មន្ត្រី​ចូល​និវត្តន៍​នៅ​តាកែវ​ត្អូញត្អែរ​ពី​ការ​កាត់​ប្រាក់​ជាង​១​ម៉ឺន​រៀល​ក្នុង​១​ខែ

មន្ត្រី​នគរបាល​ចូល​និវត្តន៍​នៅ​ខេត្ត​តាកែវ ត្អូញ​ថា មន្ត្រី​គណនេយ្យ​នៃ​ការិយាល័យ​សង្គមកិច្ច​ស្រុក​ទ្រាំង បាន​កាត់​យក​ប្រាក់​ក្នុង​ម្នាក់​ជាង ១​ម៉ឺន​រៀល​ក្នុង​១​ខែ។ មន្ត្រី​គណនេយ្យ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាត់​ប្រាក់​មែន ប៉ុន្តែ​គឺ​កាត់​តែ​ប្រាក់​សម្រាប់​កូន​ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់ និង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​រត់​ការ​ឯកសារ ដែល​រដ្ឋាភិបាល​មិន​មាន​ខ្ទង់​ចំណាយ។

0:00 / 0:00

មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍​នៅ​ខេត្ត​តាកែវ ថ្លែង​ថា ពួក​គាត់​មិន​ដែល​បើក​ប្រាក់​ខែ​គ្រប់​ចំនួន​តាម​តួលេខ​ដែល​ចុះ​ក្នុង​បញ្ជី​បើក​លុយ​ទេ។

អតីត​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ថា តាំង​ពី​ចូល​ឆ្នាំ​២០១៣ គឺ​ក្រោយ​ពី​មន្ទីរ​សង្គមកិច្ច​ខេត្ត បញ្ជូន​ប្រាក់​ខែ​ចូល​និវត្តន៍​របស់​គាត់​ទៅ​កាន់​ការិយាល័យ​សង្គមកិច្ច​ស្រុក​ទ្រាំង ឲ្យ​បើក​ប្រាក់​ឲ្យ​គាត់​មក ប្រាក់​ខែ​ជាង ៥៧​ម៉ឺន​រៀល ដែល​ចុះ​នៅ​ក្នុង​បញ្ជី​នៅ​ពេល​បើក​ជាក់ស្តែង គឺ​បាត់​ជាង ១​ម៉ឺន​រៀល​ជានិច្ច។ លោក​ថា បើ​កាត់​ប្រាក់​ចូល​រួម​បង់​ឲ្យ​សមាគម​ប៉ូលិស តាម​គាត់​ដឹង​កាត់​តែ​ប្រាក់ ៤​ពាន់​រៀល​ទេ៖ «៥៧១.៣៦៩​រៀល។ អ៊ីចឹង​ដល់​ពេល​បើក​ឲ្យ​ខ្ញុំ​បាន​តែ ៥៦​ម៉ឺន​រៀល​ទេ កាត់​ទៅ​លើ​អី​ឯណា ប៉ិន​គាត់​ថា កាត់​សមាគម។ ប៉ុន្តែ​កាត់​សមាគម​ណា​ដល់​ទៅ ១​ម៉ឺន​ជាង»

មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​ជា​អតីត​អនុប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ថ្លែង​ថា ប្រាក់​ខែ​គាត់​ជាង ៤៩​ម៉ឺន​រៀល នៅ​ពេល​បើក​ពី​ការិយាល័យ​សង្គមកិច្ច​ស្រុក​ទ្រាំង នោះ​ទទួល​បាន ជួន​កាល ៤៧​ម៉ឺន​រៀល ជួន​កាល ៤៨​ម៉ឺន​រៀល តាម​ចិត្ត​មន្ត្រី​អ្នក​បើក​លុយ​នោះ​ចង់​បើក​ឲ្យ​គាត់។ លោក​ថា មន្ត្រី​ចូល​និវត្តន៍​មាន​វ័យ​ចាស់​ជរា មិន​អាច​រក​ការងារ​ធ្វើ ឬ​លក់​ពលកម្ម​ងាយ​ស្រួល​ទេ។ គាត់​រំពឹង​ប្រាក់​ខែ​នោះ​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​អ្នក​បើក​លុយ​បាន​កាត់​ប្រាក់​ប្រពន្ធ និង​ប្រាក់​កូន​យក​ខ្ទេចខ្ទី។ លោក​រំពឹង​ថា នៅ​ពេល​ប្រាក់​ចូល​និវត្តន៍​របស់​គាត់ បើក​ពី​ធនាគារ​អេស៊ីលីដា (Acleda Bank) នឹង​មិន​មាន​បញ្ហា​កាត់​យក​ស្រស់ៗ​ដូច​មន្ត្រី​ក្នុង​តំណែង​សង្គមកិច្ច​កាត់​យក​នោះ​ទេ៖ «ហើយ​វា​បាត់​តែ​រហូត។ ហើយ​ដល់​លុយ​ប្រពន្ធ​ខ្ញុំ​កន្លង​មក អត់​ដែល​បាន​មួយ​រៀល​ទេ ព្រោះ​វា​យក​ទៅ​ស៊ី​សំណូក​សូកប៉ាន់​ក៏​មាន​ទៅ អា​កិបកេង​ប្រវ័ញ្ច​របស់​មន្ត្រី​រាជការ​ដែល​គ្នា​ពិការ​ពលី​ចូល​និវត្តន៍ ហើយ​និង​គ្នា​កិបកេង​គ្នា​អ៊ីចឹង ងាប់​គ្នា​ដាច់​ខ្យល់​ងាប់​ហើយ»

