ក្រសួង​ការពារ​ជាតិ​បង្ហាញ​មោទនភាព​ពេល​យុវជន​ច្រើន​ប្រឡង​ចូល​សាលា​ទាហាន

ដោយ យ៉ង ចាន់តារា
2016-12-26
Share
ប្រឡង​ទាហាន ២០១៦ ៨៥៥ បេក្ខជន​ប្រឡង​វិញ្ញាសា​កាយ​សម្បទាន​ចូល​សាលា​នាយ​ទាហាន នៅ​ពហុ​កីឡដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ (ស្តាត​ចាស់) ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ធ្នូ បន្ត​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២១ នៅ​ទូទាំង​ប្រទេស​លើ​វិញ្ញាសា​កាយ​សម្បទា បន្ទាប់​ពី​ការ​ប្រឡង​ចំណេះ​ដឹង​ទូទៅ និង​ភាសា​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។

ទីប្រឹក្សា​អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ថ្លែង​ថា លោក​មាន​មោទនភាព​ដែល​មាន​យុវជន​ច្រើន​បាន​ដាក់​ពាក្យ​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ។ លោក​ថា ការ​គាំទ្រ​របស់​យុវជន​នេះ នឹង​ធ្វើ​ឲ្យ​វិស័យ​ការពារ​ជាតិ​កម្ពុជា មាន​ការ​រីក​ចម្រើន«ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ក្នុង​មួយ​ឆ្នាំៗ​មាន​យុវជន​យុវនារី​យើង ចាប់​អារម្មណ៍​នឹង​វិស័យ​ការពារ​ជាតិ។ ក្នុង​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ខ្ញុំ​ជា​អតីត​គ្រូ​ហ្វឹកហ្វឺន​ពី​ដើម​មក​ដែរ​ហ្នឹង ខ្ញុំ​សង្កេត​ឃើញ​ថា កូន​សិស្ស​ដែល​បាន​ចូល​ទៅ​សាលា​ហ្វឹកហ្វឺន បច្ចុប្បន្ន​អាច​ទទួល​យក​បាន​អំពី​ចំណេះ​ដឹង​របស់​គាត់ ដោយសារ​ក្រសួង​អប់រំ តឹងតែង​ក្នុង​ការ​ប្រឡង​ចេញ​សញ្ញាបត្រ​របស់​គាត់ ហើយ​សិស្ស​ដែល​ប្រឡង​មក​ចូល​ទាហាន​ហ្នឹង គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ខាង​ផ្នែក​ចំណេះ​ដឹង​ទូទៅ។ អ៊ីចឹង​កាលណា​គាត់​មាន​ចំណេះ​ដឹង​ទូទៅ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​សាលា​ទាំងអស់​របស់​កងទ័ព​ងាយស្រួល​ក្នុង​ការ​បង្រៀន។ ទី​ពីរ​ទៀត ប្អូនៗ ក្មួយៗ ដែល​ប្រឡង​ជាប់​ហើយ បង្រៀន​ទៅ​គាត់​ឆាប់​យល់ ព្រោះ​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ​គាត់​ចេះ​បាន​ច្រើន ភាសា​គាត់​ចេះ​ច្រើន ផ្នែក​ព័ត៌មានវិទ្យា​គាត់​ចេះ​បាន​ច្រើន។ អ៊ីចឹង​យើង​អត់​ពិបាក​រត់​តាម​បច្ចេកវិទ្យា​ថ្មីៗ​ទេ»

ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​នៅ​ឆ្នាំ​នេះ មាន​យុវជន​ដាក់​ពាក្យ​ប្រឡង​ជាង ៤​ពាន់​នាក់ (.០១០​នាក់)

ការ​ប្រឡង​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ គឺ​វិញ្ញាសា​ចំណេះ​ដឹង​ទូទៅ និង​ភាសា​អង់គ្លេស ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ និង​វិញ្ញាសា​កាយ​សម្បទា ឬ​កីឡា ដែល​មាន​រយៈពេល ៣​ថ្ងៃ​តាម​វគ្គ​នីមួយៗ ដូចជា​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២១ ធ្វើ​នៅ​ថ្ងៃ​ទី​២៦ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​៩ ធ្វើ​នៅ​ថ្ងៃ​ទី​២៧ និង​វគ្គ​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១០ ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ខាង​មុខ។

ទីប្រឹក្សា​អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បញ្ជាក់​ថា វគ្គ​នាយ​ទាហាន​សកម្ម និង​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​សិក្សា​រយៈពេល ៤​ឆ្នាំ ជា​ថ្នាក់​បរិញ្ញាបត្រ ចំណែក​ឯ​វគ្គ​នាយ​ទាហាន​បន្ត​វេន សិក្សា​រយៈពេល ៦​ខែ«នាយ​ទាហាន​បន្ត​វេន គឺ​ជា​នាយ​ទាហាន​រង គឺ​គាត់​រៀន​ចប់​រយៈពេល ៦​ខែ គាត់​ទៅ​រៀន​ជំនាញ​ឯកទេស​របស់​គាត់ មិន​ថា​ជំនាញ​អ្វី​ទេ​ដែល​ពាក់ព័ន្ធ​នឹង​យោធា។ នាយ​ទាហាន​សកម្ម គឺ​ជា​នាយ​ទាហាន​ដឹកនាំ​កងទ័ព​នៅ​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​តែ​ម្តង គឺ​ពេល​ចូល​ទៅ​ទាំង (នាយ​ទាហាន) សកម្ម និង​ជើង​គោក គឺ​នាយ​ចំណង់។ នាយ​ចំណង់ គឺ​ក្រោម​ស័ក្តិ ១ មាន​ន័យ​ថា​ថ្នាក់​អនុសេនីយ៍ត្រី។ ពេល​គាត់​រៀន​ចប់ និង​ប្រឡង​ជាប់ គឺ​គាត់​មាន​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ទោ»

ការ​ប្រឡង​វគ្គ​នាយ​ទាហាន​នៅ​ឆ្នាំ​នេះ​ចែក​ចេញ​ជា ៦​មណ្ឌល គឺ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ទឹងត្រែង កំពត បាត់ដំបង សៀមរាប និង​មណ្ឌល​កំពង់ចាម ហើយ​ការ​ប្រឡង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដូច​គ្នា​នៅ​គ្រប់​មណ្ឌល​ទាំង​៦។ បេក្ខជន ៦២០​នាក់​ដែល​ជាប់​ក្នុង​ការ​ប្រឡង និង​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​រៀន​តាម​វគ្គ​សិក្សា​នីមួយៗ​សម្រាប់​ឆ្នាំ​២០១៧។

ថ្លែង​ក្រោយ​ការ​ប្រឡង​កាយ​សម្បទា បេក្ខជន​ម្នាក់ គឺ​កញ្ញា ផាន់ សុខរី បញ្ជាក់​ថា មូលហេតុ​ដែល​នាង​ប្រឡង​ចូល​សាលា​នាយ​ទាហាន​នេះ ដោយសារ​តែ​ចង់​បញ្ចេញ​សមត្ថភាព និង​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​ការពារ​ជាតិ។ នាង​ថ្លែង​ថា នឹង​មិន​រួញរា​ឡើយ​ក្នុង​ការ​ចូល​ប្រយុទ្ធ​នៅ​សមរភូមិ ក្នុង​ករណី​មាន​ការ​ឈ្លាន​ពាន​ពី​បរទេស តែ​នាង​សំណូមពរ​ឲ្យ​មាន​ភាព​ស្អាតស្អំ គ្មាន​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ការពារ​ជាតិ​នេះ«បើ​ចំពោះ​ខ្ញុំ ខ្ញុំ​មាន​តែ​កម្លាំង​កាយ​ចិត្ត។ បើ​ថា​មាន​ប្រទេស​ផ្សេងៗ​ចង់​មក​ឈ្លានពាន គឺ​ខ្ញុំ​នឹង​វាយ​សង្គ្រុប​ទៅ​វិញ ព្រោះ​និយាយ​ថា​ការពារ​ជាតិ គឺ​ការពារ​ទូទៅ សម្បត្តិ​វប្បធម៌​ជាតិ អរិយធម៌​ជាតិ​ទាំងអស់។ ការពារ​ទាំង​ខ្លួន​ឯង ការពារ​ប្រជាជន បើ​សិន​ជា​ខ្ញុំ​មាន​ថ្ងៃ​ហ្នឹង​មែន»

