សមត្ថកិច្ច​ខេត្ត​តាកែវ​កំពុង​សាកសួរ​ម្ចាស់​ហ្វេសប៊ុក​ម្នាក់​បង្ហោះ​ព័ត៌មាន​ចាប់​ក្មេង

ដោយ វ៉ាន វណ្ណដេត
2017-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​តាកែវ
ផែនទី​ខេត្ត​តាកែវ
Photo: RFA

ស្នងការ​រង​ខេត្ត​តាកែវ ទទួល​ផ្នែក​សន្តិសុខ លោក ឈុន សារ៉េត ប្រាប់​វិទ្យុ​អាស៊ីសេរី យប់​ថ្ងៃ​ទី​៣១ កក្កដា ថា បុរស​ឈ្មោះ លី ឆៃយ៉ា ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក (facebook) ឈ្មោះ ឡា ឆាយ៉ា «La chhaya» ត្រូវ​បាន​សមត្ថកិច្ច​អញ្ជើញ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ។

លោក​ស្នងការ​រង​មិន​ទាន់​ដឹង​ថា តើ​យុវជន​ដែល​បង្ហោះ​ព័ត៌មាន​ទាក់ទង​ថា​មាន​ជនជាតិ​វៀតណាម ចាប់​ក្មេង​នៅ​ខេត្ត​តាកែវ នោះ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ឬ​យ៉ាង​ណា​នោះ​ទេ ដោយសារ​គាត់​អញ្ជើញ​មក​ឆ្លើយ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​យប់​ទៅ​ហើយ ហើយ​កំពុង​សាកសួរ។ លោក​ថា នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១ សីហា នឹង​ដឹង​ថា​ត្រូវ​បញ្ជូន​ទៅ​តុលាការ ឬ​យ៉ាង​ណា?

កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ស្នងការ​ស្ដីទី​ខេត្ត​តាកែវ លោក ស៊ុន ថន បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ថា ក្រោយ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ La chhaya និង ពៅ វីរៈបុត្រ ផ្សាយ​ថា​មាន​ជនជាតិ​វៀតណាម ចាប់​ក្មេង​ស្រី​នៅ​ភូមិ​ស្វាយទង ឃុំ​ខ្វាវ ស្រុក​សំរោង រួច​មក ស្នងការ​ខេត្ត​បាន​បញ្ជា​កង​កម្លាំង​ជំនាញ​ខេត្ត និង​កង​កម្លាំង​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ តាម​ស្វែងរក​អត្តសញ្ញាណ​ជន​ដែល​ផុស​វីដេអូ និង​ក្មេង​ស្រី​ជន​រងគ្រោះ​ដើម្បី​ធ្វើ​ការ​បំភ្លឺ​ជា​បន្ទាន់។

កម្លាំង​ជំនាញ​ខេត្ត បាន​ចុះ​ទៅ​ដល់​ផ្ទះ​ក្មេង​ស្រី​រងគ្រោះ នៅ​ថ្ងៃ​ទី​៣១ កក្កដា ហើយ​ក្រោយ​ពី​ការ​បំភ្លឺ សមត្ថកិច្ច​បញ្ជាក់​ថា​ជា​ករណី​មិន​ពិត និង​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ។

ទន្ទឹម​នឹង​នេះ ហ្វេសប៊ុក​របស់​រដ្ឋបាល​ស្រុក​សំរោង បាន​បំភ្លឺ​ជូន​ដល់​សាធារណជន​ទាំងអស់​ថា ការ​ដែល​គណនី​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ ពៅ វីរៈបុត្រ (Pov Vireak Bot) បាន​ចុះ​ផ្សាយ​ថា​មាន​ករណី​វៀតណាម ដេញ​ចាប់​ក្មេង​នៅ​ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្ត​តាកែវ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល