ក្រសួងអភិវឌ្ឍន៍ជនបទត្រូវការថវិកាប្រមាណ៩១លានដុល្លារ ស្ដារហេដ្ឋារចនាសម្ព័ន្ធក្រោយជំនន់
2020.11.25

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសថា ក្រសួងត្រូវការថវិកាប្រមាណ ៩១លានដុល្លារ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជនបទឡើងវិញ បន្ទាប់ពីកម្ពុជារងគ្រោះដោយសារជំនន់ទឹកភ្លៀង។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ វិច្ឆិកា ក្រោមប្រធានបទ «យុទ្ធសាស្ត្រកែលម្អការខូចខាតដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ចាន់ ដារ៉ុង មានប្រសាសន៍ថា តាមការវាយតម្លៃពីផលប៉ះពាល់ដោយទឹកជំនន់ ត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ផ្លូវជនបទចំនួន៦៥៩ខ្សែ ស្មើនឹងជាង ៥ពាន់ គីឡូម៉ែត្រ (៥,៣២៩) បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងនោះ ផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ បានរងនូវការខូចខាតក្រោយទឹកស្រក។
លោកបន្តថា ក្រសួងក៏នឹងសិក្សាពីលទ្ធភាពដោយរៀបចំដាក់ប្រព័ន្ធលូបន្ថែម លើកផ្លូវឱ្យខ្ពស់ជាងមុន ក្រាលកៅស៊ូពីរជាន់ និងដាំដើមឈើជាដើម ដើម្បីធានាថា ផ្លូវទាំងនោះនឹងមិនត្រូវបានទឹកហូរច្រោះនាំឱ្យខូចខាតទៀត ពេលមានគ្រោះទឹកជំនន់នៅពេលក្រោយ។
ក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យដឹងថា ក្នុងចំណោម២៥រាជធានី-ខេត្ត ក្រសួងរកឃើញថា មានខេត្តចំនួន៩ ដែលខូចខាតធ្ងន់ជាងគេ ក្នុងនោះ រួមមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង និងឧត្តរមានជ័យ។ ប៉ុន្តែ ក្នុងចំណោមខេត្តទាំង៩នោះ មានខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ដែលត្រូវផ្ដល់អាទិភាពមុនគេសម្រាប់ការជួសជុលឡើងវិញ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងនាពេលថ្មីៗនេះថា ជំនន់ទឹកភ្លៀងសម្រាប់ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលា បានប៉ះពាល់ដល់២០រាជធានី-ខេត្ត ក្នុងនោះ ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជិត ១៥ម៉ឺនគ្រួសារ (១៤៩ ៨៥៧) បណ្តាលឱ្យមនុស្សស្លាប់៤៥នាក់ ខូចខាច និងប៉ះពាល់ផ្ទះជាង១សែនខ្នង រួមនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។