ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត បានទាមទារឱ្យផ្ដន្ទាទោសអ្នកពាក់ព័ន្ធ ដែលចូលរួមបណ្ដោយឱ្យសង់អគារគ្មានច្បាប់អនុញ្ញាត ហើយបាក់រលំសង្កត់មនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅខេត្តព្រះសីហនុ និងស្វែងរកការពិតនៅក្រោយការរលំបាក់អគារនេះ។
ប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា និងគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញការសោកស្ដាយ ការរន្ធត់ចិត្ត និងផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារប្រជាពលរដ្ឋ ដែលមានសាច់ញាតិបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍បាក់រលំសំណង់អគារក្នុងខេត្តព្រះសីហនុនោះ។
លោក កឹម សុខាបានបង្ហាញក្នុងសារដ៏កម្រមួយលោកលើបណ្ដាញសង្គម ហ្វេសប៊ុក កាលថ្ងៃទី២៣ ខែមិថុនា ដោយលោកសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារសពទាំងអស់ដោយក្តីក្រៀមក្រំបំផុត»។
ប្រធានគណបក្សប្រឆាំង ដែលកំពុងជាប់ក្នុងផ្ទះរូបនេះ បានអំពាវនាវឲ្យមានការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះដោយផ្ដល់សំណង និងផ្ដន្ទាទោសអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធទាំងឡាយផង។
លោក កឹម សុខា ក៏ស្នើឱ្យរកមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ និងមានវិធានការបង្ការទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតមានដដែលៗ តទៅទៀត។
រីឯគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ក៏បានបង្ហាញសាររំលែកទុក្ខតាមបណ្ដាញសង្គមហ្វេសប៊ុកដែរ គណបក្សនេះ យល់ឃើញថា អ្វីដែលកើតមានឡើងជាការទទួលខុសត្រូវរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយទាមទារឱ្យរដ្ឋបាលខេត្តនេះ ទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋរងគ្រោះ។ គណបក្សនេះថែមទាំងទាមទារដកតំណែង ឬការលាឈប់ពីតួនាទីរបស់មន្ត្រីជាន់ខ្ពស់ក្នុងដែនរដ្ឋបាលខេត្តព្រះសីហនុ។
អនុប្រធានគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន យល់ថា ករណីដែលថៅកែចិនមិនស្ដាប់តាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺថៅកែដែលជាម្ចាស់សំណង់អគារនោះ អាចមានអ្នកកាងនៅពីក្រោយ។ លោកយល់ថា ពេលនេះគឺជាឱកាស ដើម្បីរកមុខអ្នកពាក់ព័ន្ធដែលបានធ្វើឲ្យមានករណីគ្រោះថ្នាក់នេះ៖ «»
ចំណែកអ្នកនាំពាក្យគណបក្ស ខ្មែរឈ្នះ យិន ឈឿន ទាមទារឲ្យរដ្ឋាភិបាលចេញមុខសូមទោសពលរដ្ឋជាសាធារណៈចំពោះគ្រោះថ្នាក់នេះព្រោះរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ និងអភិបាលខេត្តព្រះសីហនុអសមត្ថភាពក្នុងការគ្រប់គ្រងលើការងាររបស់ខ្លួន។ លោកបន្តថា ដើម្បីជៀសវាង ឬទប់ស្កាត់បញ្ហាគ្រោះថ្នាក់សម្លាប់ជីវិតពលរដ្ឋច្រើនដូចនេះទៀត គឺត្រូវប្តូររដ្ឋាភិបាលថ្មីដែលមានសមត្ថភាព និងកើតចេញពីការបោះឆ្នោតត្រឹមត្រូវ៖
ចំណែកមេដឹកនាំរបបក្រុងភ្នំពេញ បានសរសេរលើហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី២៣ មិថុនាថា ពេលនេះ មិនមែនជាពេលត្រូវលើកឡើងពីការដកតំណែងនរណាមួយនោះទេ ប៉ុន្តែជាពេលដែលអាជ្ញាធរធ្វើការរួមគ្នាសង្គ្រោះពលរដ្ឋ ដែលកំពុងជាប់ក្នុងគំនរអគារបាក់រលំនោះជាមុនសិន។
ករណីរលំបាក់អាគារកម្ពស់ ៧ជាន់ នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា អាជ្ញាធរចោទប្រកាន់ថា អាគារនោះសាងសង់គ្មានច្បាប់អនុញ្ញាតនោះទេ ប៉ុន្តែសាធារណជនឆ្ងល់ថា បើគ្មានច្បាប់ហេតុអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរខេត្តបណ្ដោយឱ្យឈ្មួញចិនអាចសង់បានរហូតទៅដល់ ៧ជាន់បែបនេះ?។
កន្លងមកក៏ធ្លាប់មានករណីគ្រោះថ្នាក់ស្លាប់រត់ជាន់គ្នានៅកោះពេជ្រក្នុងក្រុងភ្នំពេញ ដែលពលរដ្ឋជា ៣០០នាក់ស្លាប់ និងករណីពលរដ្ឋពុលទឹកជាដើមនោះ គេមិនឃើញមានមន្ត្រីណាមួយនៃរបបក្រុងភ្នំពេញក្លាហានចេញមុខទទួលខុសត្រូវ ឬលាលែងពីតំណែង មានការផ្ដន្ទាទោសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។