ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ​កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង

ដោយ ថា កិត្យា
2017-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​គគីរ នៅ​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Tha Kitya
​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​គគីរ នៅ​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Tha Kitya
RFA/Tha Kitya

ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ ដែល​ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បណ្ដើរៗ ក្រោយ​ពី​ប្រជា​សហគមន៍ អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ចាប់​ដៃ​គ្នា​អភិរក្ស​ព្រៃឈើ និង​ដាំ​កូន​ឈើ​ជា​ច្រើន​ប្រភេទ​នៅ​តំបន់​នោះ។ ទោះ​ជា​យ៉ាង​ណា សហគមន៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ក្តី​សុបិន​ក្លាយ​ជា​ការពិត​ទាំង​ស្រុង។

រមណីយដ្ឋាន​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ ឬ​ហៅ​ថា សហគមន៍​ព្រៃឈើ​ព្រៃ​ចម្ការ​កូន​គគីរ​នេះ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងផ្លុង សង្កាត់​បាទី មាន​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ក្រុង​បាវិត និង​មាន​ចម្ងាយ​ប្រមាណ​ជិត ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្វាយរៀង។

ទេសភាព​នៅ​ទី​នេះ គឺ​មាន​ស្ពានឈើ​ចូល​ទៅ​ក្នុង​ព្រៃ​អាកាស្យា ដែល​តម្រៀប​គ្នា​ជា​ជួរ​យ៉ាង​ស្កឹមស្កៃ មាន​កូន​ឈើ​ប្រណិត​ជា​ច្រើន​ប្រភេទ និង​មាន​ថូ​ផ្កា​រីក​ស្រស់​តូច​ធំ​ជា​ច្រើន​ត្រូវ​គេ​ចង​ព្យួរ​ជា​ខ្សែ​ហូរហែ​ក្នុង​រមណីយដ្ឋាន។ ក្រៅ​ពី​នេះ មាន​ស្រះ​ទឹក​ធម្មជាតិ មាន​កន្លែង​អង្គុយលេង និង​ទទួល​ទាន​អាហារ​បែប​ធម្មជាតិ​ទៀត​ផង ដែល​ទើប​នឹង​បើក​ដំណើរការ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មិន​ទាន់​ល្បី​រន្ទឺ​លេចឮ​សុះសាយ​ខ្លាំង​ឡើយ។ ថ្វីត្បិតតែ​ទិដ្ឋភាព​ទាំង​នេះ​នៅ​មិន​ទាន់​ទាក់ទាញ​ខ្លាំង​ប៉ុន្មាន​ក្ដី ប៉ុន្តែ​ព្រៃ​សហគមន៍​កូន​គគីរ ដែល​គាំទ្រ​ដោយ​អង្គការ​សន្តិ​សេនា និង​អាជ្ញាធរ​ពាក់ព័ន្ធ មាន​ជំនឿ​ថា ទី​នេះ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្បី​មួយ​ប្រចាំ​ខេត្ត​ស្វាយរៀង នៅ​ពេល​ខាង​មុខ។

ប្រធាន​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ គឺ​ព្រះតេជព្រះគុណ ឈឹង តុំ មាន​ថេរដីកា​ថា បច្ចុប្បន្ន​មាន​ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​មក​កម្សាន្ត​នៅ​ទី​នេះ​ជា​បន្តបន្ទាប់។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​សហគមន៍​មាន​កម្លាំង​ចិត្ត​ខិតខំ​ការពារ​ព្រៃឈើ និង​ដាំ​ដុះ​កូន​ឈើ​ប្រណិត​បន្ថែម​ទៀត ក្នុង​បំណង​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ផង សម្រាប់​ផ្ដល់​អនុផល​ព្រៃឈើ​ដូចជា​ផ្សិត​ដល់​ប្រជា​សហគមន៍​ផង និង​ទុក​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​ផង«អាត្មា​មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​សហគមន៍​ព្រៃឈើ​នេះ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​បាន​ដឹង​អំពី​ធនធាន​ធម្មជាតិ ថា​តើ​វា​ផ្តល់​សារប្រយោជន៍​យ៉ាង​ម៉េច​ខ្លះ​ដល់​ប្រជាពលរដ្ឋ ហើយ​ពួក​គាត់​អាច​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ និង​ញ៉ាំ​អាហារ​នៅ​ទីនេះ​បាន»

កន្លែង​អង្គុយ​លេង​ក្នុង​​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​គគីរ នៅ​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
កន្លែង​អង្គុយ​លេង​ក្នុង​​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​គគីរ នៅ​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Tha Kitya RFA/Tha Kitya

ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ​នេះ មាន​ផ្ទៃដី ៤០៤​ហិកតារ គ្របដណ្ដប់​លើ​ភូមិ​ចំនួន​៥ ក្នុង ៤​ឃុំ-​សង្កាត់។

ប្រធាន​គម្រោង​បន្សាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សន្តិ​សេនា លោក អ៊ិច សារ៉ាន មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​បាន​គាំទ្រ​បច្ចេកទេស​ជា​ច្រើន​ដល់​សហគមន៍ ដើម្បី​ឲ្យ​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ«យើង​មាន​ផែនការ​ដើម្បី​អភិវឌ្ឍ​កន្លែង​នេះ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ព្រោះ​នៅ​ខេត្ត​ស្វាយរៀង មិន​ទាន់​មាន​កន្លែង​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​នោះ​ទេ។ វា​ស្ថិត​ក្នុង​ដំណាក់​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​របស់​យើង។ ឥឡូវ​នេះ យើង​ទើប​តែ​ចាប់​ផ្តើម​បង្កើត​ឲ្យ​មាន​អាហារដ្ឋាន មាន​កន្លែង​កម្សាន្ត មាន​ផ្លូវ​ចូល​ព្រៃ​ដែល​គ្រាន់​តែ​ជា​ផ្នែក​មួយ ហើយ​ទៅ​មុខ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​បាន»

​បច្ចុប្បន្ន​មនុស្សម្នា​បាន​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ឥរិយាបថ ឬ​ក៏​ងាក​ទៅ​រក​ធម្មជាតិ​វិញ ដោយ​សូម្បី​តែ​នៅ​តាម​ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​នានា​ទាំង​នៅ​ក្នុង​ទីក្រុង និង​ជនបទ​ជាដើម គេ​ខំ​ច្នៃប្រឌិត​បង្កើត​ព្រៃភ្នំ​ដង​អូរ​សិប្បនិមិត្ត​ដើម្បី​ជា​ការ​ទាក់ទាញ ខណៈ​ដែល​ព្រៃឈើ ឬ​ធនធាន​ធម្មជាតិ ជាក់ស្ដែង​ហាក់​ត្រូវ​បាន​បាត់បង់​បន្តិច​ម្ដងៗ។

លោក អ៊ិច សារ៉ាន លើក​ឡើង​ដែរ​ថា  ប្រសិនបើ​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ​នេះ​អាច​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​ពេល​ខាង​មុខ នោះ​ប្រជាពលរដ្ឋ​លើស​ពី ៥​ភូមិ ដែល​រស់​នៅ​ព័ទ្ធជុំវិញ​ព្រៃ​សហគមន៍ នឹង​អាច​ទាញ​យក​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​តាម​រយៈ​ការ​ផ្គត់ផ្គង់​បន្លែ ត្រី​សាច់​ធម្មជាតិ និង​លក់​វត្ថុ​អនុស្សាវរីយ៍«នៅ​រមណីយដ្ឋាន​នេះ គឺ​យើង​អាច​ទិញ​នូវ​ផលិតផល ឬ​អ្វី​ដែល​សហគមន៍​បាន​ផលិត​ដូចជា​មាន់ ដូចជា​បន្លែ ដែល​យើង​បាន​ឧបត្ថម្ភ និង​បាន​ជួយ​ផ្តល់​បច្ចេកទេស និង​ធនធាន ដូច្នេះ​ពួក​គាត់​អាច​លក់​មក​រមណីយដ្ឋាន​របស់​យើង ហើយ​វា​ក៏​អាច​ជួយ​សម្រួល​ផ្តល់​ការងារ​ដល់​សហគមន៍​ដែរ ព្រោះ​បុគ្គលិក​ទីនេះ​ភាគច្រើន​មក​ពី​សហគមន៍»

ព្រៃ​សហគមន៍​ក្នុង​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​គគីរ នៅ​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
ព្រៃ​សហគមន៍​ក្នុង​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​គគីរ នៅ​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Tha Kitya RFA/Tha Kitya

ប្រជា​សហគមន៍​ចម្ការ​កូន​គគីរ លោក អ៊ិន លី លើក​ឡើង​ថា ក្រោយ​អភិរក្ស​ព្រៃ​ក្នុង​សហគមន៍​នោះ​គឺ​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ អាច​រក​បាន​ចំណូល​បាន​គួរ​សម​ពី​ការ​ដើរ​បេះ​ផ្សិត​ក្នុង​ព្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព។ លើស​ពី​នេះ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​នឹង​កាន់​តែ​ត្រេកអរ​ប្រសិនបើ​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ ព្រោះ​ពួកគាត់​នឹង​មាន​ឱកាស​ចិញ្ចឹម​ជ្រូក មាន់ ត្រី សាច់ និង​ដាំ​បន្លែ​ផ្លែឈើ​ឡើង​វិញ​សម្រាប់​ផ្គត់ផ្គង់​ដល់​សហគមន៍ ដើម្បី​លក់​បន្ត​ដល់​ភ្ញៀវ​ទេសចរ។ បច្ចុប្បន្ន​នេះ ពលរដ្ឋ​ភាគ​ច្រើន​នៅ​តំបន់​នោះ បាត់​បង់​មុខ​របរ​ចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ ដោយសារ​តែ​មាន​ការ​នាំចូល​ម្ហូប​អាហារ និង​ទំនិញ​មិន​ប្រក្រតី​ជា​ច្រើន​ពី​ប្រទេស​វៀតណាម ចូល​ប្រទេស​កម្ពុជា«អនុផល​ព្រៃឈើ គឺ​យើង​អាច​បាន​ផ្សិត និង​ឧស​សម្រាប់​ដុត។ តាម​គំនិត​ខ្ញុំ គឺ​ថា​ការ​បង្កើត​តំបន់​ទេសចរណ៍​ព្រៃ​ធម្មជាតិ​នេះ​អាច​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ចិញ្ចឹម​មាន់​ចិញ្ចឹម​ទា អាច​លក់​មក​សហគមន៍​បាន ហើយ​បាន​ចំណូល​ដល់​ប្រជាពលរដ្ឋ»

​ចៅសង្កាត់​បាទី លោក ចាន់ សារ៉ុន ថ្លែង​ថា លោក​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​យ៉ាង​ណា​នោះ​ទេ ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ ព្រោះ​ថា ទើប​តែ​ដាក់​អោយ​ដំណើរការ។ លោក​អះអាង​ថា ខាង​អាជ្ញាធរ​គាំទ្រ​គម្រោង​នេះ​ជានិច្ច។

​ប្រធាន​គម្រោង​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សន្តិ​សេនា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជួយ​ជ្រោមជ្រែង​បន្ត​ពី​អ្វី​ដែល​អង្គការ​បាន​ជួយ និង​សហគមន៍​កំពុង​មាន​ស្រាប់ ដើម្បី​ឲ្យ​ផែនការ​អភិវឌ្ឍន៍​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ឆាប់​រហ័ស«សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​បន្ត​នូវ​អ្វី​ដែល​យើង​បាន​ជួយ​គាំទ្រ​ដល់​សហគមន៍ និង​សហគមន៍​មាន​ក៏ដូចជា​អង្គការ​ផ្សេងៗ​ទៀត​ដែល​លោក​ចាប់​អារម្មណ៍​ទៅ​លើ​អេកូស្គួល (Eco-Scool) សូម​ចូលរួម​ជួយ។ ឧទាហរណ៍​ដូចជា​ដេគ័រ និង​រៀបចំ​ជា​សួន​ដែល​មើល​ទៅ​ពេញ​តែ​ម្តង ព្រោះ​វា​ជួយ​ច្រើន​ដល់​ប្រជា​សហគមន៍»

​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​យល់​ឃើញ​របស់​អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល និង​នាយក​រដ្ឋបាល​សាលា​ខេត្ត​ស្វាយរៀង លោក រស់ ផារិទ្ធ បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ដោយ​លើក​ឡើង​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ក្រុម​ប្រជា​សហគមន៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ប្រសិនបើ​ក្ដី​ប្រាថ្នា​នៃ​ការ​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ ក្លាយ​ជា​ការពិត​នោះ វា​នឹង​បង្កើត​ការងារ​ក្នុង​តំបន់ និង​បង្កើន​ចំណូល​ពលរដ្ឋ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល