បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​ប្រកប​របរ​ឡើង​ត្នោត

0:00 / 0:00

កសិករ​ខ្មែរ​មួយ​ចំនួន​នៅ​បន្ត​ប្រកប​មុខ​របរ​ឡើង​ត្នោត បន្ថែម​លើ​ការងារ​ស្រែ​ចម្ការ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​កសិករ​នៅ​តែ​និយម​ប្រកប​មុខ​របរ​ឡើង​ត្នោត បើ​ទោះ​បី​ជា​មុខ​របរ​នេះ​ទទួល​បាន​ប្រាក់​ចំណូល​ទាប ចំណាយ​កម្លាំង​ពលកម្ម​ច្រើន និង​ផ្សង​គ្រោះថ្នាក់​ខ្ពស់​នោះ?

កសិករ​ឡើង​ត្នោត​វ័យ ៥៦​ឆ្នាំ​ម្នាក់ លោក សុខ អេង រស់នៅ​ភូមិ​ទ្រាត្បូង ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ មិន​អាច​កំណត់​ពេល​ឡើង​ត្នោត​ទៀងទាត់ ឬ​ក្រោក​ពី​ព្រលឹម​ស្រាងៗ​រៀបចំ​បំពង់​ដូច​កាល​ពី​ក្មេង ដែល​នៅ​ដៃ​រឹង ស្មា​មាំ​បាន​ទេ ព្រោះ​លោក​មាន​បញ្ហា​សុខភាព និង​ដៃ​ម្ខាង​ឈឺ។ កាល​ពី ៦​ឆ្នាំ​មុន លោក​ធ្លាក់​ពី​លើ​ដើម​ត្នោត​កម្ពស់​ប្រហែល ២០​ម៉ែត្រ បណ្ដាល​ឲ្យ​ខ្លួន​ប្រាណ​គ្រាំគ្រា និង​ដៃ​ឆ្វេង​ស្ពឹក​ស្ទើរ​ពិការ។

បច្ចុប្បន្ន លោក សុខ អេង នៅ​តស៊ូ​ឡើង​ត្នោត ១០​ដើម សម្រាប់​រម្ងាស់​ជា​ស្ករ និង​បំបៅ​មេ​ទឹក​ត្នោត​ជូរ​លក់​ឲ្យ​ម៉ូយ​បាន​ប្រាក់​ចន្លោះ​ពី ១​ម៉ឺន ៧​ពាន់​រៀល ទៅ​ជាង ២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ មុខ​របរ​នេះ​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​លោក​ធូរធារ​ដូច​គេ​បាន ប៉ុន្តែ​អាច​ចិញ្ចឹម​ក្រពះ​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​កូន​ប្រុស​នៅ​លីវ​ម្នាក់​ទៀត​បាន បន្ទាប់​ពី​កូន​បងៗ ៧​នាក់​ផ្សេង​ទៀត​រៀបការ​រស់នៅ​បែក​ផ្ទះ​គ្នា​អស់៖ « អើស ! ជីវភាព​រាល់​ថ្ងៃ​បាន​មធ្យម​ដែរ មួយ​ថ្ងៃ​ចូល​បាន​តែ​ទឹក​ត្នោត​ពីរ​កាន​ហ្នឹង​ហើយ ក្នុង​មួយ​ថ្ងៃ​ចូល​បាន ១​ម៉ឺន ៧​ពាន់​រៀល។ មិន​ដឹង​ឲ្យ​ជួយ​ធ្វើ​ស្អី​ផង បើ​ងាក​ទៅ​ណោះ​គេ​អត់​យក ងាក​នេះ​គេ​អត់​យក អ៊ីចឹង​ហើយ​មាន​ប្រឹង​តែ​ឡើង​ត្នោត »

លោក សុខ អេង កើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ​នៅ​ឃុំ​ទឹកហូត និង​មាន​បង​ប្អូន​ប្រុស​ស្រី ១០​នាក់។ លោក​ចេះ​ឡើង​ត្នោត​តាំង​ពី​អាយុ ១៣​ឆ្នាំ គ្រា​ដែល​លោក​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ ប៉ុន្តែ​ក្នុង​របប​ខ្មែរ​ក្រហម លោក​បាន​បែកបាក់​គ្រួសារ និង​បោះបង់​មុខ​របរ​នេះ​ចោល។ ក្រោយ​ឆ្នាំ​១៩៧៩ លោក និង​ភរិយា​ដែល​ខ្មែរ​ក្រហម​ចាប់​ផ្សំផ្គុំ​គ្នា​ជា​ប្ដី​ប្រពន្ធ បាន​ចាប់​យក​មុខ​របរ​ឡើង​ត្នោត​ជា​ថ្មី​នៅ​ភូមិ​ទ្រា នេះ។

