ក្រុមហ៊ុនឯកជនមួយនៅសហរដ្ឋអាមេរិកដែលនាំមុខគេក្នុងការងារតាមដានសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតឈ្មោះហ្វាយអឺរអាយ (FireEye) រកឃើញថា ក្រុមចោរបច្ចេកវិទ្យា ឬហេកគ័រ (Hacker) ដ៏ល្បីឈ្មោះមួយដែលមានទំនាក់ទំនងគួរឲ្យសង្ស័យជាមួយនឹងរដ្ឋាភិបាលចិន បានប្រើបច្ចេកវិទ្យាលុកលុយស្ថាប័នជាច្រើនរបស់កម្ពុជាដែលធ្វើការងារពាក់ព័ន្ធដំណើរការបោះឆ្នោត។ គោលដៅនៃការវាយប្រហារនោះ រួមមានស្ថាប័នរដ្ឋាភិបាល មន្ត្រីគណបក្សសង្គ្រោះជាតិ មន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។
ក្រុមហ៊ុនហ្វាយអឺរអាយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី១០ ខែកក្កដា លាតត្រដាងថា ក្រុមចោរបច្ចេកវិទ្យាមួយក្រុមឈ្មោះ ថិមផ៍ ភើរីស្កូប (TEMP.Periscope) ដែលត្រូវគេសង្ស័យថា មានទំនាក់ទំនងនឹងរដ្ឋាភិបាលចិន បានប្រើប្រាស់បច្ចេកទេសផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីលុកលុយស្ថាប័ន និងបុគ្គលជាច្រើននៅកម្ពុជាដែលធ្វើការពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតដើម្បីស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន។
ក្រុមហ៊ុនហ្វាយអឺរអាយ ជឿថា សកម្មភាពរបស់ក្រុមចោរបច្ចេកវិទ្យា ឬ ហេកគ័រនេះធ្វើឡើងក្នុងបំណងផ្ដល់ដល់រដ្ឋាភិបាលចិន នូវព័ត៌មានសម្ងាត់អំពីការបោះឆ្នោតនៅកម្ពុជា និងប្រតិបត្តិការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន។ ប៉ុន្តែរដ្ឋាភិបាលចិនបានបដិសេធថា ខ្លួនមិនមានការពាក់ព័ន្ធនឹងក្រុមហេកគ័រឈ្មោះ ថិមផ៍ ភើរីស្កូប នោះទេ នេះបើយោងតាមការចុះផ្សាយរបស់កាសែតFinancial Times។
ក្រុមហ៊ុន ហ្វាយអឺរអាយ ដដែលអះអាងថា ខ្លួនបានតាមដានក្រុមចោរបច្ចេកវិទ្យានេះតាំងពីឆ្នាំ២០១៣មក ហើយរកឃើញថា ក្រុមនេះធ្លាប់មានប្រវត្តិវាយប្រហារតាមអ៊ីនធឺណិតទៅលើស្ថាប័នរដ្ឋ និងឯកជនជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប។
របាយការណ៍របស់ក្រុមហ៊ុន ហ្វាយអឺរអាយ បញ្ជាក់ថា ស្ថាប័នកម្ពុជាដែលរងការវាយលុកពីក្រុមចោរបច្ចេកវិទ្យាឈ្មោះ ថិមផ៍ ភើរីស្កូប មានដូចជា៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងមហាផ្ទៃ ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មន្ត្រីសង្គមស៊ីវិលតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលតែងតែរិះគន់រដ្ឋាភិបាល មន្ត្រីការទូតកម្ពុជាពីររូបធ្វើការនៅក្រៅប្រទេស និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា ធ្លាប់មានការព្យាយាមវាយប្រហារពីសំណាក់ជនមិនស្គាល់មុខមកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក និងមន្ត្រីគ.ជ.បមួយចំនួនតាមរយៈអ៊ីមែលពិតមែន ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយប្រមាណមួយខែមកហើយ និងមិនមានផលប៉ះពាល់អ្វីដល់ទិន្នន័យរបស់គ.ជ.បឡើយ៖ «ខ្ញុំទទួលស្គាល់ថា មានការហេក (Hack) ការអីណា បាទ ! ប៉ុន្តែព័ត៌មានវាច្រើនពេក ខ្ញុំផ្ទាល់ខ្ញុំពិបាកក្នុងការជឿយកព័ត៌មានទាំងឡាយដែលមិនមែនជា ព័ត៌មាន ... ខ្ញុំមិនដឹងថា ជឿទុកចិត្តបានកម្រិតណា»។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនទទួលបានដំណឹងពី មានការវាយប្រហារតាមអ៊ីនធឺណិតមកលើស្ថាប័នរដ្ឋនោះទេ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាថ្កោលទោសរាល់ការប៉ុនប៉ងរបស់រដ្ឋណាមួយក្នុងការស៊ើបការណ៍សម្ងាត់ពីកម្ពុជា៖ «អ្វីដែលជាជំហររបស់ប្រទេសកម្ពុជា រដ្ឋាភិបាលនឹងថ្កោលទោសរាល់សកម្មភាពណាដែល