ប្រជាពលរដ្ឋមួយចំនួន មិនចូលរួមពិធីបុណ្យអុំទូក នៅឆ្នាំ២០១៨ នេះទេ ដោយសារពួកគេបារម្ភអំពីសុវត្ថិភាព និងបញ្ហាខ្វះខាតជីវភាព។ ពលរដ្ឋយល់ថា ទោះបីជាអាជ្ញាធរ ត្រៀមកម្លាំងយ៉ាងច្រើនសម្រាប់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្តី ប៉ុន្តែបទល្មើសនានា តែងតែកើតមានជាហូរហែ។
ប្រជាពលរដ្ឋមួយចំនួននៅតែសម្តែងអារម្មរណ៍ភ័យព្រួយអំពីសន្តិសុខ សុវត្ថិភាព និងបញ្ហាជីវភាពក្រីក្រ ដែលធ្វើឲ្យពួកគេពិបាកចូលរួមក្នុងពិធីបុណ្យជាតិធំៗជាពិសេស ពិធីបុណ្យអុំទូកឆ្នាំនេះជាដើម។
ប្រជាពលរដ្ឋមួយរូបរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក កាន ឈាង បានថ្លែងថា លោក និងអ្នកភូមិរបស់លោក មិនបានទៅចូលរួមទស្សនាបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញទេ ដោយសារបញ្ហាជីវភាពនាឆ្នាំនេះ។ លោកលើកមូលហេតុថា ប៉ុន្មានឆ្នាំមកនេះ តម្លៃកសិផលរបស់ប្រជាកសិការ ដូចជា ជ័រកៅស៊ូ និងម្រេច ជាដើម កាន់តែចុះថោកទៅៗ ហើយបានបណ្តាលឲ្យជីវភាពពលរដ្ឋកាន់តែជួបការលំបាករហូតអ្នកខ្លះលក់ដី លក់ផ្ទះ និងបង្ខំចិត្តធ្វើចំណាកស្រុក ដើម្បីរកលុយសងត្រឡប់ទៅធនាគារ និងដោះស្រាយជីវភាពពីមួយថ្ងៃទៅមួយថ្ងៃ៖ «»
លោក យល់ថា ប្រសិនបើរបបលោកហ៊ុន សែន ជួយរកទីផ្សារលក់កសិផលឲ្យបានតម្លៃខ្ពស់ គឺអាច ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ហើយអាចមានឱកាសចូលរួមសប្បាយក្នុងពិធីបុណ្យអុំទូក។
មិនុខុសគ្នាប៉ុន្មានឡើយ ពលរដ្ឋរស់នៅឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ហ៊ុន រ៉ូ រៀបរាប់ថា លោក និងពលរដ្ឋផ្សេងទៀតក្នុងឃុំរបស់លោកភាគច្រើន ក៏មិនបានទៅចូលរួមពិធីបុណ្យ អុំទូកនៅភ្នំពេញទេ ប៉ុន្តែអ្នកខ្លះមានគម្រោងដើរលេងតាមតំបន់ទេសចរណ៍ក្នុងខេត្ត។ លោកបន្តថា រឿងសំខាន់បំផុត គឺបញ្ហាជីវភាពតែម្តង។ ជាពិសេសមួយរយៈនេះ ពលរដ្ឋកំពុងខ្វាយខ្វល់យ៉ាងខ្លាំងអំពីបញ្ហាគ្រោះរាំងស្ងួត ដែលកំពុងយាយីស្រូវស្រែរបស់ពួកគាត់ ហើយពុំទាន់មានការជួយអន្តរាគន៍ពីអាជ្ញាធរនោះទេ ខណៈពលរដ្ឋមានតែខំប្រឹងបន់ស្រន់សុំឲ្យមេឃឆាប់ធ្លាក់ភ្លៀងប៉ុណ្ណោះ៖ «»
