សិស្ស​ជាង​២០០​នាក់​នៅ​ស្ទឹងត្រែង​ធ្វើ​ពិធី​រំឭក​គុណ​គ្រូ​នៅ​កៀក​ថ្ងៃ​ប្រឡង​បាក់ឌុប

ដោយ ម៉ែន សុធីរ
2017-08-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រះរាជបូជនីយកិច្ច ក្នុង​ខេត្ត​ស្ទឹងត្រែង សំពះ​គ្រូបង្រៀន ក្នុង​ពិធី​រំលឹក​គុណ​គ្រូ នា​បរិវេណ​វិទ្យាល័យ​នេះ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Men Sothyr
សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រះរាជបូជនីយកិច្ច ក្នុង​ខេត្ត​ស្ទឹងត្រែង សំពះ​គ្រូបង្រៀន ក្នុង​ពិធី​រំលឹក​គុណ​គ្រូ នា​បរិវេណ​វិទ្យាល័យ​នេះ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Men Sothyr
RFA/Men Sothyr

យុវសិស្ស​នៅ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ប្រមាណ​ជាង ២០០​នាក់ បាន​រួម​គ្នា​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ និង​សំពះ​គ្រូ​ជា​លើក​ដំបូង​នៅ​ខែត្រ​ស្ទឹងត្រែង នៅ​គ្រា​ដែល​ជិត​ដល់​ថ្ងៃ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប។ វត្ថុបំណង​ដែល​ពួកគាត់​ប្រារព្ធ​ពិធី​នោះ ជា​សញ្ញា​បង្ហាញ​ពី​ការ​ដឹង​គុណ​គ្រូបង្រៀន​ដែល​បាន​ផ្ទេរ​ចំណេះ​ដឹង និង​ពុទ្ធិ​ដល់​សិស្សានុសិស្ស​ដែល​ពួកគេ​ចាត់​ទុក​ថា គ្រូបង្រៀន​ជា​អ្នក​សាបព្រោះ​វប្បធម៌ និង​អរិយធម៌។

យុវសិស្ស​សិក្សា​នៅ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ និង​សំពះគ្រូ ថា​ជា​ការ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ និង​ជា​ការ​រួម​ចំណែក​ពង្រឹង​គុណភាព​អប់រំ ខណៈ​បច្ចុប្បន្ន​ការ​ប្រារព្ធ​ពិធី​នេះ ស្ទើរ​តែ​បាត់​សូន្យ​ពី​សង្គម ហើយ​យុវសិស្ស​មួយ​ចំនួន​ហាក់​មិន​ដឹង​ពី​សាវតារ និង​គុណ​តម្លៃ​ពី​ពិធី​នេះ​ដែរ។

សិស្ស​រៀន​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច លោក មុត វាសនា យល់​ថា  ថ្វី​បើ​ពិធី​រំឭក​គុណ និង​សំពះ​គ្រូ​ពុំ​សូវ​ឃើញ​គេ​ប្រារព្ធ​ឡើង​ក្ដី ក៏​សិស្សានុសិស្ស​ប្រមាណ​ជាង ២០០​នាក់ បាន​មូល​មតិ​គ្នា​ផ្ដួចផ្ដើម​ជ្រើស​យក​ថ្ងៃ​ទី​៣០ កក្កដា ចំ​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ដែល​ពួកគាត់​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ និង​សំពះគ្រូ ក្នុង​បំណង​ដឹង​គុណ​គ្រូបង្រៀន ដែល​ពូក​គាត់​ចាត់​ទុក​ថា ជា​ឪពុក​ម្ដាយ​ទី​២។

លោក​រំពឹង​ថា ពិធី​នេះ​គឺ​ជា​គំរូ​ដល់​យុវសិស្ស​ជំនាន់​ក្រោយៗ ត្រូវ​រួម​គ្នា​លើក​ទឹក​ចិត្ត​ដល់​លោកគ្រូ អ្នក​គ្រូ​ដែល​ប្រឹងប្រែង​សាបព្រោះ​ចំណេះវិជ្ជា និង​ពុទ្ធិ (ប្រាជ្ញា) ដល់​សិស្ស៖ «ខ្ញុំ​សង្ឃឹម​ថា កម្មវិធី​នេះ​ជា​ផ្នែក​មួយ​អាច​ជួយ​ទៅ​ដល់​ការ​អភិរក្ស អភិវឌ្ឍ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ ព្រោះ​ថា ខ្មែរ​យើង​មាន​របៀប​សំពះ​គ្រូ»

សិស្សានុសិស្ស​បាន​នាំ​គ្នា​អង្គុយ​ផ្ទាល់​ដី​សំពះគ្រូ ហើយ​ច្រៀង​ចម្រៀង​បទ "នគររាជ" និង​សូត្រ​ធម៌​ផ្នែក​ព្រះពុទ្ធ​សាសនា​ផង។ នៅ​វេលា​ម៉ោង ៩​ព្រឹក ពួក​គាត់​លុតជង្គង់​សំពះ​គ្រូ​ផ្ទាល់​ដី ថែម​ទាំង​ជូន​វត្ថុ​អនុស្សាវរីយ​ដល់​លោកគ្រូ អ្នកគ្រូ និង​ទទួល​ការ​ជូន​ពរ​ពី​លោកគ្រូ អ្នកគ្រូ​ផង។

