កម្មកររោងចក្រសឺពីយ៉ា ជិត ២០០នាក់ នាំគ្នាហែក្បួនតវ៉ាជាថ្មីម្ដងទៀត ឆ្ពោះមកកាន់ក្រសួងការងារនៅថ្ងៃទី១២ សីហានេះ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធឲ្យថៅកែរោងចក្រទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ឲ្យពួកគេវិញ។ ការហែក្បួនតវ៉ារបស់កម្មករនេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រារាំងនៅចំណុច មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដោយអាជ្ញាធរឲ្យកម្មករជិះឡានទៅទាមទារនៅមុខក្រសួងការងារវិញ។
តំណាងកម្មកររោងចក្រសឺពីយ៉ា (SEPIA (CAMBODIA) GARMENT CO.,LTD) លោកស្រី លឹម ប៉ាវី ឲ្យអាស៊ីសេរីដឹងថា ថៅកែរោងចក្របានសន្យាបើកប្រាក់ខែជូនកម្មករចំនួន ២ដងក្នុងមួយខែ គឺនៅថ្ងៃទី២៥ ម្តង និងថ្ងៃទី១០ ម្តង តែថៅកែរោងចក្របានបើកឲ្យកម្មករតែម្ដងប៉ុណ្ណោះ ក្នុងមួយខែ ដែលស្មើនឹង ៥០% ហើយពុំទូទាត់សងប្រាក់ដែលនៅសល់នោះទេ។ ពួកគេតវ៉ាទាមទារឲ្យថៅកែរោងចក្រនេះ ទូទាត់ប្រាក់ខែជូនពូកគេឲ្យគ្រប់ចំនួន និងទូទាត់ប្រាក់បំណាច់ឆ្នាំជូនពួកគេវិញ។ ក្រុមកម្មករបានមកដល់ក្រសួងការងារ ហើយមន្ត្រីក្រសួងការងារបានចេញមកសួរនាំជុំវិញវិវាទនេះ។
កម្មកររោងចក្រសឺពីយ៉ា (SEPIA (CAMBODIA) GARMENT CO.,LTD) មួយរូបទៀត លោកស្រី សូ សាម៉េន បានត្អូញត្អែរពីផលលំបាកថា ថៅកែបានបញ្ចុះបញ្ចូលឲ្យកម្មករធ្វើការ ដោយសន្យាបើកប្រាក់ខែពេញលេញជូនកម្មករ តែដល់ថ្ងៃកំណត់ បែរជាមិនបើកឲ្យទៅវិញ ដោយយកលេសថា គ្មានប្រាក់សង។ លោកស្រីបន្តថា លោកស្រីជួបការលំបាកក្នុងជីវភាពជាខ្លាំង បន្ទាប់ពីថៅកែបើកជូនកម្មករបានតែ ៥០% ហើយជំពាក់កន្លះខែ ដោយចាយមិនគ្រប់ ជំពាក់បំណុលធនាគារ គ្មានប្រាប់បង់ថ្លៃបន្ទប់ជួលជាដើម។
លោកស្រីសូ សាម៉េន លើកឡើងទៀតថា កម្មករ-កម្មការិនីនៅរោងចក្រ សឺពីយ៉ា (SEPIA (CAMBODIA) GARMENT CO.,LTD) ធ្លាប់ដាក់ញត្តិជាច្រើនលើកមកហើយនៅក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ តែពុំឃើញមានដំណោះស្រាយជូនកម្មករនោះទេ៖ «
កម្មករប្រមាណ ៦០០នាក់ ត្រូវបានថៅកែរោងចក្រ សឺពីយ៉ា (SEPIA (CAMBODIA) GARMENT CO.,LTD) ព្យួរការងាររយៈពេល ១ខែ ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ដោយកំណត់ចូលធ្វើការវិញ នៅថ្ងៃទី១៨ ខែឧសភា ហើយថៅកែទូទាត់ប្រាក់ជូនកម្មករតែ ៥០%ប៉ុណ្ណោះ ដោយជំពាក់ប្រាក់ឈ្នួលកម្មករកន្លះខែ។ ដោយបារម្ភខ្លាចថៅកែលួចដឹកសម្ភារៈចេញពីរោងចក្រ និងមិនទូទាត់ប្រាក់ឈ្នួលសងកម្មករ ពួកគេបានធ្វើការតវ៉ាដោយដេកយាមនៅមុខរោងចក្រអស់រយៈពេល ៤ថ្ងៃ ជាប់គ្នាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និងអ្នកនាំពាក្យមួយរូបទៀតនៃក្រសួងការងារ លោក សេង សក្តា ដើម្បីសាកសួរអំពីការដោះស្រាយវិវាទការងារបានទេ នៅថ្ងៃទី១២ សីហា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ថ្លែងថា ក្រសួងការងារហាក់យឺតយ៉ាវ និងឆកល្វែងក្នុងការធ្វើអធិការកិច្ចចំពោះសហគ្រាស គ្រឹះស្ថាន និងរោងចក្រដែលខកខានមិនបានអនុវត្តកាតព្វកិច្ចក្នុងការបើកប្រាក់ឈ្នួលជូនកម្មករ។ លោកបន្តថា កន្លងមក ក្រសួងមិនបានបំពេញកាតព្វកិច្ចឲ្យមានប្រសិទ្ធភាព តម្លាភាព ដើម្បីធានាថា កម្មករ និយោជិតទទួលបានលក្ខខណ្ឌប្រសើរ ហើយនិយោជកត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់ក្នុងការទទួលខុសត្រូវរបស់ពួកគេនោះទេ៖ «
ក្រុមកម្មកររោងចក្រសឺពីយ៉ា (SEPIA (CAMBODIA) GARMENT CO.,LTD) បានយល់ព្រមទទួលយកប្រាក់សំណង ៥០% ដែលនៅសល់ ដោយថៅកែសន្យានឹងបើកជូនពួកគេនៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ បន្ទាប់ពីក្រសួងបានចរចាជាមួយនឹងភាគីក្រុមហ៊ុន ហើយនិងចាប់ផ្ដើមចូលធ្វើការវិញនៅថ្ងៃទី១៣ ខែសីហា។ ប៉ុន្តែក្រុមកម្មករទុកពេលឲ្យភាគីពាក់ព័ន្ធចរចា និងដោះស្រាយជូនពួកគេបន្ថែមទៀត បើពុំនោះទេ ពួកគេនឹងតវ៉ាជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។