រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន លើកឡើងថា ដើម្បីធានាពីគុណភាព និងនិរន្តភាពនៃការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ក្រសួងបានយល់ព្រមឱ្យគ្រឹះស្ថានឧត្តមសិក្សា អាចប្រឡងជ្រើសរើសនិស្សិតចូលរៀន និងបញ្ចប់ការសិក្សា តាមប្រព័ន្ធអនឡាញ ខណៈកាលបរិច្ឆេទនៃការប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមិនទាន់បានកំណត់នៅឡើយ។ ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ចុះថ្ងៃទី៨ ខែមិថុនា បញ្ជាក់ថា គ្រឹះស្ថាននីមួយៗ ត្រូវដាក់សំណើមកក្រសួងអប់រំ ដើម្បីពិនិត្យនិងជ្រើសរើសមេប្រយោគ សម្រាប់ការប្រឡងនេះ។
លោក ហង់ ជួនណារ៉ុន បន្តថា ដោយសារសាលារៀននៅតែបន្តបិទទ្វារ បណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩ ដូច្នេះការរៀនសូត្រតាមប្រព័ន្ធអនឡាញ នឹងនៅតែប្រព្រឹត្តទៅ រហូតដល់មានការជូនដំណឹងជាក្រោយ។ លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវបង្កើតប្រព័ន្ធអប់រំនិងចាត់ចែងច្បាស់លាស់ ដើម្បីធានាពីគុណភាពរៀនតាមប្រព័ន្ធអនឡាញ (E-learling) និងការវាយតម្លៃខ្ពស់ ទៅលើការរៀនសូត្ររបស់សិស្ស។
លោកអះអាងថា ទាំងគ្រូនិងសិស្ស ត្រូវបន្តអនុវត្តវិធានការមួយចំនួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អាស៊ីសេរីមិនអាចសុំការអធិប្បាយពីប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានទេ ប៉ុន្តែអ្នកស្រី បានប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ថា ការរៀនសូត្រ និងការប្រឡងតាមប្រព័ន្ធអនឡាញនេះ មិនដូចទៅនឹងការរៀននិងប្រឡងដោយផ្ទាល់ នៅតាមថ្នាក់រៀននោះទេ ពីព្រោះវានាំឱ្យមានបញ្ហាអំពើពុករលួយ និងការបោកប្រាស់ ដោយសារសិស្សខ្លះ មិនសរសេរវិញ្ញាសាប្រឡង ដោយខ្លួនឯងទេ ប៉ុន្តែ អាចពឹងនរណាម្នាក់ដែលចេះ ធ្វើជំនួសឱ្យខ្លួន ដើម្បីអាចប្រឡងជាប់ថ្នាក់ឧត្ដមសិក្សា និងអាចចូលរៀនបាន៕