បំភ្លឺ​តប​នឹង​ការ​ចោទ​នោះ លោក ឈួន ផាន់នី មន្ត្រី​គណនេយ្យ​ការិយាល័យ​សង្គមកិច្ច​ស្រុក​ទ្រាំង ថ្លែង​ថា ប្រាក់​ដែល​កាត់​នោះ គឺ​កាត់​លុយ​កូន​ដែល​លើស​អាយុ ១៨​ឆ្នាំ ហួស​អាយុ​ដែល​រដ្ឋាភិបាល​ចិញ្ចឹម។ កូន​ខ្លះ​អាយុ​ក្រោម ១៨​ឆ្នាំ នៅ​ពេល​ចូល​រៀន​ឆ្នាំ​សិក្សា​២០១៣-២០១៤ ក្រសួង​សង្គមកិច្ច តម្រូវ​ឲ្យ​មាន​ឯកសារ​បញ្ជាក់​ពី​សាលា​រៀន។ ប៉ុន្តែ ពួក​គាត់​អត់​បំពេញ​តាម​ច្បាប់​កំណត់ ទើប​កាត់​ប្រាក់​កូន។ ម្យ៉ាង​ទៀត មន្ត្រី​យោធា និង​ប៉ូលិស​ចូល​និវត្តន៍ ដែល​កាត់​ប្រាក់ គឺ​កាត់​ចូល​សមាគម​ម្នាក់ ៤​ពាន់​រៀល សម្រាប់​ជួយ​ពេល​មាន​អ្នក​ស្លាប់ នឹង​បាន​ប្រាក់ ៤​លាន​រៀល​វិញ។ លោក​បន្ថែម​ថា ការ​កាត់​ប្រាក់​ពី​មន្ត្រី​ចូល​និវត្តន៍​នោះ សម្រាប់​ទិញ​ក្រដាស ឬ​ជួល​ថត​ចម្លង និង​ចាក់​សាំង​ធ្វើ​ដំណើរ​រត់​ការ ដែល​រដ្ឋាភិបាល​មិន​មាន​ខ្ទង់​ចំណាយ​ទៅ​លើ​បញ្ហា​នោះ ទើប​គាត់​សុំ​លុយ​ខ្លះ​ពី​មន្ត្រី​ចូល​និវត្តន៍៖ «គាត់​ថា កាត់​ដល់ ១​ម៉ឺន​ជាង គឺ​អត់​មាន​ទេ។ ហើយ​ខ្ញុំ​សុំ​តិចតួច​តាម​លទ្ធភាព​ដែល​គាត់​ឲ្យ បើ​គាត់​ឲ្យ បាន​យក បើ​គាត់​មិន​ឲ្យ ក៏​ខ្ញុំ​អត់​មាន​ថា​អី​ដែរ។ ហើយ​បើ​ឯកសារ គឺ​ថា​អត់​មាន​ជំពូក​ណា​សម្រាប់​ដោះស្រាយ​ទេ នៅ​មូលដ្ឋាន​នេះ»

ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​តាកែវ លោក សោម អ៊ុំមុន្នីរ៉ា បញ្ជាក់​ថា មន្ត្រី​ចូល​និវត្តន៍​ទាំង​ស៊ីវិល និង​កង​ប្រដាប់​អាវុធ បើក​ប្រាក់​នៅ​ការិយាល័យ​ស្រុក​ទ្រាំង មាន​ជាង ៣០០​នាក់។ ឯ​អ្នក​ចូល​និវត្តន៍​នៅ​ទូទាំង​ខេត្ត​តាកែវ មាន​ជាង ១​ពាន់​នាក់។ លោក​ថា ចាប់​ពី​ឆ្នាំ​២០១៤ ទៅ អ្នក​ចូល​និវត្តន៍​នឹង​បើក​ប្រាក់​ខែ​តាម​គណនី​ដែល​គាត់​បាន​ចុះ​ហត្ថលេខា​ជាមួយ​ធនាគារ​អេស៊ីលីដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។