ស្របពេលដែលក្រសួងអប់រំ កំពុងធ្វើកំណែទម្រង់ឧត្តមសិក្សា កម្មវិធីសំខាន់មួយត្រូវបានបង្កើតឡើង គឺការផ្តល់ប្រាក់កម្ចីសម្រាប់និស្សិតដែលជួបប្រទះការខ្វះខាត ដើម្បីផ្តល់ឱកាសឲ្យពួកគេអាចបន្តការសិក្សាទៅមុខបាន។ មន្ត្រីក្រសួងអប់រំ បញ្ជាក់ថា ក្រសួងកំពុងពន្លឿនកិច្ចពិភាក្សាអំពីកម្មវិធីនេះ ហើយបើគម្រោងនេះអាចអនុវត្តបានមែន ចំនួននិស្សិតថ្នាក់ឧត្តមសិក្សានៅកម្ពុជា នឹងមានការកើនឡើង ដែលនឹងជួយឲ្យកម្ពុជា មានធនធានមនុស្សកាន់តែច្រើន។
មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានឲ្យដឹងថា ក្រសួងអប់រំ កំពុងដំណើរការរៀបចំកម្មវិធីផ្តល់ប្រាក់កម្ចីសម្រាប់អ្នកសិក្សា។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង និងដាក់បញ្ចូលក្នុងផែនការអនុវិស័យការអប់រំឧត្តមសិក្សា ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨ របស់ក្រសួងអប់រំ៖ «ឥឡូវនេះ យើងពិនិត្យមើលយន្តការ ហើយនីតិវិធីនៃការអនុវត្ត និងឯកសារនានា ដើម្បីច្បាស់ថា នៅពេលនិស្សិតម្នាក់ដែលគាត់ខ្ចីធនាគារមករៀនរហូតដល់គាត់រៀនចប់ តើយើងតាមដានការសិក្សាតាមដានពិន្ទុយ៉ាងម៉េច? ចប់ទៅ គាត់ទៅធ្វើការ។ តើគាត់បង់រំលស់នៃកម្ចីគាត់ហ្នឹងមកធនាគារវិញដោយរបៀបណា? ដោយអត្រាខ្ទង់ប៉ុន្មាន? ដើម្បីធានាថា ដំណើរការនេះធនាគារក៏បានប្រយោជន៍ និស្សិតហ្នឹងក៏បានប្រយោជន៍ខ្លាំងចំពោះខ្លួនគាត់ អនាគតគាត់ ហើយទីបី គឺយើងធានាថា នឹងមិនមានហានិភ័យកើតឡើងណាមួយនោះឡើយ»។
លោក រស់ សាលីន ឲ្យដឹងកាលពីថ្ងៃទី១៥ មករា ថា កម្មវិធីនេះវិនិយោគដោយធនាគារឯកជនធំមួយនៅកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែលោកមិនបញ្ជាក់ថា ជាធនាគារមួយណា និងវិនិយោគក្នុងទំហំទឹកប្រាក់ប៉ុន្មាននោះទេ ពីព្រោះគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សានៅឡើយ។
លោក រស់ សាលីន បន្ថែមថា ដំណើរការប្រជុំពិភាក្សារៀបចំកម្មវិធីនេះ សម្រេចបានប្រហែលពាក់កណ្ដាលហើយ ហើយក្រសួងនឹងប្រកាសពីគម្រោងនេះជាផ្លូវការនៅពេលឆាប់ៗខាងមុខ។
កម្មវិធីប្រាក់កម្ចីសម្រាប់អ្នកសិក្សានេះ ត្រូវបានក្រុមយុវជន និងអ្នកស្រាវជ្រាវគាំទ្រ ប៉ុន្តែទន្ទឹមនឹងនេះ ពួកគេក៏ចង់ឃើញក្រសួង រៀបចំយន្តការឲ្យបានច្បាស់លាស់ ទាក់ទងនឹងកិច្ចសន្យា ព្រមទាំងដោះស្រាយបញ្ហាទីផ្សារការងារសម្រាប់និស្សិតបញ្ចប់ការសិក្សា។
និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភ្នំពេញ កញ្ញា សាមឿត ស៊ាវម៉េង យល់ឃើញថា នេះជាគម្រោងដ៏ល្អដែលអាចជួយជំរុញឲ្យមានកំណើននិស្សិតចូលរៀននៅឧត្តមសិក្សា ព្រមទាំងអាចជួយឲ្យនិស្សិតមួយចំនួន ខិតខំរៀនសូត្រដើម្បីទទួលបានការងារល្អ អាចសងបំណុលត្រឡប់ទៅវិញក្រោយបញ្ចប់ការសិក្សា៖ «បើសិនជាមានកម្មវិធីហ្នឹងមែន ចំនួនអ្នកចង់រៀនសូត្រប៉ុន្តែគ្មានលុយ ចំនួនហ្នឹងនឹងមានការកើនឡើង ពីព្រោះនៅកម្ពុជា យើង ភាគច្រើននៅតាមខេត្ត ឪពុកម្ដាយគាត់ជាកសិករ។ អ៊ីចឹងពេលដែលគាត់រៀនចប់ទី១២ គាត់អត់មានលុយរៀនតនៅភ្នំពេញទេ»។
យុវនិស្សិតម្នាក់ទៀតឈ្មោះ ម៉ៅ ច័ន្ទសុវណ្ណី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ចេញយោបល់ថា ការផ្តល់ប្រាក់កម្ចីសម្រាប់និស្សិតនេះ ជារឿងមួយបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះវិស័យអប់រំ ប៉ុន្តែយុវជនរូបនេះអះអាងថា រូបគេចង់ឃើញការអនុវត្តកម្មវិធីនេះ ធ្វើឡើងតាមផែនការជាក់លាក់៖ «ពេលដែលគាត់ខ្ចីកម្ចីហ្នឹង ថាតើរដ្ឋាភិបាលអាចមានការធានាថា គាត់នឹងបានការងារធ្វើកម្រិតណា? ព្រោះថា បើសិនជាមានគម្រោងហ្នឹងកើតឡើងពិតមែន ខ្ញុំចង់ឲ្យរដ្ឋាភិបាលបង្កើតជាផែនការមេ (Master Plan) មួយ ដើម្បីឲ្យបានច្បាស់លាស់ថា តើកម្ពុជា ខ្វះខាតអ្នកជំនាញផ្នែកទីផ្សារប៉ុន្មាន? គណនេយ្យប៉ុន្មាន? បច្ចេកទេសប៉ុន្មាន?»។
ដោយឡែកអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោក កែម ឡី បញ្ជាក់ថា លោកគាំទ្រគម្រោងផ្តល់កម្ចីនេះ ប៉ុន្តែលោកបញ្ជាក់ថា ក្រសួងគួរតែបង្កើតគោលនយោបាយគាំទ្រចំពោះធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានស្រាប់ ដោយចេញជាបដិភាគឲ្យគ្រឹះស្ថានទាំងនោះ អនុវត្តគម្រោងនេះទូទាំងប្រទេស ដោយអត្រាការប្រាក់ទាបបំផុត ឬគ្មានការប្រាក់តែម្តង ជាជាងអនុវត្តកម្មវិធីនេះដោយខ្លួនឯង៖ «បើសិនជាគាត់រៀនបានខ្ពស់ តែឱកាសការងារគាត់តិច ក៏នៅតែអត់ការងារធ្វើដដែល។ បើគាត់អត់ការងារធ្វើ ផលវិបាក គឺអត់មានលុយសងរដ្ឋវិញ។ នេះជារឿងសំខាន់។ អ៊ីចឹងបានជាខ្ញុំថា បច្ចុប្បន្ននេះមានតែរដ្ឋត្រៀមបម្រុងកញ្ចប់ថវិកាសម្រាប់ផ្តល់ឲ្យសិស្សនិស្សិតណា ដែលចេញពីសាលា ហើយចង់ប្រកបមុខរបរខ្នាតតូច ប៉ុន្តែរដ្ឋត្រូវមានប្រព័ន្ធតាមដាន និងត្រួតពិនិត្យត្រឹមត្រូវ ហើយរដ្ឋត្រូវសហការជាមួយអង្គការសង្គមស៊ីវិល ឬវិស័យឯកជន ដើម្បីផ្តល់ជំនាញបច្ចេកទេស នៅពេលដែលគាត់អនុវត្តផែនការជំនួញខ្នាតតូច ដែលជាគំនិតផ្ដួចផ្ដើមថ្មី»។
បច្ចុប្បន្ននេះ កម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៤៣ និងឯកជនចំនួន ៦៧គ្រឹះស្ថាន។ និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររងមានចំនួន ១៥.៦៣៥នាក់ និស្សិតថ្នាក់បរិញ្ញាបត្រ ២២០.០០០នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ១៨.០១០នាក់ និងថ្នាក់បណ្ឌិតមានចំនួន ១.១៨១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។