ក្រុម​ស្ត្រី​ចង​ក្រង​ជា​សហគមន៍​ដាំ​ផ្សិត​អំបោះ​ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ

0:00 / 0:00

ស្ត្រី​មួយ​ក្រុម​បាន​រួម​គ្នា​ចង​ជា​ក្រុម​បង្កើត​ជា​សហគមន៍​ដាំ​ផ្សិត​អំបោះ ដើម្បី​បង្កើត​រក​ចំណូល​បន្ថែម​ពី​ការងារ​ធ្វើស្រែ​ចម្ការ។ ក្រុម​សហគមន៍​ស្ត្រី បាន​បែងចែក​តួនាទី​ការងារ​គ្នា​ធ្វើ តាម​ថ្ងៃ​តាម​វេន និង​បែងចែក​ភាគលាភ គ្នា​ជា​រៀងរាល់​មួយ​ខែ​ម្ដង។ ក្រុម​ស្ត្រី​ដាំ​ផ្សិត​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ស្ត្រី​មានការ​ងារ​ធ្វើ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ស្ត្រី​ចេះ​តស៊ូ​មតិ​ថែម​ទៀត​ផង។

នៅ​ក្នុង​រោង​ឈឺ​ប្រក់​ស្បូវ​ជញ្ជាំង​បិទបាំង​ដោយ​បន្ទះ​ឫស្សី មាន​ទំហំ​ទទឹង​ប្រវែង​ជាង​៥​ម៉ែត្រ បណ្ដោយ​ជាង​៧​ម៉ែត្រ​នៅ​ក្នុង​រោង​ពោរពេញ​ដោយ​កញ្ចប់​ផ្សិត​អំបោះ តម្រៀប​ជា​ជួរ​ដាក់​នៅ​លើ​ដី និង​ចង​ខ្សែ​ជា​ជួរ​លើក​ផុត​ពី​ដី​ដើម្បី​ការពារ​ទឹក​លិច។ នោះ​គឺជា​រោង​បណ្ដុះ​ផ្សិត​អំបោះ របស់​ក្រុម​ស្ត្រី សហគមន៍​ដាំ​ផ្សិត​អំបោះ មាន​ទីតាំងនៅ ភូមិ​ចំរើន ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ។ ទោះ​ក្រុម​ស្ត្រី​សមាជិក​ទាំងអស់ ចំនួន​០៨​នាក់​ក្ដី ប៉ុន្តែ​ការគ្រប់គ្រង​ចំណូល​ចំណាយ​គឺ​បេឡា​ត្រឹមត្រូវ។ សមាគម​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​កាលពី​ឆ្នាំ​២០១១ ដោយ​អ្នកស្រី គោគ ផល្លីន ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ។ យ៉ាង​ហោច​ណាស់ ពួកគេ​ទទួល​ប្រាក់ចំណេញ​ក្នុង​ម្នាក់ៗ​៨​ម៉ឺន​រៀល សល់​ពី​លុយ​សន្សំ និង​ប្រាក់​ចំណាយ​នានា ប៉ុន្តែ​ក្នុង​មួយ​អាទិត្យ​ត្រូវ​មាន​សមាជិក​ម្នាក់​ប្រចាំការ។

ដោយសារ​មាន​តួនាទី​ជា​អ្នក​ទទួល​បន្ទុក​នារី​ឃុំ អ្នកស្រី គោគ ផល្លីន បាន​សហការ​ជាមួយ​អង្គការ​ស៊ី​ស៊ី មជ្ឈមណ្ឌល​វិជ្ជាជីវៈ​ខេត្ត​ក្រចេះ និង​អង្គការ​ចំរើន​ស្ត្រី ដើម្បី​បង្កើត​សហគមន៍​ស្ត្រី​ដាំ​ផ្សិត​អំបោះ​បាន​នៅ​ឆ្នាំ​២០១១។ នេះ​ជា​ការ​បង្កើត​លើក​ទី​២ បន្ទាប់ពី​សហគមន៍​ចាប់កំណើត​លើក​ទី​១ បរាជ័យ​កាលពី​ឆ្នាំ​២០០៩។ ការ​ទទួល​បាន​ជោគជ័យ​លើក​ទី​២​នេះ បន្ទាប់ពី​សហគមន៍​ស្ត្រី បាន​ប្ដូរ​យុទ្ធសាស្ត្រ ក្នុង​ការ​គ្រប់គ្រង និង​សិក្សា​បន្ថែម​ពី​បច្ចេកទេស​ដាំ​ដុះ៖ «ចាស៎ ! ពេល​ធ្វើ​ផ្សិត​ហ្នឹង​គឺ​យើង​មាន​ដាក់​វេន​គ្នា ចាស៎ ! ក្នុង​មួយថ្ងៃ​យើង​ស្រោច​យើង​ដក់​ទៅ យើង​មាន​សៀវភៅ​យើង​ចុះ​វត្តមាន មួយ​ដាក់​បាន​ប៉ុន្មាន​គីឡូ តម្លៃ​បាន​ប៉ុន្មាន ស៊ីញេ​ទៅ ពេល​ថ្ងៃ​មក​ស៊ីញេ​ម្ដងទៀត មួយថ្ងៃ​ស្រោច​ទឹក​បី​ដង។ អត់​ដែល​មាន​ប្រចាំ​គ្នា​ទេ​គឺ​ដឹង។ ពេល​មួយ​ខែ​យើង​ប្រជុំ​គ្នា​ម្ដង​ចែក​ភាគលាភ​ដល់​សមាជិក យើង​ចែក​ភាគលាភ​ដល់​សមាជិក ប៉ុន្តែ​ក្នុង​នោះ ក្នុង​មួយ​ខែ នោះ​យើង​ទុក តម្កល់​ទុក​ក្រុម​មួយ​ភាគ​ដែរ»។

