កម្មករ-កម្មការិនីកាត់ដេរ នៅខេត្តតាកែវ ប្រមាណ ៨០០នាក់ បន្តធ្វើបាតុកម្មនៅមុខរោងចក្រ ទាមទារឲ្យថៅកែជនជាតិចិនដែលរត់ចោលកម្មករ បើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ឲ្យពួកគេ តាមច្បាប់ស្ដីពីការងារ។ អ្នកឃ្លាំមើលសិទ្ធិការងារ យល់ថា ករណីមានថៅកែរត់ចោលកម្មករនេះ ក្រសួងការងារគួរមានវិធានការណ៍ផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុត ដើម្បីការពារផលប្រយោជន៍កម្មករ។
តំណាងកម្មកររោងចក្រ ហុង សេន ថិចស្ថាយ (Hong Sen Textile (Cambodia) Co., Ltd.) លោកស្រី នុប សុផាត ប្រាប់អាស៊ីសេរី នៅថ្ងៃទី១២ កញ្ញា ថា កម្មករទាំងអស់នៅតែជួបជុំគ្នា ខាងមុខរោងចក្រ ដើម្បីតវ៉ាឲ្យថៅកែចិន ចេញមុខដោះស្រាយ រឿងបើកប្រាក់ឈ្នួល និងប្រាក់សំណងការងារផ្សេងទៀត ឲ្យកម្មករ។ ប៉ុន្តែលោកស្រីថា អស់រយៈពេល ៤ថ្ងៃហើយ ពួកគាត់ នៅមិនទាន់ទទួលបានដំណោះស្រាយណាមួយទេ។
លោកស្រី ឲ្យដឹងទៀតថា ប្រសិនបើលក់យកសម្ភារៈក្នុងរោងចក្រ លក់ឡាយឡុង តាមមន្ត្រីការងារចុះទៅអន្តរាគមន៍ ប្រាក់ដែលកម្មករម្នាក់ៗ ទទួលបាន គឺចន្លោះពីពី ២០ ទៅ ៣០ដុល្លារប៉ុណ្ណោះ។ លោកស្រីបន្តថា ក្រុមកម្មករ ក៏សម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តតាកែវ ដើម្បីជួយស្វែងរកដំណោះស្រាយរឿងនេះ តាមផ្លូវច្បាប់។
លោកស្រី បញ្ជាក់ថា មកដល់ពេលនេះ កម្មករទាំងអស់គ្នា កំពុងជួបប្រទះបញ្ហាជីវភាព និងគ្មានប្រាក់បង់ធនាគារ និងសងបំណុលគេ។ តំណាងកម្មកររូបនេះ ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខាងតុលាការ និងក្រសួងការងារ ជួយអន្តរាគមន៍រឿងនេះ ដើម្បីឲ្យកម្មករបានប្រាក់ដោះស្រាយជីវភាពរស់នៅ៖ «បាត់បង់ការងារទាំងស្រុងហើយ ឲ្យគាត់បាត់បង់ប្រាក់ពីមុនមកឲ្យបាត់អស់ទៀត។ ប្រាក់ខែក៏មិនបាន លុយអីក៏មិនបាន ការងារក៏អត់មានធ្វើ។ ហើយឥឡូវ ជិតភ្ជុំផង ពូកខ្ញុំក៏វេទនារឿងភ្ជុំទៀត។ ដូចដឹងស្រាប់ហើយប្រាក់ខែ ម្នាក់បន្តិចៗ គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ចង់ឲ្យថៅកែចូលខ្លួនមកដោះស្រាយ ឲ្យគាត់ដោះស្រាយប្រាក់ខែចុងក្រោយខែ៨ ដែលពួកខ្ញុំអត់ទាន់បានហ្នឹង។ ហើយឲ្យគាត់គិតគូរ៥ % ហើយបំណាច់ឆ្នាំពួកខ្ញុំ ដែលនៅសល់ម្នាក់ ២ឆ្នាំ ៣ឆ្នាំ អ៊ីចឹង !»។
អាស៊ីសេរី មិនអាចសុំការបំភ្លឺរឿងនេះ ពីអនុប្រធាននៃអគ្គលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា នៃក្រសួងការងារ លោក អ៊ូ រតនា បានទេ នៅថ្ងៃទី១២ កញ្ញា ដោយលោកមិនទទួលទូរស័ព្ទ។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ករណីថៅកែរត់ចោលហើយមិនបើកឲ្យកម្មករនេះ ខាងក្រសួងគួរមានវិធានការផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុត ដើម្បីការពារផលប្រយោជន៍កម្មករ។ លោកបន្តថា អាជ្ញាធរមានសមត្ថកិច្ច គួរស្រាវជ្រាវរកឲ្យឃើញថៅកែរោងចក្រ ដើម្បីឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់ លើសំណងប្រាក់ឈ្នួលកម្មករ។ លោក ស្នើក្រសួងការងារ គួរចេញជាដំណោះស្រាយណាមួយ ដើម្បីធានាថា ក្រុមកម្មករ នឹងទទួលបានដំណោះស្រាយ និងអត្ថប្រយោជន៍ ស្របតាមច្បាប់ការងារ៖ «ធម្មតាក្រុមហ៊ុនចុះបញ្ជី វាមានក្រុមប្រឹក្សាភិបាល មានចុះបញ្ជីត្រឹមត្រូវ។ វាមានអាសយដ្ឋានថៅកែ។ អ៊ីចឹង ! ព័ត៌មានទាំងអស់ហ្នឹង វាអត់អាចទៅណាក្រៅពីយើងសិក្សាស្រាវជ្រាវទៅ ស៊ើបអង្កេតទៅហើយស្វែងយកនិយោជកមកដោះស្រាយអ៊ីចឹងទៅ។ ខ្ញុំគិតថាបើនៅតែបន្តអ៊ីចឹង កម្មករនៅតែជាជនរងគ្រោះ និយោជកនៅតែគេចវេះពីកាតព្វកិច្ច ហើយវាធ្វើជាគំរូអាក្រក់នៅក្នុងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅកម្ពុជា»។
រោងចក្រ ហុង សេន ថិចស្ថាយ (Hong Sen Textile (Cambodia) Co., Ltd.) គឺជារោងចក្រកាត់ដេរខោអាវក្នុង និងខោអាវកូនក្មេង ដែលមានទីតាំងស្ថិតនៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និងមានកម្មករសរុប ៨២២នាក់។ កម្មករ ប្រាប់ថា មិនស្គាល់ម៉ាក និងមិនដឹងនាំចេញទៅលក់នៅប្រទេសណាទេ។
កម្មករ ប្រកាន់ជំហរតវ៉ាមុខរោងចក្រតទៅទៀត។ កម្មករ បញ្ជាក់ថា ប្រសិនបើមិនទទួលបានដំណោះស្រាយទេ ពួកគាត់ នឹងនាំគ្នាទៅរកកិច្ចអន្តរាគមន៍ពីក្រសួងការងារ នៅរាជធានីភ្នំពេញ។
របាយការណ៍ក្រសួងការងារ បង្ហាញថា អំឡុងការរាតត្បាតជំងឺកូវីដ-១៩ គិតចាប់តាំងពីខែកុម្ភៈ មកដល់ថ្ងៃទី១០ កញ្ញា មានរោងចក្រ ៤៩១ បានព្យួរការងារកម្មករ ដោយខ្លះព្យួររយៈពេលយូរ ហើយខ្លះទៀតព្យួររយៈពេលខ្លី ដែលបណ្ដាលឲ្យកម្មករសរុបជិត ២៩ម៉ឺននាក់ រងផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។