ក្រសួងអប់រំ យុវជន និងកីឡា បានយល់ព្រមដោះស្រាយបណ្ដឹងតវ៉ាលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប ហើយក្រោយពេលមានសិស្សច្រើននាក់ តវ៉ានៅមុខក្រសួងអប់រំ កាលពីថ្ងៃទី១១ កញ្ញា។
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតគណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន លើលទ្ធផលប្រឡងបាក់ឌុបឡើងវិញ ដើម្បីឆ្លើយតបនឹងសំណូមពររបស់បេក្ខជន និងអាណាព្យាបាលសិស្សមួយចំនួន ដែលមិនពេញចិត្តនឹងលទ្ធផលបាក់ឌុប ឆ្នាំ២០១៩។
សេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី១២ កញ្ញា របស់ក្រសួងអប់រំ បញ្ជាក់ថា នេះជាវិធានការឆ្លើយតបចំពោះសំណូមពរ ទៅនឹងបេក្ខជនមួយចំនួនតូច ដែលតវ៉ាលទ្ធផលបាក់ឌុប។ បើទោះបីជាសិស្សច្រើននាក់ បង្ហាញការមិនពេញចិត្ត និងតវ៉ា តែក្រសួងអប់រំអះអាងថា គ្រប់ដំណាក់កាលនៃការប្រឡងបាក់ឌុប គឺដំណាក់កាលសំណេរ អត្រាកំណែ និងបូកស្រង់ពិន្ទុ សុទ្ធតែដំណើរការដោយរលូន និងគ្មានកំហុសបច្ចេកទេស ដូចបាក់ឌុបឆ្នាំ២០១៨។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា និងលោក ឌី ខាំបូលី បានទេ នៅថ្ងៃទី១២ កញ្ញា ដោយសារទូរស័ព្ទរោទ៍មិនមានអ្នកទទួល។ ប៉ុន្តែលោក រស់ សុវាចា ប្រាប់អ្នកសារព័ត៌មានតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) កាលពីថ្ងៃទី១១ កញ្ញាថា ក្រសួងអប់រំ គ្មានគោលការណ៍ពិនិត្យមើលឡើងវិញជាទូទៅ ដូចកាលឆ្នាំ ២០១៨ឡើយ។
កាលថ្ងៃទី១១ កញ្ញា គឺ ២ថ្ងៃក្រោយការប្រកាសលទ្ធផលបាក់ឌុប សិស្សរាប់រយនាក់ នៅរាជធានីភ្នំពេញ និងពីខេត្តខ្លះ បាននាំគ្នាតវ៉ាមុខក្រសួងអប់រំ ដើម្បីស្នើសុំឱ្យពិនិត្យលទ្ធផលបាក់ឌុបឡើងវិញ។ ក្រុមសិស្សទាំងនោះអះអាងថា ពួកគេមិនអស់ចិត្តនឹងលទ្ធផលមិនល្អ។
បេក្ខជន រៀននៅវិទ្យាល័យទួលទំពូង លោក សុខ ដានីយ៉ែល ប្រាប់ថា ទោះជាបែបណា លោកសប្បាយចិត្ត នៅពេលក្រសួងអប់រំ ប្រកាសព្រមពិនិត្យមើលលទ្ធផលតាមការតវ៉ា។ លោកថា បានដាក់ពាក្យតវ៉ារួចហើយ គឺមន្ត្រីតម្រូវឱ្យបេក្ខជនសរសេរពាក្យប្ដឹងតវ៉ានៅមុខក្រសួង កាលពីថ្ងៃទី១១ កញ្ញា តែមន្ត្រីមិនបានប្រាប់ថា នឹងបង្ហាញលទ្ធផលតវ៉ា នៅពេលណាទេ។ យុវជនរូបនេះសង្ឃឹមថា នឹងទទួលបានលទ្ធផលដែលអាចទទួលយកបាន ក្រោយពេលក្រសួងពិនិត្យមើលក្រដាសសំណេរម្ដងទៀត៖ «ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ព្រោះថា គេពិនិត្យឡើងវិញ។ វាអត់លក្ខណៈថា ប្រឡិមប្រឡុំដូចមុន។ ដូចថា អ្នកខ្លះ F ច្រើនអ្វីអ៊ីចឹងជាប់ ហើយអ្នកខ្លះ F តិចធ្លាក់ ដល់អ៊ីចឹងវាអត់ល្អ។ តែដល់ពេលឥឡូវលឺដំណឹងអ៊ីចឹង សប្បាយចិត្ត សប្បាយចិត្តខ្លាំងណាស់។ ខ្ញុំដាក់ពាក្យ ( ស្នើសុំ ) រួចហើយ ដាក់ពាក្យ២ច្បាប់។ លទ្ធផលខ្ញុំអត់ទាន់បានដឹងដែរបង។ ខ្ញុំគ្រាន់តែដាក់ពាក្យស្នើសុំទេ តែលទ្ធផលយ៉ាងណា ខ្ញុំអត់ដឹងដែរ។ អត់បានលឺផង។ ខ្ញុំដាក់ទាំងអស់ ៥មុខវិជ្ជា គណិតវិទ្យា រូប គីមី ជីវៈ ហើយប្រវត្តិ។ ខ្ញុំ F ទាំងអស់ ទាំង៥មុខវិជ្ជាហ្នឹងហ្មង បានលទ្ធផលមកធ្លាក់ តែខ្ញុំមើលក្នុងតារាងខ្លះ F មួយជួរហ្មង តែបាននិទ្ទេស D ។ អ្នកខ្លះ បាន F មួយជួរហ្មង តែបាន A រូបមួយជាប់។ នេះ ( ខ្ញុំ ) ធ្លាក់»។
