អ្នកបើកបររថយន្តក្រុងឲ្យសាលារាជធានីភ្នំពេញ បានតវ៉ាសុំដំឡើងប្រាក់ខែនៅព្រឹកថ្ងៃទី៣ កុម្ភៈ តែពុំទាន់មានដំណោះស្រាយនៅឡើយ។ ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញវិញ បញ្ជាក់ថា រហូតមកដល់ពេលនេះ ទាំងអ្នកបើកបរ និងសាលាក្រុង ពុំមានចងកាតព្វកិច្ចដោយច្បាប់ណាមួយឡើយ ហើយបើពួកគេមិនពេញចិត្តទេ គឺអាចទៅរកការងារធ្វើនៅខាងក្រៅបាន ជាពិសេស សាលារាជធានីភ្នំពេញ ពុំធ្លាប់ដែលបានសន្យាដំឡើងលុយបន្ថែមដល់អ្នកបើកបរទៀតផង។
ការឆ្លើយតបរបស់សាលារាជធានីភ្នំពេញនៅពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកបើកបររថយន្តក្រុងប្រមាណ ១១នាក់ក្នុងចំណោម ៥០នាក់ ធ្វើកូដកម្មប្រឆាំងកិច្ចសន្យា ដែលក្រុមអ្នកតវ៉ាចាត់ទុកថា សាលាក្រុងខកខានមិនបានឆ្លើយតបរឿងបន្ថែមលុយ ដូចដែលមាននៅក្នុងកិច្ចព្រមព្រៀងឲ្យដល់ ៣០០ដុល្លារក្នុងមួយខែ ដែលកិច្ចសន្យាបានកំណត់ថា ក្នុងរយៈពេល ៣ខែបន្ទាប់ក្រោយពីដាក់ឲ្យដំណើរការរួច សាលារាជធានីភ្នំពេញនឹងដំឡើងជូនបន្ថែមទៀត។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បដិសេធនៅថ្ងៃទី៣ កុម្ភៈ ថា សាលាក្រុងពុំដែលបានសន្យាអ្វីសោះឡើយ ថានឹងដំឡើងលុយឲ្យអ្នកបើកបររថយន្តក្រុងរហូតដល់ ៣០០ដុល្លារម្ដងណាទេ។ ក៏ប៉ុន្តែ លោកថ្លែងថា ប្រសិនបើទៅថ្ងៃខាងមុខរយៈពេលវែងទៀត អាជីវកម្មនេះទទួលបានជោគជ័យលើសេវារថយន្តក្រុង សាលារាជធានីភ្នំពេញអាចនឹងគិតគូរប្រាក់បន្ថែមជូនបាន។
លោកបញ្ជាក់ទៀតថា បើទោះជាបែបណា នៅពេលនេះសេវាកម្មដឹកជញ្ជូនរបស់សាលាក្រុង គឺនៅមិនទាន់រកប្រាក់ចំណេញឃើញនៅឡើយទេ។ លោកបន្តថា «ដូចឃើញស្រាប់ហើយឥឡូវនេះ គឺថាសឹងមិនរួចខ្លួនផង។ ដោយសារយើងមានគោលនយោបាយដោះស្រាយជូនសិស្សនិស្សិត ព្រះសង្ឃ មនុស្សចាស់អីជាដើម ដូច្នេះយើងមិនអាចដំឡើងបានទេ។ លោកបន្តថា យើងធ្លាប់បាននិយាយហើយ នៅថ្ងៃខាងមុខបើមានលទ្ធភាពចំណូលចំណេញគួរសម ពិចារណាក្នុងការដំឡើងជូនគាត់»។
គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅដែលជាការសាកល្បងលើកទីពីររបស់សាលារាជធានីភ្នំពេញ បន្ទាប់ពីធ្លាប់បរាជ័យម្ដងរួចមកហើយកាលពីឆ្នាំ២០០១ នោះ សេវារថយន្តក្រុងសាធារណៈជាថ្មីទៀតនេះ មានឡានចំនួន ៤៥គ្រឿង ដាក់ឲ្យដំណើរការ ៣ខ្សែក្នុងរាជធានីភ្នំពេញ ក្នុងនោះតម្លៃនៃការធ្វើដំណើរម្ដងក្នុងម្នាក់ ១.៥០០រៀល។