រីឯពលរដ្ឋរស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង លោក ទី ផន លើកឡើងថា ពលរដ្ឋក្នុងស្រុករបស់លោក ក៏មានបញ្ហាខ្វះខាតជីវភាពដែរ ដូច្នេះប្រហែលជាមិនមានមនុស្សទៅលែងបុណ្យអុំទូកច្រើននោះទេ។ ម្យ៉ាងវិញទៀត លោកមើលឃើញថា ពលរដ្ឋនៅតែមានអារម្មរណ៍ខ្លាចរអាខ្លះៗ អំពីសន្តិសុខ សុវត្ថិភាពក្នុងពិធីបុណ្យអុំទូក ព្រោះពេលមានពិធីបុណ្យធំម្តងៗ តែងតែមានបញ្ហាកកស្ទះ ពិសេសអសន្តិសុខចោរលួចឆក់ប្លន់ តែងកើតមានស្ទើររាល់ថ្ងៃ ប៉ុន្តែសមត្ថកិច្ច ហាក់មិនមានលទ្ធភាពទប់ស្កាត់បានគ្រប់គ្រាន់នោះទេ៖ «»
មូលហេតុដែលប្រជាពលរដ្ឋនៅតែមានក្ដីបារម្ភអំពីសុវត្ថិភាពនោះ ដោយសារកម្ពុជាធ្លាប់មានបទពិសោធន៍ជូរចត់បំផុត គឺហេតុការណ៍ជាន់គ្នានៅស្ពានពេជ្រ កាលពីឆ្នាំ២០១០ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យអុំទូក។ ហេតុការណ៍នោះ យ៉ាងហោចណាស់មនុស្សចំនួន ៣៥៣នាក់ស្លាប់ និង ៣៩៣នាក់រងរបួស។ រហូតមកដល់ពេលនេះ ក្រៅពីសំណងជាទឹកប្រាក់ របបក្រុងភ្នំពេញ មិនទាន់រកឃើញមុខអ្នកទទួលខុសត្រូវលើព្រឹត្តិការណ៍នោះនៅឡើយទេ។
មន្រ្តីនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន អះអាងថា របបលោកមិនព្រួយបារម្ភរឿងអត់មនុស្សមកទស្សនាបុណ្យអុំទូកទេ។ លោកអះអាងថា អ្វីដែលរបបនេះកំពុងយកចិត្តទុកដាក់ គឺការដាក់ពង្រាយកងកម្លាំង ដើម្បីការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ពិធី ដែលរំពឹងថា នឹងមានមនុស្សចូលមកទស្សនាច្រើនកុះករពេកឯណោះទៅវិញទេ។ លោកបន្តថា បញ្ហាទឹកជំនន់ និងវិធានការដោះស្រាយ ក៏ត្រូវបានលើកយកពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួចហើយ។
នៅឆ្នាំនេះ អាជ្ញាធរបានត្រៀមកម្លាំងទាំងចំហរ និងសំងាត់ ប្រមាណជាង ១ម៉ឺន ៣ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល ក៏ត្រៀមរថយន្តសង្គ្រោះចំនួន៦៨គ្រឿង និងតង់សុខភាពចំនួន ១២កន្លែង នៅក្នុងរាជធានីភ្នំពេញ។ តង់ទាំងនេះនឹងផ្តល់សេវាសុខភាព២៤ម៉ោង លើ២៤ម៉ោង។
ព្រះរាជពីធីបុណ្យអុំទូក ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដោយមានទូកសរុបប្រមាណ ២៩៥ទូក និងកីឡាករអុំមានរហូតដល់ជិតពីរម៉ឺននាក់ និងប្រទីប មានចំនួន១៥ចំណុះឲ្យស្ថាប័ននានា ទូទាំងប្រទេស។ មន្រ្តីរបបលោក ហ៊ុន សែន ប៉ាន់ស្មានថា ពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានមនុស្ស ប្រមាណជាង ៣លាននាក់មកកំសាន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។