បន្ទាប់ពី​មាន​កាលវិភាគ​ត្រឹមត្រូវ សហគមន៍​ស្ត្រី​ដាំ​ផ្សិត​អំបោះ អាច​រស់​បាន​ដោយ​ខ្លួនឯង មិន​ចាំបាច់​សុំ​ជំនួយ​ពី​ម្ចាស់​ជំនួយ។ ក្រុម​ស្ត្រី​មាន​ភាព​ម្ចាស់​ការ​ទាំង​ការគ្រប់គ្រង​ចំណូល និង​ចេះ​ពី​បច្ចេកទេស​ដាំ​ដុះ​ផ្សិត​ខ្លះ​ដោយ​ខ្លួនឯង លើកលែងតែ​ធ្វើ​មេ​ផ្សិត​ទេ ដែល​ក្រុម​ស្ត្រី​មិនទាន់​ចេះ នឹង​ត្រូវ​ទិញ​មកពី​ខេត្ត​បាត់ដំបង។

ការ​ស្ទុះស្ទា​បង្កើត​ក្រុម​សហគមន៍​ស្ត្រី​ដាំ​ផ្សិត​នេះ គឺ​ត្រូវ​បាន​អ្នកស្រី គោគ ផល្លីន មើល​ឃើញ​ថា ស្ត្រី​ភាគច្រើន​នៅ​រស់​នៅ​ក្នុង​ភូមិ​ចំរើន នៃ​ឃុំ​ដា គ្មាន​ការងារ​ធ្វើ។ អ្នកស្រី​និយាយ​ថា ការ​គ្មាន​ការងារ​របស់​ស្ត្រី​នេះ​ហើយ​ដែល​រឿយ​កើតមាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ប៉ុន្តែ​ចាប់ពី​ការ​ចង​សហគមន៍​នេះ គឺ​ថែមទាំង​បាន​បណ្ដុះ​ស្មារតី​ឲ្យ​ហ៊ាន ស្ត្រី​លើក​ឡើង​ពី​បញ្ហា​ក្នុង​គ្រួសារ និង​ក្រុម​សហគមន៍​មក​និយាយ រៀងរាល់​មួយ​ខែ​ម្ដង​ក្នុង​ការ​ប្រជុំ​ក្រុម​សហគមន៍ រួមគ្នា​ស្វែងរក​ដំណោះស្រាយ៖ «ការ​តស៊ូ​មតិ​នេះ​ពេល​ចូល​ក្រុម​នេះ គឺ​ខ្ញុំ​ពេល​ប្រជុំ​នេះ គឺ​មាន​ឲ្យ​ប្រជុំ​ជា​រៀងរាល់​ខែ អ៊ីចឹង​ពេល​ប្រជុំ​ឲ្យ​ស្ត្រី​ម្នាក់​បើក​អង្គប្រជុំ ទោះបី​កើត​មិនកើត​អី​ក៏ដោយ លើក​នេះ​គួរសម​តិច លើក​ក្រោយ​ទៅ​ហ៊ាន​តិច​ហើយ ដូច្នេះ​ការ​តស៊ូ​មតិ ការ​និយាយ​អីចឹង​ខុសត្រូវ​ម៉េច នៅ​ក្រុម​និយាយ​មក​អត់​មាន​បញ្ហា​ទេ។ ដូច្នេះ​ដល់​ពេល​ប្រជុំ អង្គប្រជុំ​ធំ គាត់​ហ៊ាន​បញ្ចេញ​មតិយោបល់ ដូច​ក្នុង​ភូមិ​មាន​បញ្ហា ខ្វះខាត​អីចឹង គាត់​លើកឡើង​ក្នុង​អង្គប្រជុំ»។

