អ្នកនេសាទបារម្ភទិន្នផលត្រីបន្តថយចុះ នៅឆ្នាំនេះ
2020.05.25

ក្រុមអ្នកនេសាទបារម្ភថា ទិន្នផលត្រីនៅឆ្នាំនេះ នៅតែបន្តថយចុះ ដូចរាល់ឆ្នាំដែរ ដោយសារតែកត្តាអាកាសធាតុ ការបូមខ្សាច់ ទំនប់វារីអគ្គិសនី បទល្មើសនេសាទក្នុងរដូវបិទនេសាទ និងការបោះបង់មុខរបរចិញ្ចឹមត្រី របស់អ្នកនេសាទជាដើម។
ស្របពេលដែលរដូវបិទនេសាទ កាន់តែខិតកៀកមកដល់ អ្នកនេសាទខ្លះ ដូចជាមិនសូវចាប់អារម្មណ៍នឹងបញ្ហានេះទេ។ ពួកគាត់ប្រាប់ថា ឆ្នាំណាក៏ដូចឆ្នាំណាដែរ ការបិទនេសាទ ៣ខែ គឺតែងតែកើតមានជាប្រក្រតី ដូចគ្នានឹងការប្រព្រឹត្តិបទល្មើសនេសាទ ក្នុងរដូវហាមឃាត់អ៊ីចឹងដែរ។
ការណ៍ដែលអ្នកនេសាទមិនសូវចាប់អារម្មណ៍ នឹងចំណាត់ការរបស់អាជ្ញាធរនេះ ក្នុងរឿងបិទរដូវនេសាទនេះ គឺម្យ៉ាងដោយពួកគាត់ យល់ថា ទោះជាបិទ ក៏មិនសូវប៉ះពាល់អ្វីដល់មុខរបររកត្រីប្រចាំថ្ងៃ របស់អ្នកនេសាទក្រីក្រនោះដែរ ព្រោះក្នុងរដូវបិទនេសាទ គេមិនបិទការនេសាទជាលក្ខណៈគ្រួសារ។ ឯការទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទទៀតសោត ក៏ធូររលុង ដែលនៅតែអាចឱ្យអ្នកនេសាទខ្លះ មានឱកាសប្រព្រឹត្តិបទល្មើសនេសាទបានជាហូរហែ។
ប៉ុន្តែ បើទោះជាមានវិធានការបិទរដូវនេសាទបីខែ ជារៀងរាល់ឆ្នាំយ៉ាងណាក្តី ក៏ចំនួនត្រីថយចុះជាប្រចាំដែរ។
ប្រធានសហគមន៍នេសាទបឹងបេ៦ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ស្រុកកងមាស ខេត្តកំពង់ចាម លោក អ៊ាង ណាំ ពន្យល់ថា កត្តាដែលបណ្ដាលឱ្យផលត្រីធម្មជាតិថយចុះរាល់ឆ្នាំ ក៏ជាកត្តាការធ្វើឱ្យត្រីចិញ្ចឹមតាមបែរក្នុងទន្លេថយចុះដែរ។ ប៉ុន្តែ ការចិញ្ចឹមត្រីតាមស្រះ កើនឡើង។
លោកថា ធនធានធម្មជាតិ ឬស្លែក្នុងទន្លេ ដែលជាចំណីត្រី បានបាត់បង់ស្ទើរទាំងស្រុង ជាមូលហេតុធ្វើឱ្យអ្នកចិញ្ចឹមត្រី បោះបង់របរចិញ្ចឹមក្នុងបែរ។
លោក អ៊ាង ណាំ បន្តថា ការចិញ្ចឹមត្រីតាមបែរក្នុងទន្លេមេគង្គ បានធ្លាក់ចុះខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសអ្នកចិញ្ចឹមត្រីក្នុងបែរតាមល្បាក់កោះ ត្រូវបោះបង់របរនេះ ដោយសារការបាក់ដីតាមកោះ។ ម្យ៉ាងទៀតការចិញ្ចឹមតាមបែរកាន់តែលែងផ្ដល់ផល ព្រោះផលត្រីកាន់តែតិចទៅៗ។
