តើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​តម្លាភាព​នៃ​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន​កម្រិត​ណា​ដល់​ពលរដ្ឋ?

ដោយ ចេង ម៉េងជូ
2016.03.22

គម្រោងដែលចិនបានផ្តល់មូលនិធិតាមរយៈប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណង។
គម្រោងដែលចិនបានផ្តល់មូលនិធិតាមរយៈប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណង។

 

ប្រទេស​ចិន ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​កម្ពុជា ដែល​គិត​អត្រា​ការប្រាក់​ជា​មធ្យម​ខ្ពស់​ជាង​គេ​បំផុត ធៀប​នឹង​ម្ចាស់​បំណុល​ដទៃ​ទៀត​របស់​កម្ពុជា។ តើ​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​តម្លាភាព​កម្រិត​ណា​ដល់​ប្រជាជន​របស់​ខ្លួន ខណៈ​ដែល​ពួក​គេ​កំពុង​ក្លាយ​ខ្លួន​ជា​កូន​បំណុល​របស់​ចិន ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ?

ប្រព័ន្ធ​ទិន្នន័យ​របស់​រដ្ឋាភិបាល​ស្ដីពី​ជំនួយ​អភិវឌ្ឍន៍​ពី​បរទេស​បង្ហាញ​ថា ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយ​នេះ ជំនួយ​អភិវឌ្ឍន៍​របស់​ចិន នៅ​កម្ពុជា មាន​ចំនួន​សរុប ៥៧​គម្រោង ក្នុង​នោះ​មាន ៤៧​គម្រោង គឺ​ជា​ប្រភេទ​ប្រាក់​កម្ចី​មាន​ទឹក​ប្រាក់​សរុប​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រភេទ​ជំនួយ​ឥត​សំណង​មាន​ចំនួន​ត្រឹម ១០​គម្រោង​ប៉ុណ្ណោះ ដែល​មាន​ទឹក​ប្រាក់​សរុប​ជិត ១៨០​លាន​ដុល្លារ​អាមេរិក។

ប៉ុន្តែ​ក្នុង​ចំណោម​គម្រោង​ទាំង ១០ នោះ មាន​គម្រោង​មួយ​ដែល​មាន​ទឹក​ប្រាក់​ធំធេង​លើស​គម្រោង​ដទៃ​ទៀត ជា​ហេតុ​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា អាច​មិន​មែន​ជា​ជំនួយ​ឥត​សំណង​ទេ តែ​អាច​ជា​ប្រាក់​កម្ចី​ទៅ​វិញ។ នោះ គឺ​ជំនួយ​ជាង ១៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​រដ្ឋាភិបាល​ចិន ផ្ដល់​ជូន​កម្ពុជា សម្រាប់​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ត្រៀម​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម (SEA Game) ឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​កីឡា​លំដាប់​អន្តរជាតិ​ដទៃ​ទៀត។

ការ​សាងសង់​ពហុកីឡដ្ឋាន​នេះ ត្រូវ​បាន​បែង​ចែក​ជា ៣​ជំហាន។ ជំហាន​ទី​១ ជា​បន្ទុក​ចំណាយ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ប្រើ​ថវិកា​ជិត ៣៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ ៧០%។ ក្រុមហ៊ុន​ដែល​ទទួល​បាន​កិច្ចសន្យា​សាងសង់ គឺ​ក្រុមហ៊ុន លី យ៉ុងផាត់ (LYP Group) ដែល​មាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច។

រីឯ​ជំហាន​ទី​២ នឹង​ត្រូវ​ប្រើប្រាស់​ថវិកា​ជាង ១៥០​លាន​ដុល្លារ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​ទទួល​យក​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ។ ជំហាន​ទី​២ នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៧ ហើយ​ក្រុមហ៊ុន​សាងសង់ ត្រូវ​តែ​ជា​ក្រុមហ៊ុន​ចិន។ ចំណែក​ឯ​ជំហាន​ទី​៣ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​នៅ​ឡើយ។

៨-មីនា-២០១៦៖ ប្លង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។
៨-មីនា-២០១៦៖ ប្លង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។


