រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង អះអាងថា អាត្រាអ្នកមានការងារធ្វើមានចំនួនដល់ទៅជាង ៩៩,៣% នៃកម្លាំងពលកម្មសរុបជិត ១០លាននាក់ទូទាំងប្រទេស។
ការលើកឡើងនេះ ធ្វើឡើងក្នុងការតាំងពិពណ៌ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ កាលពីថ្ងៃទី២៧ ខែតុលា នៅកោះពេជ្រ រាជធានីភ្នំពេញ។ លោកអះអាងថា «អាត្រាការងារខ្ពស់នេះ ដោយសារការបន្ដរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលសំដៅធានាស្ថិរភាព សន្ដិសុខ និរន្ដរភាពការងារ ប្រាក់ចំណូល ភាពកក់ក្ដៅក្នុងចិត្ដសម្រាប់កម្មករនិយោជិត និងគ្រួសារ។
ក៏ប៉ុន្តែ ប្រធានសម្ព័ន្ធសហភាពការងារកម្ពុជាលោក អាត ធន់ មានប្រសាសន៍ប្រាប់អាស៊ីសេរីមុនការផ្សាយបន្តិចថាអ្នកដែលគ្មានការងារធ្វើច្រើននៅកម្ពុជាបច្ចុប្បន្នរួមមានអ្នកជំនាញនិងនិស្សិតផងដែរ។ លោកបន្តថាស្ថិតិដែលអាជ្ញាធរក្រុងភ្នំពេញរាប់បញ្ចូលអ្នកមានការងារធ្វើរហូតដល់ជាង ៩០% នេះ រួមមានទាំងអ្នកលក់ដូរអ្នករត់ម៉ូតូឌុបនិងអ្នកមានរបរតិចតួចជាដើម៖ «គេកំណត់អ្នកមានការងារធ្វើ ២ ឬ ៣ម៉ោង ឬអ្នកធ្វើការងារមិនគ្រប់ម៉ោង (Part time) ក៏ចាត់ទុកថា មានការងារធ្វើដែរ ។ ដូចនេះ ចំនួនអ្នកអត់ការងារធ្វើតិចមែនទែន យើងមើលសហរដ្ឋអាមេរិក និងអឺរ៉ុប អ្នកអត់ការងារធ្វើ គេមាន ៤ ឬ ៥ % ហើយយើងមានតែ ០ . ៧ % ដូចជាតិចពេក ។ យកចំនួននេះ មកធ្វើជាមូលដ្ឋានមិនទាន់គ្រប់គ្រាន់ទេ»។
លោក អាត ធន់ បន្តថា របាយការណ៍របស់អង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO និងរបាយការណ៍របស់របបក្រុងភ្នំពេញថ្មីៗ នេះ បានបង្ហាញថាជាមធ្យមក្នុងមួយគ្រួសារមានគ្នា ៥,៣នាក់ អត្រាអ្នកមានការងារធ្វើ គឺពាក់កណ្តាលដែលនេះមានន័យថាមនុស្សម្នាក់ត្រូវចិញ្ចឹមមនុស្សម្នាក់។
ចំណែក ប្រធានការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ក៏បានចោទជាសំណួរថាតើស្ថិតិនៃអត្រាអ្នកមានការងារធ្វើនៅកម្ពុជានេះក្រសួងការងារស្រាវជ្រាវផ្អែកលើមូលដ្ឋានអ្វីច្បាស់លាស់។ លោក អំ សំអាត បញ្ជាក់ថាប្រសិនបើកម្ពុជាសម្បូរការងារធ្វើដូចនេះមិនចាំបាច់មានពលរដ្ឋខ្មែរជាងមួយលាននាក់ទាំងស្របច្បាប់ និងមិនស្របច្បាប់ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងនោះទេជាពិសេស គឺប្រទេសថៃ៖ «ខ្ញុំអត់ដឹងថា រដ្ឋាភិបាលស្រាវជ្រាវ និងជំរឿន ឬធ្វើស្ថិតិយ៉ាងម៉េចទេ ។ ប្រសិនបើមានការងារនៅស្រុកខ្មែរមានធ្វើច្រើនហើយ ប្រជាពលរដ្ឋពេញកម្លាំងមិនធ្វើចំណាកស្រុកទេ ។ ហេតុផលដែលចំណាកស្រុក ដោយសារទី១ រកការងារធ្វើក្នុងស្រុកបាន ហើយទី២ ទាក់ទងនឹងប្រាក់បៀវត្សទាប ។ យើងមិនដឹងថា រដ្ឋាភិបាលយកកម្លាំងពលកម្មប្រភេទណា។ ប៉ុន្តែកម្លាំងពលកម្មជាទូទៅ ប្រជាពលរដ្ឋពិបាកទទួលយកណាស់ »។
កាសែតភ្នំពេញប៉ុស្ត៍ផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែតុលា បានដកស្រង់សំដីរដ្ឋមន្ត្រីការងារ លោក អ៊ិត សំហេង ដែលបានអះអាងថា សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីក្នុងក្រសួងការងារ មានចំនួនសរុប ១ម៉ឺន ២ពាន់គ្រឹះស្ថាន និងមានកម្មករនិយោជិតចំនួន ១លាន ៥សែននាក់។ សហគ្រាស គ្រឹះស្ថាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ ៦សែនគ្រឹះស្ថាន ដែលមានកម្មករនិយោជិតប្រមាណ ២លាន ៤សែននាក់។ ចំណែកវិស័យកសិកម្មវិញ គឺមានកម្មករនិយោជិតជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសមាន ១លាន ២សែននាក់ និងមន្ដ្រីសាធារណៈប្រមាណ ៥សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។