
ប្រទេសចិន ជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជា ដែលគិតអត្រាការប្រាក់ជាមធ្យមខ្ពស់ជាងគេបំផុត ធៀបនឹងម្ចាស់បំណុលដទៃទៀតរបស់កម្ពុជា។ តើរដ្ឋាភិបាលបានបង្ហាញពីតម្លាភាពកម្រិតណាដល់ប្រជាជនរបស់ខ្លួន ខណៈដែលពួកគេកំពុងក្លាយខ្លួនជាកូនបំណុលរបស់ចិន ក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកនោះ?
ប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាលស្ដីពីជំនួយអភិវឌ្ឍន៍ពីបរទេសបង្ហាញថា ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ ជំនួយអភិវឌ្ឍន៍របស់ចិន នៅកម្ពុជា មានចំនួនសរុប ៥៧គម្រោង ក្នុងនោះមាន ៤៧គម្រោង គឺជាប្រភេទប្រាក់កម្ចីមានទឹកប្រាក់សរុបជិត ៣ពាន់លានដុល្លារអាមេរិក និងប្រភេទជំនួយឥតសំណងមានចំនួនត្រឹម ១០គម្រោងប៉ុណ្ណោះ ដែលមានទឹកប្រាក់សរុបជិត ១៨០លានដុល្លារអាមេរិក។
ប៉ុន្តែក្នុងចំណោមគម្រោងទាំង ១០ នោះ មានគម្រោងមួយដែលមានទឹកប្រាក់ធំធេងលើសគម្រោងដទៃទៀត ជាហេតុបង្កឲ្យមានមន្ទិលសង្ស័យថា អាចមិនមែនជាជំនួយឥតសំណងទេ តែអាចជាប្រាក់កម្ចីទៅវិញ។ នោះ គឺជំនួយជាង ១៥០លានដុល្លារសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលចិន ផ្ដល់ជូនកម្ពុជា សម្រាប់សាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រៀមសម្រាប់ការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA Game) ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិដទៃទៀត។
ការសាងសង់ពហុកីឡដ្ឋាននេះ ត្រូវបានបែងចែកជា ៣ជំហាន។ ជំហានទី១ ជាបន្ទុកចំណាយរបស់រដ្ឋាភិបាលកម្ពុជា ដោយប្រើថវិកាជិត ៣៩លានដុល្លារសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នសម្រេចបានប្រមាណ ៧០%។ ក្រុមហ៊ុនដែលទទួលបានកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុន លី យ៉ុងផាត់ (LYP Group) ដែលមានសម្ព័ន្ធភាពជិតស្និទ្ធនឹងគណបក្សកាន់អំណាច។
រីឯជំហានទី២ នឹងត្រូវប្រើប្រាស់ថវិកាជាង ១៥០លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបបានចុះកិច្ចព្រមព្រៀងទទួលយកកាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ។ ជំហានទី២ នឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០១៧ ហើយក្រុមហ៊ុនសាងសង់ ត្រូវតែជាក្រុមហ៊ុនចិន។ ចំណែកឯជំហានទី៣ នៅមិនទាន់មានព័ត៌មានជាក់លាក់នៅឡើយ។

ពហុកីឡដ្ឋាននេះ សាងសង់លើផ្ទៃដីជាង ៨៥ហិកតារក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ ស្ថិតក្នុងបរិវេណទីក្រុងរណបហ្គាដិន ស៊ីធី (Garden City) ដែលជាការវិនិយោគរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា។