ពហុកីឡដ្ឋាន​នេះ សាងសង់​លើ​ផ្ទៃដី​ជាង ៨៥​ហិកតារ​ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌ​ឫស្សីកែវ ស្ថិត​ក្នុង​បរិវេណ​ទីក្រុង​រណប​ហ្គាដិន ស៊ីធី (Garden City) ដែល​ជា​ការ​វិនិយោគ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​អះអាង​ថា ទឹក​ប្រាក់​ជាង ១៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ គឺ​ជា​ជំនួយ​ឥត​សំណង​ក៏ដោយ ក៏​សាធារណមតិ​មួយ​ចំនួន នៅ​តែ​មាន​មន្ទិល​ជុំវិញ​តម្លាភាព​នៃ​ជំនួយ​នេះ។ នោះ​ក៏​ដោយសារ​ថា ក្នុង​ចំណោម​គម្រោង​ជា​ប្រភេទ​ជំនួយ​ឥត​សំណង​ទាំងអស់​ដែល​ចិន ធ្លាប់​ផ្ដល់​មក​កម្ពុជា ក្រោយ​ឆ្នាំ​២០០២ មិន​ធ្លាប់​មាន​គម្រោង​ណា​មួយ​មាន​ទំហំ​ទឹក​ប្រាក់​លើស​ពី ៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើយ។

ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន មាន​ប្រសាសន៍​ថា កាល​ពី​ពេល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្នើសុំ​រដ្ឋាភិបាល​នូវ​ពហុកីឡដ្ឋាន​លំដាប់​អន្តរជាតិ​មួយ​នៅ​ឆ្នាំ​២០០៩ ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម (SEA Game) ឆ្នាំ​២០២៣ នោះ រដ្ឋាភិបាល​បាន​ឆ្លើយ​តប​មក​វិញ​ថា កម្ពុជា មិន​ទាន់​មាន​លទ្ធភាព​សាងសង់​ពហុកីឡដ្ឋាន​ទំនើប​បែប​នេះ​ទេ៖ «សម្ដេច​លោក​ថា​ប្រទេស​យើង​នៅ​ក្រ អ៊ីចឹង​យើង​ត្រូវ​ការ​កសាង​នេះ​នោះ ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​អី​នោះ ត្រូវ​ការ​ច្រើន​ណាស់។ អ៊ីចឹង​យើង​ចាំ​សិន។ បើ​និយាយ​ទៅ រដ្ឋាភិបាល​បាន​គិតគូរ​ថា​អ្វី​ដែល​ជា​សំណើ​យើង លោក​បាន​គិតគូរ​អស់​ហើយ»

លោក វ៉ាត់ ចំរើន ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៣ ទើប​រដ្ឋាភិបាល​ឯកភាព​នឹង​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ លោក​បញ្ជាក់​ថា នៅ​ពេល​ឯកភាព​នោះ រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​ប្រភព​នៃ​ថវិកា​សម្រាប់​គម្រោង​សាងសង់​ពហុកីឡដ្ឋាន​លំដាប់​អន្តរជាតិ​នេះ​ឡើយ៖ «បាទ! អត់​មាន​ទេ! គឺ​គ្រាន់​តែ​ថា រដ្ឋាភិបាល​ប្រមើល​ថា​កម្រិត​ជីវភាព​យើង​ដល់​ពេល​នោះ យើង​នឹង​អាច​ធ្វើ​បាន​ហើយ យើង​នឹង​អាច​ទទួល​យក​បាន​ហើយ»

ទោះ​បី​ជា​អះអាង​ថា​មិន​ធ្លាប់​បាន​ឃើញ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង ស្ដីពី​ជំនួយ​របស់​ចិន លើ​គម្រោង​នេះ​ក្ដី ក៏ លោក វ៉ាត់ ចំរើន ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​នោះ ជឿជាក់​ថា វា​ជា​ជំនួយ​ឥត​សំណង​ពិត​ប្រាកដ​មែន៖ «ខ្ញុំ​អត់​សង្ស័យ​ទេ ដោយសារ​ម៉េច? ដោយសារ​តែ​ជំនួយ​របស់​ចិន ទៅ​អាហ្វ្រិក សង់​ស្តាត​មួយៗ​សុទ្ធតែ​ជំនួយ​ដូច​អា​ហ្នឹង​អ៊ីចឹង»

