កម្មករកាត់ដេរប្រមាណ ៥០នាក់ដែលធ្វើការអស់ជាច្រើនឆ្នាំ នៅរោងចក្រ ហ៊ឹង ជីង (Hoeng Chhing Garment Factory) ក្នុងសង្កាត់ស្ទឹងមានជ័យ នាំគ្នាធ្វើបាតុកម្ម ទាមទារប្រាក់រំលឹកអតីតភាពការងារពីថៅកែ ជាច្រើនដងតែមិននៅទាន់ទទួលបាន។ ចំណែកតំណាងរោងចក្រ ស្នើឱ្យកម្មករវិលចូលធ្វើការវិញ និងអត់ធ្មត់រង់ចាំការដំណោះស្រាយនៅចុងខែកញ្ញា ពីព្រោះក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុ គ្មានប្រាក់គ្រប់គ្រាន់បើកឱ្យកម្មករ។
ក្រុមកម្មករដែលភាគច្រើនជាស្ត្រីធ្វើការនៅរោងចក្រ ហ៊ឹង ជីង មិនតិចជាង៥ឆ្នាំ ឱ្យដឹងថា ក្រុមហ៊ុនមិនបានគោរពទៅតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ ដែលតម្រូវឱ្យថៅកែបើកប្រាក់រំលឹកអតីតភាពការងារ ២ដង ក្នុង ១ឆ្នាំ។
កម្មការិនីផ្នែកដេរ លោកស្រី ពៅ លីណា ដែលធ្វើការនៅរោងចក្រមួយនេះ ៨ឆ្នាំហើយ ថ្លែងថា ខាងថៅកែរោងចក្រចេះតែពន្យារពេល ៥ដងហើយ នៅតែមិនព្រមទូទាត់ប្រាក់អតីតភាពការងារឱ្យពួកគាត់នៅឡើយទេ។ លោកស្រី ពៅ លីណា យល់ថា ភាគីហាក់បីដូចជាចង់គេចវេះពីរឿងនេះ ក្រោយពីឮដំណឹងថា ថៅកែចង់បិទរោងចក្រដោយប្រកាសថា ក្ស័យធន។ កម្មការិនីផ្នែកដេរ ស្នើដល់អធិការកិច្ចក្រសួងការងារជួយចុះដោះស្រាយឱ្យកម្មករផង៖ «និយាយទៅពួកខ្ញុំ សំណូមពរតែខាងក្រសួង និងខាងអាជ្ញាធរទេ និងខាងកាសែតជួយផ្ដល់ព័ត៌មានឱ្យពួកគាត់មកដោះស្រាយឱ្យពួកខ្ញុំផង ព្រោះរឿងហ្នឹងមិនឥឡូវៗទេ គឺ៤ ទៅ ៥សាហើយ។ រឿងលុយហ្នឹងខាងក្រសួងក៏គាត់ដឹងដែរថា ខាងក្រុមហ៊ុនគាត់មានបញ្ហាហ្នឹង ហើយអត់ធ្វើការរហូត។ ហើយសូមឱ្យខាងក្រសួងមកសម្របសម្រួលបញ្ហាហ្នឹង»។
ចំណែកកម្មករម្នាក់ទៀតដែលធ្វើការជាង ៥ឆ្នាំ លោក គឹម រិទ្ធី លើកឡើងចំនួនទឹកប្រាក់រំលឹកអតីតភាពការងារសម្រាប់កម្មករម្នាក់គឺ ចន្លោះពី ៨០ដុល្លារ ដល់១រយដុល្លារ ប៉ុណ្ណោះ ប៉ុន្តែខាងរដ្ឋបាលរោងចក្រឆ្លើយថា គ្មានប្រាក់បើកឱ្យកម្មករនៅពេលនេះទេ។ លោក គឹម រិទ្ធី បន្តថា ប្រាក់អតីតភាពការងារនេះ គឺផ្នែកមួយដ៏សំខាន់សម្រាប់កម្មករ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «រឿងលុយធម្មតាទេ កម្មករគាត់ធ្វើការដើម្បីលុយ។ រឿងលុយអតីតភាពការងារ ខាងក្រសួងគាត់ប្រកាសមកហើយថា ខាងក្រុមហ៊ុននិយោជកហើយគ្រប់សហគ្រាសបើកឱ្យហ្នឹង គឺកម្មករគាត់ចង់បាន។ ធម្មតា ឱ្យតែខាងក្រសួង និងសម្ដេចគាត់ប្រកាសមកថា បើកឱ្យកម្មករ កម្មករយកលុយហ្នឹងបែងចែកហើយ ព្រោះធម្មតា ត្រូវជួលថ្លៃផ្ទះគេផង ហូបចុកផងហើយផ្ញើឱ្យកូនចៅឈឺស្កាត់អីផង។ គាត់ចេះតែចង់បានហើយ ឱ្យតែខាងក្រសួងគាត់ប្រកាសអ៊ីចឹង គាត់អរណាស់»។
ប្រធានរដ្ឋបាលខាងរោងចក្រ ហ៊ឹង ជីង លោកស្រី អួយ ណៃស៊ីម ប្រាប់អាស៊ីសេរីថា ថៅកែរោងចក្រនៅតែរក្សាជំហរដោះស្រាយរឿងនេះឱ្យកម្មករ ទៅតាមការណែនាំរបស់ក្រសួងការងារ។ លោកស្រី អួយ ណៃស៊ីម ស្នើដល់កម្មករទាំងអស់យោគយល់ដល់ក្រុមហ៊ុននៅពេលនេះ ដោយសារទំនិញមិនទាន់បញ្ជូនចេញទៅអ្នកបញ្ជាទិញ ហើយប្រាក់ក៏មិនទាន់បង្វិលចូលក្រុមហ៊ុនដែរ។ តំណាងរោងចក្ររូបនេះ បញ្ជាក់ថា ថៅកែនឹងគិតគូរទូទាត់ប្រាក់រំលឹកអតីតភាពការងារឱ្យកម្មករនៅត្រឹមដំណាច់ខែក្រោយ៖ «មួយរយៈពេលហ្នឹង អីវ៉ាន់ខ្ញុំអត់មានចេញអ៊ីចឹង។ ហើយប៉ុន្មានថ្ងៃនេះ អីវ៉ាន់ខ្ញុំក៏នាំចូលច្រើន ហើយទម្រាំតែអីវ៉ាន់វាចេញ គឺដល់ខែ៩។ ខែ៩ ថ្ងៃទី៣០ បានខ្ញុំបង្វិលលុយទាន់បើកឱ្យគាត់។ អ៊ីចឹង ! ខ្ញុំសូមថ្ងៃទី៣០ អាហ៊ាគាត់និយាយអ៊ីចឹង។ អីវ៉ាន់ខ្ញុំបង្វិលទាន់ ខ្ញុំនឹងបើកឱ្យគាត់អស់ហើយ។ អត់ទុកទេ ពីព្រោះថា អត់ចង់ធ្វើអីឱ្យខុសច្បាប់ការងារដែរ។ តែកម្មករគាត់ក្រឡុកទៅក្រឡុកមក គាត់អត់ព្រមដែរ គាត់នាំគ្នាចេញមុនម៉ោង។ គាត់ដេរឱ្យខ្ញុំអត់ចេញចំនួន។ ដល់ពេលអ៊ីចឹង ! វាស្ទះអីវ៉ាន់ខ្ញុំចេញអត់ដល់ដៃអ្នកកុម្ម៉ង់ (Order) ។ ដល់អ៊ីចឹង ! វាធ្វើឱ្យខ្ញុំស្ទះលុយនៅហ្នឹង»។
មន្ត្រីអធិការកិច្ចក្រសួងការងារ លោក ឈុត រ៉ាវុធ ប្រាប់អាស៊ីសេរីថា ខាងក្រសួងបានចុះទៅរំលឹកនិងដាក់ពិន័យថៅកែរោងចក្រ ហ៊ឹង ជីង ម្ដងរួចមកហើយ រឿងមិនបើកប្រាក់រំលឹកអតីតភាពការងារឱ្យកម្មករ។ លោក ឈុត រ៉ាវុធ មិនទាន់អាចប្រាប់បានទេ អំពីចំណាត់របស់ក្រសួងថា នឹងធ្វើអ្វីបន្តទៀត ដោយត្រូវរង់ចាំការសម្រេចពីថ្នាក់លើដោះស្រាយបញ្ហានេះ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ នៅថ្ងៃទី១៤ សីហា បាននៅឡើយទេ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
មន្ត្រីផ្នែកច្បាប់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) លោក ស៊ាង យ៉ូត ដែលតាមដានរឿងនេះ យល់ថាក្រសួងការងារ អាចប្រើយន្តការ ដែលធ្លាប់ប្រើកន្លងមក គឺផ្ដល់ប្រាក់បុរេប្រទានដល់កម្មករជាមុនសិន ហើយចាំពិភាក្សារកដំណោះស្រាយជាមួយក្រុមហ៊ុនជាក្រោយក៏បាន៖ «មើលរូបមន្តតាំងពីឆ្នាំ២០១៧ ២០១៨ ហើយដោយសារតែសហគ្រាសមួយចំនួនត្រូវបានថៅកែរត់ចោល