លោក ថោង ខុន អះអាង​ថា​មិន​បាន​ដឹង​ប្រាក់​ចំណូល​ពិត​ប្រាកដ​ពី​ប្រាសាទ​អង្គរវត្ត

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះ​អញ្ជើញ​ពី​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។ ក្នុង​ជំនួប​នោះ លោក ថោង ខុន បញ្ជាក់​ថា ក្រសួង​ទេសចរណ៍ មិន​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បញ្ជាក់​ប្រាប់​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ថា មិន​បាន​ដឹង​ពី​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ទេ គឺ​ខាង​អាជ្ញាធរ​អប្សរា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នក​គ្រប់គ្រង។

លោក​ថ្លែង​បន្ត​ថា ក្រសួង​ទេសចរណ៍ គ្រាន់​តែ​បាន​ដឹង​ពី​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចូល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៣ មាន​ចំនួន ៤​លាន ២​សែន​នាក់។ ប៉ុន្តែ​ប្រាក់​ចំណូល​ប៉ុន្មាន ហើយ​បង់​ចូល​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្មាន គឺ​ក្រសួង​ទេសចរណ៍ មិន​បាន​ដឹង​ឡើយ។ លោក​ថា ថវិកា​ជាតិ គឺ​បាន​ពី​ថ្លៃ​ធ្វើ​ទិដ្ឋាការ ឬ​វីសា ដែល​ភ្ញៀវ​ខ្លះ​បង់​តាម​ក្រសួង​ទេសចរណ៍ ភ្ញៀវ​ខ្លះ​បង់​តាម​ក្រសួង​មហាផ្ទៃ ភ្ញៀវ​ខ្លះ​បង់​តាម​ក្រសួង​ការ​បរទេស ជាដើម ក្រសួង​ក៏​មិន​បាន​ដឹង​ចំនួន​ប៉ុន្មាន​ដែរ។ ប៉ុន្តែ ក្រសួង​ទេសចរណ៍ បាន​ដឹង​តែ​ពី​ចំណូល​ជាតិ​ទៅ​លើ​ផ្នែក​ឯកជន ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន សេវា​ដឹក​ជញ្ជូន ជាដើម ដែល​ចំណូល​នោះ​បាន​ចូល​ទៅ​ដល់​ដៃ​អ្នក​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​ទាំងអស់​នោះ​មាន​ជាង ៥០​ម៉ឺន​នាក់ ដែល​ក្រសួង​ប៉ាន់ស្មាន​មាន​ចំនួន ២.៥៤៧​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ៖ «រឿង​កិច្ចការ​ទាំងអស់​នេះ​បើ​ចង់​ដឹង​ច្បាស់ ខ្ញុំ​បាន​សំណូមពរ​ឲ្យ​គណៈកម្មការ​ទី​៧ លោក​ធ្វើ​ការ​ផ្ទាល់ ឬ​ក៏​សាកសួរ​ទៅ​អាជ្ញាធរ​អប្សរា​តែ​ម្តង»

ដោយ​មើល​ឃើញ​ថា ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ​នៅ​តែ​មិន​ច្បាស់​លាស់ ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ក្រសួង​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចេះ​តែ​កើន​ឡើង​មក​ទស្សនា​ប្រទេស​កម្ពុជា និង​មក​ទស្សនា​ប្រាសាទ​បេតិកភណ្ឌ​ជាតិ​នោះ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បាន​ស្នើសុំ​ឲ្យ​ក្រសួង​ទេសចរណ៍ ជា​អ្នក​គ្រប់គ្រង​លក់​សំបុត្រ​ជូន​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ​វិញ៖ «ក៏ប៉ុន្តែ​ដែល​ជា​សំណូមពរ ក៏ដូចជា​ឯកឧត្តម​មាន​ប្រសាសន៍​ដែរ គឺ​យើង​ស្នើសុំ​ឲ្យ​បន្ត​ការ​គ្រប់គ្រង​អង្គរ ការ​លក់​សំបុត្រ​របស់​អង្គរ​ហ្នឹង យក​មក​ឲ្យ​ក្រសួង​ទេសចរណ៍ គ្រប់គ្រង​វិញ ពីព្រោះ​យើង​ចំណាយ​លុយ​ទាក់ទាញ​ទេសចរ​មក មិន​គួរ​ណា​បណ្តោយ​ឲ្យ​គេ​លក់​សំបុត្រ​យក​ចំណេញ​ទទេៗ​អ៊ីចឹង​ទេ។ ដូច្នេះ ដើម្បី​ឲ្យ​ចំណូល​ចូល​ដល់​ថវិកា​ជាតិ​បាន​កើន​ឡើង កាត់​បន្ថយ​ភាព​ក្រីក្រ ដើម្បី​ប្រមូល​ថវិកា​ជាតិ​ឲ្យ​បាន​ច្រើន យើង​ស្នើសុំ​យ៉ាង​ទទូច​ឲ្យ​យក​ការ​លក់​សំបុត្រ​ចូល​មើល​អង្គរ​ហ្នឹង មក​គ្រប់គ្រង​តាម​រយៈ​ក្រសួង​ទេសចរណ៍ វិញ»

ឆ្លើយ​តប​នឹង​សំណើ​នេះ លោក ថោង ខុន ថ្លែង​ថា ជា​សំណើ​ដែល​ត្រូវ​ពិគ្រោះ​យោបល់​ច្រើន​ពី​គ្រប់​ស្ថាប័ន ដែល​លោក​មិន​អាច​ផ្តល់​ចម្លើយ​បាន​ទេ។

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត ត្រូវ​បង់​ប្រាក់​ម្នាក់ ២០​ដុល្លារ ក្នុង​ការ​ទស្សនា​ប្រាសាទ​ពេញ​មួយ​ថ្ងៃ។

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា គណៈកម្មការ​នេះ​នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ មក​បំភ្លឺ​អំពី​រឿង​វប្បធម៌​ជាតិ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។