ការ​ផ្ដល់​ជំនួយ​ដល់​វិស័យ​កីឡា​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​ចិន ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​លើ​ប្រទេស​ដែល​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ។

ទោះ​បី​ជា​យ៉ាង​ណា លោក សុន ឆ័យ អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា មក​ពី​គណបក្ស​ប្រឆាំង សង្ស័យ​ថា ទឹក​ប្រាក់​ជាង ១៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​សាងសង់​ពហុកីឡដ្ឋាន​មរតក​តេជោ​នេះ គឺ​ជា​ប្រាក់​កម្ចី មិន​មែន​ជា​ជំនួយ​ឥត​សំណង​ឡើយ៖ «ដរាប​ណា​ខ្ញុំ​មិន​ទាន់​ឃើញ​ឯកសារ​ជា​ផ្លូវ​ការ​ថា លុយ​នេះ​ជា​លុយ​អំណោយ​របស់​ចិន ខ្ញុំ​នៅ​តែ​ជឿ​ថា លុយ​នេះ​ជា​លុយ​ដែល​ចិន ឲ្យ​មក​យើង​ខ្ចី​ដើម្បី​សង់»

លោក​បណ្ឌិត អៀ សុផល ថ្លែង​ថា ទស្សនៈ ​ដែល​លើក​ឡើង​ថា ជំនួយ​ឥត​លក្ខខណ្ឌ​នោះ គឺ​ខុស​ទាំង​ស្រុង ពីព្រោះ​អ្នក​ណា​ក៏​រំពឹង​ចង់​បាន​អ្វី​មួយ​ទៅ​វិញ​ដែរ។ ឧទាហរណ៍ ចិន អាច​នឹង​ចង់​បាន​ការ​អនុគ្រោះ​ដល់​ការ​វិនិយោគ​របស់​ខ្លួន អាច​នឹង​ចង់​បាន​កិច្ច​សន្យា​សម្រាប់​ក្រុមហ៊ុន​ចិន មក​សាងសង់​ផ្លូវ ស្ពាន ទំនប់​វារីអគ្គិសនី​ជាដើម។ ការ​ធ្វើ​ដូច្នេះ មាន​ន័យ​ថា ចិន ទទួល​បាន​លុយ​ចូល​ហោប៉ៅ​ខ្លួន​ឯង​វិញ​ក្នុង​ករណី​ណា​ក៏ដោយ

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​នោះ​ស្ថិត​ក្នុង​ដៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​រដ្ឋលេខាធិការ​នៃ​ក្រសួង​នោះ គឺ​លោក វង្សី វិស្សុត ជា​អ្នក​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទទួល​យក​ជំនួយ។

ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​នេះ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​បំភ្លឺ​ឲ្យ​បាន​ជាក់លាក់ ពាក់ព័ន្ធ​នឹង​បញ្ហា​តម្លាភាព​នៃ​ជំនួយ​អភិវឌ្ឍន៍​ពី​ប្រទេស​ចិន នោះ​ទេ បើ​ទោះ​ជា​វិទ្យុ​អាស៊ីសេរី បាន​ដាក់​លិខិត​ស្នើសុំ​សម្ភាស​ចំនួន ២​ដង និង​ទាក់ទង​តាម​ទូរស័ព្ទ​ជាច្រើន​ដង​ក្ដី។ សំណើ​ទៅ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ក៏​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ដែរ។

នៅ​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទាំងឡាយ សុទ្ធតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ មិន​មាន​ការ​លាក់លៀម​ព័ត៌មាន​អ្វី​ឡើយ៖ «ខ្ញុំ​ថា​រាល់​ការ​ចុះ​ហត្ថលេខា​ម្ដងៗ យើង​ផ្សាយ​ជា​សាធារណៈ​តាម​ទូរទស្សន៍​អី អញ្ជើញ​មក​ទាំងអស់​តើ! លុយ​ប៉ុន្មាន? យក​ធ្វើ​អី? ប៉ុន្មាន​គីឡូ? ផ្សាយ​រហូត។ ម៉េច​ក៏​ចង់​ចូល​ដល់​ខ្លឹមសារ​កិច្ចព្រមព្រៀង ហើយ​បើ​និយាយ​ពី​ខ្លឹមសារ​ហ្នឹង វា​គ្មាន​អី​ជា​ស្តង់ដារ​អន្តរជាតិ​អី​តែ​ម្ដង។ យើង​គ្មាន​អី​លាក់លៀម​ទេ»

