កម្មកររោងចក្រវ៉ីបូ បេស្ត ប្រូដាក់សិន (Weibo Best Production Cambodia) ប្រមាណ ២០០នាក់ បានធ្វើកូដកម្ម ៣ថ្ងៃហើយនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ ស្ថិតក្នុងសង្កាត់កន្ទក់ ខណ្ឌពោធិ៍សែនជ័យ ដើម្បីទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់ខែជូនពួកគាត់។
តំណាងកម្មករម្នាក់ឲ្យដឹងថា ថៅកែរោងចក្រវ៉ីបូ ប្រូដាក់សិន មិនបានបើកប្រាក់ខែក្នុងខែ១២ នៅឡើយ ហើយបានបិទទ្វាររោងចក្រ។ ស្ត្រីរូបនេះបន្ថែមថា ប្រាក់ខែរបស់ពួកគាត់ បើបូកទាំងថែមម៉ោង អ្នកខ្លះបាន ២០០ដុល្លារដែរ ប៉ុន្តែបែរជាក្រុមហ៊ុនបិទទ្វារមិនទទួលខុសត្រូវ បណ្ដាលឲ្យពួកគាត់កំពុងជួបការខ្វះខាតជីវភាព៖ «ខ្ញុំសូមសំពះលោកដៃអង្វរសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ មេត្តាអាណិតធ្វើយ៉ាងណាជួយឲ្យក្រុមហ៊ុននោះ បើកលុយឲ្យពួកខ្ញុំកម្មករគ្រប់គ្នា។ បងប្អូននៅផ្ទះជួលខ្លះគ្មានលុយទិញអីហូបទេ គ្មានលុយសងគេទេ»។
ក្រៅពីនេះ កម្មករទាំងអស់ក៏ទាមទារឲ្យក្រុមហ៊ុន បញ្ជាក់ឲ្យច្បាស់ថា ក្រុមហ៊ុនដំណើរការបន្ត ឬក៏បិទទ្វារ ហើយបើបិទទ្វារ ត្រូវទូទាត់តាមផ្លូវច្បាប់ជូនកម្មករ និងកម្មការិនី ព្រមទាំងសងប្រាក់រំឭកអត្ថប្រយោជន៍ទាំងឡាយដែលក្រុមហ៊ុនមិនបានផ្តល់ជូនកម្មករកន្លងមក។
ទាក់ទិនបញ្ហានេះ មន្ត្រីប្រធានប្រតិបត្តិការនៃសហជីពពលកម្មកម្ពុជា លោក ឆែ សំអាត លើកឡើងថា ការដែលក្រុមហ៊ុនប្រើប្រាស់កម្លាំងពលកម្មរបស់កម្មករ ហើយមិនបើកប្រាក់ខែជូននោះ គឺជាការរំលោភសិទ្ធិកម្មករយ៉ាងធ្ងន់ធ្ងរ ហើយនិងរំលោភច្បាប់របស់កម្ពុជា ទៀតផង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ដើម្បីសុំការបញ្ជាក់ពីបញ្ហានេះបាននៅឡើយទេ ប៉ុន្តែក្រុមសហជីពអះអាងថា ភាគីក្រុមហ៊ុនហាក់គ្មានឆន្ទៈដោះស្រាយឡើយ ដោយអះអាងថា គ្មានថវិកា។
ក្រុមសហជីព រួមជាមួយកម្មករអះអាងថា បើពុំមានដំណោះស្រាយនោះទេ ពួកគាត់នឹងបន្តដាក់ញត្តិទៅក្រសួងការងារ ដើម្បីសុំឲ្យចុះធ្វើអធិការកិច្ច និងវាយតម្លៃលើអចលនវត្ថុ ដើម្បីលក់យកលុយមកបើកប្រាក់ឈ្នួលជូនកម្មករចំនួនជាង ១ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។