អាជ្ញាធរ​ខេត្ត​តាកែវ​ផ្ដោត​លើ​ការ​ការពារ​សុវត្ថិភាព​ចរាចរណ៍​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ

0:00 / 0:00

នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ អាជ្ញាធរ​ខេត្ត​តាកែវ​ផ្ដោត​ការ​យកចិត្តទុកដាក់ លើ​ការ​ការពារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។ ជាពិសេស​ការ​ការពារ​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​២ និង​លេខ​៣ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត ដែល​ជា​ផ្លូវ​ជាតិ​ដ៏​មមាញឹក​ជាងគេ​ពេល​បុណ្យចូលឆ្នាំ។

នៅ​ក្នុង​ពិធី​រាប់​បាត្រ និង​ជួបជុំ​បុគ្គលិក​មន្ត្រីរាជការ​ខេត្ត ដើម្បី​អបអរ​ថ្ងៃ​ចូលឆ្នាំ​ថ្មី ថ្ងៃ​ទី​១៤ មេសា អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​ប្រកាស​ថា លោក​ចាត់​វិធានការ​ការពារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ចម្បង ក្នុង​ចំណោម​វិធានការ​ផ្សេងៗ​ទៀត ដើម្បី​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​លេង​សប្បាយ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ៖ « យើង​បាន​រៀប​ចំ​ដាក់​កម្លាំង​ដើម្បី​ល្បាត ដាក់​កម្លាំង​តាម​គោលដៅ ខ្ញុំ​បាន​ផ្ដាំ​ផ្ញើ​​ក្នុង​ពេល​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​បី​ថ្ងៃ​មុន​នេះ ថា​សុំ​ឲ្យ​មើល​ផ្លូវ​ជាតិ​លេខ២ លេខ​៣​​កុំ​​ឲ្យ​​គ្រោះថ្នាក់​​ចរាចរណ៍ ឲ្យ​កម្លាំង​ប៉ូលិស​ចរាចរណ៍​​ឈរ​​នៅ​តាម​​ផ្លូវ ដើម្បី​សម្រួល​​ចរាចរណ៍ ហើយ​កម្លាំង​សន្តិសុខ​សណ្ដាប់​ធ្នាប់ ឈរ​នៅ​តាម​ទី​ផ្សារ នៅ​តាម​​បណ្ដោយ​ផ្លូវជាតិ​លេខ២ លេខ​៣ ធ្វើ​ម៉េច​​កុំ​ឲ្យ​​ស្ទះ​​ព្រោះថា​​ប្រជាពលរដ្ឋ គាត់​​សម្រុក​​ចេញ​​ពី​ក្រុង​ភ្នំពេញ​មក​តាម​​បណ្ដា​ខេត្ត​ផ្សេងៗ។ អ៊ីចឹង​ផ្លូវជាតិ​លេខ​២ លេខ​៣នេះ​ គឺ​នឹង​មាន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ច្រើន ការ​យកចិត្ត​ទុកដាក់​របស់​ខេត្ត​គឺ​ថា​​​ធ្វើ​ម៉េច កុំឲ្យ​ផ្លូវ​ជាតិ​លេខ២ លេខ​៣​ហ្នឹង នៅ​តាម​ទីប្រជុំជន នៅ​តាម​ផ្សារ ជាពិសេស​គឺ​ដាក់​កម្លាំង​​ឲ្យ​​សម្រួល​​ចរាចរណ៍​កុំ​ឲ្យ​ស្ទះ»។

ក្រៅ​ពីនេះ លោក​បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ការពារ​កុំ​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ។

ខេត្ត​តាកែវ មាន​ផ្លូវ​ជាតិ​២​ឆ្លងកាត់ គឺ​ផ្លូវ​ជាតិ​លេខ​២ និង​លេខ​៣។ ផ្លូវជាតិ​លេខ​៣ មាន​ចរាចរណ៍​មមាញឹក​ជាង​គេ ដោយសារ​ផ្លូវ​នេះ​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ក្រុង​ភ្នំពេញ ខេត្ត​កំពត​ដែល​ជា​ខេត្ត​ទេសចរ​មាន​មនុស្ស ច្រើន​ចូលចិត្ត​ទៅ​លំហែ​កាយ​ពេល​បុណ្យ​ទាន​ម្ដងៗ។ ចំណែក​ផ្លូវ​ជាតិ​លេខ​២ មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត​ទៅ​ព្រំដែន​វៀតណាម។

ជាទូទៅ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​កម្រិត​ខ្ពស់​ខុស​ពី​ថ្ងៃ​ធម្មតា ប្រៀបធៀប​ថ្ងៃ​ពេល​បុណ្យ​ទាន​ម្ដងៗ ប្រការ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ សម្រេច​ចិត្ត​មិន​ធ្វើ​ដំណើរ​ឆ្ងាយ​ទេ ដោយ​ខ្លាច​គ្រោះថ្នាក់។

ជាអាទិ៍ យុវជន​ឈ្មោះ ច្រាយ លីហួ នៅ​ក្រុង​តាកែវ បាន​សម្រេច​ចិត្ត​ដើរលេង​ជិតៗ​ផ្ទះ មិន​ធ្វើ​ដំណើរ​ឆ្ងាយ​ទេ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​៣​ថ្ងៃ​នេះ។

កត្តា​ដែល​ធ្វើ​ឲ្យ​យុវជន ច្រាយ លីហួ និង​មិត្តភ័ក្ដិ​គាត់​ខ្លាច​មិន​ហ៊ាន​ធ្វើ​ដំណើរ​ឆ្ងាយ ព្រោះ​គាត់​យល់​ថា ពេល​បុណ្យ​ចូលឆ្នាំ​ម្ដង មាន​មនុស្ស​ស្រវឹង​ច្រើន​ជាង​ថ្ងៃ​ធម្មតា ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដោយ​ងាយ។ «»

តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ​ឆ្នាំ​២០១៣ មាន​មនុស្ស​ជិត​២ពាន់​នាក់​បាន​ស្លាប់ និង​ជាង​៥ពាន់​នាក់​ទៀត​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​បណ្ដាល​ឲ្យ​បាត់បង់​ថវិកា​ជាតិ​ចំនួន​ប្រមាណ ២៧៩​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។