ការ​សាកល្បង​ឧបករណ៍​កំណត់​ទីតាំង​រណ្ដៅ​សាកសព​ជន​រង​គ្រោះ​សម័យ​ខ្មែរក្រហម

0:00 / 0:00

ក្រុមហ៊ុនឯកជន​មួយ​ឈ្មោះ​ ស្ប៉ារូ ហគ ហ្វា អ៊ីស (SparrowHawk Far East) បាន​សាក​ល្បង​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​សម្រាប់​កំណត់​ទីតាំង​រណ្ដៅ​សាកសព ស្វែង​រក​អដ្ឋិធាតុ​ជន​រងគ្រោះ​នៅ​សម័យ​ខ្មែរ​ក្រហម។

ទីតាំង​ដែល​ត្រូវ​កំណត់​យក​មក​ធ្វើការ​​សាកល្បង​ប្រើ​ប្រាស់​ឧបករណ៍​នោះ គឺ​នៅ​វិទ្យាល័យ​មេសាង ខេត្ដ​ព្រៃវែង កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ។ ឧបករណ៍​នេះ​នឹង​អាច​រក​ទិន្នន័យ​ជន​រង​គ្រោះ ក្នុង​សម័យ​ខ្មែរ​ក្រហម​តាម​រណ្ដៅ​ផ្សេងៗ​ បាន​លឿន​ ដោយ​មិន​ចាំបាច់​កកាយ​រក​សាក​សព។

នាយក​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា គម្រោង​ស្រាវជ្រាវ​ និង​អប់រំ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា លោក ផេង ពង្សរ៉ាស៊ី បាន​ថ្លែង​ប្រាប់​សារ​ព័ត៌មាន​ អាអេហ្វប៉េ (AFP) ក្នុង​អំឡុង​ពេល​សាកល្បង​ឧបករណ៍​សម្រាប់​រុករក​រណ្តៅ​សាកសព​នោះ​ថា វា​ជា​លើក​ទី​មួយ​ហើយ ដែល​ការ​ស្រាវជ្រាវ​នេះ ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ស្វែងរក​រណ្តៅ​សាកសព ជន​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម ហើយ​កុមារ​គួរ​តែ​បាន​ដឹង​ពី​ប្រវត្ដិសាស្រ្ដ​ថា តើ​មាន​អ្វី​បាន​កើត​ឡើង​នៅ​ទីតាំង​ដែល​ពួក​គេ​កំពុង​រស់នៅ។

លោក​បន្ថែម​ទៀត​ថា វាពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ដែល​ការ​រុករក​នេះ ធ្វើ​ឡើង​ដោយ​មិន​ចាំបាច់​ជីក​គាស់​សាកសព​ជន​រង​គ្រោះ​ទាំង​នោះ​ ដែល​លោក​យល់​ថា ធ្វើ​ឲ្យ​រំខាន​ដល់​ដួង​ព្រលឹង​ជន​រង​គ្រោះ​ទាំង​នោះ៖ «ព្រលឹង​អ្នក​ទាំង​អស់​នោះ​ស្លាប់​ទៅ មិន​ទទួល​បាន​នូវភាព​​អយុត្តិធម៌​ទៅ​ហើយ អ៊ីចឹងបើ​យើង​គាស់​កកាយ​ទៀត​វា​រឹតតែ​បំផ្លាញ​វិញ្ញាណ​អ្នកទាំងអស់​ហ្នឹង អ៊ីចឹង​បាន​ជា​យើង​ថា ត្រឹម​តែ​ចង់​ដឹង​មើល​ថា​ នៅ​ក្រោម​រណ្ដៅ​ហ្នឹង​ វា​មាន​សាកសព​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ»

ស្រាវជ្រាវ​នេះ​នឹង​ធ្វើ​នៅ​ភូមិភាគ​បូព៌ា​មុន​គេ ដែល​ភូមិភាគ​នេះ​នៅ​សម័យ​ខ្មែរ​ក្រហម មាន​រណ្ដៅ​សាកសព ១២៤​ទីតាំង ហើយ​រណ្ដៅ ២៧​ត្រូវ​បាន​ជីក​រួចរាល់។

នាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ក៏​បាន​ប្រាប់​សារព័ត៌មាន​ អា អេហ្វ ប៉េ ដែរ​ថា ករណី​ឧក្រិដកម្ម​ប្រល័យ​ពូជ​សាសន៍​នេះ មិន​មែន​បញ្ចប់​តែ​ក្នុង​សាលាក្ដី​នោះ​ទេ។ លោក​បន្ត​ថា ដើម្បី​ឲ្យ​អនាគត​ប្រទេស​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​ គ្រប់​គ្នា​ត្រូវ​តែ​យល់​ដឹង​អំពី​បញ្ហា​នេះ ហើយ​យើង​មិន​ត្រូវ​បញ្ឈប់​ការ​ស្វែងរក​ចម្លើយ​ទាំង​នោះ​ទេ។

ឧបករណ៍​ដែល​គេ​យក​មក​រុករក​អដ្ឋិធាតុ​នេះ​ឈ្មោះ អ៊ែលស៍ វែល រ៉ាដា ( Elsewhere RADA) ដែល​គេ​ធ្លាប់​ប្រើ​ក្នុង​ការ​ជួយ​​​ស្វែងរក​តំបន់​កប់​សាកសព​ ក្នុង​​សង្គ្រាម​ស៊ីវិល នៅ​ប្រទេស​អេស្ប៉ាញ​ ក្នុង​អំឡុង​ឆ្នាំ​១៩៣៦ ដល់​ឆ្នាំ​១៩៣៩ ហើយ​នឹង​ការ​រុករក​ជន​រង​គ្រោះ​ក្នុង​ជម្លោះ​នៅ​បូស្នៀ (Bosnia) ក្នុង​ទស្សវត្សរ៍​ទី​៩០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។