ពលរដ្ឋ​​ផ្ទុក​មេរោគ​អេដស៍​នៅ​បាត់ដំបង​កើន​ដល់​២០៣​នាក់

ដោយ ហ៊ុំ ចំរើន
2014.12.30
អេដស៍ បាត់ដំបង ៦២០ សកម្មភាព​ប្រជាពលរដ្ឋ​ទៅ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣០ ធ្នូ ២០១៤។
RFA/Hum Chamroeun

ពលរដ្ឋ​​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កើន​ឡើង​ដល់​ចំនួន ​២០៣​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ធ្នូ។ ពួកគាត់​ទាំង​នោះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ និង​មន្ត្រី​ពាក់​ព័ន្ធ​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា ឬ​ស្បៀង​អាហារ​ហូប​ចុក​ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​រស់​នៅ​​​ប្រចាំ​ថ្ងៃ។

អ្នក​ភូមិ​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ស្រុក​សង្កែ​ ឲ្យ​ដឹង​ថា​ រហូត​មក​ទល់​ពេល​នេះ​​មាន​ស្ថាប័ន​រដ្ឋ​សភា និង​មន្ត្រី​ពាក់​ព័ន្ធ​ផ្ដល់​ជំនួយ​ខ្លះ​ដែរ​ដល់​ពួកគាត់​​ រួម​មាន​ថវិកា​ប្រមាណ ១០​ម៉ឺន​រៀល​ អង្ករ ៥០​គីឡូក្រាម​ និង​របស់​របរ​មួយ​ចំនួន​ទៀត​ ដែល​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រមាណ ៧០​​​ដុល្លារ​អាមេរិក​ ក្នុង​ម្នាក់។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា បន្ទាប់​ពី​ធ្វើតេស្ត​ឈាម​ដឹង​ថា មាន​មេរោគ​អេដស៍​មក​ គឺ​ពួកគាត់​ដែល​ជា​កសិករ​ក្រីក្រ​ផង​នោះ​ ម្នាក់ៗ​ខ្វល់​ខ្វាយ​ពី​ជំងឺ​នេះ​មិន​ឈប់​ឈរ​ ហើយ​​ពុំ​បាន​​ចេញ​ទៅ​ស្វែង​រក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​របស់​ ខ្លួន​​នោះ​ទេ។ អ្នក​ភូមិ​​បញ្ជាក់​ថា​ ជំនួយ​ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​ឧបត្ថម្ភក​ដល់​ពួកគាត់​នោះ​ដោះ​ស្រាយ​បាន​តែ​ ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ចំពោះ​រយៈ​ពេល​វែង​ខាង​មុខ​ទៀត​មិន​ដឹង​ទៅ​ជា​យ៉ាង​នោះ​ទេ៖ «ខ្វល់ខ្វាយ​ដូច​វា​មិន​សមហេតុសមផល។ ធ្លាប់​តែ​ចង់​ទៅ​ណា​បាន​តាម​ចិត្ត តែ​ដល់​ពេល​កើត​ជំងឺ​អ៊ីចឹង​ទៅ​គឺ​ទៅ​ណា​មិន​រួច​ទេ។ ខ្ញុំ​ដល់​ពេល​ឈឺ​អ៊ីចឹង​កូន​មក​នៅ​ជុំ​គ្នា​ ហើយ​គ្មាន​នរណា​ទៅ​រក​ស៊ី​ចិញ្ចឹម​ទេ បើ​ចង់​ទៅ​ណា​ឆ្ងាយ​ក៏​ទៅ​មិន​រួច​វិលៗ គឺ​រង់ចាំ​តែ​​ខែ​បើក​ថ្នាំ​​រាល់​ខែ​ទៅ។ សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ជា​រៀង​រាល់​ខែ​មក​ ដើម្បី​ជួយ​ដល់​ពួក​ខ្ញុំ​អ្នក​កើត​ជំងឺ​អេដស៍​ផង​យក​ទៅ​ដោះស្រាយ​ប្រចាំ​ថ្ងៃ»