យុវសិស្ស​ម្នាក់​ទៀត កញ្ញា សឿន ធីតា ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ និង​សំពះគ្រូ មាន​អត្ថន័យ​ជ្រៅ និង​មាន​ចំណុច​វិជ្ជមាន​ច្រើន ជាពិសេស​គឺ​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ខ្មែរ និង​ពង្រឹង​ប្រសិទ្ធភាព​វិស័យ​អប់រំ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ។ កញ្ញា​មើល​ឃើញ​ថា បច្ចុប្បន្ន​ពិធី​រំឭក​គុណ​គ្រូ ហាក់​ត្រូវ​បាន​យុវជន​ភាគ​ច្រើន​មើល​រំលង ដែល​នាំ​ឲ្យ​ពិធី​នេះ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​សង្គម។ កញ្ញា​ចាត់​ទុក​ថា ពិធី​រំឭក​គុណ​គ្រូ និង​សំពះគ្រូ គឺ​ជា​កាតព្វកិច្ច​ប្រកប​ដោយ​សីលធម៌​ជ្រាលជ្រៅ និង​ជំរុញ​ឲ្យ​យុវជន​ជ្រាប​ពី​គុណ​តម្លៃ និង​ការ​ខំ​ប្រឹងប្រែង​សាបព្រោះ​ចំណេះ​ដឹង​របស់​គ្រូបង្រៀន៖ «ការ​ប្រារព្ធ​ពិធី​នេះ​មក ធ្វើ​ឲ្យ​សិស្ស​កាន់តែ​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក កាន់​តែ​ស្វែង​យល់​ពី​លោកគ្រូ អ្នកគ្រូ និង​បាន​កែខ្លួន​ដែល​កាល​ពី​មុន​គាត់​ដូច​ថា គាត់​ធ្លាប់​ធ្វើ​ខុស គាត់​អាច​កែតម្រូវ​ខ្លួន​បាន»

លោកគ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​ព្រះរាជបូជនីយកិច្ច ក្នុង​ខេត្ត​ស្ទឹងត្រែង ថត​រួម​គ្នា​ក្នុង​ពិធី​រំលឹក​គុណ​គ្រូ នា​បរិវេណ​វិទ្យាល័យ​នេះ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Men Sothyr
លោកគ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​ព្រះរាជបូជនីយកិច្ច ក្នុង​ខេត្ត​ស្ទឹងត្រែង ថត​រួម​គ្នា​ក្នុង​ពិធី​រំលឹក​គុណ​គ្រូ នា​បរិវេណ​វិទ្យាល័យ​នេះ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Men Sothyr RFA/Men Sothyr

ពិធី​រំឭក​គុណ​គ្រូ និង​សំពះគ្រូ ត្រូវ​បាន​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ​រក​ឃើញ​ថា ត្រូវ​បាន​គេ​ចារ​ទុក​ក្នុង​សិលាចារឹក និង​ឃើញ​គេ​អនុវត្ត​នៅ​ពេល​ប្រកួត​ប្រដាល់​ខ្មែរ​បូរាណ ដែល​គេ​និយម​ហៅ​ថា ការ​ថ្វាយ​បង្គំគ្រូ។ ឯកសារ​វប្បធម៌ និង​អរិយធម៌ ដែល​រៀបរៀង​ដោយ​លោក ពន់ ឆាយ សរសេរ​ថា ពិធី​រំឭក​គុណ​គ្រូ និង​សំពះគ្រូ បាន​បង្កើត​ឡើង​ដំបូង​ដោយ​ប្រជាជន​ខ្មែរ សម្រាប់​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​គ្រូបាធ្យាយ ដែល​ជា​អ្នក​សាបព្រោះ​ចំណេះ​ដឹង។ សំណល់​នៃ​វប្បធម៌​នេះ ហាក់​ត្រូវ​បាន​គេ​កប់​ចោល និង​ពុំ​សូវ​មាន​កូន​ខ្មែរ​ប្រារព្ធ​នោះ​ទេ។

ឯកសារ​សិលាចារឹក​សរសេរ​ថា ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ជាពិសេស​ជនជាតិ​ខ្មែរ​មន​បាន​ទទួល​វប្បធម៌​ពី​ឥណ្ឌា នៅ​ដើម​ទសវត្ស​១ នៃ​គ្រិស្តសករាជ។ បញ្ហា​នេះ​ទើប​ជនជាតិ​ខ្មែរ​មាន​ប្រពៃណី និង​ទំនៀមទម្លាប់​លើក​ស្ទួយ​វប្បធម៌ តាម​រយៈ​ការ​សាបព្រោះ​ចំណេះ​ដឹង​គ្រប់​វិស័យ។

​នាយក​រង​នៃ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច លោក សុខ ឈុន សម្ដែង​អារម្មណ៍​រំភើប​រីករាយ ហើយ​ចាត់​ទុក​ថា ពិធី​នេះ​បង្ហាញ​សារប្រយោជន៍​ច្រើន រួម​មាន​ការ​លើក​ទឹក​ចិត្ត​គ្រូបង្រៀន​ឲ្យ​បន្ត​ការងារ​របស់​ខ្លួន​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ដែល​ជា​ផ្នែក​មួយ​ពង្រឹង​ប្រសិទ្ធភាព​អប់រំ។ លោក​ថា ក្រសួង​អប់រំ និង​អាជ្ញាធរ​ដែនដី បាន​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ប្រារព្ធ​ពិធី​នេះ ហើយ​ចាត់​ទុក​ថា ជា​សញ្ញា​បង្ហាញ​ពី​សីលធម៌ គុណធម៌ ការ​រឹត​ចំណង​សាមគ្គីភាព និង​ប្រពៃណី​ដែល​ជា​ទំនៀមទម្លាប់​ខ្មែរ។

លោក​ពន្យល់​ថា ការ​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ និង​សំពះគ្រូ​ពុំ​មែន​ធ្វើ​ឡើង​សម្រាប់​តែ​គ្រូបង្រៀន​នោះ​ទេ គឺ​ត្រូវ​ដឹងគុណ​ដល់​មាតា​បិតា ចាស់​ព្រឹទ្ធាចារ្យ និង​ព្រះសង្ឃ​ផង៖ «ខ្ញុំ​មាន​ចិត្ត​រំភើប​ក្រៃលែង​ណាស់ ហើយ​នេះ​គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កូនៗ សិស្សានុសិស្ស​មាន​មេត្តាធម៌ និង​ករុណា​ច្រើន​ដែល​បាន​ធ្វើ​ពិធី​រំឭក​គុណ​គ្រូ។ សារប្រយោជន៍​នៃ​ពិធី​រំឭក​គុណ​គ្រូ​នេះ ដើម្បី​ពង្រឹង​សមត្ថភាព ឬ​ចំណេះ​ដឹង​របស់​សិស្ស ហើយ​និង​ការ​បង្រៀន​របស់​លោកគ្រូ អ្នកគ្រូ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ និង​សំពះគ្រូ គឺ​ជា​សញ្ញា​រឹត​ចំណង​មិត្ត​រួម​ថ្នាក់ និង​រួម​ជំនាន់ ថែម​ទាំង​បង្ហាញ​ពី​ការ​ដឹង​គុណូបការៈ​ដល់​គ្រូបង្រៀន ដែល​ជា​ផ្នែក​មួយ​បង្ហាញ​ពី​ការ​រីកចម្រើន​ផ្នែក​សីលធម៌​របស់​យុវជន។

លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​ការ​ពិធី​នេះ​ពុំ​សូវ​កើត​មាន​ទូលំទូលាយ​ទេ។ ហេតុ​នេះ​លោក​ចង់​ឃើញ​ពិធី​នេះ​កើន​ឡើង​ច្រើន ព្រោះ​បច្ចុប្បន្ន​ភាព​មិន​ស្មើគ្នា​នៃ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​តាម​តំបន់​នីមួយៗ នៅ​តែ​ជា​បញ្ហា​ចោទ​ក្នុង​វិស័យ​អប់រំ ខណៈ​សិស្សានុសិស្ស​ដែល​រៀន​នៅ​ជនបទ ពុំ​សូវ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​ទេ៖ «ទិវា​ដឹងគុណ​គ្រូ​នេះ​វា​មាន​ប្រយោជន៍​ដល់​គុណ​តម្លៃ​ក្នុង​សង្គម​ក៏​ជា​ការ​រីកចម្រើន​ផ្នែក​សីលធម៌។ ការ​ជួប​ជុំ​បែប​ហ្នឹង​បង្ហាញ​ថា ពួកគាត់​មិន​ត្រូវ​បាន​គេ​បំភ្លេច​ទេ មាន​ន័យ​ថា ពួកគេ​នៅ​តែ​នឹក​គុណ​ដល់​លោកគ្រូ អ្នកគ្រូ តែ​គ្រាន់តែ​ថា ការ​ជួប​ជុំ​អាស្រ័យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​សិស្ស​ដែរ»

វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​មាន​គ្រូបង្រៀន​សរុប​ចំនួន ១០៩​នាក់ ក្នុង​នោះ​ស្រី ៥២​នាក់ និង​មាន​សិស្ស​សរុប​ចំនួន ១.៧២០​នាក់ ក្នុង​នោះ​សិស្ស​ស្រី ៧៦០​នាក់ ក្នុង​ឆ្នាំ​សិក្សា​២០១៦-​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល