ពិព័រណ៍​រូបភាព​ស្ដីពី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ចាប់​ពី​ថ្ងៃ​ទី​១៦​កញ្ញា

សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (Adhoc) និង​អង្គការ​អុកស្វាម (Oxfam) បាន​សហការ​គ្នា​តាំង​ពិព័រណ៍​រូបភាព ស្ដីពី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ ដើម្បី​លើក​កម្ពស់​ការ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​គេ​យល់​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់។

ប្រធាន​សមាគម​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា គោល​បំណង​នៃ​ការ​រៀបចំ​ពិព័រណ៍​នេះ បង្ហាញ​ពី​ការ​បង្កើន​លទ្ធភាព​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា តាម​រយៈ​ការ​ដោះស្រាយ​បណ្ដឹង​ក្រៅ​ប្រព័ន្ធ​របស់​អាដហុក ដែល​គាំទ្រ​ដោយ​អង្គការ​អុកស្វាម សហភាព​អឺរ៉ុប និង​ស្ថាប័ន​ផ្សេង​ទៀត។ លោក ធន សារាយ បញ្ជាក់​ថា តាម​រយៈ​សកម្មភាព​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ រួម​មាន​ករណី អំពើ​ហិង្សា​ក្នុង​គ្រួសារ ជម្លោះ​ក្នុង​គ្រួសារ ជម្លោះ​ព្រំ​ដី ជម្លោះ​កេរមរតក ជម្លោះ​រវាង​អ្នក​ក្រ និង​អ្នក​មាន​អំណាច ដែល​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ចំណេញ​បាន​ច្រើន ជា​ជាង​ការ​ដោះស្រាយ​ដោយ​ប្រព័ន្ធ​តុលាការ។ ក៏ប៉ុន្តែ​លោក​ថា ករណី​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ លោក​ក៏​នឹង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ដោះស្រាយ​តាម​ការ​សម្រប​សម្រួល​តាម​របៀប​នេះ​ដែរ។

លោក ធន សារាយ៖ «យើង​ឲ្យ​មាន​ការ​ស្រុះស្រួល​ភាគី​ទាំង​សង​ខាង​តែ​ម្ដង ហើយ​យើង​យក​ទឡ្ហីករណ៍​ផ្នែក​ច្បាប់ ទឡ្ហីករណ៍​ផ្នែក​សង្គម ទឡ្ហីករណ៍​រវាង​គ្រួសារ និង​គ្រួសារ អនាគត​កូន​ចៅ​ទាក់ទង​រឿង​គូភាគី​ដែល​ឈ្លោះ​គ្នា ដែល​ជិត​ខាង​គ្នា ដែល​មើល​មុខ​គ្នា​មិន​ចំ ហើយ​ដែល​យើង​ចំណាយ​អស់​ទ្រព្យ​ធន ពេលវេលា​ឆ្ងាយ ព្រោះ​យើង​នៅ​ចុង​កាត់​មាត់​ញក យើង​ទៅ​ប្ដឹង​នៅ​តុលាការ តុលាការ​មាន​តែ​នៅ​តាម​ទី​រួម​ខេត្ត។ យើង​ចំណាយ​ពេលវេលា ចំណាយ​លុយ​អស់​ច្រើន ទំនាស់​បន្តិចបន្តួច យើង​អាច​និយាយ​គ្នា​បាន យើង​ចំណេញ​ច្រើន​ណាស់ បើ​សិន​យើង​អាច​រក​ការ​ដោះស្រាយ​តាម​រយៈ​ការ​សម្រុះសម្រួល​គ្នា​ហ្នឹង ប្រជាពលរដ្ឋ​គាត់​សប្បាយ​ចិត្ត​ច្រើន ហើយ​គាត់​បាន​ទទួល​យុត្តិធម៌​ល្អ​ជាង។ តុលាការ​ជា​ផ្លូវ​ការ​ហ្នឹង ជួន​កាល​បាន​នូវ​អយុត្តិធម៌​មក​ទៀត​ក៏​មាន​ដែរ»

ពិព័រណ៍​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នេះ នឹង​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា នៅ​មជ្ឈមណ្ឌល​មេតា​អាត​កម្ពុជា ផ្ទះ​លេខ​៣៧ ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។