យ៉ាងណា ក្រុមអ្នកបើកបរនិយាយថា ការធ្វើកូដកម្មសុំដំឡើងប្រាក់ខែពី ៧២ម៉ឺនរៀលក្នុងពេលបច្ចុប្បន្ន ឲ្យឡើងដល់ ៣០០ដុល្លារនេះ ដោយសារពីមុនមកសាលារាជធានីភ្នំពេញបានសន្យាថា នឹងដំឡើងប្រាក់ខែឲ្យបានរហូតដល់ ៣០០ដុល្លារក្នុងរយៈពេល ៣ខែបន្ទាប់ ក្រោយពីដាក់ឲ្យដំណើរការរថយន្តក្រុងរួច។
ជុំវិញរឿងនេះ លោក ទៀង គឹមសាន អ្នកបើកបរម្នាក់ក្នុងចំណោមអ្នកតវ៉ាផ្សេងទៀត អះអាងថា ដើមឡើយមន្ត្រីរបស់សាលារាជធានីភ្នំពេញ ពិតជាបានសន្យាថានឹងដំឡើងមែន ក៏ប៉ុន្តែគិតមកដល់ពេលនេះមានរយៈពេល ៥ខែហើយ ការសន្យានោះបានកប់បាត់ឈឹងរហូត។ លោកថ្លែងបន្តថា ព្រោះតែហេតុនេះហើយ ទើបពួកគេតវ៉ា ហើយការលើកឡើងណាមួយរបស់មន្ត្រីសាលារាជធានីភ្នំពេញនោះ គឺផ្ទុយពីការពិត។ លោក ទៀង គឹមសាន ព្រមានថា បើសាលារាជធានីភ្នំពេញមិនឆ្លើយតបទេ ក្រុមអ្នកបើកបរនឹងធ្វើយុទ្ធនាការបន្តទៀតទៅរដ្ឋាភិបាល ប្រឆាំងសេចក្តីសម្រេចនេះ។ លោកបន្តថា «មុននឹងបើកប្រាក់ខែគេនិយាយជាមួយយើងថា រដ្ឋយើងទើបដំណើរការ។ វាមិនអាចឲ្យប្រាក់ខែយើងដល់អ៊ីចឹងទេ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងថា ការបកស្រាយណាមួយរបស់មន្ត្រីសាលារាជធានីភ្នំពេញ គឺជាការដោះបន្ទុក និងគេចវេះពីការទទួលខុសត្រូវ។ លោកបន្តថា «មកដល់ ៣ខែ ត្រូវតែដំឡើងប្រាក់ខែឲ្យកម្មករនិយោជិក»។ លោកបន្តទៀតថា «អ៊ីចឹងខ្ញុំគិតថា បងប្អូនធ្វើនេះ គឺជាការត្រឹមត្រូវ»។
នេះជាការតវ៉ាលើកទីពីរហើយរបស់ក្រុមអ្នកបើកបររថយន្តក្រុងឲ្យសាលារាជធានីភ្នំពេញ បន្ទាប់ពីការតវ៉ាកាលពីខែតុលា ឆ្នាំ២០១៤ ត្រូវបរាជ័យ។ យ៉ាងណាក្នុងថ្ងៃនៃការធ្វើកូដកម្មកាលពីព្រឹកថ្ងៃទី៣ កុម្ភៈ នៅមុខរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ កម្លាំងប៉ូលិស និងប៉េអិមមួយចំនួន ត្រូវបានគេដាក់ពង្រាយនៅក្បែរនោះដែរ។ ក៏ប៉ុន្តែ កម្លាំងដែលបានដាក់ពង្រាយនោះ ពុំមានការប៉ះទង្គិចណាមួយជាមួយអ្នកធ្វើកូដកម្មទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។