សាលារាជធានីភ្នំពេញ និងក្រុមគ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ បានរៀបចំពិធីរាប់បាត្រ បង្សុកូលរំឭកវិញ្ញាណក្ខន្ធជូនអ្នកដែលបានស្លាប់ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាលើស្ពានពេជ្រ។ ទន្ទឹមគ្នានេះ ក្រុមគ្រួសារជនរងគ្រោះលើកឡើងថា ព្រឹត្តិការណ៍នេះនៅតែជាសោកនាដកម្មដក់ជាប់ក្នុងអារម្មណ៍មិនអាចបំភ្លេចបាន ទោះជាបានកន្លងផុតទៅរយៈពេល ៥ឆ្នាំទៅហើយក្ដី។
ក្រុមគ្រួសារជនរងគ្រោះ នៅតែចងចាំមិនភ្លេចនូវសោកនាដកម្មនៅលើស្ពានពេជ្រ ដែលបានកើតឡើងកាលពី ៥ឆ្នាំមុន។
ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋមានភាពសោកសៅជាទីបំផុត ដោយបែកបងប្អូន បែកកូន ឪពុកម្ដាយនៅក្នុងព្រឹត្តិការណ៍មនុស្សផ្អើលជាន់គ្នានៅលើស្ពានពេជ្រ ដែលបណ្ដាលឲ្យមានមនុស្សជាង ៣៥០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។
ដោយសារការចងចាំសោកនាដកម្មនេះ មនុស្សជាង ៤០០នាក់ បានជួបជុំគ្នានៅស្តូបក្បែរផ្លូវចូលមជ្ឈមណ្ឌលកោះពេជ្រ ជាទីតាំងអតីតស្ពានពេជ្រ ដែលក្រុមហ៊ុនអភិវឌ្ឍតំបន់កោះពេជ្រ បានវាយកម្ទេចចោលនោះ ដើម្បីប្រារព្ធខួប ៥ឆ្នាំធ្វើពិធីបង្សុកូល និងពិធីរាប់បាត្រព្រះសង្ឃជាង ១០០អង្គ ដែលនិមន្តមកពីវត្តផ្សេងៗ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងព្រឹត្តិការណ៍នោះ។
«សំឡេងសូត្រមន្ត»
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែលដឹកនាំពិធីរំឭកខួបនេះ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញចាត់ទុកថ្ងៃទី២២ វិច្ឆិកា គឺជាថ្ងៃទិវាចងចាំសម្រាប់បណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនគួរភ្លេចព្រឹត្តិការណ៍គួរឲ្យរន្ធត់នេះ ដែលកើតឡើងនៅចំយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តគោរពវិញ្ញាណក្ខន្ធតាមបែបសាសនាជារៀងរាល់ឆ្នាំ ដោយពុំពាក់ព័ន្ធនឹងនយោបាយឡើយ៖ «រាជធានីភ្នំពេញបានកំណត់ថា ២២ វិច្ឆិកា ជាទិវាថ្ងៃចងចាំសម្រាប់ប្រជាជន មន្ត្រីរាជការ ថ្នាក់ដឹកនាំ។ សម្រាប់ថ្នាក់ដឹកនាំ ត្រូវតែមានការប្រុងប្រយ័ត្នចំពោះហេតុការណ៍ដែលជាឧទាហរណ៍នេះស្រាប់»។
ឪពុកយុវជនរងគ្រោះដែលបានស្លាប់ក្នុងព្រឹត្តិការណ៍នេះ លោក ខាត់ ឆន់ ថ្លែងទាំងទឹកភ្នែកថា ជារឿងល្អមួយដែលសាលារាជធានីភ្នំពេញ បានធ្វើបុណ្យជូនកូនរបស់លោក និងជនរងគ្រោះដទៃទៀត។ លោកថា ទោះជាពិធីនេះប្រារព្ធជារៀងរាល់ឆ្នាំក្តី លោកនៅតែមិនភ្លេចកូនប្រុសជាទីស្រឡាញ់តែមួយគត់របស់លោក៖ «ខ្ញុំនៅតែសោកស្ដាយ នៅតែនឹក ឲ្យថ្ងៃមួយដេកនឹកឃើញចឹងទៅ ទឹកភ្នែកចឹងទៅ ជួនថ្ងៃណាអារម្មណ៍ល្អចឹងទៅ ភ្លេចវាចឹងទៅ វាអាណោចអាធ័មពេក»។
ម្ដាយជនរងគ្រោះមួយរូបទៀតមកពីខេត្តព្រៃវែង ឈរកាន់ផ្កាឈូក និងរូបថតកូនស្រី គឺលោកស្រី ម៉ន ម៉ឺន និយាយទាំងទឹកភ្នែករលីងរលោងដែរថា ឲ្យតែដល់ថ្ងៃទី២២ ខែវិច្ឆិកា នេះ លោកស្រីតែងមានអារម្មណ៍ក្តុកក្តួលនឹកស្រណោះដល់កូនជាទីស្រឡាញ់។ លើសពីនេះ លោកស្រីថា ថវិកាដែលក្រុមហ៊ុន សប្បុរសជន និងរដ្ឋាភិបាលផ្តល់ឲ្យជាង ១ម៉ឺន ២ពាន់ដុល្លារនោះ លោកស្រីបានធ្វើបុណ្យ និងព្យាបាលជំងឺឪពុកដែលពិបាកចិត្តនឹកចៅស្រីដែលស្លាប់។ លោកស្រីលើកឡើងថា ថវិកាសំណងនេះ នៅតែមិនអាចផ្សះផ្សាផ្លូវចិត្តក្រុមគ្រួសារលោកស្រីបាននោះឡើយ៖ «សំណងអ្វីក៏ដោយ មិនអាចគ្រប់គ្រាន់បានទេ លុយប៉ុន្មានក៏មិនអាចលុបទឹកចិត្តម្តាយចំពោះកូនបានដែរ ជីវិតកូន»។
ពិធីប្រារព្ធខួប ៥ឆ្នាំជូនអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នានៅស្ពានពេជ្រនេះ មិនបានឃើញវត្តមានមន្ត្រីគណបក្សប្រឆាំងចូលរួមនោះទេ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បានឲ្យដឹងថា ទោះជាឆ្នាំនេះគណបក្សសង្គ្រោះជាតិ មិនបានប្រារព្ធពិធីនេះធំដុំក្តី ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រនេះដែរ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា គឺមួយថ្ងៃមុនថ្ងៃគម្រប់ខួបរយៈពេល ៥ឆ្នាំបានមកដល់។
ក្រុមគ្រួសារជនរងគ្រោះដែលចូលរួមពិធីរំឭកខួប ៥ឆ្នាំនេះ នៅតែទទូចឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវតែធានា និងការពារសន្តិសុខ នៅពេលមានបុណ្យទាន ឬព្រឹត្តិការណ៍សំខាន់ណាមួយ ដើម្បីបញ្ចៀសកុំឲ្យកើតមានព្រឹត្តិការណ៍ដូចករណីសោកនាដកម្មនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។