របបក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែតុលា បានរៀបចំប្រារព្ធពិធីរម្លឹកព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ គម្រប់ខួប ៦ឆ្នាំ។ អ្នកនយោបាយទាំងពីរគណបក្សដែលកំពុងមានជម្លោះ និងគ្នាបានសរសេរនៅលើហ្វេសប៊ុកខ្លួនដោយរម្លឹកពីព្រះរាជបណ្តាំ និងការលះបង់របស់សម្តេចព្រះ នរោត្តម សីហនុ ចំពោះជាតិមាតុភូមិ។
ចាប់ពីម៉ោង៧កន្លះព្រឹកតំណាងស្ថាប័នជាតិបាននាំគ្នាយកយកកម្រងផ្កាទៅដាក់នៅព្រះបរម រូបព្រះបាទនរោត្តម សីហនុ ដែលឋិតនៅក្បែរវិមានឯករាជ្យអមដោយសំឡេងត្រែលាន់ទ្រហឹង ពេញកន្លែងប្រារព្ធពិធី៖ « អត់មានរៀបចំ ឬអនុវត្តន៍យន្តការដែលមានស្រាប់ ដើម្បីផ្សះផ្សារជាតិ ឬបង្រួបបង្រួមជាតិតាមគន្លងព្រះអង្គ ដែលលោកបានត្រួសត្រាយនោះទេ » ។
ប៉ុន្តែពុំមាន ព្រះវត្តមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងប្រមុខរបបក្រុងភ្នំ ពេញនៅទីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋទេ ព្រោះព្រះមហាក្សត្រ និងប្រមុខស្ថាប័នមួយចំនួន ត្រូវធ្វើពិធីសាសនា ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនៅព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានសរសេរនៅហ្វេសប៊ុករបស់លោកថា នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេង ចំពោះជាតិមាតុភូមិកម្ពុជា។
រីឯអនុប្រធានគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយរម្លឹកពីព្រះរាជបណ្តាំ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចំនួនបីចំណុចសំខាន់ៗ គឺរបស់ដែលមានតម្លៃបំផុតសម្រាប់ជាតិ គឺ "ឯករាជ្យ"។
កត្តាសំខាន់សម្រាប់កសាង ការពារឯករាជ្យ គឺ "ការរួបរួមគ្នាជាធ្លុងមួយ" និងចំណុចចុងក្រោយ "រួបរួមគ្នាជាធ្លុងមួយ ដើម្បីស្រោចស្រង់ប្រទេសយើង ឯករាជ្យជាតិយើងឱ្យ ឆ្លងផុតពីគ្រោះថ្នាក់នានា”។
ទាក់ទងការលើកឡើងពីព្រះរាជបណ្តាំ និងវីរភាពរបស់សម្តេចព្រះ នរោត្តម សីហនុ របស់អ្នកនយោបាយបែបនេះ ត្រូវបានអ្នកវិភាគនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា នេះ ជាការបកស្រាយ និងការចងចាំស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ តាមការយល់ឃើញរបស់អ្នកនយោបាយទាំងនោះ។
ប៉ុន្តែលោកបណ្ឌិតថា អ្នកនយោបាយខកខានមិនបានយកព្រះរាជបណ្តាំរបស់សម្តេច សីហនុ មកដោះស្រាយបញ្ហា ដែលកំពុងកើតមាននាសព្វថ្ងៃនេះ៖ «អត់ត្រូវសោះ ចោទប្រកាន់គ្នាជាសត្រូវ ក្បត់ជាតិ អ្នកនេះទៅថា ក្រុមនេះក្បត់ជាតិ ក្រុមនោះថា ក្បត់ជាតិ ដល់យូរទៅបូកសរុបទៅខ្មែរសុទ្ធតែក្បត់ជាតិទាំងអស់គ្នា »។
អ្នកវិភាគនយោបាយជើងចាស់រូបនេះយល់ថា ចាប់តាំងពីសម្តេច នរោត្តម សីហនុ សោយទិវង្គតមក គឺប្រទេសកម្ពុជាបាត់បង់អ្នកផ្សះផ្សារ និងបង្រួបបង្រួមជាតិ ខណៈដែលមិនទាន់មានអ្នកណាអាចជំនួសទ្រង់បាន។
ចំពោះវិបត្តិនយោបាយសព្វថ្ងៃនេះលោកបណ្ឌិតយល់ថា ដើម្បីឲ្យអ្នកនយោបាយឯកភាពជាតិឡើងវិញតាមការចង់បានរបស់ពលរដ្ឋម្ចាស់ឆ្នោត និងមជ្ឈដ្ឋានអន្តរជាតិ គឺពួកគេត្រូវឈប់លាបពណ៌គ្នាថាជាជនក្បត់ជាតិ ឬជាអាយ៉ងបរទេស។
ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគគាំងបេះដូង ក្នុងព្រះជន្ម៩០ព្រះវស្សា។ ពលរដ្ឋចង់ឃើញព្រះមហាក្សត្រសព្វថ្ងៃដោះស្រាយវិបត្តិនយោបាយដូចព្រះបិតាទ្រង់ ដើម្បីឲ្យអ្នកនយោបាយកម្ពុជាមានឯកភាពជាតិឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។