អ្នកនេសាទរូបនេះ អះអាងថា ការចិញ្ចឹមត្រីតាមបែរ នៅប៉ុន្មានឆ្នាំកន្លងមកនេះ ស្ទើររកលុយចំណេញមិនឃើញ ឬលក់ត្រីមិនគ្រប់សងថ្លៃធនាគារផង ដែលជាហេតុធ្វើឱ្យអ្នកចិញ្ចឹមត្រីតាមបែរទាំងអស់ បោះបង់មុខរបរ ចំណាកស្រុកទៅធ្វើកម្មករ ឬពលករវិញ ។ លោកបន្តថា អ្នកនេសាទដែលមានលទ្ធភាពបន្តចិញ្ចឹមត្រីក្នុងទន្លេមេគង្គបាន មាននៅសល់ខ្លះ នៅតាមដងទន្លេនាខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ឯចាប់ពីដងទន្លេមេគង្គ ខេត្តកំពង់ចាម ចុះមកក្រោម គឺការចិញ្ចឹមត្រីក្នុងបែរ ថយចុះយ៉ាងគំហុក រហូតដល់ប្រហែល ៩០ ភាគរយ ពោលគឺស្ទើរតែលែងមានអ្នកចិញ្ចឹមត្រីក្នុងបែរទៀតហើយ៖ «បច្ចុប្បន្ន ១គីឡូ ដល់១ម៉ឺន (រៀល) ជាង ត្រី(ឆ្ដោរ) វាអត់ នាំចូលវាអត់សូវមានអ៊ីចឹង។ ដល់អត់សូវមានអ៊ីចឹង អ្នកចិញ្ចឹមវាចំណេញទៅ ដល់ប៉ះត្រីនាំចូល ត្រីថោក ៧ ឬ៨ពាន់ វាខាត វាអ៊ីចឹងណា។ អ៊ីចឹងនាំឱ្យអ្នកមានទុនខ្សត់ខ្សោយតិចតួចហ្នឹង បានន័យថាឈប់មួយចំនួន នៅតែជនមួយចំនួន អ្នកអត់ដែរ។ តែអ្នកប្រព្រឹត្តិបទល្មើសនេសាទ រកបទល្មើសនេសាទ។ បានន័យថា រកចំណីក្នុងឧបករណ៍ល្មើស យកមកឱ្យត្រីស៊ី។ លួចលាក់ខ្លះ បានខ្លះ យកមកឱ្យវាស៊ី»។
លោកថា ការចិញ្ចឹមត្រី តាមបែរក្នុងទន្លេ មិនមានការរំខានពីមន្ត្រីជលផលទេ។ ច្បាប់ជលផល ថែមទាំងអនុញ្ញាតឱ្យចិញ្ចឹមត្រីឆ្ដោរបានឡើងវិញផង។ តែរដ្ឋាភិបាលមិនទាន់មានសមត្ថភាពផលិតចំណីត្រីឆ្ដោរសិប្បនិម្មិតបាន ទើបបណ្ដាលឱ្យវិនាសកម្មត្រីតូចនៅតែបន្តដោយសារការដាក់ស្បៃក្រឡាញឹកខុសច្បាប់ បំផ្លាញត្រីតូចៗ យកទៅធ្វើចំណីត្រីឆ្ដោរទាំងនោះ។
អ្នកជំនាញវិស័យជលផលរូបនេះ បញ្ជាក់ថា ការបើកឱ្យមានការចិញ្ចឹមត្រីឆ្ដោរឡើងវិញនេះហើយ ដែលជាមូលហេតុចម្លងមួយធ្វើឱ្យហិនហោចត្រីក្នុងទន្លេ៖ «ខ្ញុំពិនិត្យមើលបទល្មើសនេសាទ ទាំងបឹងទន្លេសាប ទាំងទន្លេមេគង្គ ច្រើនបំផុតចេញពីបទល្មើសការចិញ្ចឹមត្រីតែម្ដង។ បើសិនគ្មានការចិញ្ចឹមត្រីឆ្ដោរហ្នឹងទេ គឺអាធនធានត្រីតូច ដូចក្នុងរដូវត្រីពងកូន តូចៗ ប៉ិនៗចង្កឹះហ្នឹង មិនដឹងចាប់ធ្វើអ្វីទេ គឺចាប់យកទៅធ្វើចំណីត្រីឆ្ដោរហ្នឹងហ្មង ធ្វើឱ្យប៉ះពាល់ខ្លាំង។ តែរដ្ឋាភិបាល អត់និយាយអ៊ីចឹងថា មិនឱ្យចាប់ទេ ឱ្យស៊ីចំណីសិប្បនិម្មិត។ ប៉ុន្តែការផលិតចំណីសិប្បនិម្មិតវាអត់មាន អត់បាន ធ្វើអត់ចេញ។ អ៊ីចឹង វានៅតែប្រព្រឹត្តិបទល្មើសដើម្បីយកត្រីធម្មជាតិ ទៅស៊ីដដែល»។
