សមត្ថកិច្ច​បញ្ជូន​បុរស​ម្នាក់​បង្ហោះ​ព័ត៌មាន​វៀតណាម​ចាប់​ក្មេង​ទៅ​តុលាការ​ខេត្ត​តាកែវ

ដោយ វ៉ាន វណ្ណដេត
2017.08.01
Share on WhatsApp
Share on WhatsApp
តុលាការ តាកែវ ១៤៤០ ២០១៧ សាលា​ដំបូង​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧
RFA/Yang Chandara

សមត្ថកិច្ច​នៅ​ខេត្ត​តាកែវ បាន​បញ្ជូន​បុរស​ម្នាក់​ដែល​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​ខ្លួន​ថា មាន​ជនជាតិ​វៀតណាម ដើរ​ចាប់​ក្មេង​នៅ​ខេត្ត​តាកែវ ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១ សីហា។ សមត្ថកិច្ច​បាន​ចោទ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ឡា ឆាយ៉ា «La chhaya» ពី​បទ​ក្លែង​ឯកសារ និង​ញុះញង់។

ការ​បញ្ជូន​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ឡា ឆាយ៉ា «La chhaya» គឺ​លោក លី ឆៃយ៉ា ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ គឺ​ក្រោយ​ពេល​ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​ខេត្ត​តាកែវ កាល​ពី​ព្រលប់​ថ្ងៃ​ទី​៣១ កក្កដា។

ស្នងការ​រង​ខេត្ត​តាកែវ លោក ឈុន សារ៉េត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កក្កដា ថា ក្រោយ​ការ​ឃុំ​ខ្លួន​មួយ​យប់ និង​សាកសួរ​ចប់ សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ឈ្មោះ លី ឆៃយ៉ា ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ។ នៅ​ពេល​សាកសួរ លោក លី ឆៃយ៉ា បាន​អះអាង​ថា ការ​បង្ហោះ​ព័ត៌មាន​វៀតណាម ចាប់​ក្មេង​នោះ គឺ​ធ្វើ​ដោយ​ខ្លួន​ឯង។ ស្នងការ​រង​ខេត្ត​ដដែល​បញ្ជាក់​ថា ក្រុម​ជំនាញ​ដោយឡែក​មួយ​ក្រុម​ទៀត នឹង​ស្រាវជ្រាវ​ជា​បន្ត​លើ​ករណី​នេះ៖ «ដូច​បាន​ប្រាប់​ចឹង​ថា ទោះ​បី​មាន​អ្នក​នៅ​ពី​ក្រោយ​ក៏​គេ (លោក លី ឆៃយ៉ា) មិន​ប្រាប់​យើង​ដែរ អា​ហ្នឹង​ទាល់​តែ​យើង​ព្យាយាម​ក្នុង​ជំនាញ​ដោយឡែក​ទៀត​អា​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ស្នងការ​ស្ដីទី​ខេត្ត​តាកែវ លោក ស៊ុន ថន បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ប្រាប់​ថា ក្រោយ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ La chhaya និង ពៅ វីរៈបុត្រ ផ្សាយ​ថា មាន​ជនជាតិ​វៀតណាម ចាប់​ក្មេង​ស្រី​នៅ​ភូមិ​ស្វាយទង ឃុំ​ខ្វាវ ស្រុក​សំរោង រួច​មក ស្នងការ​ខេត្ត​បាន​បញ្ជា​កង​កម្លាំង​ជំនាញ​ខេត្ត និង​កង​កម្លាំង​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​តាម​ស្វែងរក​អត្តសញ្ញាណ​ជន​ដែល​ផុស​វីដេអូ និង​ក្មេង​ស្រី​ជន​រងគ្រោះ​ដើម្បី​ធ្វើ​ការ​បំភ្លឺ​ជា​បន្ទាន់។ ក្រោយ​ពី​ការ​បំភ្លឺ សមត្ថកិច្ច​បញ្ជាក់​ថា ជា​ករណី​មិន​ពិត និង​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ។

ការ​អន្តរាគមន៍​របស់​សមត្ថកិច្ច​ក្នុង​សំណុំ​រឿង​ផ្សព្វផ្សាយ​ថា ជនជាតិ​វៀតណាម ចាប់​ក្មេង​នៅ​ខេត្ត​តាកែវ នេះ គឺ​ស្រប​ពេល​ដែល​មន្ត្រី​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រកាស​ថា​គ្មាន​ទេ​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន ឬ​គ្រឿង​ក្នុង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​នៅ​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ដែល​លេច​ឮ​ព័ត៌មាន​ទាំងនេះ ដោយ​រក​មិន​ឃើញ​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន​នោះ​ទេ មាន​តែ​ករណី​ចាប់​ក្មេង​ជំរិត​ទារ​ប្រាក់។ ស្ថាប័ន​នគរបាល​ជាតិ​បាន​ដាក់​ការ​សង្ស័យ​ថា ករណី​ផ្អើល​ព័ត៌មាន​ចាប់​ក្មេង​វះ​ក្រលៀន អាច​ជា​ចេតនា​របស់​ក្រុម​ចាត់​តាំង​ណា​មួយ​ដើម្បី​ចំណេញ​អ្វី​មួយ។