នៅ​ពេល​វិទ្យុ​អាស៊ីសេរី សួរ​ពាក់ព័ន្ធ​នឹង​ការ​ខ្ចី​បុល​ពី​ប្រទេស​ចិន នៅ​ក្នុង​វេទិកា​សាធារណៈ​នោះ លោក វង្សី វិស្សុត បាន​លើក​ឡើង​ពី​គុណ​សម្បត្តិ​របស់​ប្រទេស​ចិន ថា​បាន​រួម​ចំណែក​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា។ លោក​អះអាង​ថា ការ​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ជា​ជម្រើស​នយោបាយ​ដ៏​ត្រឹមត្រូវ៖ «អត់​មាន​ចិន អត់​មាន​សព្វថ្ងៃ​នេះ​ទេ ត្រូវ​ចេះ​ទទួល​ស្គាល់ ចេះ​តែ​ចោទ​យើង​ថា​កុំ​ទៅ​ចិន ទៀត​យ៉ាង​ម៉េច។ យើង​មិន​ចង់​ទ្រ​ចិន អី​ទេ ប៉ុន្តែ​បើ​ចិន ឲ្យ​របស់​ដែល​យើង​ត្រូវ​ការ យើង​មិន​យក! ខ្ញុំ​សួរ បើ​យើង​ជា​អ្នក​ដឹក​នាំ​រដ្ឋាភិបាល ជា​គ្រួសារ​មួយ យើង​កំពុង​ត្រូវ​ការ​អា​ហ្នឹង ហើយ​គេ​ឲ្យ​អា​ហ្នឹង ហើយ​ការប្រាក់​ទាប​ទៀត យើង​មិន​យក! មិន​យក​របស់​អ្នក​ឯង​ទេ ច្រើន​ហើយ ខ្ចី​ចិន ច្រើន​ហើយ ទៅ​ខ្ចី​អ្នក​ផ្សេង អ្នក​ផ្សេង​ដាក់​មក មិន​ឲ្យ​គ្រប់ លក្ខខណ្ឌ​ច្រើន យក​អាណា​ឥឡូវ

ក្រៅ​ពី​មន្ទិល​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ វិទ្យុ​អាស៊ីសេរី បាន​ពិនិត្យ​ឃើញ​មាន​ភាព​មិន​ច្បាស់លាស់​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ចំនួន​ទឹក​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន នៅ​ពេល​ប្រៀបធៀប​តួលេខ​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស្ដីពី​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន ទៅ​នឹង​តួលេខ​ក្នុង​របាយការណ៍​ស្ដីពី​ប្រាក់​កម្ចី​ពី​បរទេស​ក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំ​២០១៤ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជូន​ទៅ​រដ្ឋសភា គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៦។

ការ​ប្រៀបធៀប​តួលេខ​ទាំង​នោះ​រក​ឃើញ​ភាព​ស្រពិចស្រពិល​មួយ​ចំនួន​ដូច​ត​ទៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាយការណ៍​ទៅ​រដ្ឋសភា​ថា ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៤ មាន​កិច្ចព្រមព្រៀង​ចំនួន​៤ ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន។ រីឯ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ស្ដីពី​ជំនួយ​អភិវឌ្ឍន៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា វិញ រក​ឃើញ​គម្រោង​ចំនួន​បី​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៤ នោះ។

គម្រោង​ដែល​បាត់​ពី​ប្រព័ន្ធ​ទិន្នន័យ​នោះ គឺ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ជា​ប្រភេទ​ប្រាក់​កម្ចី​មិន​គិត​ការប្រាក់​សរុប​ប្រមាណ​ជា ៣២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​យក​ទៅ​ប្រើប្រាស់​លើ​គម្រោង​នានា តាម​ការ​ព្រមព្រៀង​គ្នា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។

