ​មិន​ព្រម យើង​ធ្វើ​យុទ្ធនាការ​ឲ្យ​ទីផ្សារ​អី​ទទួល​ខុស​ត្រូវ​រឿង​នេះ​ដែរ ជាពិសេស​យើង​ដាក់​សម្ពាធ​ទៅ​ទីផ្សារ និង​ថៅកែ ដែល​ជា​អ្នក​ចំណេញ​ច្រើន​នេះ។ យើង​នឹង​តវ៉ា​ទៅ​រដ្ឋាភិបាល​ដែរ ឲ្យ​នៅ​ខាង​យើង ការពារ​កម្មករ ហើយ​សហជីព​ដែល​ស៊ីញេ​លើ​នេះ គឺ​ទាំង​សហជីព​គាំទ្រ និង​ប្រឆាំង​រដ្ឋាភិបាល​អី ឥឡូវ​គេ​សាមគ្គី​គ្នា​ហើយ»

លោក គង់ អាទិត្យ បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​ទាមទារ​របស់​តំណាង​សហជីព​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​មាន​ការ​ប្រជុំ​រួម​រវាង​សហជីព​តំណាង​កម្មករ និង​ថៅកែ​រោងចក្រ​នៅ​ខែ​សីហា និង កញ្ញា នេះ។ ភាគី​សហជីព​តំណាង​កម្មករ ចង់​ឲ្យ​ថៅកែ​រោងចក្រ អនុវត្ត​ការ​ផ្តល់​ប្រាក់​ខែ ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ​នេះ​ចាប់​ពី​ខែ​តុលា ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។