បញ្ញវន្តសង្ឃនៅក្រៅប្រទេស និងមន្ត្រីសិទ្ធិមនុស្សប្រតិកម្មថា ការចាប់ផ្សឹកព្រះភិក្ខុ កើត សារ៉ាយ ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ គឺជាការបំពានពុទ្ធវិន័យ និងបំបិទសេរីភាពអ្នកប្រតិបត្តិសាសនា ដើម្បីផ្គាប់ចិត្តរបបក្រុងភ្នំពេញ។ ក៏ប៉ុន្តែមន្ត្រីសង្ឃជាន់ខ្ពស់អះអាងថា ការផ្សឹកព្រះសង្ឃកើត សារ៉ាយ ដោយសារព្រះអង្គមានកំហុសជម្នះដឹកនាំព្រះសង្ឃ និងញាតិញោម ធ្វើបាតុកម្ម ខុសពីសង្ឃប្រកាសដែលហាមអ្នកបួសទាំងអស់មិនឱ្យធ្វើបាតុកម្ម។
ព្រះសង្ឃគង់នៅប្រទេសបារាំង ព្រះតេជព្រះគុណ យស ហ៊ុត មានព្រះថេរៈដីកាថា ការចាប់ផ្សឹកព្រះភិក្ខុ កើត សារ៉ាយ ធ្វើឡើងដោយបំពានពុទ្ធវិន័យ។ ព្រះអង្គពន្យល់ថា ព្រះសង្ឃក៏អាចធ្វើការតវ៉ា ឬធម្មយាត្រាបានដែរ ហើយការធ្វើធម្មយាត្រានេះ គឺត្រឹមត្រូវតាមពុទ្ធវិន័យ។
ព្រះអង្គ បន្តថា តាមវិន័យធម៌ ទង្វើរបស់ព្រះសង្ឃ កើត សារ៉ាយ មិនខុសទេ តែគណៈសង្ឃជាន់ខ្ពស់ប្រើហេតុផលរឹងរូស ឬហេតុផលអ្វីក៏ដោយ ដើម្បីចាប់បកស្បង់ចីវរព្រះអង្គចេញនោះ គឺធ្វើឡើងដោយប្រើអំណាចបំពាន។ ព្រះអង្គ យស ហ៊ុត សង្កេតឃើញថា គណៈសង្ឃបានចាប់ផ្សឹកព្រះភិក្ខុកើត សារ៉ាយ ដោយតក់ក្រហល់តាមបញ្ជារបស់រដ្ឋាភិបាល៖ « បន្តិចទៅចាប់ផ្សឹក បន្តិចទៅក៏ចោទប្រកាន់ទៅ។ យើងជាអ្នកសម្រេច សុទ្ធតែជាមន្ត្រីសង្ឃ អ្វីអ៊ីចឹងទៅ ថេរសភាអ្វីអ៊ីចឹងទៅ ចំរើនពរ។ យើងគួរតែពន្យល់ឲ្យបានជ្រៅជ្រះតាមធម្មវិន័យពិតប្រាកដទៅ។ ឲ្យប្រជាពលរដ្ឋ យល់ ព្រះសង្ឃយល់ពិតប្រាកដទៅ រឿងទាំងអស់ហ្នឹង អាចនិយាយគ្នាបាន។ ចំរើនពរ។ »
មន្ត្រីសង្ឃបានចាប់ផ្សឹកព្រះភិក្ខុកើត សារ៉ាយ កាលពី ថ្ងៃទី៧ កញ្ញា រួចហើយនគរបាលបាននាំព្រះអង្គភ្លាមៗ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទញុះញង់ ពាក់ព័ន្ធនឹងរឿងគម្រោងដឹកនាំពលរដ្ឋធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យទាមទារយុត្តិធម៌ ឲ្យអ្នកទោសមនសិការដែលរងការចាប់ខ្លួន ជាបន្តបន្ទាប់ក្នុងរយៈពេល២ខែចុងក្រោយនេះ។
បច្ចុប្បន្នព្រះអង្គ (អន្ទិត) កើត សារ៉ាយ កំពុងជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃស។ ព្រះអង្គ បានពឹងពាក់ក្រុមមេធាវីសមាគមសិទ្ធិមនុស្សអាដហុក ដើម្បីការពារក្ដី។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ឲ្យដឹងថា ការចាប់ព្រះកាយ ព្រះអង្គកើត សារ៉ាយ ជាការបំពានសិទ្ធិពលរដ្ឋ ព្រោះព្រះសង្ឃ ក៏មានសិទ្ធិសេរីភាព បញ្ចេញមតិ និងចូលរួមសកម្មភាពស្របច្បាប់ទាំងឡាយ ដូចពលរដ្ឋទូទៅដែរ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បន្តថា ក្រុមមេធាវី បានចូលជួបព្រះអង្គកើត