ចំណុច​មន្ទិល​មួយ​ទៀត គឺ​នៅ​ត្រង់​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​គម្រោង​ស្ថាបនា​ពង្រីក​ខ្សែ​បញ្ជូន​អគ្គិសនី​ដល់​ជនបទ​ជំហាន​ទី​២ ដែល​រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។

របាយការណ៍​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជូន​ទៅ​រដ្ឋសភា លើក​ឡើង​ថា ប្រាក់​កម្ចី​នោះ​មាន​ទឹក​ប្រាក់​ប្រមាណ ៤៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៤៧,០៨​លាន​ដុល្លារ​អាមេរិក) ប៉ុន្តែ​នៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា វិញ ប្រាក់​កម្ចី​នោះ​មាន​ទឹក​ប្រាក់​ជាង ៨​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី បាន​បន្ត​ទាក់ទង​តាម​ទូរស័ព្ទ ដើម្បី​សុំ​ការ​បកស្រាយ​ពី​រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត និង​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ថវិកា​នៃ​ក្រសួង​នេះ គឺ​លោក ប៉ែន ធីរុង្គ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ក៏ប៉ុន្តែ​នៅ​តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប។

ខណៈ​ការ​គ្រប់គ្រង​ថវិកា​មិន​មាន​តម្លាភាព បំណុល​ដែល​កម្ពុជា ជំពាក់​បរទេស​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៤ មាន​ចំនួន​សរុប​ជាង ៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (.១១៥,៧​លាន​ដុល្លារ) ដោយ​មិន​គិត​បំណុល​ចាស់ ឬ​ហៅ​ថា​បំណុល​ជា​មរតក។

រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ធ្លាប់​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ថា ត្រឹម​ដើម​ឆ្នាំ​២០១៦ នេះ ៤៥% នៃ​បំណុល​សរុប គឺ​ជា​ប្រាក់​ដែល​កម្ពុជា ជំពាក់​ចិន ហើយ​ជា​ប្រភេទ​បំណុល​ដែល​រដ្ឋាភិបាល​កម្ពុជា ចូល​ចិត្ត​ខ្ចី ដោយសារ​មិន​មាន​លក្ខខណ្ឌ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​និពន្ធ​សៀវភៅ​ស្ដីពី​ការ​ពឹង​ផ្អែក​លើ​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​បណ្ឌិត អៀ សុផល មាន​ប្រសាសន៍​ថា មិន​មាន​ជំនួយ​ណា​ជា​ជំនួយ​ឥត​លក្ខខណ្ឌ​នោះ​ទេ៖ «ទស្សនៈ​ដែល​លើក​ឡើង​ថា ជំនួយ​ឥត​លក្ខខណ្ឌ​នោះ គឺ​ខុស​ទាំង​ស្រុង ពីព្រោះ​អ្នក​ណា​ក៏​រំពឹង​ចង់​បាន​អ្វី​មួយ​ទៅ​វិញ​ដែរ។ ឧទាហរណ៍ ចិន អាច​នឹង​ចង់​បាន​ការ​អនុគ្រោះ​ដល់​ការ​វិនិយោគ​របស់​ខ្លួន អាច​នឹង​ចង់​បាន​កិច្ច​សន្យា​សម្រាប់​ក្រុមហ៊ុន​ចិន មក​សាងសង់​ផ្លូវ ស្ពាន ទំនប់​វារីអគ្គិសនី​ជាដើម។ ការ​ធ្វើ​ដូច្នេះ មាន​ន័យ​ថា ចិន ទទួល​បាន​លុយ​ចូល​ហោប៉ៅ​ខ្លួន​ឯង​វិញ​ក្នុង​ករណី​ណា​ក៏ដោយ»

