ណាហ្គាវើលដ៍មិន​ទាន់​ប្រកាស​បិទ​ផ្លូវការ និង​បង្ហាញ​ពី​ការ​ជូន​អត្ថប្រយោជន៍​ដល់​បុគ្គលិក​នៅឡើយ

0:00 / 0:00

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ឱ្យ​ដឹង​ថា មកទល់​យប់​ថ្ងៃ​ទី​៣១ មីនា​នេះ ខាង​ថៅកែ​ក្រុមហ៊ុន មិនទាន់​ប្រកាស​បិទ​កាស៊ីណូ​នេះ ជា​បណ្ដោះអាសន្ន តាម​ការប្រកាស​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

កញ្ញា ឈឹម ស៊ីថរ បន្ថែម​ថា ទោះជា​ថៅកែ​មិនទាន់​ចេញ​សេចក្ដី​ជូនដំណឹង ជា​ផ្លូវការ​ដល់​បុគ្គលិក​ក្ដី តែ​ខាង​ប្រធាន​ផ្នែក​នីមួយៗ មក​ត្រឹម​ថ្ងៃ​ទី​៣១ មីនា នេះ បាន​ប្រាប់​ឱ្យ​បុគ្គលិក​រៀបចំ​អីវ៉ាន់​នៅ​ក្នុង​ការ​កាស៊ីណូ​ដាក់​ដោយ​ផ្នែកៗ ដើម្បី​ត្រៀម​ពី​ការ​បិទ​នេះ៖ «ខាង​ក្រុមហ៊ុន ឱ្យ​រៀបចំ​កាក់​អី​ទុក ហើយ​ខាង​ក្រុមហ៊ុន​បាន​ប្រាប់​រៀបចំ​ទុក ដើម្បី​ត្រៀម​បិទ តែ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣០ មីនា បញ្ជា​ឱ្យ​បិទ​កាស៊ីណូ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី១ ខែ​មេសា តទៅ​។ លោក ហ៊ុន សែន ថា ការប្រកាស​មិន​ឱ្យ​ថៅកែ​កាស៊ីណូ​ភ្លាមៗ​នោះ ដោយសារតែ​ទុក​ពេល​ឱ្យ​ថៅកែ រៀបចំ ទូទាត់​ប្រាក់ខែ​ដល់​បុគ្គលិក​កម្មករ​។ ការ​បិទ​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​នេះ ក៏​ជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ផ្សេងៗ​ទៀត ដើម្បី​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

ទាក់ទង​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​បុគ្គលិក​កាស៊ីណូ​ណាហ្គា វិញ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា ខាង​សហជីព​នឹង​ពិភាក្សា​ជាមួយ​ខាង​ថៅកែ ដើម្បី​ជជែក​ស្នើសុំ​ឱ្យ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ជូន​បុគ្គលិក​ទាំងអស់ នៅ​ក្នុង​កំឡុង​ពេល​គ្មាន​ការងារ​ធ្វើ​នេះ​។ កញ្ញា​បន្ថែម​ថា ខាង​បុគ្គលិក​ណាហ្គា ភាគច្រើន​ប្រឈម​នឹង​បញ្ហា​លំបាក​នៅ​ពេល​គ្មាន​ប្រាក់ខែ រួម​ទាំង​មាន​បន្ទុក​ជំពាក់​បំណុល​ធនាគារ​ទៀត​នោះ​៖ «ពិបាក​និយាយ​ណាស់​ឥឡូវ ចូល​លក្ខណៈ​ដូច​ចាក់​ទឹក​លើ​ស្លឹក​ឈូក​ដូច្នេះ​ដែរ មិន​ដឹង​ជា​ទៅ​ខាង​ណា ខាង​ណី​ទេ ព្រោះ​ដូចជា​ចុះ​ទឹក​ក្រពើ ឡើងលើ​ជួប​ខ្លា​ដូច្នោះ​ដែរ បើសិនជា​ធ្វើការ​ទៅ​ប្រឈម​នឹង​ការ​ឆ្លង​កូ​វីត​១៩ តែ​បើ​អត់​ធ្វើការ​មិន​បាន​ប្រាក់​ដូច​យើង​ធ្វើការ យើង​មានគំនិត​ដើម្បី​ជជែក​ជាមួយ​ថៅកែ​ដើម្បី​សុំ​ប្រាក់​អត្ថប្រយោជន៍​នេះ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ខាង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បានទេ កាលពី​រាត្រី​ថ្ងៃ​ទី​៣១ មីនា នេះ។

ក្រុមហ៊ុន ណាហ្គា មាន​បុគ្គលិក​សរុប​ទាំង​អស់ ទាំង​ផ្នែក​កាស៊ីណូ និង​សណ្ឋាគារ ជិត ៩​ពាន់​នាក់ រួម​ទាំង​បុគ្គលិក​បរទេស​ផង ដែល​មាន ម្ចាស់​ជា​ជនជាតិ​ម៉ាឡេស៊ី​។ ម្ចាស់​ក្រុមហ៊ុន​នេះ ធ្លាប់​បាន​បង្ហាញ​របាយការណ៍​ប្រាក់ចំណេញ​សុទ្ធ បន្ទាប់​ពី​គិត​ពន្ធ​រួច​ជាង ២៤៥​លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​២០១៩ និង​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ដំណើរការ​កាស៊ីណូ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ។

ទោះបីជា​ក្រុមហ៊ុន​ណាហ្គា វើលដ៍ដ៍​នេះ ទទួល​បាន​ប្រាក់ចំណូល​ច្រើន​បែបនេះ​ក្តី ប៉ុន្តែ​បុគ្គលិក នៅ​តាម​ផ្នែក​ផ្សេងៗ ត្អូញត្អែរ​ថា ពួកគេ​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប ខណៈ​ធ្វើ​ការងារ​ធ្ងន់ និង​ច្រើន​ម៉ោង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។