បក្ខជន​ម្នាក់​ទៀត​ឈ្មោះ ឌិន ប្រុស ថ្លែង​ថា រូប​គេ​មិន​មាន​សាច់ញាតិ​ណា​ធ្វើ​ការ​ក្នុង​វិស័យ​ការពារ​ជាតិ​នោះ​ទេ។ អ្វី​ដែល​ជំរុញ​ឲ្យ​រូប​គេ​មក​ប្រឡង​នេះ គឺ​ដោយសារ​បារម្ភ​ពី​ការ​ឈ្លាន​ពាន​ពី​បរទេស ហើយ​ម្យ៉ាង រូប​គេ​ស្រមៃ​ចង់​ធ្វើ​ជា​មន្ត្រី​យោធា​តាំង​ពី​នៅ​វ័យ​កុមារ។ យុវជន ឌិន ប្រុស ប្ដេជ្ញា​ចិត្ត​ថា បើ​សិន​ជា​រូប​គេ​បាន​ជាប់​ជា​មន្ត្រី​យោធា​មែន​នោះ រូប​គេ​នឹង​ខិតខំ​រៀន ហើយ​បំពេញ​តួនាទី​ជា​យោធា​ឲ្យ​បាន​ល្អ ដើម្បី​ការពារ​ជាតិ​មាតុភូមិ។ យុវជន ឌិន ប្រុស ក៏​ស្រមៃ​ចង់​ឃើញ​វិស័យ​ការពារ​ជាតិ​កម្ពុជា ក្លាយ​ជា​វិស័យ​មួយ​ដែល​ស្អាតស្អំ គ្មាន​អំពើ​ពុក​រលួយ គ្មាន​ការ​ដំឡើង​ឋានន្តរសក្តិ និង​តួនាទី​តាម​ក្រុម ឬ​បក្ខពួក«មិត្តភ័ក្ដិ​ប្រាប់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​ទាហាន បើ​សិន​ជា​អត់​មាន​បង​ប្អូន​ធ្វើ​ទាហាន​ផង អ៊ីចឹង​តើ​យើង​ឡើង​ស័ក្តិ​ហ្នឹង​តាម​របៀប​ណា? ហើយ​ខ្ញុំ​ប្រាប់​គេ​ថា គ្នា​អត់​មាន​បង​ប្អូន​មែន តែ​គ្នា​ចង់​ធ្វើ​ទាហាន ទោះ​ជា​សមត្ថភាព​របស់​គ្នា​ធ្វើ​បាន​ប៉ុនណា គ្នា​យក​ប៉ុណ្ណឹង ឡើង​ស័ក្តិ​តាម​សមត្ថភាព​របស់​ខ្លួន ធ្វើ​ការ​ល្អ ទើប​យើង​បាន​ឡើង​ស័ក្តិ។ បើ​សិន​យើង​ធ្វើ​ការ​មិន​ល្អ បើ​សិន​ជា​យើង​មាន​ការ​សូកប៉ាន់​លុយ​ដើម្បី​ឡើង​ស័ក្តិ អ៊ីចឹង​ខ្ញុំ​អត់​ចង់​បាន​ទេ»

លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​នេះ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ។ បេក្ខជន​ដែល​មាន​ឈ្មោះ​ជាប់ ត្រូវ​ទៅ​ពិនិត្យ​សុខភាព និង​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​យុត្តិធម៌ ថា​មិន​ធ្លាប់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ នៅ​ពេល​ជាប់​ជា​ស្ថាពរ និស្សិត​នាយ​ទាហាន​សកម្ម នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​នាយ​ទាហាន​សកម្ម​នៅ​ត្មាត​ពង ខេត្ត​កំពង់ស្ពឺ។

ចំណែក​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក និង​នាយ​ទាហាន​បន្ត​វេន នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​នៅ​ថ្លុក​តាសេក ខេត្ត​កំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល