សង្គម​ស៊ីវិល​ថា បើ​ការ​អំពាវនាវ​ឲ្យ​បញ្ចុះ​តម្លៃ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ នៅ​ខេត្ត​ព្រះសីហនុ គ្មាន​យន្តការ​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់​លាស់​ទេ នោះ​គ្រាន់​តែ​ជា​នយោបាយ​ប្រជាភិថុតិ​ប៉ុណ្ណោះ

0:00 / 0:00

សង្គម​ស៊ីវិល​យល់​ថា ការ​អំពាវនាវ​របស់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​សណ្ឋាគារ នៅ​ខេត្ត​ជាប់​សមុទ្ទ​ទាំង​អស់ កុំ​ឡើង​​ថ្លៃ​បន្ទប់​ជួល ក្នុង​អំឡុង​ពេល​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នោះ គ្មាន​ប្រសិទ្ធិ​ភាព​ទេ និង​គ្រាន់​តែ​ជា​នយោបាយ​ប្រជាភិថុតិ បើ​អាជ្ញាធរ​មិន​មាន​ឆន្ទ និង​​វិធាន​ការ​​​ច្បាស់​លាស់។

លោក ហ៊ុន សែន អំពាវនាវ​ដល់​អាជីវករ​ម្ចាស់ផ្ទះ​សំណាក់​ សណ្ឋាគារ នៅ​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប ឲ្យ​ខិតខំ​រក្សា​​តម្លៃ​បន្ទប់​ជួល ​នៅ​ដដែល​ ក្នុង​កំឡុង​ពេល​ ពលរដ្ឋ​នឹង​ទៅ​សម្រាក​លំហែ​ ឆ្លង​ឆ្នាំ​សកល នៅ​ចុង​ខែ​ធ្នូ​នេះ។ នៅ​ចំពោះ​មុខ​​កម្មករ កម្មការិនី​រោងចក្រ នៅ​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី​១២ ធ្នូ លោក ហ៊ុន សែន ឆ្លៀត​​​រិះគន់​ថា តម្លៃ​​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ ឬ​ខេត្ត​ជាប់​មាត់​សមុទ្ទ​នានា មិន​ឡើង​ថ្លៃ​ដូច​សណ្ឋាគារ​នៅ​ទីក្រុង​ញូយ៉ក របស់​សហរដ្ឋ​អាមេរិក​ទេ៖ « មិន​ចាំ​បាច់​ទៅ​និយាយ​ឯណា​ទេ។ ទៅ​និយាយ​​ជាមូយ​អាមេរិក​កាំង​តែម្ដង នៅ​ញូយ៉ក ( ទីក្រុង ) ឲ្យតែ​ខែ​មហា​សន្និបាត​​អង្គការ​សហប្រជាជាតិ​ថ្លៃ​សណ្ឋាគារ​ឡើង​ ១០០ភាគរយ ឬ​ឡើង ​១២០ភាគរយ ឡើង​លើស ​១០០ភាគរយ ថ្លៃ​សណ្ឋាគារ។ បើ​យើង​បូក​ពន្ធ ថា​ឥឡូវ ដូចជា​យើង​ត្រៀម​បំរុង​ថា ខែ៩ ត្រូវ​ទៅ​អង្គការ​សហប្រជាជាតិ ចឹង​កក់​ពី​ខែ​១ ខែ២ ទៅ អា​ហ្នឹង អាច​នឹង​បាន​ថោក។ ប៉ុន្តែ​ចាប់​ជិត​ដល់ នៅ១ខែ ឬ២ខែ អា​ហ្នឹង​ខ្ពស់​ហើយ។ សូម្បី​តែ​ចៅ​ខ្ញុំ​រៀន​នៅ​ប្រទេស​អង់គ្លេស ចៅ​ស្រី​រៀន​នៅ​ប្រទេស​អង់គ្លេស ដើម្បី​មក​ជួប​ខ្ញុំ នៅ​ហ្សឺណែវ ( ប្រទេស​ស្វីស ) ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ហ្សឺណែវ ចៅ​ត្រូវ​ទិញ​សំបុត្រ​យន្ដហោះ​លើស​ថ្លៃ​ធម្មតា ៧០​ភាគរយ»