លទ្ធផលបាក់ឌុប ឆ្នាំ២០១៩ ដែលប្រកាសកាលពីថ្ងៃទី៩ និងទី១០ កញ្ញា បង្ហាញថា សិស្សថ្នាក់ទី១២ ដែលប្រឡងជាប់ មានចំនួនជិត ៨ម៉ឺននាក់ (៧៩.០៥២) ស្មើនឹងជាង ៦៨% (៦៨,៦២%) នៃចំនួនបេក្ខជនចូលរួមប្រឡងសរុបជាង ១សែននាក់។ បេក្ខជនប្រឡងបាននិទ្ទេសល្អបំផុត គឺនិទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B មានជាង ២ពាន់នាក់ និទ្ទេស C មានជិត ៦ពាន់នាក់ និទ្ទេស D មានជាង ១ម៉ឺន ៤ពាន់នាក់ និងនិទ្ទេស E មានជាង ៥ម៉ឺន ៦ពាន់នាក់ និងធ្លាក់និទ្ទេសF មានជិត ៤ម៉ឺននាក់។
កាលពីលទ្ធផលបាក់ឌុបឆ្នាំ២០១៨ ក៏មានក្រុមសិស្សតវ៉ាលទ្ធផលដូចគ្នានេះដែរ។ កាលណោះក្រុមសិស្សពូកែ មកពីតាមបណ្ដាខេត្ត ក៏បានចូលរួមការតវ៉ាដែរ ដោយពួកគេទាមទារឱ្យក្រសួងពិនិត្យមើលលទ្ធផលម្ដងទៀត។ ក្រោយការតវ៉ា ក្រសួងអប់រំទទួលស្គាល់ថា មានកំហុសបច្ចេកទេសកុំព្យូទ័រ ដោយមិនបានបញ្ចូលពិន្ទុមុខវិជ្ជាគណិតវិទ្យាឱ្យបេក្ខជនប្រឡង។ រដ្ឋមន្ត្រីក្រសួងអប់រំ បានសុំទោស និងបូកពិន្ទុគណិតវិទ្យា ឱ្យសិស្សឡើងវិញទាំងអស់។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ជាការល្អ ដែលក្រសួងអប់រំ យល់ព្រមដោះស្រាយបណ្ដឹងតវ៉ាលទ្ធផលរបស់សិស្សបាក់ឌុប។ លោកថា ការព្រមដោះស្រាយបណ្ដឹងនេះ ជាការឆ្លើយតបប្រកបដោយការទទួលខុសត្រូវរបស់ក្រសួង ព្រោះក្រោយការពិនិត្យឡើងវិញម្ដងទៀត អាចនឹងមានសិស្សខ្លះ ទទួលបាននិទ្ទេសល្អជាងមុន ឬអ្នកដែលធ្លាក់ អាចទទួលបានពិន្ទុជាប់វិញ ដោយសារក្រសួងអប់រំ មានកំហុសបច្ចេកទេសដូចឆ្នាំមុន៖ «នៅក្នុងការធ្វើឱ្យការប្រឡងនេះ វាកាន់តែឈានទៅដល់ការទទួលយកបាន ទាំងអ្នកជាប់ ហើយនិងអ្នកធ្លាក់ ឬមួយអ្នកដែលធ្លាក់ហើយ គេអាចទទួលបានលទ្ធផលថ្មី ពីធ្លាក់ទៅជាប់វិញ អាហ្នឹងវាអាស្រ័យតាមហ្នឹងទៅ ហើយវាក៏ជាទម្រង់នៃការធ្វើការមួយដើម្បីឆ្លើយតបជាមួយនឹងសំណូមពររបស់សិស្សានុសិស្សហ្នឹងដែរ»។
ទន្ទឹមនឹងការយល់ព្រមដោះស្រាយបណ្ដឹងតវ៉ាលទ្ធផលម្ដងទៀត ក្រសួងអប់រំ នៅថ្ងៃទី១២ កញ្ញា ក៏បានប្រកាសបញ្ជីសិស្ស ដែលទទួលបានពិន្ទុខ្ពស់ ទទួលបានអាហារូបករណ៍ នៅតាមគ្រឹះស្ថានឧត្ដមសិក្សារបស់រដ្ឋដែរ។ សង្គមស៊ីវិល និងបេក្ខជនតវ៉ាលទ្ធផលបាក់ឌុប អន់ចិត្តនឹងការប្រញាប់ប្រកាសលទ្ធផលផ្លូវការអាហារូបករណ៍នេះ ដោយសារក្រសួងមិនទាន់ដោះស្រាយការតវ៉ាលទ្ធផលចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។