Hacking ឬក៏ Spying ឬក៏មកស៊ើបការណ៍ពីសាច់រឿងខ្មែរដែលប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា មិនថាក្រុមហ្នឹងបុគ្គលហ្នឹងនៅជាមួយអ្នកណា ឬក៏យ៉ាងណានោះទេ»។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នផ្សេងទៀតដែលរងការរំខានដោយក្រុមហេកគ័រនោះ ។ ភស្ដុតាងដែលក្រុមហ៊ុនហ្វាយអឺរអាយ ដាក់បង្ហាញ នៅលើគេហទំព័ររបស់ខ្លួន ឲ្យដឹងថា ក្រុមហេកគ័របានប្រើប្រាស់ឈ្មោះអង្គការលីកាដូ ផ្ញើអ៊ីមែលទៅកញ្ញាកឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីខែមិថុនា ដោយបោកបញ្ឆោតឲ្យកញ្ញា កឹម មនោវិទ្យា បំពេញកម្រងសំណួរមួយស្ដីពីស្ថានភាពនយោបាយនៅកម្ពុជា។
ក្នុងអំឡុងខែមិថុនាដដែល ករណីស្រដៀងគ្នានេះក៏បានកើតឡើងទៅលើវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDRI កាលពីខែមិថុនា ដែរ។ ក្រុមចោរបច្ចេកវិទ្យាបានប្រើប្រាស់ឈ្មោះរបស់ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ផ្ញើសារទៅកាន់អង្គការផ្សេងទៀត ដោយក្លែងបន្លំជាការអញ្ជើញឱ្យអង្គការនោះចូលរួមក្នុងសន្និសីទដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។
អ្នកសិក្សាផ្នែកបច្ចេកវិទ្យា និងជាប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសង់ត្រាល់ (CENTRAL) លោក ង៉ែត ម៉ូសេ ឲ្យដឹងថា លោកបានកត់សម្គាល់ឃើញមានសកម្មភាពរបស់ក្រុមHacker នេះ តាំងពីខែមិថុនាថ្មីៗកន្លងទៅ ដែលបានកើតឡើងចំពោះអង្គការសង្គមស៊ីវិលផ្សេង ប៉ុន្តែ លោកមិនទាន់ឃើញតម្រុយណាមួយពីក្រុមហេកគ័រ សំដៅមករកស្ថាប័នរបស់លោកនៅឡើយ។
ទោះយ៉ាងណា លោកព្រួយបារម្ភថា អង្គការសង់ត្រាល់ក៏អាចជាគោលដៅមួយរបស់ក្រុមហេកគ័រនោះដែរ ដោយសារស្ថាប័នលោកធ្វើការងារការពារសិទ្ធិមនុស្ស។
ក្រុមហ៊ុនហ្វាយអឺរអាយ កត់សម្គាល់ក្នុងរបាយការណ៍របស់ខ្លួនថា កន្លងទៅក្រុមនេះធ្លាប់ធ្វើសកម្មភាពផ្ដោតសំខាន់លើវិស័យនាវាចរណ៍ ប៉ុន្តែភស្តុតាងថ្មីស្ដីពីសកម្មភាពរបស់ក្រុមនេះមកលើប្រទេសកម្ពុជា ចង្អុលបង្ហាញថា ក្រុមហេកគ័រដែលមានប្រភពមកពីប្រទេសចិននេះ ក៏នឹងមានគោលដៅផ្ដោតទៅលើប្រព័ន្ធនយោបាយនៃបណ្ដាប្រទេសដែលមានសារសំខាន់ជាយុទ្ធសាស្ត្រដល់ប្រទេសចិនផងដែរ។
ក្រុមហ៊ុនជំនាញផ្នែកសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតនេះ យល់ថា ការដាក់គោលដៅថ្មីរបស់ក្រុមហេកគ័រចិននេះ អាចដោយសារតែការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីនៅពេលថ្មីៗនេះ គណបក្សប្រឆាំងបានឈ្នះឆ្នោតយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដែលជំរុញឲ្យរដ្ឋាភិបាលចិន ត្រូវតាមដានឃ្លាំមើលឲ្យបានល្អិតល្អន់នូវដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីដឹងឲ្យបានច្បាស់អំពីស្ថានការណ៍នយោបាយក្នុងប្រទេសនេះ។
ទោះយ៉ាងណា ក្រុមហ៊ុនហ្វាយអឺអាយ បញ្ជាក់ថា ខ្លួនមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីសន្និដ្ឋានអោយបានជាក់លាក់ ថាតើសកម្មភាពក្រុមហេកគ័ររបស់ចិននេះ ធ្វើឡើងគ្រាន់តែដើម្បីប្រមូលព័ត៌មានសម្ងាត់អំពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ឬក៏ជាផ្នែកមួយនៃប្រតិបត្តិការធំជាងនេះនោះទេ។ ទោះយ៉ាងណា ក្រុមហ៊ុននេះចាត់ទុកសកម្មភាពរបស់ក្រុមហេកគ័រចិនមកលើប្រទេសកម្ពុជាថា ជាឧទាហរណ៍ថ្មីមួយស្ដីពីប្រតិបត្តិការប្រមូលការណ៍សម្ងាត់ពាក់ព័ន្ធដំណើរការបោះឆ្នោត យ៉ាងទូលំទូលាយលើពិភពលោករបស់រដ្ឋាភិបាលចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។