វត្ថុធាតុដើម​សំខាន់​ដើម្បី​ធ្វើ​ផ្សិត​អំបោះ គឺ​កម្ទេច​ឈឺ​ដែល​ជា​អាចម៍​រណា កន្ទក់ មេផ្សិត និង​ទឹក មុន​នឹង​ដាក់​ក្នុង​កញ្ចប់ គេ​ត្រូវ​ចំហុយ​គ្រឿងផ្សំ​ទាំងនោះ ហើយ​ពេល​ចំហុយ​រួចហើយ​គឺ​រង់​ចាំ​តែ​ដាក់​មេ​ផ្សិត។

លោកស្រី ចេង សុខ ជា​សមាជិក​ដែល​ត្រូវ​មក​ប្រចាំការ​ថែទាំ​ផ្សិត និយាយ​ថា លោកស្រី​គឺ​គ្រាន់តែ​មក​ត្រូវ​ស្រោច​ទឹក​ក្នុង​មួយថ្ងៃ​បី​ដង​គឺ​ពេលព្រឹក ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច។ លោកស្រី ចេង សុខ និយាយ​ពី​វិធី​បណ្ដុះ​ផ្សិត​អំបោះ​យ៉ាង​ដូច្នេះ​ថា៖ «ដំបូង​រែង​អាចម៍​រណា​លាយ​ជាមួយ​កំបោរ​ជាមួយ​កន្ទក់ លាយ​វា​ឲ្យ​សព្វ បាន​ដាក់​ទឹក ដាក់​ទឹក​ហើយ​ផ្អាប់​វា​ទុក​ពីរ​យប់ បាន​ខ្ញុំ​ប្រែ​វា​ជ្រោយ​វា​អ៊ីចឹង​ទៅ​ពីរ​ថ្ងៃ​មក​ទៀត​ខ្ញុំ​ច្រក​វា​ជា​កញ្ចប់ ក៏​ដាក់​ចំហុយ​វា​បួន​ម៉ោង បាន​ខ្ញុំ​យក​វា​ទុក ដល់​ពីរ​បី​ថ្ងៃ​ក្រោយមក​ពួក​ខ្ញុំ​ដាក់​មេ​ហើយ​បាន​ចប់»។

ជា​រៀងរាល់​ថ្ងៃ​ចុងខែ ឬ​ដើមខែ​ក្រុម​សមាជិក​សហគមន៍​ស្ត្រី​ដាំ​ផ្សិត​មក​ជួប​ជុំ​គ្នា នៅផ្ទះ​អ្នក​សម្របសម្រួល​ប្រជុំ និង​មក​ទទួល​ភាគលាភ។ អ្នកខ្លះ​ស្រោច​ទឹក​ផ្សិត អ្នក​បេះ​ផ្សិត និង​អ្នកខ្លះ​ដើរ​ពិនិត្យ​មើល​ផ្សិត​ជាដើម។ នៅមុខ​រោង​ឈឺ​ដាក់​កញ្ចប់​ផ្សិត មាន​តម្រៀប​ពាង​ទឹក និង​អាងទឹក ដែល​មាន​ទឹក​ជា​ប្រចាំ​ដើម្បី​ទុក​ស្រោច​ផ្សិត។