រដ្ឋាភិបាល បានបើកឱ្យចិញ្ចឹមត្រីឆ្ដោរឡើងវិញ កាលពីឆ្នាំ២០១៦ ដោយសំអាងថា ដើម្បីកាត់បន្ថយការនាំចូលត្រីឆ្ដោរពីក្រៅប្រទេស។ ប៉ុន្តែបានដាក់លក្ខខណ្ឌថា អ្នកចិញ្ចឹមត្រីឆ្តោរ ត្រូវផ្ដល់ចំណីសិប្បនិម្មិត ពោលគឺមិនឱ្យនេសាទត្រីតូចៗ មកទៅធ្វើជាចំណីត្រីឆ្តោរទាំងនោះឡើយ។
កាលពីចុងឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វ៉េង សាខុន អះអាងថា ការបើកចិញ្ចឹមត្រីឆ្ដោរឡើងវិញ ជួយដល់ជីវភាពអ្នកចិញ្ចឹមត្រី និងធ្វើឱ្យកម្ពុជាកាត់បន្ថយការនាំចូលត្រីឆ្ដោរ ពីប្រទេសវៀតណាម បានជាងបួនម៉ឺនតោន (៤០,០០០) ក្នុងមួយឆ្នាំ។ មុនពេលបើកឱ្យមានការចិញ្ចឹមត្រីឆ្ដោរ កម្ពុជាត្រូវនាំចូលត្រីឆ្ដោរប្រមាណ ៦ម៉ឺនតោន (៦0,000) ក្នុងមួយឆ្នាំ។ គិតត្រឹមចុងឆ្នាំ២០១៨ កម្ពុជាចិញ្ចឹមត្រីឆ្ដោរបានប្រមាណ ៦ម៉ឺនតោនក្នុងមួយឆ្នាំ។
ប៉ុន្តែ សហគមន៍នេសាទវិញរកឃើញថា អ្នកចិញ្ចឹមត្រីឆ្ដោរតូចតាចតាមបែរជាលក្ខណៈគ្រួសារ បានថយចុះ។ តែអ្នកចិញ្ចឹមខ្នាតធំ នៅតាមស្រះ ឬកសិដ្ឋានកើនឡើង។ អ្នកចិញ្ចឹមត្រីឆ្ដោរនៅតាមស្រះ ឬកសិដ្ឋាន បានទិញត្រីរស់តូចៗ ពីអ្នកនេសាទ ហើយយកទៅបំប៉នត្រីឆ្ដោរ ដែលការធ្វើដូច្នេះធ្វើឱ្យទិន្នផលត្រីឆ្តោរឆាប់ធំ និងឆាប់បានលក់។ បើឱ្យចំណីត្រីរស់ឱ្យត្រីឆ្តោរស៊ី ពីចន្លោះ៨ខែ ទៅ១ឆ្នាំ គេអាចលក់ត្រីឆ្តោរទាំងនោះបាន។ ឯការចិញ្ចឹមជាលក្ខណៈគ្រួសារតាមបែរក្នុងទន្លេ ត្រូវការពេលយូរជាងនេះ ទម្រាំអាចលក់វាបាន ព្រោះត្រីមិនសូវធំធាត់ល្អទេ គឺទាល់តែចន្លោះ១២ ទៅ១៤ខែ ទើបត្រីធំល្មមលក់។ ដើម្បីឱ្យត្រីឆ្ដោរធំធាត់រហូតដល់មានទម្ងន់ ១គីឡូក្រាម ត្រូវស៊ីត្រីតូចល្អិត ប្រហែល ៧ ទៅ៨គីឡូក្រាម។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីប្រធានរដ្ឋបាលជលផល និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ទទួលបន្ទុកវិស័យជលផល លោក អេង ជាសាន្ត បានទេ កាលពីថ្ងៃទី២៤ ឧសភា ដោយសារទូរស័ព្ទគ្មានអ្នកទទួល។ចំណែកសហគមន៍នេសាទ សង្កេតឃើញថា ធនធានជលផលក្នុងទន្លេមេគង្គ ធ្លាក់ចុះខ្លាំង តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។ ត្រីថយចុះខ្លាំងប្រហែល ៧០ភាគរយ បណ្ដាលមកពីការបូមខ្សាច់ ទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេ ទាំងក្នុងប្រទេសកម្ពុជា ថៃ និងឡាវ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ត្រី និងជម្រកត្រីពង និងបទល្មើសនេសាទក៏កើនឡើងរាល់ឆ្នាំ ដោយការការដាក់ស្បៃមុង ការប្រើឧបករណ៍ឆក់ត្រី នៅរដូវត្រីពងកូន ឬរដូវបិទនេសាទ។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត ដែលមានមូលដ្ឋាននៅតំបន់ទន្លេសាប ក៏សង្កេតឃើញថា ភាពហិនហោចត្រី បណ្ដាលមកពីកត្តាអាកាសធាតុ និងបទល្មើសនេសាទដែរ។ ប៉ុន្តែ លោក ប្រាប់ថា អ្នកចិញ្ចឹមត្រីតាមបែរ នៅតំបន់បឹងទន្លេសាប នៅមានចំនួនច្រើនគួរសម។
បច្ចុប្បន្ននេះ អ្នកចិញ្ចឹមត្រីក្នុងបែរខ្លះ បានអូសបែរចេញពីមាត់ច្រាំងទន្លេ ទៅរកទីតាំងទឹកជ្រៅហើយ ដោយសារក្បែរមាត់ច្រាំង ជាកន្លែងទឹករាក់ ហើយអាកាសធាតុក្ដៅ បណ្ដាលឱ្យទឹកក្ដៅ ត្រីអាចងាប់ និងមិនធំធាត់។ អ្នកអូសបែរត្រី ចេញទៅរកទឹកជ្រៅ ច្រើននៅម្ដុំកំពង់ហ្លួង ពោធិ៍សាត់ និងតំបន់ចុងឃ្នៀស ជាដើម៖ «ឧបមាថា ទឹក មានតែ ៣តឹក អ៊ីចឹង តែយើងប្រើម៉ាស៊ីនកាយដីឱ្យបាន ១ម៉ែត្រ ដើម្បីឱ្យវាមានជម្រៅ កុំឱ្យទឹកក្ដៅ។ តែទឹកក្ដៅ ក្បាលវាត្រមែងៗ វាស្គមណា ត្រី។ ជិតចូលខែបិទនេសាទហើយ អត់ទាន់មានភ្លៀងផង មានដែរ តែដោយកន្លែង។ កន្លែងខ្លះ បានមួយមេ ទប់អត់បាន ទន្លេសាប វារីកដល់ណា ដល់ណីហើយ»។
ចំណែកអ្នកចិញ្ចឹមត្រីក្នុងបែរ តាមដងដៃព្រែក មិនអាចអូសបែរចេញពីព្រែក ចូលទន្លេសាបរួចទេ ព្រោះទឹកក្នុងព្រែកស្រកខ្លាំង បណ្ដាលឱ្យកឿង។ លោក ឡុង សូចែត ប្រាប់ថា អ្នកអូសបែរចេញអត់រួច គឺគេកាយដីចេញ ធ្វើឱ្យទឹកជ្រៅ ដើម្បីបន្ថយកម្ដៅទឹក ហើយទម្លាក់បែរចូលក្នុងទឹកជ្រៅនោះ។
របាយការណ៍របស់រដ្ឋបាលជលផល បង្ហាញថា ផលនេសាទទឹកសាបក្នុងឆ្នាំ២០១៩ មានចំនួន ជាង ៤សែន៧ម៉ឺនតោន ធ្លាក់ចុះជាងឆ្នាំ២០១៨ ចំនួនជាង ៥ម៉ឺនតោន។ ការថយចុះទិន្នផលត្រីនេះ បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ភ្លៀងធ្លាក់តិច។ ចំណែក បទល្មើសនេសាទ រយៈពេល ៣ខែដំបូង នៅដើមឆ្នាំ ២០២០ ក៏ថយចុះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