អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​ក្រុម​យុវជន​ជិះ​ម៉ូតូ​ជះ​ទឹក​និង​ប៉ាត​ម្សៅ

0:00 / 0:00

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​ក្តៅ​ចំពោះ​ក្រុម​យុវជន​ជិះ​ម៉ូតូ​មិន​គោរព​ច្បាប់ ឬ​លេង​ជះ​ទឹក និង​ប៉ាត​ម្សៅ​ដាក់​គ្នា​ជាដើម ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។

អាជ្ញាធរ ក៏​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ត្រូវ​កំណត់​តម្លៃ​សេវា​បម្រើ​ទេសចរណ៍​របស់​ខ្លួន​ឲ្យ​បាន​សមរម្យ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​មូលដ្ឋាន​នេះ ទទួល​បាន​ភាព​សប្បាយ​រីករាយ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ហាម​ដាច់​ខាត​មិន​ឲ្យ​ពលរដ្ឋ​លេង​ល្បែង​គប់​ទឹក ឬ​ប៉ាត​ម្សៅ​ដាក់​គ្នា ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បាត់បង់​សម្ភារៈ​ផ្សេងៗ។ លោក​រំឭក​ដល់​អាណាព្យាបាល​គ្រប់ៗ​រូប ត្រូវ​អប់រំ​កូន​ចៅ​របស់​ខ្លួន​ឲ្យ​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នូវ​ចំណុច​អវិជ្ជមាន ដែល​អាជ្ញាធរ​ហាម​ឃាត់​ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា៖ « ការ​ជិះ​ម៉ូតូ​ជា​ហ្វូង​របស់​ក្រុម​យុវជន ហើយ​បាញ់​ទឹក ឬ​ប៉ាត​ម្សៅ​ដាក់​គ្នា​នៅ​តាម​ផ្លូវ​សាធារណៈ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំៗ​នេះ កម្លាំង​ខ្ញុំ​បាន​ចេញ​ពង្រាយ​ទប់ស្កាត់​ទាំង​មុន រហូត​ដល់​ចប់​បុណ្យ​ចូល​ឆ្នាំ។ ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ការ​ជិះ​ម៉ូតូ​ប្រជែង​គ្នា​ទាំង​ហ្វូង​របស់​ក្រុម​យុវជន បាន​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​បាន​ជិះ​ម៉ូតូ​ពាសពេញ​ផ្លូវ។ ដូច្នេះ សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​សុំ​ការ​យោគយល់​ដល់​កម្លាំង​សមត្ថកិច្ច​ក្នុង​ចំណាត់​ការ​នេះ »

នៅ​ខេត្ត​ព្រះសីហនុ គេ​សង្កេត​ឃើញ​មាន​ក្រុម​យុវជន និង​មាន​បរទេស​ខ្លះ បាន​ប្រមូល​ផ្តុំ​គ្នា​ជិះ​ម៉ូតូ​ដោយ​កែ​បំពង់​ស៊ីម៉ាំង​មាន​សំឡេង​ឮ​កង​រំពង​នៅ​តាម​ផ្លូវ​សាធារណៈ​ទាំង​យប់​ថ្ងៃ ហើយ​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់។ បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ជាដើម ជួយ​មាន​វិធានការ​លុប​បំបាត់​ឲ្យ​បាន​ជា​ស្ថាពរ។