ក្នុង​ចំណោម​ខេត្ត​ទាំង​៤ ជាប់​មាត់​សមុទ្ទ ​តម្លៃ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ នៅ​ខេត្ត​ព្រះសីហនុ មាន​តម្លៃ​ថ្លៃ​ជាង​គេ។ ពលរដ្ឋ​រអ៊ូ​ថា សូម្បី​តែ​ថ្ងៃ​ធម្មតា ក៏​តម្លៃ​ផ្ទះ​សំណាក់ សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ មាន​តម្លៃ​ថ្លៃ​រួច​ទៅ​​ហើយ។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​ស្រង់​ស្ថិតិ និង​តម្លៃ​បន្ទប់​ជួល​តាម​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្គាឡូ និង​រីហ្សត (Resort) នានា ក្នុង​ខេត្ត​ព្រះសីហនុ ក្រោយ​រង​ការរិះគន់​យ៉ាង​ចាស់​ដៃ ​​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពី​តម្លៃ​បន្ទប់​ជួល​ស្នាក់​នៅ ឡើង​ថ្លៃ​ខ្លាំង នៅ​ខណៈ​ដែល​ម្ចាស់​អាជីវកម្ម​ ភាគ​ច្រើន​លើស​លុប​ជា​ជន​ជាតិ​ចិន។ បេសកកម្ម មន្ត្រី​ចុះ​​ស្រង់​តម្លៃ​បន្ទប់​ជួល​​តាម​ផ្ទះ​សំណាក់ សណ្ឋាគារ បឹងហ្គាឡូ រីហ្សត នឹង​ត្រូវ​បញ្ចប់​​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ហើយ​របាយការណ៍​ នឹង​ត្រូវ​រដ្ឋបាល​ខេត្ត​ យក​ទៅ​ប្រជុំ​អនុម័ត​ នៅ​ពេល​ក្រោយ។

អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​អំពាវនាវ​កន្លង​មក​គ្មាន​ប្រសិទ្ធិ​ភាព ដោយសារ​​អាជ្ញាធរ​គ្មាន​វិធានការ ឬ​យន្ដការ​​បន្ថែម ពី​លើ​ការ​អំពាវនាវ​នោះ។ សង្គម​ស៊ីវិល​រូប​នេះ យល់​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ពេល​នេះ ក៏​ទំនង​គ្មាន​ប្រសិទ្ធិ​ភាព​ដែរ។ អ្នកស្រី ជាប សុធារី​ ឲ្យដឹង​បន្ថែម​ថា ពេល​នេះ អាជីវកម្ម​ផ្ទះ​សំណាក់​ សណ្ឋាគារ ភាគ​ច្រើន គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ហើយ​ម្ចាស់​ផ្ទះ​សំណាក់​ខ្លះ​ មិន​ទទួល​យក​ការ​កក់​មុន សម្រាប់​ថ្ងៃ​បុណ្យ​ទាន​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​​ដំឡើង​ថ្លៃ​តាម​គ្នា។

អ្នកស្រី ជាប សុធារី ផ្ដល់​យោបល់​ថា ដើម្បី​ឲ្យ​ការ​អំពាវនាវ​របស់ លោក ហ៊ុន សែន មាន​ប្រសិទ្ធិ​ភាព​មេ​ដឹក​នាំ​របប​មួយ​នេះ គួរ​​មាន​វិធានការ​តឹងរឹង​ផ្លូវ​ច្បាប់។ ម្យ៉ាង​ទៀត ម្ចាស់​ផ្ទះ​សំណាក់ សណ្ឋាគារ​ខ្លះ ក៏​ជា​មន្ត្រី​ និង​សាច់​ញាតិ​ របស់​មន្ត្រី​ធំ​ៗ​ ឬ​សាច់​ញាតិរបស់​អាជ្ញាធរ​នៅ​ខេត្ត​ព្រះសីហនុទៀតផង ដែលគួរ​តែ​អនុវត្ត​​តម្លៃ​បន្ទប់​ជួល​​សមរម្យជាគំរូ៖ « កុំ​ឲ្យ​គាត់​ឡើង ( ថ្លៃ ) ចឹង​គាត់ ( អាជីវករ​ម្ចាស់​ផ្ទះសំណាក់ ម្ចាស់​សណ្ឋាគារ ) អត់​មាន​ខាត​ណា។ យើង​មិន​មែន​ឲ្យ​គាត់​បញ្ចុះ​តម្លៃ​ឯណា គ្រាន់​ថា គាត់​ជួល​ធម្មតា​ឲ្យ​គាត់​ជួល​ធម្មតា។ ចឹង​ទាល់​តែ​អាជ្ញាធរ រាជរដ្ឋាភិបាល​ហ្នឹង គាត់​មាន​ការ​ពន្យល់​ហេតុ​ផល​យ៉ាងណា ឲ្យ​គាត់​ស្ដាប់។ តាម​ពិត​យើង​មិន​មែន ចង់​ឲ្យ​គាត់​ខាត​ទេ គ្រាន់​តែ​ថា កុំ​យក​តម្លៃ​លើស​ហ្នឹងឯង ហើយ វា​ត្រូវ​មាន​អ្នក​ចាប់​ផ្ដើម​ធ្វើ​ជា​គំរូ​មុន​គេ .... យ៉ាង​ហោច​ណាស់ ត្រូវ​មាន​អ្នក​​ចាប់​ផ្ដើម​ធ្វើ​ជា​គំរូ​មុន​គេ ខ្វះ​អ្វី​អ្នក​ខ្លះ គាត់​ជា​អ្នក​រក​ស៊ី​ធំៗ អាច​ជា​មន្ត្រី​រាជការ ចឹង​ដែរ ចឹង​ឲ្យ​ពួក​គាត់ ចាប់​ផ្ដើម​ធ្វើ​ជា​គំរូ​មុន​គេ​ទៅ​ »

