ពលករ​ក្រៅ​ប្រទេស​គ្រោង​ប្រារព្ធ​ពិធី​រំលឹក​ខួប ៤ឆ្នាំ​នៃ​ឃាតកម្ម ​បណ្ឌិត កែម ឡី

ដោយ វ៉ែន សុមេធ
2020.07.10
បុណ្យ កែម ឡី ៣​ឆ្នាំ ថៃ ៦២២ ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ធ្វើ​បុណ្យ​ខួប ៣ឆ្នាំ ជូន​បណ្ឌិត កែម ឡី នា​ក្រុង​ប៉ាតាយ៉ា នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៩។
Photo Provided

ប្រជា​ពលរដ្ឋ​ជា​ច្រើន​នៅ​តែ​​មាន​ការ​ឈឺចាប់ សោក​ស្ដាយ និង​​បន្ត​ទាម​ទារ​ឲ្យ​អាជ្ញាធរ​វែក​មុខ​រក​ឃាតក​ពិត​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ទោះ​ជា​ករណី​ឃាតកម្ម​​នេះ​បាន​កន្លងទៅ​រយៈពេល ៤ឆ្នាំ​ហើយ​ក៏ដោយ។ ដូចគ្នា​នឹង​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ដែរ ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស គ្រោង​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ខួប​លោក​បណ្ឌិត កែម ឡី នៅ​ពេល​ពួក​គេ​សម្រាក​ពី​ការងារ​។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កញ្ញា ដាំ ស្រីធាន ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី៩ កក្កដា​ថា កញ្ញា និង​ពលករ​ផ្សេង​ទៀត​គ្រោង​ប្រារព្ធ​ពិធី​រំលឹក​ខួប ៤ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​​​បណ្ឌិត កែម ឡី នៅ​វត្ត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១២ កក្កដា​ខាង​មុខ​នេះ។ កញ្ញា​បន្ត​ថា មូល​ហេតុ​ដែល​កញ្ញា​សម្រេច​ជ្រើស​យក​ថ្ងៃ​នេះ គឺ​ដោយ​សារ​​ចំ​​ថ្ងៃ​អាទិត្យ ដែល​ពលករ​ខ្មែរ​ភាគ​ច្រើន​សម្រាក​ពី​ការងារ ហើយ​អាច​ចូល​រួម​ជា​មួយ​គ្នា​បាន។ កញ្ញា​បញ្ជាក់​ថា ពលករ​ខ្មែរ​ គ្រោង​ប្រគេន​ចង្ហាន់​ទៅ​ព្រះ​សង្ឃ ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត កែម ឡី និង​ផ្ញើ​សារ​ដាស់​តឿន​ដល់​យុវជន​ឲ្យ​យក​គំរូ​តាម​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ហ៊ាន​និយាយ​​ការ​ពិត៖ «ការ​ទន្ទឹង​រង​ចាំ​របស់​យុវជន ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ទាំង​នគរ​ទាំង​អស់ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ហ្នឹង គឺ​យើង​ចង់​បាន​យុត្តិ​ធម៌ ចង់​បាន​ខ្មាន់​កាំ​ភ្លើង​ដែល​បាញ់ សម្លាប់​លោក​បណ្ឌិត កែម ឡី ហ្នឹង​ដ៏​ពិត​ប្រាកដ​ដែល​មិន​មែន​ជា ជួប សម្លាប់ ដែល​ជា​ខ្មាន់​កាំ​ភ្លើង​ដែល​គេ​ហៅ​ថា សិប្បនិ​មិត្ត​នោះ​ណា៎! ខ្ញុំ​ចង់​ឲ្យ​លោក​ថ្នាក់​ដឹក​នាំ​ពន្លឿន​វិធាន​ការ ដើម្បី​រក​ឃាតក​ពិត​ប្រាកដ ដើម្បី​ជូន​លោក​បណ្ឌិត កែម ឡី»

