មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​ព្រួយ​បារម្ភ​ពី​បញ្ហា​ពលរដ្ឋ​ខ្មែរ​បន្ត​ឆ្លងដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​ព្រួយ​បារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​បង្កើន​ការ​ទប់ស្កាត់​ពលរដ្ឋ​ចូល​ទៅ​កាប់​ឈើ​នៅ​តំបន់​ព្រំដែន និង​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ដូច​សព្វថ្ងៃ​ទេ ប្រជាពលរដ្ឋ​អាច​នឹង​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ឬ​ចាប់​ដាក់​គុក​មិន​ដាច់​ឡើយ។ ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​ទាហាន​ថៃ បាន​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់​ប្ដី​ប្រពន្ធ​រង​របួស​កាលពី​ថ្ងៃ​ទី១៨ កក្កដា ស្រប​ពេល​ដែល​មនុស្ស​ជាច្រើន​នាក់​នៅតែ​បន្ត​នាំគ្នា​ចូល​ទៅ​កាប់​ឈើ​លក់​នៅ​តំបន់​ព្រំដែន ដោយ​ពុំមាន​អាជ្ញាធរ​ណា​ទប់ស្កាត់​ឡើយ។

សង្គម​ស៊ីវិល​ដែល​ធ្វើការ​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា​ថៃ អះអាង​ថា ពលរដ្ឋ​ខ្មែរ​នៅ​តែ​ប្រថុយ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ថ្វី​បើ​ដឹង​ថា ប្រឈម​គ្រោះថ្នាក់ អំឡុង​ពេល ភាគី​ថៃ​បន្ត​បិទ​ច្រក​ព្រំដែន​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ក្ដី។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ខេត្ត​ឧត្ដរមានជ័យ លោក ស្រី ណារ៉េន កត់សំគាល់​ថា ដោយសារ​កត្តា​បញ្ហា​ជីវភាព​ខ្វះខាត​និង​គ្មាន​មុខរបរ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​លួច​ឆ្លងដែន ចូល​កាប់ឈើ និង​ទៅ​ស្វែងរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ​ជាប់​ឥត​ដាច់​ឡើយ៖« សំណាង​ល្អ​គេ​គ្រាន់​តែ​ដាក់​ឲ្យ​ជាប់​ពន្ធនាគារ​ទទួល​ទោស​មួយ​ឆ្នាំ​ជាង ពីរ​ឆ្នាំ​អី​ទៅ ហើយ​បើ​សំណាង​អាក្រក់​ភាគី​ថៃ​គេ​បាញ់​អ៊ីចឹង​ទៅ។ បើ​កាល​ណា​ស្លាប់​ហើយ​គ្មាន​នរណា​គេ​រក​ខុស​ត្រូវ​អី​ទៀត​តាំង​ពី​យូរ​មក​ហើយ​តាំង​ពី​យើង​ឃ្លាំមើល​នៅ​ឆ្នាំ២០០៨ ផ្ទុះ​រឿង​បាញ់​ពលករ​ខ្មែរ​ដែល​ឆ្លង​ព្រំដែន​មក​ដល់​ពេល​បច្ចុប្បន្ន​គ្រាន់​តែ​ថា​ដាក់​កំណត់​ទូត​ទៅ​តែ​លទ្ធផល​ចុង​ក្រោយ​ដូច​មិន​ឃើញ​មាន​អី​ផង»

កាល​ពី​ពេល​ថ្មីៗ នេះ​ប្រជាពលរដ្ឋ ២នាក់​ប្ដី​ប្រពន្ធ​គឺ​លោកស្រី ឡាយ វាសនា លោក ផល ឆៃ រស់​នៅ​ភូមិ​សំបួរ​មាស សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ឲ្យ​របួស​ក្នុង​ពេល​ដែល​ពួកគាត់​ចូល​ព្រៃ​កាប់​ឈើ​នៅ​លើ​ភ្នំ​ដងរែក ជាប់​ព្រំដែន​ថៃ។ បុរស​ជា​ប្ដី​ត្រូវ​គ្រាប់កាំភ្លើង​ចំ​កដៃ ចំណែក​ប្រពន្ធ​ត្រូវ​ចំ​ភ្លៅ​ខាងស្ដាំ និង​កដៃ​ខាងឆ្វេង​បណ្ដាល​ឱ្យ​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​ទាហាន​ខ្មែរ​ប្រចាំ​នៅ​តំបន់​ព្រំដែន​បញ្ជូន​តាម​រថយន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរ​ឯកជន នៅ​ក្រុង​សំរោង។

