អាជ្ញាធរ ត្រៀម​កង​កម្លាំង​ចំហ និង​សម្ងាត់ ជាង ១ម៉ឺន ៣ពាន់​នាក់ ការពារ​ព្រះរាជពិធី​បុណ្យ​អុំទូក

0:00 / 0:00

អាជ្ញាធររបបក្រុងភ្នំពេញ បាន​ត្រៀម​កង​កម្លាំង​ជាង ១ម៉ឺន ៣ពាន់​នាក់ ដើម្បី​ដាក់​ការពារ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ឆ្នាំ​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថាអាជ្ញាធរ​មិន​គួរ​បង្ហាញវត្តមាន​កង​កម្លាំង​កាន់​កាំភ្លើង​ច្រូងច្រាង​ពេក​ទេព្រោះ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ព្រួយ។

អគ្គស្នងការរងនគរបាលជាតិ លោក ទូច ណារ៉ុថ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សំដី​ថា អាជ្ញាធរ​​បាន​ត្រៀម​កម្លាំង​ទាំង​ចំហរ ​និង​សំងាត់ ប្រមាណ​ជាង​ ១ម៉ឺន ៣​ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​​ សណ្តាប់​ធ្នាប់ ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អក​អំ​បុក និង​សំពះ​ព្រះ​ខែ ​ពី​ថ្ងៃ​ទី២១ដល់​ថ្ងៃ​ទី២៣ វិច្ឆិកា។ លោក ទូច ណារ៉ុថ រៀបរាប់​ថា កងកម្លាំងចំហ ជា​កង​កម្លាំង​ប្រចាំ​គោលដៅ និង​ចល័តហើយ​មាន​ឯក​សណ្ឋាននិង​មាន​អាវុធ​នៅ​ជាប់​ខ្លួន។ ចំណែក កង​កម្លាំង​សម្ងាត់​វិញជា​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ មាន​តួនាទីដើរ​ប្រាប់​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ដើរ​ចាប់​មុខ​សញ្ញា​ជន​ល្មើសក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក៖ « យើង​ខ្ញុំ​បាន​ត្រៀម​រៀបចំ​កង​កម្លាំង​ទាំង​ចំហ ទាំង​សម្ងាត់ ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ​បាទ កម្លាំង​ចំហ យើង​មាន​សមត្ថកិច្ច​នៅ​តាម​ដង​ផ្លូវ កម្លាំង​ដើរ​ល្បាត កម្លាំង​ឈរ​តាម​ដង​ផ្លូវ កម្លាំង​ឈរ​ប្រចាំ​ការ​នៅ​កន្លែង​តំបន់​នីមួយៗ នៅ​តាម​គោលដៅ ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ ហើយ​យើង​ក៏​មាន​កម្លាំង​សម្ងាត់​ដើរ​ត្រួត​ពិនិត្យ​មុខ​សញ្ញា ដើរ​ចែក​ជូន​ខិតប័ណ្ណ​ជូន​ប្រជា​ពលរដ្ឋ»

នៅរសៀលថ្ងៃ​ទី១៩ វិច្ឆិកា អាជ្ញាធរ បានរៀបចំ​ពិធី​ប្រណាំង​ទូក​សាក​ល្បងនៅ​មុខ​សួន​ច្បារ​មេ​ទ័ព​តេជោ​មាសតេជោ​យ៉តមុខ​វត្ត​ឧណ្ណាលោម។ រីឯ​ចំនួន​ទូក ង ដែល​ចូលរួម​ប្រណាំងក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​ឆ្នាំ​នេះ មាន​ចំនួន ២៩៥ទូក កីឡាករ​ចំណុះ​ទូក​មាន​ជិត ២ម៉ឺន​នាក់និង​ប្រទីបមាន​ចំនួន ១៥​ប្រទីប។

រដ្ឋបាលរាជធានីភ្នំពេញ បាន​ជូន​ដំណឹង​ថានឹង​ត្រូវ​បិទ​ចរាចរណ៍​ទាំង​ស្រុងមិន​ឲ្យ​មធ្យោបាយ​ធ្វើ​ដំណើរ​ឆ្លង​កាត់តាម​ផ្លូវ​មួយ​ចំនួន ដូចជា ផ្លូវ​លេខ​១៥០ផ្លូវ​ព្រះស៊ីសុវត្ថិប៉ែក​ខាង​ជើង​វត្ត​ឧណ្ណា​លោម ផ្លូវ​លេខ១៣០ផ្លូវ​ខាង​ក្រោយ​ព្រះបរម​រាជវាំង កំណាត់​មហាវិថី​ព្រះ នរោត្តមផ្លូវ​លេខ​២៩៤និង​ផ្លូវ​មួយ​ចំនួន​ចាប់​ពី​នៅ​ម្ដុំ​មាត់​ទន្លេ ក្បែរ​ព្រះបរម​រាជវាំងដល់​តំបន់​កោះ​ពេជ្រ។ ប៉ុន្ដែ ពលរដ្ឋ​ថ្មើរ​ជើងអាច​ដើរ​កំសាន្ដ​គ្រប់​ទិសទីក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។