ព័ត៌មាន​មិន​ពិត​អំពី​ការ​ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន និង​គ្រឿង​ក្នុង​នេះ មិន​មែន​ទើប​តែ​កើត​មាន​នៅ​ក្នុង​ខេត្ត​តាកែវ នោះ​ទេ។ ស្នងការ​រង​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ បញ្ជាក់​ថា មាន​ខេត្ត-រាជធានី​ចំនួន​១០ ដែល​លេច​ឮ​ព័ត៌មាន​មិន​ពិត​នេះ ហើយ​ចុង​ក្រោយ គឺ​ករណី​នៅ​ស្រុក​បារាយ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ដែល​ជន​សង្ស័យ​រឿង​ចោរកម្ម ២​នាក់ ត្រូវ​អ្នក​ស្រុក​ចាប់​វាយ​ធ្ងន់ធ្ងរ ព្រោះ​សង្ស័យ​ថា​ជា​អ្នក​ចាប់​កូន​ក្មេង។ សមត្ថកិច្ច​អះអាង​ថា ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​អសន្តិសុខ ហើយ​បង្ក​ដោយ​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

ទាក់ទង​ករណី​ព័ត៌មាន​ចាប់​ក្មេង​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​១ សីហា បាន​អំពាវនាវ​ឲ្យ​អ្នក​លេង​ហ្វេសប៊ុក កុំ​បង្ហោះ និង​កុំ​ចែក​រំលែក​បន្ត​នូវ​ព័ត៌មាន​មិន​ពិត។ លោក​នាយក​រដ្ឋមន្ត្រី​ហៅ​ការ​បង្ហោះ និង​ការ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​ការ​បំពុល​សង្គម។

មុន​មាន​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី សមត្ថកិច្ច​ធ្លាប់​បាន​ព្រមាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​បង្ហោះ និង​អ្នក​ចែក​រំលែក​ព័ត៌មាន​មិន​ពិត។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អ្នក​លេង​ហ្វេសប៊ុក​ដែល​បង្ហោះ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​ហ្វេសប៊ុក។ តែ​ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា សមត្ថកិច្ច​មិន​គួរ​ឈាន​ដល់​ការ​ចោទ​ប្រកាន់​ពលរដ្ឋ​ទៅ​តុលាការ​នោះ​ទេ គួរ​តែ​អប់រំ ឬ​ព្រមាន​ឲ្យ​សុំ​ទោស​ជា​សាធារណៈ ជាជាង​ការ​ប្ដឹង​ពលរដ្ឋ៖ «រដ្ឋាភិបាល ឬ​ក៏​អគ្គស្នងការ​នគរបាល​ជាតិ ឬ​ក្រសួង​មហាផ្ទៃ អាច​ធ្វើ​ការ​ព្រមាន​គាត់ (អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត​តាម​ហ្វេសប៊ុក) ចឹង​ទៅ ឲ្យ​គាត់ (អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត​តាម​ហ្វេសប៊ុក) មាន​ការ​សុំ​ទោស​ជា​សាធារណៈ អា​ហ្នឹង​ខ្ញុំ​យល់​ថា​វា​សមរម្យ​ជាង»

លោក យង់ គិមអេង ថា​ព័ត៌មាន​ជនជាតិ​វៀតណាម ដើរ​ចាប់​ក្មេង ឬ​ករណី​ចាប់​ក្មេង​វះ​យក​ក្រលៀន មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយ​ឮ​មាន​ករណី​បែប​នេះ​យូរ​មក​ហើយ ដូច្នេះ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​វិនិច្ឆ័យ​ចំពោះ​ពលរដ្ឋ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ជៀសវាង​ការ​ខាតបង់​ប្រយោជន៍​ធំ​សម្រាប់​ក្រុម​គ្រួសារ​ដែល​សមត្ថកិច្ច​ចោទ​ប្រកាន់។ សម្រាប់​ការ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​បង្ហោះ និង​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​នោះ សង្គម​ស៊ីវិល​យល់​ថា នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច និង​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន ប៉ុន្តែ​ការ​ព្រមាន​នេះ​មិន​មែន​ជា​វិធានការ​ល្អ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។