ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងរាប់រយគ្រួសារខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ និងរាប់ពាន់គ្រួសារទៀតគ្មានទឹកបញ្ចូលស្រែ ដោយសារពុំមានភ្លៀងធ្លាក់ជាច្រើនខែមកហើយ។ ពលរដ្ឋខ្លះត្អូញត្អែរជួបការលំបាក ហើយខ្វល់ខ្វាយខ្លាចគ្មានស្បៀងដោះស្រាយជីវភាពគ្រួសារនៅពេលខាងមុខ។
ប្រជាពលរដ្ឋនៅឃុំព្រះផុស ស្រុកគាស់ក្រឡ យួម យឿប ឲ្យដឹងនៅថ្ងៃពុធទី២១ វិច្ឆិកាថា សព្វថ្ងៃពលរដ្ឋនៅតំបន់ ដែលលោករស់នៅ ក្នុងភូមិតានួត ឃុំព្រះផុស ប្រមាណ ៤០០គ្រួសារ គ្មានទឹកប្រើប្រាស់នោះទេ។ ពលរដ្ឋខ្លះត្រូវទៅដងទឹកស្រះនៅតាមទីវត្ត និងតាមប្រឡាយមួយចំនួនដែលមានទឹកបន្តិចបន្តួច មានចម្ងាយប្រហែល ២គីឡូម៉ែត្រ ដើម្បីយកមកដាំស្ល និងប្រើប្រាស់ប្រចាំថ្ងៃ។ ពលរដ្ឋរូបនេះអះអាងទៀតថា ទឹកស្រះវត្តនិងទឹកប្រឡាយប្រើបានយ៉ាងយូរមួយខែទៀត ព្រោះសព្វថ្ងៃទឹករីងជិតដល់បាតស្រះហើយ៖ « បើគិតទៅចាប់ពីសាលាឃុំមកលើខ្វះទឹកខ្លាំង ប៉ុន្តែខ្ញុំដាច់ទឹកជាងគេ ហើយទឹកទាល់តែមកដឹកនៅភូមិផ្សេង បើនិយាយទៅកន្លែងគ្នាស្រះទឹកដូចភូមិគេផ្សេងទេ ព្រោះភូមិខ្ញុំនៅដាច់ស្រយាលជាងគេ » ។
ចំណែកពលរដ្ឋនៅឃុំព្រះផុសម្នាក់ទៀត លោក ឆាយ ឈឿប រៀបរាប់ឲ្យដឹងថា ដំណាំស្រូវរបស់កសិករនៅក្នុងឃុំព្រះផុសរាប់រយហិកតារដើមស្រូវក្រហមស្វិតងាប់ជិតអស់ហើយ និងមិនអាចជួយសង្គ្រោះបានទៀតទេ ព្រោះសូម្បីតែគោក៏មិនស៊ីស្រូវនោះដែរ។ពលរដ្ឋរូបនេះត្អូញត្អែរទៀតថា ពួកគាត់ក្រីក្រហើយមកជួបគ្រោះរាំងស្ងួតបែបនេះទៀត មិនដឹងថាគិតដោះស្រាយយ៉ាងនៅពេលខាងមុខនោះទេ៖ «បាទរឿងទឹកគឺតឹងតែងណាស់សូម្បីតែគោមិនឲ្យចុះផឹកទឹកតាមអណ្ដូងទេ ព្រោះក្នុងអណ្ដូងវាអត់មានទឹកច្រើនទេ ហើយតាមប្រឡាយមានទឹកតិចតួច។ ពលរដ្ឋខ្លះបើសិន ១ខែទៀតអស់ទឹកនេះមុខតែដងទឹកល្អក់យកមកកូរសាច់ជូរទុកប្រើហើយ ម្យ៉ាងទៀតស្រូវក៏អត់បានអីក៏អត់បានផលដែរ គឺបានផលដំណាំបន្តិចបន្តួចនៅជុំវិញផ្ទះទេ » ។
