គណៈសង្ឃរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ហាមព្រះសង្ឃនិមន្ដចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងទីតាំងមនុស្សអ៊ូអរ ដោយសំអាងហេតុថាដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។ ព្រះសង្ឃឃ្លាំមើលកិច្ចការសង្គម មានព្រះថេរៈដីកាថា អាជ្ញាធរគួររៀបចំ ឲ្យមានទីតាំងសម្រាប់ព្រះសង្ឃ បានចូលរួមព្រះរាជពិធីបុណ្យអុំទូក ទើបញ៉ាំងឲ្យព្រះរាជពិធីបុណ្យអុំទូក កាន់តែមានភាពផ្សារភ្ជាប់រវាងបុណ្យជាតិ និងបុណ្យសាសនា។
ព្រះមេគុណសាលាគណៈរាជធានីភ្នំពេញ ព្រះតេជគុណ ខឹម សន មានព្រះថេរៈដីកាថា ការចេញសេចក្តីណែនាំ ហាមព្រះសង្ឃមិនឲ្យនិមន្ដចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក ដោយសារតែមានការសំណូមពរពីពុទ្ធបរិស័ទ។ ព្រះតេជគុណ ខឹម សន បន្តថា ព្រះសង្ឃ នៅតែអាចនិមន្តចូលរួមព្រះរាជពិធីបុណ្យអុំទូកបាន នៅតាមទីតាំងដែលមិនសូវមានមនុស្សណែនកកកុញ មិនមែនជាទីតាំងប្រគុំតន្ត្រី និងមិនត្រូវនៅដល់យប់ជ្រៅពេកទេ៖ «»
សាលាគណៈរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ វិច្ឆិកា ចេញសេចក្តីណែនាំថា ការប្រារព្ធព្រះរាជពិធីបុណ្យជាតិ និងពិធីបុណ្យសាសនាកន្លងមក តែងសង្គេតឃើញមានព្រះសង្ឃអង្គខ្លះ បាននិមន្ដចូលរួមក្នុងកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងកន្លែងកំសាន្ដផ្សេងទៀត ដោយមានមនុស្សកកកុញ ហើយសកម្មភាព និងរូបភាពបែបនេះ ធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃរបស់ព្រះពុទ្ធសាសនា និងធ្វើឲ្យពុទ្ធបរិស័ទមិនសប្បាយចិត្ត។
សាលាគណរាជធានីភ្នំពេញ ណែនាំហាមមិនអនុញ្ញាតឲ្យព្រះសង្ឃនិមន្ដចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក នៅទីតាំងចាប់ពីវិមានឯករាជ្យ រហូតដល់គល់ស្ពានជ្រោយចង្វារត្រើយខាងជើង គឺ តំបន់វត្តភ្នំ មុខព្រះបរមរាជវាំង សូនច្បារមុខវត្តបទុមវត្តី ណាហ្គាវើល (Naga World) កោះពេជ្រ ផ្សារចាស់ និងផ្សារកណ្ដាល។
ព្រះមេគុណសាលាគណរាជធានីភ្នំពេញ ព្រះតេជគុណ ខឹម សន មានថេរៈដីកាថា សេចក្តីណែនាំនេះ ត្រូវបានប្រគេន ថ្វាយ ដល់ព្រះអនុគណគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញអស់ហើយ ដើម្បីឲ្យជួយផ្សព្វផ្សាយតាមវត្តនានា។ ចំពោះទោសវិន័យវិញ ព្រះមេគណ ខឹម សន មានថេរៈដីកាថា មិនទាន់មានចំណាត់ការធ្ងន់ធ្ងរទេ គឺប្រសិនបើឃើញ ព្រះសង្ឃអង្គណានិមន្ដចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក សាលាគណរាជធានីភ្នំពេញ នឹងបញ្ជូនមន្ត្រីសង្ឃទៅកោះហៅ និងណែនាំ។
រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជណាចក្រកម្ពុជា ចែងថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយការរើសអើងគ្រប់ទម្រង់ និងគ្រប់ឋានៈបុគ្គលត្រូវបានលប់ចោល។ មាត្រា៣៥ នៃច្បាប់កំពូលនេះ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។
ព្រះសង្ឃឃ្លាំមើលកិច្ចការងារសង្គម ព្រះតេជគុណ លួន សាវ៉ាត មានថេរៈដីកាថា បំរាមមិនឲ្យព្រះសង្ឃនិមន្ដចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលបានផ្ដល់សិទ្ធិឲ្យពលរដ្ឋទាំងពីរភេទ មានសិទ្ធិស្មើគ្នា។ ព្រះតេជគុណ លួន សាវ៉ាត រំលឹកថា កាលពីបុណ្យអុំទូកអំឡុងឆ្នាំ២០០០ ដោយសារមានរិះគន់ថា ព្រះសង្ឃនិមន្តចូលរួមព្រះរាជពិធីបុណ្យអុំទូក ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា បានបង្កើតមន្ត្រីសង្ឃ ដើរចាប់ព្រះសង្ឃតាមមាត់ទន្លេ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក។ កាលណោះ ព្រះសង្ឃគង់តាមវត្តនៅរាជធានីភ្នំពេញ មិនរងការឃាត់ព្រះកាយទេ ប៉ុន្ដែព្រះសង្ឃ មកពីតាមខេត្តតាមអ្នកប្រណាំងទូក ង ត្រូវបាន ឃាត់ព្រះកាយជាច្រើនអង្គ។
ព្រះតេជគុណ លួន សាវ៉ាត ពន្យល់ថា ទូក ង ដែលចូលរួមអុំប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក ភាគច្រើន ជាសមិទ្ធផលផ្ដួចផ្ដើម និងថែរក្សាដោយ ព្រះសង្ឃតាមវត្តនានា ហើយក្នុងព្រះរាជពិធីបុណ្យអុំទូក សំដៅគោរព ដល់ការសាងបារមីរបស់ព្រះពុទ្ធ កាលព្រះអង្គ នៅជាព្រះពោធិសត្វនៅឡើយ។ ដូច្នេះ ព្រះរាជពិធីបុណ្យអុំទូក ក្រៅពីជាបុណ្យជាតិ ក៏ជាបុណ្យសាសនាផងដែរ គួរតែមានការចូលរួមពីព្រះសង្ឃឲ្យបានអធិកអធម ទើបធ្វើឲ្យព្រះរាជពិធីបុណ្យអុំទូក កាន់តែផ្សារភ្ជាប់គ្នារឹងមាំ រវាងបុណ្យជាតិ និងបុណ្យសាសនា។ ព្រះតេជគុណ លួន សាវ៉ាត មានថេរៈដីកាថា សាលាគណរាជធានីភ្នំពេញ គួរស្នើទៅកាន់អាជ្ញាធរឲ្យរៀបចំទីតាំងសម្រាប់ ព្រះសង្ឃ ដើម្បីបានចូលរួមពេញលេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក៖ «»
ពាក់ព័ន្ធនឹងសំណើឲ្យមានការរៀបចំទីតាំងសម្រាប់ព្រះសង្ឃ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និង អគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្ដរជាតិ លោក ឈិន កេតនា បានទេ នៅថ្ងៃទី២១ វិច្ឆិកា ដោយសារមិនលើកទូរស័ព្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។