ទាក់​ទង​នឹង​បញ្ហា​នេះ ​ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋ​សភា អ្នកស្រី កែ សុវណ្ណរតន៍ ធ្លាប់​មាន​ប្រសាសន៍​ ខណៈ​ចុះ​​ចែក​អំណោយ​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​ មេរោគ​អេដស៍​នៅ​ភូមិ​ការ កាល​ពី​ថ្ងៃ​២៧ ធ្នូ ថា អ្នកស្រី​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​កញ្ចប់​ថវិកា​ផ្គត់ផ្គង់​ដល់​ អ្នក​ផ្ទុក​មេរោគ​អេដស៍​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បន្ត​ទៀត៖ «ព្រោះ​ពួកគាត់​ត្រូវ​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ ដើម្បី​ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​ ព្រោះ​ថា សមាជិក​​​ក្រុម​គ្រួសារ​របស់​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ដូច​ពេល​មុន​នោះ​ទេ។ អ៊ីចឹង​រឿង​នេះ​យើង​ត្រូវ​តែ​រក​មូលនិធិ​ជួយ​ដល់​ពួកគាត់»

រហូត​មក​ដល់​ពេល​នេះ​ យើង​សង្កេត​ឃើញ​មាន​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​ ចុះ​អប់រំ​ផ្នែក​ផ្លូវ​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​មេរោគ​អេដស៍​នៅ​តាម​ ផ្ទះ​ជា​បន្តបន្ទាប់​​ដែរ។

មន្ត្រី​ស្ម័គ្រ​ចិត្ត​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​ ពេក​ ញ៉ាញ មាន​ប្រសាសន៍​ខណៈ​ចុះ​អប់រំ​តាម​ផ្ទះ​អ្នក​ភូមិ​ថា ការ​ចុះ​អប់រំ​ផ្លូវ​ចិត្ត​ប្រជាពលរដ្ឋ​នេះ​ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​​ដែល​ផ្ទុក​មេរោគ​អេដស៍​កុំ​ឲ្យ​ ពួកគាត់​គិត​រវើរវាយ​ពី​​ជំងឺ​ដែល​ជួប​ប្រទះ៖ «ដូច​អ្នក​ខ្លះ​គាត់​នៅ​ក្មេង នៅ​ពេល​ដែល​យើង​សួរ​គាត់​ទៅ​រហូត​គាត់​ទ្រាំ​មិន​បាន​ក៏​យំ។ ដល់​អ៊ីចឹង​ទៅ​យើង​ពន្យល់​ប្រាប់​គាត់​ពី​មូល​ហេតុ​ដែល​ឆ្លង​ជំងឺ​ហ្នឹង​ថា មិន​មែន​កើត​ឡើង​ដោយសារ​ការ​រួម​ភេទ​នោះ​ទេ​ គឺ​បញ្ហា​ផ្សេងៗ​ទៀត​ក៏​អាច​ឆ្លង​ជំងឺ​អេដស៍​បាន​ដែរ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំទប់​ទី​២​ឃុំ​រកា​ លោក​ សឿម ឆម​ ឲ្យ​ដឹង​ថា លទ្ធផល​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា ឃុំ​រកា ​ដែល​ទៅ​ធ្វើ​តេស្តឈាម​ ហើយ​មាន​មេរោគ​អេដស៍​កើន​ឡើង​​ដល់​​ចំនួន ២០៣​នាក់​​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ធ្នូ នោះ។ យ៉ាង​ណា​ក៏​ដោយ​លោក​គិត​ថា ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ទៀត​ ដោយសារ​ប្រជាពលរដ្ឋ​នៅ​តែ​នាំ​គ្នា​ទៅ​ធ្វើតេស្ត​ឈាម​ជា​បន្ត​បន្ទាប់​នៅ​ ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។