ភាគីសហជីពកម្មករ និងភាគីនិយោជក ឬថៅកែរោងចក្រ នៅមិនទាន់អាចរកចំណុចរួមគ្នាឃើញនៅឡើយនៅក្នុងការប្រជុំកំណត់ប្រាក់ឈ្នួលនៅថ្ងៃទី៩ ខែកញ្ញានេះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន អោយអាស៊ីសេរីដឹងថា ក្នុងកិច្ចប្រជុំរៀបចំដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ ភាគីសហជីពបានស្នើនូវតួលេខ ជាង១២ដុល្លារ (១២,៣៥ ) ដើម្បីបន្ថែមទៅលើប្រាក់ឈ្នួលគោលចាស់។ លោកថាតាមការស្នើនេះ ប្រាក់ឈ្នួលអប្បបរមាដែលសហជីពទាមទារគឺជាង២០២ដុល្លារ (២០២,៣៥) សម្រាប់ឆ្នាំ២០២១។ លោក អាត់ ធន់ អោយដឹងទៀតថា ភាគីថៅកែក្រុមហ៊ុនបានត្អូញត្អែរពីបញ្ហានានា ដែលធ្វើអោយវិស័យកាត់ដេរ និងផលិតស្បែកជើងកំពុងប្រឈម ហេតុនេះបានស្នើនូវតួលេខជាង១៧ដូល្លារ ដែលមានន័យថាភាគីថៅកែទាមទារអោយប្រាក់ឈ្នួលគោលថ្មីអាចថយចុះពីឆ្នាំចាស់ចំនួន១៧ដូល្លារ៖ «ដែលយើងបូកអតិផរណាហ្នឹង៣,១% យើងបូកលទ្ធភាព២,១% ហើយបូកកម្រិតចំណេញក្នុងវិស័យហ្នុង១,៣% បើយើងសរុបទៅស្មើ៦,៥% ហើយបើយើងយកប្រាក់ឈ្នួលគោល១៩០មកគណនាយើងបាន១២,៣៥ដុល្លារ។ ចំណែកនិយោជកបានបង្ហាញថាមិនអាចតម្លើងបានទេដោយសាររោងចក្របិទ គ្មានអរឌ័រ (អ្នកបញ្ញាទិញ) គ្មានលទ្ធភាពអីទៅមុខទៀតទេ គឺគេក៏យកទល្ហីករណ៍ផ្សេងៗទៀតដែរដូចជាផលិតភាពធ្លាក់ចុះ ដូចជាប្រកួតប្រជែងធ្លាក់ចុះ នាំចេញធ្លាក់ចុះ ស្អីៗជាច្រើនទៀត ដែលមានចំនួនដល់ទៅដក៩,១៥% ដែលគណនាទៅគឺជាង១៧ដុល្លារ។»
លោក អាត់ ធន់ បន្តថាដោយសារបញ្ហាប្រទាំងប្រទើសគ្នានេះហើយ ទើបការចរចានៅមិនទាន់មានលទ្ធផលនៅឡើយ។
សេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលដែលចេញនៅក្រោយការចរចារនេះអោយដឹងថា គ្រប់ភាគីនឹងបន្តការចរចារគ្នាបន្តទៅទៀតនៅថ្ងៃទី១០ ខែកញ្ញា ស្អែកនេះ។
តាមច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាមាត្រា១២ ចែងថា ក្នុងករណីមិនមានការឯកភាពគ្នាជាឯកឆន្ទលើចំណុចណាមួយក្នុងកិច្ចប្រជុំចំនួន២ដងផ្សេងគ្នា គឺតម្រូវអោយមានការបោះឆ្នោតរកសំឡេងភាគច្រើន។ ចំណែកមាត្រា១៣ ចែងថាតួលេខដែលបានពីកិច្ចប្រជុំអាចត្រូវបញ្ជូនទៅរដ្ឋាភិបាលមុននឹងប្រកាសអោយអនុវត្ត។
ប្រាក់ឈ្នួលអប្បបរមាកម្មករក្នុងឆ្នាំ២០២០ នេះគឺ ១៩០ដុល្លារ ក្នុងនោះតួលេខបានពីការចរចារគឺ១៨៧ ដុល្លារ ចំណែក៣ដុល្លារទៀតបានពីប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។