លោក សុខ អេង កសិករ​ឡើង​ត្នោត​រស់នៅ​ភូមិ​ទ្រាត្បូង ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Chin Chetha
លោក សុខ អេង កសិករ​ឡើង​ត្នោត​រស់នៅ​ភូមិ​ទ្រាត្បូង ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Chin Chetha (RFA/Chin Chetha)

កំពុង​ដាក់​ពពេល​ក្នុង​បំពង់​ក្រោម​ដើម​ត្នោត​ក្បែរ​ផ្ទះ បម្រុង​ឡើង​ដាក់​ទឹក​ត្នោត លោក សុខ អេង រំឭក​ថា ក្រោយ​បែក​របប ប៉ុល ពត ភ្លាមៗ លោក​មាន​លទ្ធភាព​ឡើង​ត្នោត​ចន្លោះ​ពី ១៥ ទៅ ២០​ដើម។ លោក​កៀប​រឹត​ផ្កា និង​ចិត​ត្រង​យក​ទឹក​ត្នោត​បាន​ច្រើន​គួរសម ដើម្បី​រម្ងាស់​ជា​ស្ករ​បំបៅ​មេ​ទឹក​ត្នោត​ជូរ និង​ទុក​ទឹក​ត្នោត​ផ្អែម​ខ្លះ​សម្រាប់​រែក​លក់ ឬ​ដូរ​អង្ករ។ កាលណោះ ទឹក​ត្នោត​ផ្អែម​មួយ​បំពង់ លោក​ដូរ​អង្ករ​បាន ១​កំប៉ុង ចំណែក​ស្ករ ១​គីឡូក្រាម​លក់​បាន ៥០០​រៀល និង​ទឹក​ត្នោត​ជូរ ១​បំពង់​លក់​បាន ៨០០​រៀល៖ « ដូរ​អង្ករ​រែក​ទៅ​រែក​មក អា​រែក​ពី​នេះ​ទៅ​ក៏​ធ្ងន់ មក​វិញ​ក៏​ធ្ងន់ ព្រោះ​យើង​ដើរ​សព្វ​កន្លែង អត់​មាន​លក់​មួយ​កន្លែង​ណា ឲ្យ​តែ​ឃើញ​ផ្ទះ​គេ ៤ ឬ ១០ អ៊ីចឹង​ទៅ​រែក​ចូល​ទៅ បើ​គេ​ទិញ​ក៏​ទៅ បើ​គេ​មិន​ទិញ​យើង​រែក​ចេញ​មក​វិញ​ទៅ ដល់​ពេល​មាន​កង់​មាន​អី​ទៅ ខ្ញុំ​ឈប់​រែក​ទៅ ជិះ​កង់​លក់​ម្ដង។ កាល​ពី​ជំនាន់ ប៉ុល ពត រស់នៅ​បែក​គ្នា គេ​នៅ​តាម​គេ​ទៅ យើង​នៅ​តាម​យើង​អ៊ីចឹង​មក ទាល់​តែ​មក​សម័យ​នេះ​បាន​ចាប់​ដៃ​គ្នា​រក​ស៊ី »

លោក សុខ អេង គឺ​ជា​កសិករ​ឡើង​ត្នោត​ម្នាក់​ក្នុង​ចំណោម​កសិករ​ឡើង​ត្នោត​ក្នុង​ភូមិ​របស់​លោក​ជាង ៣០​គ្រួសារ​ផ្សេង​ទៀត ប៉ុន្តែ​អ្នក​ឡើង​ត្នោត​ដែល​មាន​វ័យ​ចំណាស់ ឬ​ឡើង​ត្នោត​តាំង​ពី​ឆ្នាំ​១៩៧៩ មក​នោះ គឺ​មាន​តែ​លោក និង​បុរស​ក្នុង​ភូមិ​ពីរ​នាក់​ទៀត​ប៉ុណ្ណោះ។ សព្វថ្ងៃ កសិករ​បាន​ងាក​មក​ឡើង​ត្នោត​បំបៅ​មេ ឬ​យក​ទឹក​ត្នោត​ផ្អែម​លក់​ជំនួស​ការ​រម្ងាស់​ស្ករ ដោយ​ខ្វះ​ឧស​ដុត និង​ហត់​នឿយ​ខ្លាំង។