សារ៉ាយ ក្នុងពន្ធនាគារព្រៃស រួចហើយ ហើយព្រះអង្គកើត សារ៉ាយ រក្សាជំហរថា ការចាប់ផ្សឹក និងឃុំឃាំងព្រះអង្គ ជាការធ្វើឡើងទាំងបំពាន ដោយព្រះអង្គមិនបានប្រព្រឹត្តិខុសច្បាប់ឡើយ៖ « ហើយអ្នកដែលនៅក្នុងពុទ្ធសាសនាហ្នឹង ក៏ចាប់ផ្ដើមព្រួយបារម្ភដែរ បើទោះថា គ្រាន់តែចូលរួមការបញ្ចេញមតិទៅតាមឆន្ទៈដែលបំណងក្នុងន័យជាពលរដ្ឋប្រទេសមួយ ក៏ធ្វើអត់បានអាហ្នឹង ជាការធ្វើឲ្យស្ថានភាពនៃការបញ្ចេញមតិ ឬក៏សេរីភាពហ្នឹង កាន់តែធ្លាក់ចុះអ៊ីចឹងទៅ»។
ទោះជាយ៉ាងនេះក្តី ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះតេជព្រះគុណ ឃឹម សន មានថេរៈដីកាថា គណៈសង្ឃបានសម្រេចផ្សឹកព្រះភិក្ខុ កើត សារ៉ាយ ត្រឹមត្រូវតាមសង្ឃប្រកាសដោយសារព្រះភិក្ខុអង្គនេះ ប្រព្រឹត្តខុសវិន័យត្រង់ប្រការហាមអ្នកបួសចូលរួមធ្វើបាតុកម្ម។ព្រះអង្គ ឃឹម សន អះអាងថា ខាងគណៈសង្ឃ បានព្យាយាមសម្របសម្រួលឲ្យព្រះអង្គ កើត សារ៉ាយ និមន្តទៅវត្តនៅខេត្តបាត់ដំបងវិញដែរ តែព្រះអង្គ ចចេសមិនស្ដាប់គណៈសង្ឃ៖ « សាកសួរទៅថា បើសិនណាជាព្រះអង្គនិមន្តមកចូលរួមធ្វើបាតុកម្ម គឺសូមនិមន្តព្រះអង្គទៅវត្តវិញ ព្រោះគណៈសង្ឃបានចេញសង្ឃប្រកាស អនុសំវច្ចរៈទាំង ២គណៈហ្នឹង ហាមប្រាមមិនឲ្យអ្នកបួសយើង ភិក្ខុ សាមណេរចូលរួមក្នុងសកម្មភាពបាតុកម្មទេពរ ! ហ្នឹងហើយអ៊ីចឹងបើសិនណាជាព្រះអង្គ ស្ដាប់គណៈសង្ឃ គណៈសង្ឃនឹងបញ្ជូនព្រះអង្គទៅកាន់វត្តដើមវិញ។ ប៉ុន្តែលោកថា នេះជាគោលការណ៍របស់លោក លោកត្រូវតែធ្វើពរ ! ទោះបីព្រះអង្គហាមប្រាមខ្ញុំករុណាមួយពេលក៏ករុណានៅតែវិលមកធ្វើវិញទេ ពរ ! អ៊ីចឹងគណៈសង្ឃក៏សម្រេចថា មិនអនុញ្ញាតឲ្យព្រះអង្គនៅបួសទៀតទេ។ ព្រះអង្គត្រូវតែលាចាកសិក្ខាបទចេញពរ » ។
ព្រះអង្គ ឃឹម សន អះអាងថា ការផ្សឹកព្រះភិក្ខុ កើត សារ៉ាយ មិនពាក់ព័ន្ធនឹងអាជ្ញាធរឡើយ ព្រោះពេលដំបូងមន្ត្រីសង្ឃ បានលឺដំណឹងថា ព្រះភិក្ខុកើត សារ៉ាយ ចេញពីខេត្តបាត់ដំបង មកស្នាក់នៅផ្ទះញាតិញោម នៅភ្នំពេញ ក្នុងអំឡុងចូលវស្សា។
ពុទ្ធបញ្ញត្តិចែងក្នុងគម្ពីរព្រះវិន័យថា ការចាប់ផ្សឹកព្រះសង្ឃ អាចធ្វើទៅបាន លុះត្រាតែព្រះសង្ឃបានប្រព្រឹត្តិខុសវិន័យ (អាបត្តិបារាជិក) ៤ចំណុច គឺព្រះសង្ឃសេពមេថុនធម្ម ឬការរួមភេទការសម្លាប់មនុស្សការលួចទ្រព្យគេ (ចំនួន ៥មាសកឡើង) និងការអួតអាងខ្លាំងពូកែគ្មានអ្នកណាចេះដល់ (សីល មន្តអាគមអភិនីហារ)។ ប្រសិនបើការចាប់បកស្បង់ចីវរធ្វើឡើងមិនត្រូវតាមកំហុសទាំង ៤ចំណុចនេះទេ គឺជាការផ្សឹកដោយបំពានហើយបុគ្គលនោះ នៅតែស្ថិតក្នុងឧត្ដមភេទ ជាព្រះសង្ឃ ក្នុងសំណាក់ពុទ្ធសាសនាដដែល។