រីឯ​ពលករ​ខ្មែរ​មួយ​រូប​​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​លោក ណុល វណ្ណៈ វិញ ឱ្យ​ដឹង​ថា លោក​សោក​ស្តាយ​ដែល​ឆ្នាំ​នេះ ​មិន​បាន​ប្រារព្ធ​ពិធី​ខួប​ឲ្យ​បាន​ពេញ​លេញ ដោយ​សារ​តែ​បញ្ហា​ជំងឺ​កូវីដ-១៩ កំពុង​​រាល​ដាល​​ខ្លាំង និង​គ្រោះ​ធម្មជាតិ​ដែល​កើត​មាន​នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​ថ្មីៗ​នេះ។ លោក​បន្ត​ថា ក្រុម​ពលករ​នឹង​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ខួប ៤ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី តាម​រយៈ​​វីដេអូ​អនឡាញ​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ទី ១១ ឬ ថ្ងៃ​ទី១២ ខាង​មុខ​នេះ បន្ទាប់​ពី​ពលករ​ផ្សេង​ទៀត​ទំនេរ​ពី​ការងារ។ លោក​បញ្ជាក់​ថា ពួក​លោក​នឹង​​រៃ​អង្គាស​ថវិកា​ជូន​ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត​ផង​ដែរ៖ «ការ​ធ្វើ​ហ្នឹង គឺ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង បង្ហាញ​ភស្តុ​តាង​ឃាតក​ដែល​សម្លាប់​លោក ​បណ្ឌិត កែម ឡី ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ យើង​ធ្វើ​ចេញ​ពី​ទឹក​ចិត្ត។ សម្រាប់​លោក​បណ្ឌិត កែម ឡី វិញ គឺ​កូន​ខ្មែរ​គ្រប់​រូប តែង​តែ​យក​អាវ​គាត់​មក​ពាក់ សូម្បី​តែ​រូប​ខ្ញុំ​មិន​ថា​តែ​ទៅ​ធ្វើ​ការ ឬ​ក៏​ខ្ញុំ​នៅ​ផ្ទះ គឺ​ខ្ញុំ​តែង​ពាក់​អាវ​គាត់ គឺ​ដោយ​សារ​តែ​ឆន្ទៈ​គោរព និង​ស្រលាញ់​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​សង្គម​ខ្មែរ​កន្លង​មក»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​ ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​របស់​លោក​បណ្ឌិត កែម ឡី នេះ គឺ​ជា​ការ​ផុស​ចេញ​ពី​ទឹក​ចិត្ត​គោរព​ស្រលាញ់ និង​ជា​សេរី​ភាព​ក្នុង​ការ​ចូល​រួម​របស់​ក្រុម​ពលករ ដើម្បី​ដឹង​គុណ​​វីរ​ភាព​របស់​លោក​បណ្ឌិត ដែល​បាន​ធ្វើ​កិច្ច​ការងារ​លះ​បង់ ដើម្បី​សង្គម​ជាតិ​ កាល​ពី​លោក​នៅ​មាន​ជីវិត​រស់នៅ៖ «ឆ្នាំ​នេះ គឺ​ជា​ខួប​ទី៤ ហើយ​ដែល​សង្គម​ស៊ី​វិល​យើង​នៅ​​តែ​បន្ត​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ដែរ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​រក​យុត្តិ​ធម៌​ដែល​អាច​ជឿ​ជាក់​បាន​មួយ ប៉ុន្តែ​យើង​គិត​ថា មក​ទល់​ពេល​នេះ យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត​មិន​មាន​ទេ។ អ៊ីចឹង​ការ​យល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ​នៅ​ខាង​ក្រៅ​ប្រទេស មិន​ខុស​អ្វី​​ជាមួយ​សាធារណ​ជន​ខាង​ក្នុង និង​អង្គ​ការ​សង្គម​ស៊ី​វិល​ជាតិ អង្គ​ការ​សង្គម​ស៊ី​វិល​អន្តរ​ជាតិ ដែល​គេ​បាន​ឃ្លាំ​មើល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង គឺ​គេ​អំពាវ​នាវ​ឲ្យ​រក​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ហ្នឹង»

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជា​ប្រិយ​ភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ។ ក្នុង​អំពើ​ឃាតកម្ម​នេះ តុលាការ​បាន​ផ្ដន្ទាទោស អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប៉ុន្តែ​សាធារណជន​យល់ថា នេះ​មិន​មែន​ជា​យុត្តិធម៌​ពិត​ប្រាកដ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។