លោកបន្ថែមទៀតថានៅឃុំព្រះផុស ជួបគ្រោះរាំងស្ងួតតាំងពីខែកញ្ញាមកទល់សព្វថ្ងៃ។ កន្លងមកមានភ្លៀងធ្លាក់តិចតួចមិនគ្រប់ស្ទើរគ្មានទឹកដក់នៅក្នុងអូរ ដូច្នេះហើយទើបខ្វះទឹកប្រើប្រាស់នេះ។
អភិបាលស្រុកគាស់ក្រឡ លោក ម៉ៅ សុចាន់ មានប្រសាសន៍ថា ពលរដ្ឋនៅក្នុងស្រុកនេះមិនទាន់ខ្វះទឹកប្រើប្រាស់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ព្រោះទើបតែមានភ្លៀងធ្លាក់មួយមេធំកាលពីថ្ងៃទី២០ វិច្ឆិកា ហើយភ្លៀងអាចនឹងធ្លាក់បន្តទៀតរហូតដល់ចុងខែឯណោះ។ លោក ម៉ៅ សុចាន់ បន្ថែមទៀតថា អាជ្ញាធរកំពុងរកប្រភពទឹកបូមបញ្ចូលស្រែដើម្បីជួយសង្គ្រោះស្រូវរបស់កសិករចំនួន៥ឃុំដែលមានប្រជាពលរដ្ឋរស់នៅជិត ៤ពាន់ គ្រួសារនៅក្នុងស្រុកមួយនេះ។ អភិបាលស្រុករូបនេះរំពឹងថា ដំណាំស្រូវរបស់ពលរដ្ឋ ក្រោយពេលបញ្ចូលទឹកហើយអាចបានផលខ្លះ និងមិនខូចទាំងស្រុងនោះទេ៖ «នឹងហើយដោយសារតែឆ្នាំនេះអាកាសធាតុប្រែប្រួលទាំងស្រុងតែម្ដងបើយើងប្រៀបឆ្នាំមុន ព្រោះរាល់ឆ្នាំខែនេះមានទឹកបបូរ ប៉ុន្តែឆ្នាំនេះមិនសូវភ្លៀងផង ហើយមានតិចតួចទេវានៅឆ្ងាយពីស្រះ កន្លងមកអាជ្ញាធរបានជីកស្រះទឹកធំៗ នៅចំកណ្ដាលភូមិអស់ហើយ ប៉ុន្តែមាននៅសល់តិចតួចដែលពួកគាត់នៅឆ្ងាយពីស្រះទឹក ដែលគាត់ត្រូវធ្វើដំណើរទៅដងទឹក ហើយយើងបានគិតគួរពីបញ្ហាអស់នេះហើយ » ។
យ៉ាងណាអាជ្ញាធរស្រុកមិនទាន់បូកសរុបផ្ទៃដីដំណាំស្រូវដែលប្រឈមការខូចខាតមានប៉ុន្មានហិកតារនៅឡើយទេ។
អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបងលោក អ៊ឹម សុវណ្ណមុនី មានប្រសាសន៍ថាដំណាំស្រូវរបស់កសិករចំនួន ៤ស្រុកក្នុងខេត្តបាត់ដំបងជួបគ្រោះរាំងស្ងួត ក្នុងមានស្រុកថ្មគោល បវេល រុក្ខគិរី និងស្រុកគាស់ក្រឡ ប៉ុន្តែលោក អ៊ឹម សុវណ្ណមុនី មិនទាន់មានតួលេខផ្ទៃដីដំណាំស្រូវ ដែលប្រឈមខូចខាតនៅឡើយទេ តែលោកបញ្ជាក់ថា ស្រូវដែលត្រូវការទឹកជួយសង្គ្រោះនោះ ជាប្រភេទស្រូវធ្ងន់ តែមិនមានច្រើនទេ ដោយសារស្រូវកណ្ដាលកសិករកំពុងប្រមូលផល។ ដូច្នេះមិនមានបញ្ហានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។