បើទោះបីជារដ្ឋាភិបាលប្រទេសទាំងពីរអះអាងថា ទឹកប្រាក់ជាង ១៥០លានដុល្លារសហរដ្ឋអាមេរិកនោះ គឺជាជំនួយឥតសំណងក៏ដោយ ក៏សាធារណមតិមួយចំនួន នៅតែមានមន្ទិលជុំវិញតម្លាភាពនៃជំនួយនេះ។ នោះក៏ដោយសារថា ក្នុងចំណោមគម្រោងជាប្រភេទជំនួយឥតសំណងទាំងអស់ដែលចិន ធ្លាប់ផ្ដល់មកកម្ពុជា ក្រោយឆ្នាំ២០០២ មិនធ្លាប់មានគម្រោងណាមួយមានទំហំទឹកប្រាក់លើសពី ៩លានដុល្លារសហរដ្ឋអាមេរិកឡើយ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ខែមីនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា កាលពីពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្នើសុំរដ្ឋាភិបាលនូវពហុកីឡដ្ឋានលំដាប់អន្តរជាតិមួយនៅឆ្នាំ២០០៩ ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម (SEA Game) ឆ្នាំ២០២៣ នោះ រដ្ឋាភិបាលបានឆ្លើយតបមកវិញថា កម្ពុជា មិនទាន់មានលទ្ធភាពសាងសង់ពហុកីឡដ្ឋានទំនើបបែបនេះទេ៖ « សម្ដេចលោកថាប្រទេសយើងនៅក្រ អ៊ីចឹងយើងត្រូវការកសាងនេះនោះ ហេដ្ឋារចនាសម្ព័ន្ធជនបទអីនោះ ត្រូវការច្រើនណាស់។ អ៊ីចឹងយើងចាំសិន។ បើនិយាយទៅ រដ្ឋាភិបាលបានគិតគូរថាអ្វីដែលជាសំណើយើង លោកបានគិតគូរអស់ហើយ »។
លោក វ៉ាត់ ចំរើន ឲ្យដឹងថា នៅឆ្នាំ២០១៣ ទើបរដ្ឋាភិបាលឯកភាពនឹងសំណើរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោកបញ្ជាក់ថា នៅពេលឯកភាពនោះ រដ្ឋាភិបាលមិនបានបញ្ជាក់ពីប្រភពនៃថវិកាសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានលំដាប់អន្តរជាតិនេះឡើយ៖ « បាទ ! អត់មានទេ ! គឺគ្រាន់តែថា រដ្ឋាភិបាលប្រមើលថាកម្រិតជីវភាពយើងដល់ពេលនោះ យើងនឹងអាចធ្វើបានហើយ យើងនឹងអាចទទួលយកបានហើយ »។
ទោះបីជាអះអាងថាមិនធ្លាប់បានឃើញខ្លឹមសារនៃកិច្ចព្រមព្រៀង ស្ដីពីជំនួយរបស់ចិន លើគម្រោងនេះក្ដី ក៏ លោក វ៉ាត់ ចំរើន ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែរនោះ ជឿជាក់ថា វាជាជំនួយឥតសំណងពិតប្រាកដមែន៖ « ខ្ញុំអត់សង្ស័យទេ ដោយសារម៉េច ? ដោយសារតែជំនួយរបស់ចិន ទៅអាហ្វ្រិក សង់ស្តាតមួយៗសុទ្ធតែជំនួយដូចអាហ្នឹងអ៊ីចឹង »។
ការផ្ដល់ជំនួយដល់វិស័យកីឡាដល់ប្រទេសកំពុងអភិវឌ្ឍ បានក្លាយជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់ចិន ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនលើប្រទេសដែលសម្បូរដោយធនធានធម្មជាតិ។
ទោះបីជាយ៉ាងណា លោក សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា មកពីគណបក្សប្រឆាំង សង្ស័យថា ទឹកប្រាក់ជាង ១៥០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ពហុកីឡដ្ឋានមរតកតេជោនេះ គឺជាប្រាក់កម្ចី មិនមែនជាជំនួយឥតសំណងឡើយ៖ « ដរាបណាខ្ញុំមិនទាន់ឃើញឯកសារជាផ្លូវការថា លុយនេះជាលុយអំណោយរបស់ចិន ខ្ញុំនៅតែជឿថា លុយនេះជាលុយដែលចិន ឲ្យមកយើងខ្ចីដើម្បីសង់ »។
លោកបណ្ឌិត អៀ សុផល ថ្លែងថាទស្សនៈ ដែលលើកឡើងថា ជំនួយឥតលក្ខខណ្ឌនោះ គឺខុសទាំងស្រុង ពីព្រោះអ្នកណាក៏រំពឹងចង់បានអ្វីមួយទៅវិញដែរ។ ឧទាហរណ៍ ចិន អាចនឹងចង់បានការអនុគ្រោះដល់ការវិនិយោគរបស់ខ្លួន អាចនឹងចង់បានកិច្ចសន្យាសម្រាប់ក្រុមហ៊ុនចិន មកសាងសង់ផ្លូវ ស្ពាន ទំនប់វារីអគ្គិសនីជាដើម។ ការធ្វើដូច្នេះ មានន័យថា ចិន ទទួលបានលុយចូលហោប៉ៅខ្លួនឯងវិញក្នុងករណីណាក៏ដោយ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ឲ្យដឹងថា កិច្ចព្រមព្រៀងនោះស្ថិតក្នុងដៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយរដ្ឋលេខាធិការនៃក្រសួងនោះ គឺលោក វង្សី វិស្សុត ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលយកជំនួយ។
ទោះបីជាយ៉ាងណា ក្រសួងនេះមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺឲ្យបានជាក់លាក់ ពាក់ព័ន្ធនឹងបញ្ហាតម្លាភាពនៃជំនួយអភិវឌ្ឍន៍ពីប្រទេសចិន នោះទេ បើទោះជាវិទ្យុអាស៊ីសេរី បានដាក់លិខិតស្នើសុំសម្ភាសចំនួន ២ដង និងទាក់ទងតាមទូរស័ព្ទជាច្រើនដងក្ដី។ សំណើទៅស្ថានទូតចិន ប្រចាំកម្ពុជា ក៏មិនទទួលបានការឆ្លើយតបដែរ។
នៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៦ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត ឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយ សុទ្ធតែត្រូវបានផ្សព្វផ្សាយជាសាធារណៈ មិនមានការលាក់លៀមព័ត៌មានអ្វីឡើយ៖ « ខ្ញុំថារាល់ការចុះហត្ថលេខាម្ដងៗ យើងផ្សាយជាសាធារណៈតាមទូរទស្សន៍អី អញ្ជើញមកទាំងអស់តើ ! លុយប៉ុន្មាន ? យកធ្វើអី ? ប៉ុន្មានគីឡូ ? ផ្សាយរហូត។ ម៉េចក៏ចង់ចូលដល់ខ្លឹមសារកិច្ចព្រមព្រៀង ហើយបើនិយាយពីខ្លឹមសារហ្នឹង វាគ្មានអីជាស្តង់ដារអន្តរជាតិអីតែម្ដង។ យើងគ្មានអីលាក់លៀមទេ »។
នៅពេលវិទ្យុអាស៊ីសេរី សួរពាក់ព័ន្ធនឹងការខ្ចីបុលពីប្រទេសចិន នៅក្នុងវេទិកាសាធារណៈនោះ លោក វង្សី វិស្សុត បានលើកឡើងពីគុណសម្បត្តិរបស់ប្រទេសចិន ថាបានរួមចំណែកមិនអាចខ្វះបានក្នុងការរក្សាកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ លោកអះអាងថា ការខ្ចីប្រាក់ពីប្រទេសចិន ជាជម្រើសនយោបាយដ៏ត្រឹមត្រូវ៖ « អត់មានចិន អត់មានសព្វថ្ងៃនេះទេ ត្រូវចេះទទួលស្គាល់ ចេះតែចោទយើងថាកុំទៅចិន ទៀតយ៉ាងម៉េច។ យើងមិនចង់ទ្រចិន អីទេ ប៉ុន្តែបើចិន ឲ្យរបស់ដែលយើងត្រូវការ យើងមិនយក ! ខ្ញុំសួរ បើយើងជាអ្នកដឹកនាំរដ្ឋាភិបាល ជាគ្រួសារមួយ យើងកំពុងត្រូវការអាហ្នឹង ហើយគេឲ្យអាហ្នឹង ហើយការប្រាក់ទាបទៀត យើងមិនយក ! មិនយករបស់អ្នកឯងទេ ច្រើនហើយ ខ្ចីចិន ច្រើនហើយ ទៅខ្ចីអ្នកផ្សេង អ្នកផ្សេងដាក់មក មិនឲ្យគ្រប់ លក្ខខណ្ឌច្រើន យកអាណាឥឡូវ ?»។
ក្រៅពីមន្ទិលពាក់ព័ន្ធនឹងគម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ វិទ្យុអាស៊ីសេរី បានពិនិត្យឃើញមានភាពមិនច្បាស់លាស់មួយចំនួន ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់កម្ចីពីប្រទេសចិន នៅពេលប្រៀបធៀបតួលេខមួយចំនួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ដីពីប្រាក់កម្ចីពីប្រទេសចិន ទៅនឹងតួលេខក្នុងរបាយការណ៍ស្ដីពីប្រាក់កម្ចីពីបរទេសក្នុងឆមាសទី២ នៃឆ្នាំ២០១៤ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជូនទៅរដ្ឋសភា គិតត្រឹមខែមីនា ឆ្នាំ២០១៦។
ការប្រៀបធៀបតួលេខទាំងនោះរកឃើញភាពស្រពិចស្រពិលមួយចំនួនដូចតទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាយការណ៍ទៅរដ្ឋសភាថា ក្នុងឆមាសទី២ ឆ្នាំ២០១៤ មានកិច្ចព្រមព្រៀងចំនួន៤ ដែលរដ្ឋាភិបាលបានចុះហត្ថលេខាខ្ចីប្រាក់ពីប្រទេសចិន។ រីឯក្នុងប្រព័ន្ធទិន្នន័យស្ដីពីជំនួយអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិញ រកឃើញគម្រោងចំនួនបីប៉ុណ្ណោះ ដែលត្រូវបានចុះហត្ថលេខាក្នុងឆមាសទី២ ឆ្នាំ២០១៤ នោះ។
គម្រោងដែលបាត់ពីប្រព័ន្ធទិន្នន័យនោះ គឺកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាប្រភេទប្រាក់កម្ចីមិនគិតការប្រាក់សរុបប្រមាណជា ៣២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់យកទៅប្រើប្រាស់លើគម្រោងនានា តាមការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
ចំណុចមន្ទិលមួយទៀត គឺនៅត្រង់កិច្ចព្រមព្រៀងមួយស្ដីពីគម្រោងស្ថាបនាពង្រីកខ្សែបញ្ជូនអគ្គិសនីដល់ជនបទជំហានទី២ ដែលរដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។
របាយការណ៍ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជូនទៅរដ្ឋសភា លើកឡើងថា ប្រាក់កម្ចីនោះមានទឹកប្រាក់ប្រមាណ ៤៧លានដុល្លារសហរដ្ឋអាមេរិក (៤៧,០៨លានដុល្លារអាមេរិក) ប៉ុន្តែនៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិញ ប្រាក់កម្ចីនោះមានទឹកប្រាក់ជាង ៨លានដុល្លារអាមេរិកប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី បានបន្តទាក់ទងតាមទូរស័ព្ទ ដើម្បីសុំការបកស្រាយពីរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត និងអគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងនេះ គឺលោក ប៉ែន ធីរុង្គ នៅថ្ងៃទី១៥ ខែមីនា ក៏ប៉ុន្តែនៅតែមិនទទួលបានការឆ្លើយតប។
ខណៈការគ្រប់គ្រងថវិកាមិនមានតម្លាភាព បំណុលដែលកម្ពុជា ជំពាក់បរទេសពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៤ មានចំនួនសរុបជាង ៧ពាន់លានដុល្លារសហរដ្ឋអាមេរិក (៧.១១៥,៧លានដុល្លារ) ដោយមិនគិតបំណុលចាស់ ឬហៅថាបំណុលជាមរតក។
រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា ត្រឹមដើមឆ្នាំ២០១៦ នេះ ៤៥% នៃបំណុលសរុប គឺជាប្រាក់ដែលកម្ពុជា ជំពាក់ចិន ហើយជាប្រភេទបំណុលដែលរដ្ឋាភិបាលកម្ពុជា ចូលចិត្តខ្ចី ដោយសារមិនមានលក្ខខណ្ឌ។