ទាក់ទង​នឹង​គម្រោង​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​រដ្ឋាភិបាល​អះអាង​ថា​ជា​ជំនួយ​ឥត​សំណង​របស់​ចិន នេះ លោក អៀ សុផល យល់​ថា ជា​ជំនួយ​ដែល​មិន​បំពេញ​តម្រូវ​ការ​ជាក់ស្ដែង​របស់​ប្រជាជន​កម្ពុជា និង​ខ្វះ​តម្លាភាព៖ «ក្នុង​ទឹក​ប្រាក់ ១៥០​លាន​ដុល្លារ តើ​យើង​អាច​ដោះស្រាយ​បញ្ហា​សុខាភិបាល​នៅ​កម្ពុជា បាន​ប៉ុណ្ណា? តើ​យើង​អាច​យក​មក​អភិវឌ្ឍ​វិស័យ​អប់រំ​បាន​ប៉ុណ្ណា? ឧទាហរណ៍ ទាំង​នេះ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ការ​ប្រៀបធៀប។ លុយ ១៥០​លាន​ដុល្លារ មិន​មែន​តិចតួច​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ទទួល​បាន​ពហុកីឡដ្ឋាន​មួយ​ទៅ​វិញ ដោយ​ប្រើ​លុយ ១៥០​លាន​ដុល្លារ​នោះ ដែល​ហាក់​ដូចជា​មិន​សម​ហេតុផល​ទាល់​តែ​សោះ។ គេ​ថា​ជំនួយ​នោះ​មាន​ទឹក​ប្រាក់ ១៥០​លាន​ដុល្លារ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ចិន ជា​អ្នក​សាងសង់ គេ​អាច​ស៊ុមគ្រលុំ​នឹង​អ្នក​ដែល​កាន់​លុយ​នោះ ក្នុង​ការ​ក្លែង​បន្លំ​តម្លៃ ដោយ​អះអាង​ថា សង់​អស់ ១៥០​លាន​ដុល្លារ តែ​តាម​ពិត សង់​អស់​តែ ៥០​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ធ្វើ​ពុត​ថា ខ្លួន​បាន​ផ្ដល់​ជំនួយ​ដល់​យើង​ក្នុង​ទឹក​ប្រាក់ ១៥០​លាន​ដុល្លារ​អាមេរិក»

ប្រទេស​ចិន បាន​ក្លាយ​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា ចាប់​ពី​ឆ្នាំ​២០១០ មក។

គម្រោង​ធំជាង​គេ​ចំនួន​១០ ដែល​ប្រើ​ប្រាស់​ប្រាក់​កម្ចីពី​​ចិន។
គម្រោង​ធំជាង​គេ​ចំនួន​១០ ដែល​ប្រើ​ប្រាស់​ប្រាក់​កម្ចីពី​​ចិន។


ការ​វិភាគ​របស់​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (The NGO Forum on Cambodia) ដោយ​ប្រើ​ទិន្នន័យ​ប្រាក់​កម្ចី​បរទេស​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១១ រក​ឃើញ​ថា ប្រាក់​កម្ចី​ពី​ប្រទេស​ចិន មាន​អត្រា​ការប្រាក់​ជា​មធ្យម​ខ្ពស់​ជាង​គេ (,៨២%) ធៀប​នឹង​ប្រាក់​កម្ចី​ពី​ម្ចាស់​ជំនួយ​ដទៃ។

សន្ទស្សន៍​ស្ដីពី​តម្លាភាព​ថវិកា​ឆ្នាំ​២០១៥ បាន​ដាក់​ពិន្ទុ​ឲ្យ​កម្ពុជា ក្នុង​កម្រិត​ទាប​បំផុត ហើយ​ការ​វាយ​តម្លៃ​នោះ​កត់​សម្គាល់​ថា ចាប់​ពី​ឆ្នាំ​២០១២ មក រដ្ឋាភិបាល​កម្ពុជា កាន់​តែ​លាក់​បាំង​ព័ត៌មាន​ស្ដីពី​ថវិកា ដោយ​មិន​បាន​គោរព​តាម​គោលការណ៍​ស្ដីពី​តម្លាភាព​ថវិកា​ដែល​អន្តរជាតិ​បាន​កំណត់​ឡើយ។

ដោយសារ​កង្វះ​តម្លាភាព​នេះ អ្នក​ជំនាញ​លើក​ឡើង​ថា ការ​ខ្ចី​បុល​ពី​ប្រទេស​ចិន មិន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា ឡើយ ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​មាន​និន្នាការ​ទៅ​រក​ប្រាក់​កម្ចី​ចិន ដែល​ជា​ប្រទេស​មិន​ដើរ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។