រដ្ឋបាលរាជធានី​ភ្នំពេញក៏​បាន​រៀបចំបង្គន់​អនាម័យសាធារណៈចំនួន​ជិត ៦០០បង្គន់ (៥៩៧) តម្លើង​នៅ​ទីតាំង​ចំនួន ៣១កន្លែង ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ទាំង ៣យប់ ៣ថ្ងៃ ​ដោយ​មិន​ចាំបាច់​បង់​ប្រាក់។ ចំណែក​ក្រសួង​សុខាភិបាល​ជូន​ដំណឹង​ថា ត្រៀម​​រថយន្ត​សង្គ្រោះ​ ចំនួន​ ៦៨​គ្រឿង និង​តង់​សុខភា​ព​ចំនួន ​១២​កន្លែង។ តង់​សុខភាព​ទាំង​នេះ​ នឹង​ផ្តល់​សេវា​សុខភាព ២៤​ម៉ោង។ តង់​សុខភាព និង​រថយន្ដ​សង្គ្រោះ​បន្ទាន់នឹង​ត្រូវ​ដាក់​ពង្រាយ​ទូទាំង​តំបន់​ប្រារព្វ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។

កាលពីរាត្រីថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ គឺ​ជា​យប់​ចុង​ក្រោយនៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក មាន​​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​ នៅ​លើ​ស្ពាន​ពេជ្រ។ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៣៥៣​នាក់​ស្លាប់ និង ៣៩៣​នាក់​រង​របួស។ រហូត​មក​ដល់​ពេល​នេះក្រៅ​ពី​សំណង​ជា​ទឹក​ប្រាក់របប​ក្រុង​ភ្នំពេញ មិន​ទាន់​រក​ឃើញ​មុខ​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រឹត្តិការណ៍​នោះ​នៅ​ឡើយ​ទេ។ ក្រោយ​មករបប​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ៣​ឆ្នាំ​ជាប់​គ្នាគឺ​នៅ​ឆ្នាំ២០១១ដោយសារ​មូលហេតុ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទឹក​ជំនន់ និង​ខ្យល់​ព្យុះ ដែល​បាន​បំផ្លាញ​កម្ពុជា​យ៉ាង​ដំណំ។ ឆ្នាំ២០១២ ដោយសារ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះបាទ នរោត្តម សីហនុ និង​ឆ្នាំ២០១៣ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រមូល​ផ្ដុំធ្វើ​បាតុកម្ម​ខ្លាំង​ក្លា​នៅ​ទី​ក្រុង​ភ្នំពេញ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញគឺ​លោក ហ៊ុន សែន ប្រកាសថា ដោយ​សារទឹករាកពេក ​អុំទូក​មិន​កើត។ ចាប់​ពី​ឆ្នាំ២០១៤ មក របប​ក្រុង​ភ្នំពេញបាន​អនុញ្ញាត្ត​ឲ្យ​រៀបចំ​ព្រះរាជ​ពិធី​នេះ​ឡើង​វិញប៉ុន្ដែ​បាន​បង្កើន​សកម្មភាព​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​ច្រូងច្រាង ពាស​ពេញ​ទីតាំង​ប្រារព្វ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ជាង​កាល​ពី​មុន។

នាយកប្រតិបតិអង្គការសម្ព័ន្ធគណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថានៅ​ពេល​សមត្ថកិច្ច​មាន​ជំនាញ​ពិត​ប្រាកដមិន​គួរ​ស្ពាយ​កាំភ្លើង​ច្រូងច្រាងច្រើន​ពេក​ទេអាច​បង្ក​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ព្រួយ៖ «បើ​សមត្ថកិច្ច​ដែល​មាន​ជំនាញ​ខ្ញុំ​គិត​ថា មិន​ចាំបាច់​ ស្ពាយ​កាំភ្លើង​ច្រូងច្រាង​អី​នៅ​ក្នុង​ពិធី​នោះ​ទេ។ ពួក​គេ​អាច​ប្រើ​រូបភាព​ជា​ឈុត​ស៊ីវិល ពួក​គេ​ប្រើ​រូបភាព​មួយ ដែល​ផ្តល់​ភាព​កក់​ក្តៅ​ដល់​អ្នក​ដើរ​កំសាន្ត​ណា»

ព្រះរាជពិធីបុណ្យ​អុំទូក កាល​ពី​ឆ្នាំ២០១៧ របប​ក្រុង​ភ្នំពេញ ​បាន​ដាក់​ពង្រាយ​កង​កម្លាំង សរុប​ចំនួន​ជាង ១ម៉ឺន ២ពាន់​នាក់។

សង្គមស៊ីវិលរូបនេះ យល់ថា ដោយសារ​តែ​កម្ពុជាធ្លាប់​មាន​បទពិសោធន៍​ជាន់​គ្នា​ស្លាប់ដូច្នេះ​របប​ក្រុង​ភ្នំពេញគួរ​រៀន​សូត្រ​ពី​បទ​ពិសោធន៍​ទាំង​នោះដើម្បី​ទប់​ស្កាត់​ឲ្យ​ខាង​តែ​បាន។ លោក សន ជ័យ បន្ដ​ថាក្រៅ​ពី​ដាក់​កម្លាំង​ដ៏​សន្ធឹកសន្ធាប់​របប​នេះគួរ​មាន​យន្ដការ​បញ្ចៀស​ពលរដ្ឋចេញ​ពី​កន្លែង​កក​ស្ទះណែន​ចង្អៀតនិង​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​លក្ខណៈ​បច្ចេកទេសដូច​ជា ការ​បាញ់​កាំជ្រួញ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។