ពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលប្រើសេវាកម្មទូរទស្សន៍ខ្សែកាបមួយឈ្មោះ ប៊ី.អ.ស៊ីធីវី (BRCTV) ត្អូញត្អែរចំពោះការប្រកាសដំឡើងថ្លៃសេវាបន្ថែម។ ពលរដ្ឋថា ស្របពេលថ្លៃអគ្គិសនី និងប្រេងចុះថោក តែក្រុមហ៊ុនខ្សែកាបមួយនេះបែរជាទាមទារឡើងថ្លៃទៅវិញ។
យ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុនបញ្ជាក់ថា ការដំឡើងថ្លៃនោះ គឺដើម្បីរក្សានិរន្តរភាពនៃដំណើរការរបស់ក្រុមហ៊ុន និងដើម្បីឆ្លើយតបទៅនឹងតម្លៃផលិតផលទីផ្សារ និងកម្លាំងពលកម្មបច្ចុប្បន្ន។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបឯកជនមួយ ដែលមានទីតាំងនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ បានប្រាប់ទៅពលរដ្ឋជាអតិថិជនរបស់ខ្លួន ឲ្យត្រៀមលក្ខណៈដើម្បីបង់ថ្លៃមួយដែលខុសពីមុន។ ក្រុមហ៊ុន ប៊ី.អ.ស៊ីធីវី ជូនដំណឹងទៅពលរដ្ឋថា ខ្លួននឹងត្រូវដំឡើងថ្លៃសេវាបន្ថែម ២ដុល្លារក្នុងមួយខែ គឺពីតម្លៃ ៥ដុល្លារ ទៅ ៧ដុល្លារ ស្មើនឹងបន្ថែម ២០ដុល្លារក្នុងមួយឆ្នាំ គឺពី ៥០ដុល្លារ ទៅ ៧០ដុល្លារវិញ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥។
ក្នុងលិខិតបញ្ជាក់ថា ការដំឡើងតម្លៃនេះ គឺដោយសារតម្លៃទទួលរូបភាពពីផ្កាយរណប និងស្ថានីយទូរទស្សន៍បរទេស គឺគេឡើងថ្លៃជារឿយៗ ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះពិបាកទប់ទល់ការចំណាយប្រចាំខែរបស់ខ្លួន។
ប្រតិកម្មចំពោះបញ្ហានេះ ប្រជាពលរដ្ឋបញ្ជាក់ថា ការឡើងថ្លៃបែបនេះធ្វើឲ្យពួកគាត់ជួបបញ្ហាមិនខាន។
ពលរដ្ឋម្នាក់នៅឃុំបល្ល័ង្ក លោក យោគ រ៉ាវី មានប្រសាសន៍ថា ការដំឡើងថ្លៃ គឺអាចធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលមានប្រាក់ចំណូលប្រចាំថ្ងៃតិចតួច។ លោកទទួលស្គាល់ថា ការភ្ជាប់សេវាទូរទស្សន៍ខ្សែកាបមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែបើតម្លៃខ្ពស់ក៏ពលរដ្ឋមិនអាចទទួលយកបានដែរ។ ម្យ៉ាង ការដំឡើង គឺមិនមានលិខិតណាមួយយល់ព្រមពីអាជ្ញាធរទេ៖ «ខ្ញុំគិតថាមិនសមហេតុសមផលទេការដំឡើងថ្លៃពេលនេះ។ បើយើងពិនិត្យទៅខ្សែកាបដល់ពលរដ្ឋនៅកំពង់ថ្ម នេះ គឺមិនទាក់ទងអីនឹងការឡើងថ្លៃ»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ លោក សុផល ងឿងឆ្ងល់ថា តម្លៃទំនិញផ្សេងនៅលើទីផ្សារដូចជាប្រេង អគ្គិសនីជាដើមធ្លាក់ចុះទៅហើយ ហេតុអ្វីក្រុមហ៊ុននេះចាំបាច់អីនឹងដំឡើងថ្លៃទៀតនោះ?៖ «ខ្ញុំនឹងពិភាក្សាគ្នាជាមួយអ្នកប្រើប្រាស់ហ្នឹងឡើងទៅលើរកអង្គការអីជួយដោះស្រាយ ក្រែងលោបានធូរស្រាលជាងនេះ»។
ឆ្លើយតបចំពោះប្រតិកម្មរបស់ពលរដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនទូរទស្សន៍ខ្សែកាប ប៊ី.អ.ស៊ីធីវី លោក តឹក ចាន់ថុល មានប្រសាសន៍បញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនមិនដំឡើងថ្លៃទេ ក្រុមហ៊ុនអាចនឹងត្រូវដួលរលំ ពីព្រោះមិនអាចទូទាត់ការចំណាយថ្លៃឈ្នួល និងសម្ភារៈក្នុងពេលបច្ចុប្បន្នបាន។ លោកថា អស់រយៈពេលជាង ១០ឆ្នាំមកហើយ ក្រុមហ៊ុនមិនដែលដំឡើងថ្លៃទេ ហើយការដំឡើងថ្លៃនេះ ខាងលោកគិតគូរយ៉ាងម៉ត់ចត់ ទើបសម្រេចប្រកាសដំឡើងថ្លៃមួយគិតថាអតិថិជនទទួលយកបាន ព្រោះតម្លៃទូរទស្សន៍ខ្សែកាបនៅតំបន់ផ្សេងៗ គឺគេមានតម្លៃរហូតដល់ទៅ ១០ដុល្លារក្នុងមួយខែ៖ «ដំណើរការក្រុមហ៊ុនអីមួយ គឺត្រូវការសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់យើងហ្នឹងមកទប់ទល់ ដើម្បីឲ្យមានរយៈពេលយូរ។ ហើយខ្ញុំត្រូវគិតដល់បុគ្គលិករបស់ពួកខ្ញុំដែរ»។
ប្រភពដដែលបន្តថា ការដំឡើងថ្លៃ គឺអាជ្ញាធរមិនពាក់ព័ន្ធឡើយ ប៉ុន្តែខាងក្រុមហ៊ុនក៏មិនបានដំឡើងហួសហេតុនោះដែរ។ លោកបញ្ជាក់ថា ខាងលោកមិនអាចសម្របសម្រួលឲ្យតម្លៃចុះមកនៅដូចដើម ស្របតាមការទាមទាររបស់ពលរដ្ឋបានទេ ហើយពួកគាត់អាចមានសិទ្ធិបញ្ឈប់ការប្រើប្រាស់សេវាកម្មក្រុមហ៊ុនទូរទស្សន៍ខ្សែកាបមួយនេះបាន ប្រសិនបើយល់ថាតម្លៃមិនសមរម្យនោះ។
យ៉ាងណា ពលរដ្ឋ គឺចង់ឲ្យអាជ្ញាធរជួយដោះស្រាយលើបញ្ហាមួយនេះ ដើម្បីរកចំណុចរួមណាមួយ។
ដោយឡែកអភិបាលស្រុកបារាយណ៍ លោក ហាក់ ម៉ុងហួត មានប្រសាសន៍ថា ខាងលោកមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ ប៉ុន្តែលោកថានឹងស្រាវជ្រាវលើបញ្ហានេះ ដើម្បីឈានទៅសម្របសម្រួលជាក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។