កំពុង​ស្រោច​ទឹក​ផ្សិត លោកស្រី សំរិត សារ៉ុន ឲ្យ​ដឹង​ថា ក្នុង​ផ្សិត​មួយ​ជួរ​ដែល​មាន​ផ្សិត​ជាង​១២០​កញ្ចប់ ត្រូវ​ស្រោច​ទឹក​មួយ​ធុង​ដែល​មាន​ចំណុះ​ទឹក​ប្រមាណ​ជា​៥០​លីត្រ​ក្នុង​មួយ​ពេល។ លោកស្រី​បន្ត​ថា ផ្សិត​នេះ​គឺ​មិន​អាច​ឲ្យ​ត្រូវ​ខ្យល់​ខ្លាំង​ឬ​ក្ដៅ​ខ្លាំង​បានទេ ដូច្នេះ​គឺ​ត្រូវ​ដាក់​នៅ​កន្លែង​ម្លប់​ត្រជាក់ មាន​ខ្យល់​ចេញចូល​សម​ល្មម និង​ត្រូវ​ស្រោច​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ពេល​ថ្ងៃត្រង់។ ស្ត្រី​រូប​នេះ​បញ្ជាក់​ថា ការងារ​នេះ​នឿយ​តែមួយ​អាទិត្យ ដំបូង​ទេ ហើយ​ពេល​ក្រោយៗ​មក គឺ​គ្រាន់តែ​ចាំ​ស្រោច​ទឹក​និង​មើល​ថែ​តិចតួច​ប៉ុណ្ណោះ៖ «ល្អ​ជាងគេ​ថ្ងៃត្រង់​ឲ្យ​បាន​ច្រើន ព្រោះ​ថ្ងៃ​ក្ដៅ​ស្រោច​ឲ្យ​ត្រជាក់ សំខាន់​បំផុត​ទឹក​ហ្នឹង​ស្រោច​ឲ្យ​បាន​ទៀត​ទាត់​ៗ ខូច​ខ្លះ​ដែរ។ ពេល​ថ្ងៃ​ខ្លាំង​ពេក​ពួក​ខ្ញុំ​មក​ស្រោច​ក្នុង​មួយថ្ងៃ​បី​ដង ប៉ុន្តែ​នៅ​ស្វិត​ខូច​ក្រហម ត្រូវ​ខ្យល់​ខូច»។

ទោះ​មិន​ទទួល​បាន​ប្រាក់​ពី​ចំណេញ​ពីមុខ​របរ​នេះ ជា​ដុំកំភួន ប៉ុន្តែ​លោកស្រី សំរិត សារ៉ុន ថា​បាន​សល់​លុយកាក់​ខ្លះ​ទិញ​សំលៀក​បំពាក់ ទិញ​ស្រូវ​ពូជ និង​មិន​ធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី ឈ្លោះ​ទាស់ទែង​គ្នា​រឿង​លុយកាក់។ លោកស្រី​បន្ត​ទៀត​ថា ប្រាក់​ចំណេញ​នេះ ក៏បាន​ធ្វើ​ឲ្យ​កូន​អ្នកស្រី បាន​រៀន​សូត្រ​យ៉ាង​ស្រួល៖ «បញ្ហា​ពី​ដំបូង​មក​ជួប​អត់​មាន​លុយ​ចាយ ដូច​ថា​ខ្វះខាត ដល់ពេល​យើង រក​មួយ​ថ្ងៃ អត់​មួយ​អ៊ីចឹង​ទៅ បញ្ហា​ជួប​ច្រើន​ជួប​ដូច​ថា​មាន​តែ​គោ គោ​យើង​នៅ​តូចៗ​យើង​អត់ មានអី​ភ្ជួរ អ៊ីចឹង​ទៅ​យើង​ជួល​គេ យើង​អត់​មាន​លុយ​ចេះតែ​ឈ្លោះ​ប្ដី​ប្រពន្ធ តែ​ឥឡូវ​ដូច​លុយ​ក៏​រក​បាន គោក្របី​ក៏​រាង​ធំធាត់​អ៊ីចឹង​ទៅ ពេល​មាន​លុយ​មាន​ដូច​ថា​មានមុខ​របរ​គ្រប់គ្រាន់ ក៏​លែង​គ្នា​ឈ្លោះ​គ្នា​ដែរ»។

ផ្សិត​អំបោះ​លក់​ឲ្យ​ឈ្មួញ​កណ្ដាល មួយ​គីឡូក្រាម​តម្លៃ​បួន​ពាន់​រៀល។ រយៈពេល​ពីរ​សប្ដាហ៍​បេះ​ម្ដង។ ក្រុម​សហគមន៍​ស្ត្រី​ដាំ​ផ្សិត​អំបោះ បាន​អំពាវនាវ​ឲ្យ​ស្ត្រី​ផ្សេងទៀត​ដែល​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ ចូលរួម​ជា​សមាជិក ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ។ ប៉ុន្តែ​សហគមន៍ ក៏​ទាម​ទាម​ដៃ​គូរ ឬ​មូលនិធិ​នានា​ផ្ដល់​បច្ចេកទេស ក្នុង​ការ​ធ្វើ​មេ​ផ្សិត និង​ជួយ​រក​ទីផ្សារ​ព្រោះ​រាល់​ថ្ងៃ​នេះ តម្លៃ​ផ្សិត​ឡើង​ចុះ​តាមតែ​ឈ្មួញ​កណ្ដាល​ជា​អ្នក​កំណត់​ឲ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។