ពលរដ្ឋនៅប៉ោយប៉ែតប្រកាន់ជំហរធ្វើបាតុកម្មទាមទារឱ្យបើកច្រកព្រំដែននៅថ្ងៃទី១ មិថុនា
2020.05.30
ក្រុមប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែប្រកាន់ជំហរថា ពួកគេនឹងនាំគ្នាធ្វើបាតុកម្មទាមទារឱ្យអាជ្ញាធរកម្ពុជា និងថៃបើកច្រកទ្វារព្រំដែនប្រទេសទាំង២ ឡើងវិញ នៅថ្ងៃទី១ មិថុនា ដដែល។ ពលរដ្ឋទាំងនោះអះអាងថា ពួកគេនឹងទប់ស្កាត់មិនឱ្យឡានទឹកទំនិញរបស់ថៃចូលមកកម្ពុជានោះឡើយ។
កម្មករអូសរទេះនៅក្រុងប៉ោយប៉ែតម្នាក់ លោកស្រី ឈុន សុភេន ថ្លែងនៅរសៀលថ្ងៃទី៣០ ឧសភា ថា ចាប់តាំងពីអាជ្ញាធរកម្ពុជា និងថៃបិទច្រកទ្វារព្រំដែនប្រទេសទាំង២មក ធ្វើឱ្យគ្រួសាររបស់លោកស្រីបាត់បង់ប្រាក់ចំណូលទាំងស្រុង។ ពលរដ្ឋរូបនេះបញ្ជាក់ថា សមាជិកគ្រួសាររបស់គាត់ចំនួន ៣នាក់ ត្រៀមខ្លួនទៅចូលរួមធ្វើបាតុកម្មនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅដើមសប្ដាហ៍ក្រោយ៖ «ព្រោះអីបើយើងមិនតវ៉ាយើងបានអីរកស៊ី យើងបានលុយណាទិញម្ហូបទិញអីផង និងអត់លុយបង់ថ្លៃផ្ទះថ្លៃអីផង អីចឹងនាំគ្នាតវ៉ាអីចឹងទៅ។ ព្រោះអីទំនិញថៃចេញបានរួចខ្មែរយើងមិនអាចចូលទៅដីថៃបានទេ ព្រោះអីយើងនៅជាប់ព្រំដែនយើងបានរកស៊ីចូលដីថៃទើបបានលុយចាយ។ បើបិទច្រកអីចឹងខ្មែរយើងបានអីរកស៊ី»។
ចំណែក អាជីវករខ្មែរដែលមានតូបលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ និងអ្នករត់ម៉ូតូឌុបនៅតំបន់ព្រំដែនសង្កាត់ប៉ោយប៉ែត ឱ្យដឹងថា ពួកគាត់មិនអាចទ្រាំរស់នៅដោយគ្មានប្រាក់ចំណូលបានទៀតទេ ដូច្នេះពួកគាត់ក៏បានត្រៀមខ្លួនរួចជាស្រេចដែរថា នឹងទៅចូលរួមធ្វើបាតុកម្មនៅមុខច្រកទ្វារព្រំដែនកម្ពុជា-ថៃតាមការគ្រោងទុក៖ «ខ្ញុំក៏មានជំហរដូចប្រជាពលរដ្ឋដទៃដែរ ដោយសារតែខាងយើងនេះវាអយុត្តិធម៌ពេក ព្រោះខាងគេបើកឡានចេញបាន ហេតុអីយើងអត់អាចចេញចូលបានដូចគេ ដូច្នេះចង់ឱ្យមានសិទ្ធិស្មើគ្នា សុំខាងអាជ្ញាធរកម្ពុជាហ្នឹងបិទកុំឱ្យគេចូលមកខាងយើងវិញដែរ។ ចង់ថាឱ្យបើកច្រកព្រំដែនឱ្យរកស៊ីធម្មតាវិញ ពួកខ្ញុំជួលផ្ទះគេ ហើយណាមួយទិញម្ហូបក៏ថ្លៃ ហើយគ្មានការងារធ្វើដាច់បាយដាច់អីអស់ហើយនៅខាងច្រកព្រំដែនណេះមានអីហូបទេ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះ តាំងពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ឧសភា តែពួកលោកមិនលើកទូរស័ព្ទ។