លោក សុខ អេង ប្រកាន់​ជំហរ​ថា នឹង​មិន​ឲ្យ​កូន ឬ​ចៅ​ចាប់​យក​មុខ​របរ​ឡើង​ត្នោត​ទៀត​ទេ បើ​ទោះ​បី​ជា​កូនៗ​បង្កើត​របស់​គាត់​ពុំ​មាន​អ្នក​ណា​ម្នាក់​រៀន​បាន​ខ្ពស់ ឬ​មាន​ការងារ​ធ្វើ​ធំ​ដុំ​ក្រៅ​ពី​ធ្វើ​សំណង់ និង​កាត់​ដេរ​នៅ​តាម​រោងចក្រ​នោះ។ លោក​សុខ​ចិត្ត​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​ខ្លួន​ជាមួយ​នឹង​មុខ​របរ​ឡើង​ត្នោត និង​ធ្វើ​ស្រែ​បន្តិចបន្តួច​តែ​ម្នាក់​ឯង ព្រោះ​លោក​ពុំ​មាន​ជម្រើស​ផ្សេង៖ « ឡើង​ច្រើន​គ្នា​ដែរ អា​ខ្លះ​ធ្លាក់​មក​ពី​លើ​ចុង​អស់​ជីវិត ខ្លះ​ក៏​រស់​ទៅ វា​អ៊ីចឹង​វា​អត់​ទៀង។ ខ្ញុំ​អត់​មាន​ជម្រើស ប៉ុន្តែ​ដល់​កូន​ក្រោយ ខ្ញុំ​អត់​ឲ្យ​ឡើង​ព្រោះ​វា​នឿយ ឡើង​អត់​មាន​ពេល​សម្រាក​ទេ រឿង​ឡើង​ត្នោត ចាប់​ពី​ម៉ោង ១ ថ្ងៃ រហូត​ដល់​ម៉ោង ៧ យប់​ក៏​មាន​ដែរ អត់​ឲ្យ​កូន​ធ្វើ​អា​ហ្នឹង​ទេ សុខ​ចិត្ត​ឲ្យ​ធ្វើ​សំណង់​ធ្វើ​អី​វិញ »

លោក សុខ អេង រស់នៅ​ភូមិ​ទ្រាត្បូង ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង រម្ងាស់​ស្ករ​ត្នោត កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Chin Chetha
លោក សុខ អេង រស់នៅ​ភូមិ​ទ្រាត្បូង ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង រម្ងាស់​ស្ករ​ត្នោត កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Chin Chetha (RFA/Chin Chetha)

ទោះ​ជា​យ៉ាង​ណា នៅ​លើ​ទឹក​ដី​ស្រុក​រលាប្អៀរ ដែល​មាន​ដើម​ត្នោត​ច្រើន​ជាង​គេ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​អ្នក​ឡើង​ត្នោត​ក្មេង​ចាស់​ជាច្រើន​នាក់​នៅ​ចាប់​អារម្មណ៍​នឹង​មុខ​របរ​មួយ​នេះ ដោយសារ​តែ​កសិករ​ខ្លះ​អាច​ទាញ​យក​កម្រៃ​ពី​ការ​លក់​ទឹក​ត្នោត​ជូរ​ចន្លោះ​ពី ៦​ម៉ឺន​ទៅ ១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ពួក​គេ​ត្រូវ​ឡើង​ត្នោត​ចន្លោះ​ពី ២០ ទៅ ៣០​ដើម ដើម្បី​ទទួល​បាន​ទឹក​ត្នោត​ប្រមាណ ១៨០​លីត្រ ឬ​ស្មើ​នឹង ៦​កាន។

ទឹក​ត្នោត​ផ្អែម និង​ទឹក​ត្នោត​ជូរ​ដែល​លក់​នៅ​ក្រុង​កំពង់ឆ្នាំង បច្ចុប្បន្ន ភាគច្រើន​មាន​ប្រភព​ចេញ​ពី​ភូមិ​ទ្រាត្បូង ភូមិ​ទ្រាជើង និង​ភូមិ​អណ្ដូងឫស្សី នៃ​ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ។ ទឹក​ត្នោត​មាន​អនាម័យ និង​គ្មាន​ជាតិ​គីមី ដោយ​វត្ថុ​ធាតុ​ដើម​ផ្សំ​ធ្វើ​ជា​ទឹក​ត្នោត​ជូរ​មាន​តែ​សម្បក​កកោះ ឬ​សម្បក​ស្ដៅ។ ចំណែក​ទឹក​ត្នោត​ផ្អែម​ប្រើ​សម្បក ឬ​ដើម​ពពេល មិន​ប្រើ​ម្សៅ​គីមី​ដាក់​ក្នុង​បំពង់​ដើម្បី​កាត់​ទឹក​ត្នោត​ឲ្យ​ថ្លា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។