លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅការទាមទាររកដំណោះស្រាយរបស់ក្រុមកម្មករជាច្រើនរយនាក់ នៅក្បែរផ្ទះរបស់លោក ជិតវិមានឯករាជ្យថា ជារឿងខុសច្បាប់ ទាក់ទងនឹងការទាមទារបើកប្រាក់អតីតភាពការងារ។ នៅព្រឹកថ្ងៃទី១៨ មីនា លោក ហ៊ុន សែន ថ្លែងជាសាធារណៈ ទៅមេដឹកនាំសហជីព លោក អាត់ ធន់ ឲ្យបញ្ឈប់សកម្មភាពដឹកនាំកម្មករដែលធ្វើការតវ៉ានេះ។ ចំណែកលោក អាត់ ធន់ យល់ថា ការផ្ដល់ព័ត៌មានមិនបានជាក់លាក់ ពីសំណាក់មន្ត្រីក្រសួងការងារទៅរដ្ឋមន្ត្រីក្រសួងការងារ ហើយបន្តទៅនាយករដ្ឋមន្ត្រី អាចធ្វើឲ្យមានការយល់ច្រឡំអំពីការទាមទារពិតប្រាកដរបស់កម្មករ។
ទាក់ទងនឹងវិវាទការងាររវាងក្រុមកម្មករនិងថៅកែរោងចក្រ W&D ក្នុងក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក មិនអាចដោះស្រាយឲ្យបានទេ ជុំវិញការចង់បានក្រុមកម្មករជាង១០០នាក់ រឿងបើកប្រាក់អតីតភាពការងារពីថៅកែរោងចក្រ ក្រោយពីលោកទទួលព័ត៌មាននោះ ពីរដ្ឋមន្ត្រីក្រសួងការងារ លោក អិត សំហេង។ លោក ហ៊ុន សែន បញ្ជាក់ថា ប្រាក់ខែរបស់កម្មករមិនបាត់បង់ទេ តែត្រូវធ្វើទៅតាមច្បាប់ការងារ ដោយបើកប្រាក់អតីតភាពការងាររាល់៦ខែម្ដង។ ក្រៅពីនេះ លោក ហ៊ុន ស្នើឲ្យកម្មករឈប់ជឿតាមការញុះញង់របស់អ្នកដទៃ៖ «រោងចក្រមួយហ្នឹងប៉ុន្មានរយនាក់ ប៉ុន្មានពាន់នាក់ ? ២០០០នាក់ ! ២ពាន់នាក់ ឥឡូវនៅសល់តែ១០០នាក់ទេ ប៉ុន្មានទៀតគេចូលធ្វើការវិញហើយ។ ទទួលនៅការពន្យល់ហើយ ប៉ុន្តែនៅសល់តែ១រយនាក់ នៅមុខហ្នឹងទៅ។ ហើយបើពូទៅជួបក៏ពូមិនអាចដោះស្រាយបានដែរ។ ហើយបើដោះស្រាយវិវាទនោះ គឺត្រូវដោះស្រាយឲ្យកម្មករទូទាំងប្រទេស។ អ៊ីចឹង ! ពួកថៅកែត្រូវចេញថវិកាអស់ម្ដង សរុបទៅប្រមាណជាង២ពាន់លាន។ ដោះស្រាយរួចហើយដើរចេញតែម្ដង ហើយអ៊ីចឹង យើងអត់ការងារមួយប្រទេសទៅអីយ៉ាងមិច ? អ៊ីចឹង ! សូមក្មួយឲ្យយោគយល់អំពីបញ្ហានេះ»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ យល់ថា ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សែន ចំពោះការតវ៉ារបស់ក្រុមកម្មករនេះ អាចជាការយល់ច្រឡំច្រើនជាង ដោយសារការផ្ដល់ព័ត៌មានមិនបានត្រឹមត្រូវពីថ្នាក់មន្ត្រីការងារ។ លោក អាត់ ធន់ ឲ្យដឹងថា មកដល់ពេលនេះ ចំនួនកម្មករដែលនៅបន្តធ្វើកូដកម្មមុខរោងចក្រW&D មិនមែន ១០០នាក់ទេ គឺមានជាង ១ពាន់នាក់ (១.