ក្រសួងការងារបដិសេធផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារឱ្យក្រុមស្ត្រីវិស័យសេវាកម្សាន្តលើកទី២ នោះទេ ដោយលើកឡើងថា វិស័យនេះមិនមែនវិស័យប៉ះពាល់ពាល់ធ្ងន់ធ្ងរ។ ប៉ុន្តែ ស្ត្រី និង មន្ត្រីសង្គមស៊ីវិលធ្វើការងារទាក់ទងវិស័យនេះជំរុញទៅរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា ដែលបានបម្រុងទុកជួយសង្គ្រោះដល់ក្រុមនេះ ពីព្រោះពួកគេអះអាងថា ពួកគេរងគ្រោះដោយសារតែការរាតត្បាតនៃជំងឺ Covid-19 ធ្ងន់ធ្ងរបំផុត។
ក្រសួងការងារបានបដិសេធផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារឱ្យក្រុមស្ត្រីវិស័យសេវាកម្សាន្ត ដោយលើកឡើងថា រដ្ឋាភិបាលកំពុងប្រឹងប្រែងជួយស្រោចស្រង់វិស័យ ឯកជន និងទ្រទ្រង់កម្មករដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន វិស័យទេសចរណ៍ អាកាសចរណ៍ វាយនភណ្ឌកាតដេរ និងផលិតស្បែកជើង។ ដូច្នេះរដ្ឋាភិបាលមិនអាចធ្វើអន្តរាគមន៍ និងជួយកម្មករដែលបម្រើការក្នុងវិស័យចំណីអាហារ និងសេវាផ្សេងៗ បាននៅឡើយ។
លិខិតរបស់ក្រសួងការងារចុះថ្ងៃទី១៥ ខែកក្កដា ដែលទើបផ្សព្វផ្សាយ លើកឡើងទៀតថា កន្លងមកក្រសួងបានជូនដំណឹង និងខិតខំផ្សព្វផ្សាយជាបន្តបន្ទាប់ស្នើទៅម្ចាស់ផ្ទះជួលមិនត្រូវដំឡើងថ្លៃបន្ទប់ជួលនោះទេ។
ការឆ្លើយតបបែបនេះរបស់ក្រសួងការងារនេះ ក្រោយពីក្រុមស្ត្រីវិស័យសេវាកម្សាន្ត កាលពីដើមខែកក្កដា បានដាក់ញត្តិទៅក្រសួងការងារជាលើកទី២ ស្នើរដ្ឋាភិបាលឧបត្ថម្ភប្រាក់ ៤០ដុល្លារក្នុងមួយខែ និងសម្រួលថ្លៃម្ចាស់ផ្ទះជួល។ កាលពីខែមិថុនា ពួកគេក៏ធ្លាប់សុំអន្តរាគមន៍ដែរ ប៉ុន្តែត្រូវក្រសួងការងារបដិសេធដូចគ្នា។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន យល់ថា រដ្ឋាភិបាល មិនគួរមានការរើសអើងកម្មករក្នុងវិស័យណាមួយឡើយ។ អ្នកស្រីបន្ត ថា រដ្ឋាភិបាលគួរគិតគូរឡើងវិញដល់កម្មករក្នុងវិស័យសេវាកម្សាន្តដែលមានកម្មកររាប់ម៉ឺននាក់ក្នុងវិស័យនេះកំពុងរងផលគ្រោះធ្ងន់ធ្ងរ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ក្នុងស្ថានភាពនេះ រដ្ឋាភិបាលមិនគួរទុកពលរដ្ឋរូបនេះ ឬកម្មករក្នុងវិស័យណាមួយចោលមិនអន្តរាគមន៍នោះទេ៖ « ក៏យើងយល់ពីស្ថានភាពសេដ្ឋកិច្ចដែរបានយើងទាមទារទៅរដ្ឋាភិបាលគិតគូរពិចារណាដាក់បញ្ចូលដោយគ្មានការរើសអើងគឺទាមទារដូចវិស័យកាត់ដែរត្រឹម ៤០ដុល្លារ » ។
តំណាងក្រុមស្ត្រីវិស័យសេវាកម្សាន្ត លោកស្រី អ៊ុំ ម៉ានិត ឱ្យដឹងថា ក្រុមស្ត្រីក្នុងវិស័យនេះភាគច្រើនមិនទាន់មានការងារធ្វើវិញនៅឡើយទេ។ អ្នកធ្វើការងារដែលចុះជួបកម្មករក្នុងវិស័យនេះផ្ទាល់ឱ្យដឹងទៀតថា ក្រុមស្ត្រីវិស័យសេវាកម្សាន្ត ក្រៅពីមិនទទួលប្រាក់ ៤០ដុល្លារក្នុងមួយខែ ពួកគេក៏មិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ដែលផ្ដល់ជួនពលរដ្ឋក្រីក្រ ដែលប៉ះពាល់ដោយបញ្ហាជំងឺកូវីដ-១៩ នោះដែរ៖ «ឃើញថា រដ្ឋាភិបាលក៏ដូចជាក្រសួងការងារដាហាក់មិនយកចិត្តទុកដាក់គាត់ (អ្នកធ្វើការវិស័យសេវាកម្សាន្ត) ដែលគាត់ជាជនរងគ្រោះពិតប្រាកដក្នុងអំឡុងពេលពេលបាត់បង់ការងារ បាត់បង់ចំណូល ប្រឈមម្ចាស់ផ្ទះមិនអនុញ្ញាតឱ្យនៅបន្តទៀត»។
រដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចបិទទ្វារសេវាកម្មផ្នែកខារ៉ាអូខេ និងភាពយន្តកាលពីថ្ងៃទី១៧ ខែមីនា ក្នុងហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែ កាលពីថ្ងៃទី៧ ខែកក្កដា សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្លឹបកម្សាន្ត និងខារ៉ាអូខេ បើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន និងត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ស្ត្រីក្នុងវិស័យនេះម្នាក់ដែលធ្វើការងារផ្នែកចាក់ស្រាបៀ មួយកន្លែងនៅភ្នំ ដែលសុំឱ្យហៅឈ្មោះក្រៅ ហុង ស្រីណា និយាយថា លោកស្រី និងអ្នកធ្វើការក្នុងវិស័យនេះផ្សេងទៀត កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរទៅហើយ ប៉ុន្តែ ក្រសួងការងារបែរយល់ថា ក្រុមលោកស្រី មិនមែនជាក្រុមប្រឈមទៅវិញ។ ស្ត្រីរូបនេះ ប្រាប់ថា ពេលនេះលោកស្រីនៅតែរកការងារថ្មីមិនទាន់បានធ្វើនៅឡើយទេ។ លោកស្រីជំរុញទៅរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការផ្ដល់ប្រាប់ឧបត្ថម្ភ៖ «ឥឡូវហាងខ្លះគាត់បើកមែនប៉ុន្តែអត់ទទួលបានទទួលយកពួកខ្ញុំទៀតទេ គាត់យកបុគ្គលិកថ្មី ហើយគាត់ជម្រុះចោលបុគ្គលិកចាស់ទាំងអស់ » ។
ក្រុមស្ត្រីវិស័យសេវាកម្សាន្តមួយចំនួន បានរងគ្រោះធ្ងន់ធ្ងរ ដោយអ្នកខ្លះគ្មានលុយបង់ថ្លៃបន្ទប់ ខ្លះដើររើសអេតចាយ អ្នកខ្លះបានចងការប្រាក់គេដើម្បីបង់ថ្លៃបន្ទប់ និងអ្នកខ្លះទៀតលក់ទូរស័ព្ទ ដើម្បីយកលុយទិញអង្ករខណៈរកការងារធ្វើមិនទាន់បាន។ ក្រុមស្ត្រីធ្វើការក្នុងផ្នែកសេវាកម្មកម្សាន្តរួមមាន អ្នកធ្វើការនៅតាមហាងខារ៉ាអូខេ ហាងម៉ាស្សា និងស្ប៉ាជាដើម។ អ្នកស្រី អ៊ូ ទេពផល្លីន ថា ការបិទទ្វារវិស័យនេះធ្វើឱ្យកម្មករជាង ៤ម៉ឺននាក់បាត់បង់ការងារ ដែលអ្នកទាំងនោះក៏មានបន្ទុកចិញ្ចឹមសមាជិកគ្រួសារពួកគេ ដែលមានចំនួនរាប់ម៉ឺននាក់ផ្សេងទៀត លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោក មិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារវិបត្តិជំងឺ កូវីដ-១៩ ប៉ុន្តែ តំណាងក្រុមស្ត្រីវិស័យសេវាកម្សាន្ត លោកស្រី អ៊ុំ ម៉ានិត យល់ថា អ្វីដែលលោក ហ៊ុន សែន លើកឡើងនេះ គ្រាន់តែជាការលើកឡើង ដើម្បីលួងចិត្តពលរដ្ឋ ខណៈក្រុមស្ត្រីក្នុងវិស័យសេវាកម្សាន្ត ដែលកំពុងរងផលប៉ះពាល់មិនទាន់ទទួលបានអន្តរាគមន៍ណាមួយពីរដ្ឋាភិបាលនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។