លោក ហ៊ុន សែន នឹង​ទៅ​ចូលរួម​បុណ្យ​សព​លោក​លី​ក្វាន់​យូ​នៅ​ចុង​សប្ដាហ៍​​នេះ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន គ្រោង​នឹង​ធ្វើ​ដំណើរ​ផ្លូវ​រដ្ឋ​​ទៅ​កាន់​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី​២៩ មីនា ដើម្បី​ចូលរួម​​ពិធី​បុណ្យ​សព របស់​អតីត​នាយករដ្ឋមន្ត្រី​ទី១ ​ប្រទេស​នេះ ​លោក លី ក្វាន់យូ (Lee Kuan Yew) ដែល​​ទទួល​មរណភាព​កាល​ពី២៣ មីនា។

កាសែត ឌឺ​ស្ត្រេត​ថាមស៍ (The Straits​ Times) នៅ​ថ្ងៃ​ទី​២៥ មីនា​នេះ​ បាន​ចុះ​ផ្សាយ​ថា លោក ហ៊ុន សែន ជា​ថ្នាក់​ដឹកនាំ​ប្រទេស​ចុង​ក្រោយ​បង្អស់ ដែល​ប្រកាស​ថា នឹង​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​លោក លី ក្វាន់យូ។

កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន ថ្លែងថា លោកគ្រោង​នឹង​បញ្ជូន​មន្ត្រី​តំណាង​កម្ពុជា​ទៅ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​លោក លី ស៊ានឡុង (Lee Hsien Loong) ដែល​ជា​កូន​ប្រុស​បង្កើត​របស់​លោក លី ក្វាន់យូ ។

លោក លី ក្វាន់យូ ជា​ស្ថាបនិក និង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​របស់​ប្រទេស​សិង្ហបុរី ចាប់​ពី​ឆ្នាំ​១៩៦៥ មក ហើយ​លោក​បាន​ដឹកនាំ​ប្រទេស​នេះ ឲ្យ​រីក​ចម្រើន​បំផុត​នៅ​ក្នុង​តំបន់ និង​ពិភពលោក។ លោក​គឺ​ជា​ឥស្សរជន​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ទ្វីប​អាស៊ី និង​ជា​សហ​ស្ថាបនិក​នៃ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។