២២៨នាក់) ក្នុងចំណោមកម្មករទាំងអស់ ១ពាន់ ៨រយនាក់។ លោក អាត់ ធន់ បញ្ជាក់ថា រាល់ពេលចរចារកដំណោះស្រាយជាមួយក្រសួងការងារអំពីវិវាទការងាររវាងកម្មករ និងថៅកែរោងចក្រW&Dនេះ លោកមិនបានទាមទារបើកប្រាក់អតីតភាពការងារឲ្យកម្មករនោះទេ៖ «ពីរបីខែហ្នឹង គឺខ្ញុំបានដោះស្រាយនៅក្រសួងហ្នឹង យើងមិនដែលទាមទារឲ្យគិតលុយសរុបទេ។ មានន័យថា ឲ្យបានចូលធ្វើការវិញនៅកន្លែងដើម និងរក្សាការងារកន្លែងដើមហ្នឹងឡើងវិញបានហើយតាមច្បាប់របស់ក្រសួងហ្នឹង។ អ៊ីចឹង ! ខ្ញុំគិតថា ករណីនៅក្នុងរោងចក្រនេះ គឺមានពីរនាក់ គឺឯកឧត្ដម ហ៊ឹម ហឿន មួយ និងឯកឧត្ដម ប្រាក់ ចាន់ធឿន មួយអ្នកធ្វើការរឿងហ្នឹង ប្រហែលជាគាត់រាយការណ៍ទៅឯកឧត្ដមរដ្ឋមន្ត្រីខុស ហើយឯកឧត្ដមរដ្ឋមន្ត្រីគាត់រាយការណ៍ទៅសម្ដេចនាយករដ្ឋមន្ត្រីខុស បានជាគាត់លើកឡើងអ៊ីចឹង។ តាមពិតទៅពីរចំណុចហ្នឹង អត់ទេ។ គិតលុយអតីតភាពការងារ គឺយើងអត់បានឯកភាព ហើយកម្មករក៏ឯកភាពលែងទារដែរ។ គ្រាន់តែពួកគាត់ចូលធ្វើការទេ»។
អាស៊ីសេរី មិនអាចសុំការបកស្រាយរឿងនេះ ពីអគ្គលេខាធិការនៃគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក ប្រាក់ ចាន់ធឿន បាននៅឡើយទេ ដោយហៅទូរស័ព្ទចូលតែមិនមានអ្នកទទួល។
ខណៈ លោក ហ៊ុន សែន ថ្លែងសុន្ទរកថា នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតជាង ១.៧០០នាក់នៅវិទ្យាស្ថានជាតិអប់រំ មានកម្មកររោងចក្រW&D ជាង ៥០០នាក់ ប្រមូលផ្ដុំគ្នានៅក្បែរផ្ទះរបស់លោក ជិតវិមានឯករាជ្យ ក្នុងក្រុងភ្នំពេញ ស្នើសុំកិច្ចអន្តរាគមន៍ជាថ្មី បន្ទាប់ពីពួកគាត់មិនឃើញមានដំណោះស្រាយណាមួយពីក្រសួងការងារ ឆ្លើយតបទៅនឹងការទាមទារឲ្យថៅកែរោងចក្រទទួលយកពួកគេជាង ១.២០០នាក់ ត្រលប់ចូលធ្វើការងារវិញបាន។ ការតវ៉ារបស់កម្មករ ដែលភាគច្រើនជាស្ត្រីធ្វើឡើងក្រោយពីពួកគេដាក់ញត្តិនៅក្រសួងការងារ និងខុទ្ទកាល័យលោក ហ៊ុន សែន ជិត ១ខែកន្លងមក។ កម្មករឲ្យដឹងថា មានកម្លាំងសមត្ថកិច្ចចម្រុះ ក្រុមនគរបាលបង្ក្រាបបាតុកម្មប្រដាប់ដោយខែល និងដំបងឆក់ កងរាជអាវុធហត្ថ និងកងសន្តិសុខខណ្ឌដូនពេញ សរុបប្រមាណ ៣០០នាក់ ដាក់ពង្រាយព័ទ្ធជុំវិញកម្មករ នៅក្បែររូបសំណាក់ព្រះបាទ នរោត្ដម សីហនុ ក្បែរវិមានឯករាជ្យ។
តំណាងកម្មកររោងចក្រកាត់ដេរ W&D លោក ផាត សាមុត យល់ថា ការដាក់កម្លាំងសមត្ថកិច្ចជាច្រើន អាចជាការគំរាមកំហែងដល់កម្មករ ខណៈពួកគាត់ទាមទាររកដំណោះស្រាយដោយសន្តិវិធី។ លោក ផាត សាមុត ឲ្យដឹងដែរថា ក្នុងពេលរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានមន្ត្រីការងារ និងអាជ្ញាធរចុះមកសម្របសម្រួល ហើយប្រាប់ឲ្យទៅដោះស្រាយនៅក្រសួងការងារវិញ ប៉ុន្តែក្រុមកម្មករមិនព្រម ដោយសារគ្មានចេញលិខិតស្នាមច្បាស់លាស់៖ «ខាងកម្មករ និងតំណាងកម្មករស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ហ្នឹងចេញក្រដាសបញ្ជាក់ឲ្យបានគ្រប់គ្រាន់មក ទៅដោះស្រាយនៅក្រសួងការងារថ្ងៃនេះម៉ោង ២។ ប៉ុន្តែខាងក្រសួងការងារ ឬមន្ត្រីពាក់ព័ន្ធថា មិនចាំក្រដាសអីទេ ឲ្យតែមកម៉ោង៣ គឺគាត់ដោះស្រាយហើយ មិនចាំបាច់រកក្រដាសបញ្ជាក់ទេ។ មូលហេតុកន្លងមក ការនិយាយអ៊ីចឹង ! គឺកម្មករតែងទុកពេលឲ្យរហូត មិនថា ២ថ្ងៃ ៣ថ្ងៃ ឬមួយសប្ដាហ៍ទេ។ ដល់ទុកពេលៗ ទៅ ដល់ថ្ងៃគាត់ថា អាណាអ្នកនិយាយ អាណាអ្នកប្រាប់ឯង។ មានពេលខ្លះមានក្រដាសអញ្ជើញហើយ អត់មានដោះស្រាយជូនកម្មករទៀត»។
វិវាទការងាររវាងថៅកែ និងកម្មកររោងចក្រ ដាប់ប៊ែលយូរ អែនឌី (W&D (Cambodia) Co.,Ltd) ដែលអូសបន្លាយជាង ២ខែមកនេះ ដោយសារភាគីថៅកែរោងចក្ររក្សាជំហរ មិនទទួលយកកម្មករជាង ១០០នាក់ឲ្យចូលធ្វើការវិញទេ ដោយចោទថា ពួកគេជាក្រុមញុះញង់ឲ្យកម្មករជាង ១.៧០០នាក់ផ្សេងទៀត ក្នុងចំណោមកម្មករជាង ១.៨០០រយនាក់ចេញតវ៉ា។ កម្មករឲ្យដឹងថា ក្រោយពេលថៅកែអំពាវនាវឲ្យកម្មករចូលធ្វើការវិញ តាមការសម្របសម្រួលពីក្រសួងការងារនោះ មានកម្មករខ្លះព្រមចូលធ្វើការវិញ និងមានកម្មករខ្លះ មិនព្រមចូលធ្វើការវិញទេ។ កម្មករឲ្យដឹងថា មកដល់ពេលនេះ កម្មករដែលមិនព្រមចូលធ្វើការវិញ នៅតែមានចំនួនជាង ១ពាន់នាក់។ ចំណែកសមាគមថៅកែរោងចក្រ ប្រកាសកាលពីចុងខែមករាថា កម្មករភាគច្រើន បានត្រលប់ចូលធ្វើការតាមការអំពាវនាវហើយ ប៉ុន្តែភាគីក្រុមហ៊ុនមិនទទួលយកកម្មករ ដែលជាក្រុមញុះញង់ដាច់ខាត។
ក្រុមកម្មករប្រកាន់ជំហរថា ពួកគេនៅតែបន្តធ្វើកូដមុខរោងចក្រ និងដើរហែក្បួនរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋផ្សេងទៀត ប្រសិនបើនៅតែមិនមានដំណោះស្រាយ ដោយតម្រូវឲ្យថៅកែរោងចក្រព្រមទទួលយកកម្មករជាង ១០០នាក់ ចូលធ្វើការវិញនោះ។ កម្មករថា ការតវ៉ារបស់ពួកគេពេលនេះ គ្រាន់តែដើម្បីបានចូលធ្វើការងារក្នុងរោងចក្រវិញ រកប្រាក់កម្រៃទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងផ្គត់ផ្គង់ក្មេង ចាស់ជរាក្នុងបន្ទុកប៉ុណ្ណោះ។
រោងចក្រកាត់ដេរ ដាប់ប៊ែលយូរ អែនឌី (W&D (Cambodia) Co.,Ltd) ស្ថិតនៅខណ្ឌមានជ័យ ដែលមានថៅកែជាជនជាតិចិន ផលិតម៉ាកខោរអាវល្បីៗ ដូចជា ម៉ាក 511, CARRAT និងម៉ាក M&S ។ កម្មករឲ្យដឹងថា ម៉ាកទាំងបីនេះ រោងចក្រដាប់ប៊ែលយូរ អែនឌី (W&D (Cambodia) Co.,Ltd) ផលិតច្រើនជាងគេ ចំណែកម៉ាក H&M មានទទួលផលិតយូរៗម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។