ជុំវិញ​ការ​លួច​ចូល​កាប់​ឈើ​នៅ​ចំណុច​ព្រំដែន​កម្ពុជា​ថៃ​នេះ​ដែរ អាជ្ញាធរ​ថៃ​ក៏​ទើប​បញ្ជូន​ពលរដ្ឋ​ខ្មែរ ៥នាក់​ត្រឡប់​ទៅ​កម្ពុជា​វិញ បន្ទាប់​ពី​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ខេត្ត​ស៊ីសាកេត ចំនួន ២ឆ្នាំ ពី​បទ​ឆ្លងដែន​ខុស​ច្បាប់ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥ ខែសីហា ។

ពួកគាត់​ជា​អ្នក​រស់នៅ​ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះវិហារ និង​ខេត្ត​បន្ទាយ​មានជ័យ ត្រូវ​បាន​ទាហាន​ថៃ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០១៨ ក្នុង​គ្រា​ដែល​ពួក​គាត់​ចូល​កាប់​ឈើ​គ្រញូង តាម​ច្រក​ត្រពាំង​បី ក្នុង​ភូមិ​ត្រពាំងបី ឃុំ​ព្រះប្រឡាយ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ។

មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាស់ (Central) លោក ឌី ថេហូយ៉ា ថ្លែង​ថា កត្តា​ចម្បង​ដែល​ពលរដ្ឋ​នៅ​តែ​បន្ត​ឆ្លង​ដែន​ចូល​ថៃ គឺ​បញ្ហា​ជីវភាព​ក្រីក្រ​គ្មាន​ដីស្រែ​ចម្ការ រួម​ទាំង​កត្តា​រនុក​ក្នុង​ជា​ជនជាតិ​ថៃ ដែល​អូសទាញ​ឱ្យ​ពួក​គាត់​ហ៊ាន​ប្រថុយ​ដើម្បី​ក្រពះ។ លោក​ថា មាន​ករណី​ខ្លះ​ពលរដ្ឋ​បាន​ធ្លាក់​ខ្លួន​ចាញ់​បោក​ជនជាតិ​ថៃ​ដោយ​មិន​បាន​ប្រាក់​កម្រៃ​ថែម​ទៅ​ទៀត​ផង។ ប៉ុន្តែ​អាជ្ញាធរ​តាម​ព្រំដែន និង​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​សម្របសម្រួល​ណា​មួយ​ជាមួយ​អាជ្ញាធរ​ថៃ ឬ​មាន​អនុសារណៈ​យោគយល់​គ្នា​ឲ្យ​បាន​ច្បាស់លាស់​ឲ្យ​ដាក់​ទោស​ពលរដ្ឋ​ត្រឹម​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ អប់រំ​ផ្សព្វផ្សាយ និង​ពិន័យ​ជាដើម មិន​គួរ​ឈាន​ដល់​ការ​ប្រើ​ហិង្សា និង​បាញ់​សម្លាប់​នោះ​ទេ៖ « ឧទាហរណ៍​ថា​អនុវត្ត​តាម​ច្បាប់​ក៏​ពិត​មែន​យើង​អាច​ទទួល​យក​បាន បើ​យើង​ក្រឡេក​មើល​ទៅ​មួយ​ជ្រុង​ទៀត ក្នុង​ន័យ​មនុស្សធម៌​ក្នុង​ន័យ​ភាព​ជា​មនុស្ស​យើង​ដឹង​ហើយ​គាត់​ដាច់​ក្រពះ​ហើយ ដី​ស្រែ​ដី​ចម្ការ បង្ខំ​ចិត្ត​ហើយ​ថ្មីៗ នេះ​យើង​ឃើញ​ថា​ជាន់​មីន​ទៀត​វា​គួរ​តែ​មាន​ការ​លើកលែង​ចំពោះ​អ្នក​ដែល​ស្លូតត្រង់​ទាំងអស់​នេះ​គាត់​ក្រីក្រ​ខ្លាំង​ណាស់»

មន្ត្រី​សិទ្ធិ​ការងារ​រូប​នេះ​បន្ត​ថា ទន្ទឹម​នឹង​គ្នា​នេះ រដ្ឋាភិបាល​គួរ​មាន​គោលនយោបាយ​គាំទ្រ​អ្នក​ក្រីក្រ​ដោយ​ផ្ដល់​ឲ្យ​គាត់​ទទួល​បាន​ដី​ស្រែចម្ការ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ពួកគាត់​កំពុង​ជំពាក់​បំណុល​ធនាគារ ហើយ​កំពុង​ប្រឈម​ការ​ដាច់​ស្បៀង​ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។