ទោះជាយ៉ាងណា អាជ្ញាធរខេត្តបន្ទាយមានជ័យបានបដិសេធនឹងការស្នើសុំធ្វើបាតុកម្មរបស់ពលរដ្ឋនេះរួចមកហើយ កាលពីថ្ងៃទី២៥ ឧសភា។
អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានបញ្ជាក់នៅក្នុងលិខិតឆ្លើយតបនោះថា មូលហេតុដែលលោកមិនអនុញ្ញាតឱ្យពលរដ្ឋធ្វើបាតុកម្ម ដោយសារព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ពីព្រោះជំងឺរលាកផ្លូវដង្ហើមថ្មីនេះ បន្តរាតត្បាតខ្លាំងនៅលើពិភពលោក មិនទាន់បានធូរស្រាលនៅឡើយ។
ស្របពេលអាជ្ញាធរខេត្តបន្ទាយមានជ័យបដិសេធនឹងសំណើសុំធ្វើបាតុកម្មរបស់ពលរដ្ឋនេះ នៅខាងទឹកដីថៃឯណោះវិញ អាជ្ញាធរថៃបានត្រៀមកម្លាំងទាហានរាប់រយនាក់នៅតំបន់ផ្សាររ៉ុងក្លឿ ជាប់ព្រំដែនក្រុងប៉ោយប៉ែត ចាប់តាំងពីថ្ងៃទី២៨ ឧសភា រហូតមក ដើម្បីទប់ស្កាត់ក្រុមបាតុករខ្មែរ។ អាជ្ញាធរថៃបានប្រកាសថា ប្រទេសរបស់គេមិនអាចបើកច្រកទ្វារព្រំដែនឡើងវិញបាននៅឡើយទេ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការតវ៉ាដោយសន្តិវិធីគឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់។ លោកបញ្ជាក់ថា ការបិទច្រកទ្វារព្រំដែននេះ កម្ពុជាចាញ់ប្រៀបប្រទេសថៃច្រើន ដោយរថយន្តដឹកទំនិញរបស់ថៃអាចចូលមកក្រុងប៉ោយប៉ែតបានដោយសេរី។ ចំណែករថយន្តដឹកទំនិញរបស់ខ្មែរវិញត្រូវបានអាជ្ញាធរថៃរឹតបន្តឹង ហើយអាចចូលទៅដល់ប្រទេសថៃបានតិចតួចបំផុត៖ «អីចឹងសូម្បីតែការពារដាក់កម្លាំងដាក់អីរហូតដល់មានទាហានមានអី ដាក់អីក៏ដាក់ទៅ វាអត់អីប្លែកទេ ប៉ុន្តែបើសិនជាថៃនៅតែមានប្រៀបនៅអាចនាំទំនិញគគ្រឹកគគ្រេងចូលមកកម្ពុជាបាន។ អីចឹងកម្ពុជាក៏ត្រូវមានសិទ្ធិចូលទៅក្នុងប្រទេសថៃដូចគ្នាដែរ មិនមែនថៃនាំមកបាន ហើយប្រជាពលរដ្ឋសុទ្ធតែជនមានជំងឺកូវីដ១៩នោះទេ អីចឹងត្រូវតែមានសមភាពដូចគ្នាទៅវិញទៅមក»។
ទាក់ទងនឹងគម្រោងតវ៉ានេះ ក្រុមប្រជាពលរដ្ឋបានត្រៀមរទេះរុញ និងរ៉ឺម៉កម៉ូតូចំនួន១០០គ្រឿង និងត្រៀមមនុស្សចូលរួមចំនួន ១.៥០០នាក់ ដើម្បីបិទផ្លូវនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហាមឃាត់មិនឱ្យរថយន្តដឹកទំនិញរបស់ថៃចូលមកកម្ពុជា ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច ពីថ្ងៃទី១ ដល់ថ្ងៃទី៧ មិថុនាខាងមុខ៕