ទោះជាក្នុងពុទ្ធបញ្ញត្តិ ចែងបែបនេះក្ដី ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃព្រះតេជព្រះគុណ ឃឹម សន មានថេរៈដីកាថា ប្រសិនបើព្រះសង្ឃណាមានកំហុសពាក់ព័ន្ធទោសព្រហ្មទណ្ឌមន្ត្រីសង្ឃក៏អាចចាប់ផ្សឹកឲ្យលាចាកសិក្ខាបទបានភ្លាមៗ ដែរ។
បន្ថែមពីលើនេះ កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី៩ កញ្ញាថា អាជ្ញាធរមិនលើកលែងឱ្យព្រះសង្ឃអង្គណា ដែលលោកចោទថា មានបំណងបំផ្លាញសុខសន្តិភាពនោះឡើយ៖ « មាននរណាហាមឃាត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមិនឲ្យទៅវត្ត ហាមសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហាមសិទ្ធសេរីភាពរបស់ព្រះសង្ឃ គ្រប់ព្រះអង្គគ្រប់ព្រះអង្គនៅក្នុងការប្រតិបត្តិសាសនាម្ដងទៀត។ លើកលែងតែអ្នកខ្លះ ពាក់ស្បង់ដើម្បីធ្វើនយោបាយ ពាក់ស្បង់ចីវរមកអុជអាលយកសាសនា ដើម្បីទាញមនុស្សមកធ្វើការងារបំផ្លាញ។ រឿងអ្នកឯងបញ្ចេញមតិរឿងមួយ ប៉ុន្តែចេតនាអ្នកឯង ផែនការអ្នកឯង ក្នុងការបំផ្លាញសុខសន្តិភាពស្ថិរភាព នៅប្រទេសណា ក៏គេមិនអនុញ្ញាតឲ្យអ្នកឯងដែរ»។
ផ្ទុយពីការអះអាងទាំងនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែងថា គ្មានច្បាប់ណាដែលអាចយកមកប្រើជាមូលដ្ឋាន ដើម្បីចាប់ព្រះកាយព្រះអង្គ កើត សារ៉ាយ និងយុវជនមួយចំនួនទៀត ដែលគ្រោងធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យនោះឡើយ៖ « យើងមានច្បាប់ឯណា យើងគិតមើល កាលដែលទៅចាប់ព្រះកាយ ព្រះអង្គកើត សារ៉ាយ ហើយក៏ដូចជា សមាជិកនៃបណ្ដាញនិស្សិតបញ្ញវន្តផ្សេងទៀត អ្វីនោះណា។ គេជូនលិខិតធ្វើបាតុកម្ម ហើយគេមិនទាន់ធ្វើផង យើងទៅចាប់គេបាត់ហើយ វាអត់មានច្បាប់ណា អនុញ្ញាតឲ្យទេ»។
ព្រះភិក្ខុកើត សារ៉ាយ គឺជាព្រះសង្ឃមួយអង្គដែលហ៊ានសម្ដែងមតិ និងធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងអំពើអយុត្តិធម៌សង្គម ក្នុងចំណោមព្រះសង្ឃច្រើនអង្គផ្សេងទៀត ដែលរងការធ្វើទុក្ខបុកម្នេញពីរបបក្រុងភ្នំពេញដូចគ្នា។ ចាប់តាំងពីរបបក្រុងភ្នំពេញ ចាប់ខ្លួន លោក រ៉ុង ឈុន មក អាជ្ញាធរបានបង្ក្រាបព្រះសង្ឃជាង ១០អង្គហើយ ដែលហ៊ានតវ៉ាក្នុងនោះ ៨អង្គ ត្រូវចាប់បង្ខំឱ្យនិមន្តទៅខេត្តបាត់ដំបងវិញ ឯព្រះសង្ឃមួយចំនួនទៀត កំពុងភៀសព្រះកាយ។
សម្រាប់ព្រះភិក្ខុកើត សារ៉ាយ វិញ ព្រះអង្គបានដឹងរួចហើយថា អាជ្ញាធរនឹងធ្វើទុក្ខបុកម្នេញ ដោយចាប់ព្រះកាយព្រះអង្គយកទៅឃុំឃាំងប៉ុន្តែព្រះអង្គ មិនរួញរាឡើយ។ ព្រះអង្គ បានថតវីដេអូឃ្លិបនៅមុនការចាប់ខ្លួន ផ្ដាំផ្ញើពលរដ្ឋខ្មែរ ឲ្យហ៊ានធ្វើសកម្មភាពត្រឹមត្រូវតាមសតិសម្បជញ្ញៈរបស់ខ្លួន ដើម្បីភាពយុត្តិធម៌ក្នុងសង្គមកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។