អត់មានលទ្ធភាព ហើយក្ស័យធនអ៊ីចឹងទៅ រដ្ឋាភិបាលបានចេញប្រាក់បុរេប្រទានរបស់ខ្លួនដើម្បីជួយសម្រួលឱ្យបងប្អូនកម្មករដែលទាក់ទងនឹងច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ ហើយថ្មីៗ ហ្នឹង ប្រកាស៤៤៣ ក៏ទាក់ទងនឹងប្រាក់រំលឹកអតីតភាពការងារហ្នឹងដែរ។ អ៊ីចឹង ! ក្រសួងការងារគាត់ចេញមក ដើម្បីឱ្យនិយោជកអនុវត្ត។ បើសិនជាអត់អនុវត្តទេ អ៊ីចឹងក្រសួង និងនិយោជក ត្រូវតែធ្វើការដោះស្រាយរឿងហ្នឹង និងបើកឱ្យបងប្អូនកម្មករ»។
ក្នុងនៅសេចក្ដីណែនាំអំពីការបើកប្រាក់រំលឹកអតីតភាពការងារមុខឆ្នាំ២០១៩ របស់ក្រសួងការងារ កាលខែមីនា ២០១៩ ក្រសួងតម្រូវឱ្យសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងទាំងអស់ ត្រូវបើករំលឹកប្រាក់អតីតភាព មិនអាចលើសពី ៦ខែ នៃប្រាក់ឈ្នួលសុទ្ធសាធ គិតជាមធ្យមតាមឆ្នាំនីមួយៗ ដែលស្មើនឹងចំនួន ១៥៦ថ្ងៃ។ ត្រង់ចំណុចនេះ កម្មករគឺត្រូវទទួលបានប្រាក់រំលឹក អតីតភាពការងារ ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨ គឺស្មើនឹងចំនួន ១៥៦ថ្ងៃ។ លើកទី១ ត្រូវបើកឱ្យកម្មករនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ និងលើកទី២ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
ក្រសួងការងារបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨ ចំពោះឆ្នាំការងារដំបូងដែលជាមូលដ្ឋានត្រូវរំលឹកអតីតភាពការងារ កម្មករនិយោជិកពេញសិទ្ធិ ដែលបានបំពេញការងារជាប់ជានិច្ច ចាប់ពី១ខែ ដល់៦ខែ ត្រូវទទួលបានប្រាក់បំណាច់អតីតភាពការងារ ស្មើនឹងចំនួន ៧ថ្ងៃ។ ប្រសិនបើបំពេញការងារបានលើសពី ៦ខែ ត្រូវគិតស្មើនឹង ១ឆ្នាំពេញ ដោយត្រូវទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងចំនួន ១៥ថ្ងៃ ក្នុង ១ឆ្នាំ។
រោងចក្រដែលមានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ គឺជារោងចក្រដែលទទួលផលិតមិនទាន់សម្រេចបន្តពីរោងចក្រដទៃ ដោយមានកម្មករធ្វើការសរុប ១៤០នាក់។ កម្មករខ្លះជាកម្មករជាប់កិច្ចសន្យារយៈពេលខ្លី និងកម្មករខ្លះទៀត ជាកម្មករទទួលបានឈ្នួលប្រចាំថ្ងៃ។ ក្រុមកម្មករដែលទាមទារប្រាក់រំលឹកអតីតភាពការងារ ប្រកាន់ជំហរថា ពួកគាត់នឹងបន្តការតវ៉ាមុខរោងចក្រតទៅទៀត ដរាបមានដំណោះស្រាយពីខាងក្រសួងការងារ តម្រូវឱ្យថៅកែរោងចក្រ បើកប្រាក់ខែឱ្យពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។