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ដ មីន លើក​ទឹក​ចិត្ត​ឲ្យ​អាជីវករ​ក្នុង​ និង​ក្រៅ​ប្រទេស បន្ថែម​ការ​វិនិយោគ វិស័យ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​បន្ថែម នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ទប់​ទល់​ការ​ឡើង​ថ្លៃ​បន្ទប់​ជួល ដែល​អនុវត្ត​តាម​ទីផ្សារ​សេរី។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផ្ដល់​យោបល់​ថា ដើម្បី​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព របប​លោក ហ៊ុន សែន គួរ​បង្កើត​ក្រុម​អធិការ​កិច្ច​ឯករាជ្យ ត្រួត​ពិនិត្យ​មើល​តម្លៃ​ជួល ក្នុង​ថ្ងៃ​បុណ្យ​ទាន។ តែ​មិន​មែន​ជា​ក្រុម​មន្ត្រី​អធិការ​កិច្ច ចាំ​ទទួល​យក​សំណូក​ពី​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ទេ។ លោក វ៉ន់ ពៅ បន្ត​ថា ក្រៅពី​វិធានការ​ផ្លូវ​ច្បាប់ របប​ក្រុង​ភ្នំពេញ គួរ​មាន​​យន្តការ​ជួយ​សម្រួល​​ដល់​ភ្ញៀវ​ទេសចរណ៍ ដូច​ជា បង្កើត​ផ្ទះ​សំណាក់​រដ្ឋ ដើម្បី​ប្រជែង​នឹង​ផ្ទះ​សំណាក់ សណ្ឋាគារ​ឯក​ជន ហើយ​ក្រសួង​ទេសចរណ៍​ត្រូវ​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​កំណត់​តម្លៃ​ផ្ទះ​សំណាក់ ក្នុង​តម្លៃ​សមរម្យ មិន​មែន​ទុក​ឲ្យ​ឈ្មួញ​ឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត ដូច​សព្វ​ថ្ងៃ​ទេ។

លោក វន់ ពៅ ក៏​ជំរុញ​ឲ្យ​ក្រុម​ការងារ​ខេត្ត​ព្រះសីហនុ​ ដែល​កំពុង​ចុះ​ស្រង់​តម្លៃ​ផ្ទះ​សំណាក់ ​សណ្ឋាគារ បឹងហ្គាឡូ រីហ្សត ត្រូវ​ធ្វើ​ការ​ឲ្យ​បាន​លឿន ហើយ​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់ មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​មក​ដល់។ សង្គម​ស៊ីវិល​រូប​នេះ យល់​ថា ប្រសិន​បើ​ត្រឹម​ជា​ការ​អំពាវនាវ ដែល​គ្មាន​យន្តការ​ច្បាស់​លាស់​ទេ វា​គ្រាន់​តែ​ជា​ការ​ធ្វើ​ប្រជាភិថុតិ​នយោបាយ បែប​បោក និង​លួង​ចិត្ត​ពលរដ្ឋ​ប៉ុណ្ណោះ៖ « ខ្ញុំ​មើល​ឃើញ វា​ហាក់​ដូចជា​របៀប​ឆន្ទៈ​នយោបាយ​ច្រើន​ជាង ពីព្រោះ​កាលណា ចង់​យក​ចិត្ត​រាស្ត្រ​អ្វី​មួយ គេ​ធ្វើ​បែប​ហ្នឹង ​ហើយ​បន្ទាប់​អត់មាន​យន្តការ​ណា ច្បាស់​លាស់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ទេ។ យើង​ឃើញ​ច្រើន​ហើយ អា​រឿង​កិច្ចការ​ទាំង​អស់​ហ្នឹង តាំងពី​រឿង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ទប់ស្កាត់ ដោះស្រាយ​រឿង វិបត្តិ​ដីធ្លី មាន​រឿង​ជាច្រើន​ទៀត​ឃើញ​ថា ​ធ្វើ​ឡើង​មួយ​ឆាវៗ វា​បាត់​ទៅ​វិញ។ ចឹង​ហើយ ខ្ញុំ​គិត​ថា ត្រូវ​ធ្វើ​ឲ្យ​មែនទែន​ កុំ​ធ្វើ​មួយ​ឆាវៗ ហើយ​បាត់ »

លោក វន់ ពៅ អះអាង​ថា បច្ចុប្បន្ន​ក្រុម​ពលរដ្ឋ​រកស៊ី​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ខេត្ត​ព្រះសីហនុ កំពុង​រងគ្រោះ ពី​ការដំឡើង​ថ្លៃ​សព្វ​មុខ​ទំនិញ។ លោក បារម្ភ​ថា នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ពលរដ្ឋ​នឹង​មិន​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ ដូច​កាល​ពី​រដូវ​ភ្ជុំបិណ្ឌ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រកស៊ី​របរ​កំប៉ិច​កំប៉ុក ក្រៅ​ប្រព័ន្ធ​ នៅ​ខេត្ត​ព្រះសីហនុ បាត់​បង់​​ការងារ និង​គ្មាន​ចំណូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។