ទោះបីជាយ៉ាងណា អ្នកនិពន្ធសៀវភៅស្ដីពីការពឹងផ្អែកលើជំនួយអភិវឌ្ឍន៍នៅកម្ពុជា (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោកបណ្ឌិត អៀ សុផល មានប្រសាសន៍ថា មិនមានជំនួយណាជាជំនួយឥតលក្ខខណ្ឌនោះទេ៖ « ទស្សនៈដែលលើកឡើងថា ជំនួយឥតលក្ខខណ្ឌនោះ គឺខុសទាំងស្រុង ពីព្រោះអ្នកណាក៏រំពឹងចង់បានអ្វីមួយទៅវិញដែរ។ ឧទាហរណ៍ ចិន អាចនឹងចង់បានការអនុគ្រោះដល់ការវិនិយោគរបស់ខ្លួន អាចនឹងចង់បានកិច្ចសន្យាសម្រាប់ក្រុមហ៊ុនចិន មកសាងសង់ផ្លូវ ស្ពាន ទំនប់វារីអគ្គិសនីជាដើម។ ការធ្វើដូច្នេះ មានន័យថា ចិន ទទួលបានលុយចូលហោប៉ៅខ្លួនឯងវិញក្នុងករណីណាក៏ដោយ »។
ទាក់ទងនឹងគម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរដ្ឋាភិបាលអះអាងថាជាជំនួយឥតសំណងរបស់ចិន នេះ លោក អៀ សុផល យល់ថា ជាជំនួយដែលមិនបំពេញតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជា និងខ្វះតម្លាភាព៖ « ក្នុងទឹកប្រាក់ ១៥០លានដុល្លារ តើយើងអាចដោះស្រាយបញ្ហាសុខាភិបាលនៅកម្ពុជា បានប៉ុណ្ណា ? តើយើងអាចយកមកអភិវឌ្ឍវិស័យអប់រំបានប៉ុណ្ណា ? ឧទាហរណ៍ ទាំងនេះជាអ្វីដែលយើងគួរធ្វើការប្រៀបធៀប។ លុយ ១៥០លានដុល្លារ មិនមែនតិចតួចទេ។ ផ្ទុយទៅវិញ យើងទទួលបានពហុកីឡដ្ឋានមួយទៅវិញ ដោយប្រើលុយ ១៥០លានដុល្លារនោះ ដែលហាក់ដូចជាមិនសមហេតុផលទាល់តែសោះ។ គេថាជំនួយនោះមានទឹកប្រាក់ ១៥០លានដុល្លារ ប៉ុន្តែបើក្រុមហ៊ុនចិន ជាអ្នកសាងសង់ គេអាចស៊ុមគ្រលុំនឹងអ្នកដែលកាន់លុយនោះ ក្នុងការក្លែងបន្លំតម្លៃ ដោយអះអាងថា សង់អស់ ១៥០លានដុល្លារ តែតាមពិត សង់អស់តែ ៥០លានដុល្លារប៉ុណ្ណោះ ហើយធ្វើពុតថា ខ្លួនបានផ្ដល់ជំនួយដល់យើងក្នុងទឹកប្រាក់ ១៥០លានដុល្លារអាមេរិក »។
ប្រទេសចិន បានក្លាយជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ចាប់ពីឆ្នាំ២០១០ មក។

ការវិភាគរបស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (The NGO Forum on Cambodia) ដោយប្រើទិន្នន័យប្រាក់កម្ចីបរទេសពីឆ្នាំ២០០០ ដល់ឆ្នាំ២០១១ រកឃើញថា ប្រាក់កម្ចីពីប្រទេសចិន មានអត្រាការប្រាក់ជាមធ្យមខ្ពស់ជាងគេ (១,៨២%) ធៀបនឹងប្រាក់កម្ចីពីម្ចាស់ជំនួយដទៃ។
សន្ទស្សន៍ស្ដីពីតម្លាភាពថវិកាឆ្នាំ២០១៥ បានដាក់ពិន្ទុឲ្យកម្ពុជា ក្នុងកម្រិតទាបបំផុត ហើយការវាយតម្លៃនោះកត់សម្គាល់ថា ចាប់ពីឆ្នាំ២០១២ មក រដ្ឋាភិបាលកម្ពុជា កាន់តែលាក់បាំងព័ត៌មានស្ដីពីថវិកា ដោយមិនបានគោរពតាមគោលការណ៍ស្ដីពីតម្លាភាពថវិកាដែលអន្តរជាតិបានកំណត់ឡើយ។
ដោយសារកង្វះតម្លាភាពនេះ អ្នកជំនាញលើកឡើងថា ការខ្ចីបុលពីប្រទេសចិន មិនរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឡើយ ខណៈដែលរដ្ឋាភិបាលកំពុងមាននិន្នាការទៅរកប្រាក់កម្ចីចិន ដែលជាប្រទេសមិនដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។