កីឡាការិនីគុនល្បុក្កតោ អំពាវនាវរកការគាំទ្រ​ឲ្យ​បាន​ច្រើន​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដើម្បី​​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ

0:00 / 0:00

កីឡាការនីគុនល្បុក្កតោ អំពាវនាវរកការគាំទ្រឲ្យបានច្រើនពីពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីជួយផ្សព្វផ្សាយគុនខ្មែរមួយនេះ នៅលើឆាកអន្តរជាតិ។ កញ្ញា សម ថារ័ត្ន ដែល​ជា​តួអង្គ​សំខាន់​មួយ​រូប នៅក្នុងខ្សែភាពយន្តឯកសារ រឿង "ការ​រស់រាន​ឡើង​វិញ​​នៃ​​ក្បាច់​​គុន​ល្បុក្កតោ" លើក​ឡើង​ថា ការផ្សព្វផ្សាយ និង​ជួយ​គាំទ្រ​ក្បាច់​គុន​ខ្មែរ នឹង​ជួយ​ឲ្យ​ពិភពលោក​មើល​ឃើញ​អំពី​ភាព​អស្ចារ្យ នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ និង​មោទនភាព​ជាតិ​ខ្មែរ៖ «វា​មាន​​សារ​សំខាន់​​មែនទែន ដែល​​ធ្វើ​​ឲ្យ​​មនុស្ស​​នៅ​​ទូទាំង​ពិភព​លោក បាន​​ស្គាល់​​ពី​ក្បាច់​​គុន​​ល្បុក្កតោ ដែល​មិនមែន​ទើប​កើត​មាន​ឡើង​​ទេ គឺ​មាន​​រាប់​​ពាន់​​ឆ្នាំ​​មុន ហើយ​​ក៏​ដូច​ជា​​ចង់​​ប្រាប់​​ពិពភ​លោក​ថា ​ក្បាច់​​គុន​យើង​ហ្នឹង​​បម្រុង​​នឹង​​ចូល​ជា​សម្បត្តិ​​បេតិកភណ្ឌ​​ពិភព​លោក។ អ្វី​​ដែល​សំខាន់ បើ​​បង​​ប្អូន​​ខ្មែរ​​យើង បាន​​ដឹង​​កាន់​តែ​ច្បាស់ គាត់​​កាន់​តែ​គាំទ្រ​​ពី​​ខាង​​ក្នុង​​កាន់​​តែ​​ខ្លាំង​ នឹង​​បង្ហាញ​ថា ​ប្រទេស​ជាតិ​មួយ​​នេះ មាន​​ក្បាច់​គុន​​របស់​​ខ្លួន​​ឯង ដែល​​គ្រប់​​គ្នា​​ទទួល​​ស្គាល់​»។

ខ្សែភាពយន្តឯកសារ រឿង "ការរស់រានឡើងវិញនៃក្បាច់គុនល្បុក្កតោ" នេះ ផលិត​ឡើង​ដោយ​ជនជាតិ​​កាណាដា ពីរ​នាក់​ប្តី​ប្រពន្ធ គឺ​អ្នកស្រី សាន់ដ្រា លឺបា (Sandra Leuba) និង​លោក ម៉ាក បក់ស្ល័រ (Mark Bochsler) ដែល​ត្រូវ​ប្រើ​ពេល​ផលិត និង​តម្លើង​​​អស់​​រយៈ​​ពេល​ជាង ៨ឆ្នាំ។

ខ្សែភាពយន្តនេះ នឹងដាក់បញ្ជាំងនៅរោងភាពយន្ត Lightbox Film Center នៅទីក្រុង Philadelphia នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ។ បន្ទាប់​មក ខ្សែ​ភាពយន្ត​នេះ​នឹង​​យក​ទៅ​ដាក់​បញ្ចាំង​នៅ​ប្រទេស​កាណាដា។

លោក ម៉ាក បក់ស្ល័រ (Mark Bochsler) ប្រាប់​អាស៊ីសេរីថា ខ្សែភាព​យន្ត​​ឯកសារ​នេះ ផលិត​ឡើង​ ដើម្បី​​ឲ្យ​​ពិភពលោក​សម្លឹង​​មក​​កម្ពុជា ឲ្យ​​ហួស​​ពី​​ប្រវត្តិ​​ខ្មៅ​ងងឹង​ នៃ​អតីត​កាល​​របប​វាល​ពិឃាត។ លោកថា ខ្សែភាពយន្តនេះ បង្ហាញ​ឲ្យ​ឃើញ​​ច្បាស់ អំពី​​ភាព​អស្ចារ្យ​​របស់​​បុព្វបុរស​ខ្មែរ និង​កេរតំណែល​ដូនតា ដែល​​ត្រូវ​​បន្ត​​ថែ​រក្សា​​ឲ្យ​​គង់​វង្ស៕

Vimeo Trailer: www.vimeo.com/cineboxx/survivingbokator-trailer

What audiences are saying www.tinyurl.com/BokatorAudience

Background: http://bokatorfilm.com/2017/09/05/sneak-peek-of-surviving-bokator/

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។