សង្ក្រាន្ត​ឆ្នាំ​នេះ អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក សុខ ផន ក៏​បាន​រំឭក​ដល់​ក្រុម​អាជីវករ ឬ​ប្រតិបត្តិករ​ទេសចរ បម្រើ​សេវា​ទេសចរណ៍​ទាំងអស់ មាន​ដូចជា ម្ចាស់​ផ្ទះ​សំណាក់ សណ្ឋាគារ សេវា​ដឹក​ជញ្ជូន​ទាំង​ផ្លូវ​ទឹក ផ្លូវ​គោក និង​សេវា​ម្ហូប​អាហារ ជាដើម មិន​ត្រូវ​ដំឡើង​តម្លៃ​សេវា​ខ្ពស់​ហួស​ហេតុ​ពេក​ទេ។ លោក​សំណូមពរ​ថា តម្លៃ​សេវា​ទេសចរណ៍ គួរ​ត្រូវ​រក្សា​តម្លៃ​ដូច​ថ្ងៃ​ធម្មតា ឬ​ក៏​ដំឡើង​តិចតួច ដើម្បី​ផ្តល់​ជម្រើស​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ កើន​ខ្ពស់​ថែម​ទៀត​នា​ឆ្នាំ​ខាង​មុខ៖ « នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ យើង​សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ឲ្យ​បន្ធូរបន្ថយ​ការ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​របស់​ខ្លួន​ខុស​រៀប ឬ​ដំឡើង​តម្លៃ​ខ្ពស់​កប់​ពពក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​មក​កម្សាន្ត​របស់​បង​ប្អូន​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ។ ជាង​នេះ ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ប្រយ័ត្ន​ចំពោះ​អគ្គីភ័យ ដែល​អាច​នឹង​ឆាប​ឆេះ​នៅ​តាម​ផ្ទះ​របស់​លោក​អ្នក​នា​ពិធី​បុណ្យ​ចូល​ឆ្នាំ ព្រោះ​ជា​រហូត​ក្តៅ​ខ្លាំង »

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក នូ សុផល ទទួល​ស្គាល់​ថា ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ឬ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជាដើម ក្រុម​អាជីវករ​បាន​ដំឡើង​តម្លៃ​សេវា​ខ្ពស់​កប់​ពពក ដោយ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ពី​ការ​កំណត់​តម្លៃ​របស់​អាជ្ញាធរ​ខេត្ត​ទេ។ ប្រការ​នេះ នាំ​ឲ្យ​ភ្ញៀវ​ទេសចរ តែង​រិះគន់​ជា​បន្តបន្ទាប់។ លោក នូ សុផល បន្ត​ថា ការ​ដំឡើង​តម្លៃ​សេវា​បម្រើ​ទេសចរណ៍​របស់​ប្រតិបត្តិករ​ទេសចរ​តាម​ទំនើង​ចិត្ត គួបផ្សំ​បម្រើ​សេវា​មិន​បាន​ល្អ ឬ​អាហារ​គ្មាន​គុណភាព​ជាដើម អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​នៅ​ថ្ងៃ​ខាង​មុខ។ ដូច្នេះ សូម​ឲ្យ​ក្រុម​អាជីវករ​បម្រើ​សេវា​ទេសចរណ៍​ទាំងអស់ ត្រូវ​កំណត់​តម្លៃ​សេវា​លក់​ដូរ​របស់​ខ្លួន​ឲ្យ​បាន​សមរម្យ៖ « បុណ្យ​ចូល​ឆ្នាំ​នេះ​ដែរ សូម​ឲ្យ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ត្រូវ​ពង្រឹង​នូវ​គុណភាព​សេវាកម្ម​ឲ្យ​បាន​ល្អ និង​ភាព​រួស​រាយ​រាក់ទាក់​ចំពោះ​ភ្ញៀវ​ទេសចរ ជាពិសេស​ការ​កំណត់​តម្លៃ​សេវា​ទេសចរណ៍​ទាំង​ការ​ស្នាក់នៅ អាហារ​ទទួល​ទាន និង​សេវា​ដឹក​ជញ្ជូន​ជាដើម ត្រូវ​កំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់ ឬ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ »

និរតី​សង្ក្រាន្ត​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ បាន​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​នានា​ទាំង​នៅ​លើ​ដី​គោក និង​លើ​ទឹក​សមុទ្រ ត្រៀម​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ​ទាំង​យប់​ថ្ងៃ ពិសេស​គោលដៅ​តាម​ឆ្នេរ​សមុទ្រ លើ​ដី​កោះ វត្ត​អារាម និង​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កម្សាន្ត។

ចំណែក​នៅ​តាម​ឆ្នេរ​អូរឈើទាល មាន​រៀបចំ​ឆាក​ប្រគំ​តន្ត្រី​សម័យ​ជាច្រើន​ទីតាំង ស្តង់​លក់​ទំនិញ​រាប់​រាយ​ស្តង់ និង​មាន​តុប​តែង​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌ ភ្លឺ​ស្ទើរ​មួយ​ចំហៀង​មេឃ រង់ចាំ​ស្វាគមន៍​វត្តមាន​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។