ក្រុមស្ត្រីធ្វើការផ្នែកសេវាកម្សាន្តស្នើប្រាក ៤០ដុល្លារពីរដ្ឋក្រោយអត់ការងារដោយសារជំងឺកូវីដ
2020.05.30

ក្រុមស្ត្រីជាកម្មករក្នុងផ្នែកសេវាកម្មកម្សាន្តជិត ១០០នាក់ស្នើទៅរដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាខ្វះខាតក្នុងជីវភាពរស់ប្រចាំថ្ងៃ ក្រោយពួកគាត់បាត់បង់ការងារទាំងស្រុងដោយសារតែការរីករាលដាលជំងឺកូវីដ-១៩។ តំណាងសហជីពថា រដ្ឋាភិបាលពុំបានយកចិត្តទុកដាក់ចំពោះការបាត់បង់ការងាររបស់អ្នកធ្វើការក្នុងផ្នែកទាំងនេះឡើយ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកខ្លាំង ដោយអ្នកខ្លះធ្លាក់ខ្លួនរើសអេតចាយ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។
ក្រុមស្ត្រីអ្នកធ្វើការងារក្នុងផ្នែកសេវាកម្មកម្សាន្តស្នើសុំរដ្ឋាភិបាលផ្ដល់ប្រាក់ចំនួន៤០ដុល្លារ ជួយដោះស្រាយបញ្ហាជីវភាព គឺធ្វើយ៉ាងណាត្រឹមតែអាចឱ្យពួកគាត់មានអាហារហូបចុក កុំឱ្យវេទនាដូចពេលបច្ចុប្បន្ន។លោកស្រី ម៉ង់ សាអែម ដែលកំពុងមានកូនតូចក្នុងបន្ទុកនិយាយថា ជីវភាពគ្រួសារនៅពេលនេះដុនដាបខ្លាំង ដោយសារតែនាងគ្មានចំណូល គឺមានតែចំណាយ។ ចំណាយទាំងនោះគឺមានទាំងថ្លៃជួលបន្ទប់ ថ្លៃទឹកដោះគោកូនតូច សងបំណុល និងទិញអាហារហូបចុកប្រចាំថ្ងៃ។ សាអែមរម្លឹកថា នៅពេលនាងមានការងារធ្វើនៅហាងខារ៉ាអូខេ Best Star នោះនាងមានចំណូលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ចំណាយមិនពិបាកដូចពេលនេះទេ៖ «កូនតូចហ្នឹងម៉ាខួបមិនទាន់បានកន្លះទេ ទើបម៉ាខួប២ខែ អ៊ីចឹងត្រូវចំណាយពេលបានម៉ោមានទឹក ភ្លើង ចាយផង ហើយ កូន ហើយមិនដឹងរកអីផង មានតែនៅផ្ទះ»
ស្ត្រីវ័យ៥០ឆ្នាំប្លាយ នួន យ៉ម ដែលធ្លាប់ធ្វើជាអ្នកសំអាតនៅហាងខារ៉ាអូខេសំរិទ្ធិពេជ្រ ឱ្យដឹងថា ពេលនេះលោកស្រីត្រូវស៊ីឈ្នួលលាងចាន និងបោសជូតនៅតាមផ្ទះ ប៉ុន្តែការងារនេះមានតែម្ដងម្កាលប៉ុណ្ណោះ ក្រៅពីនេះលោកស្រីត្រូវដើររើសអេតចាយ ដើម្បីផ្គត់ផ្គង់ជីវភាព។ លោកស្រីថា ពេលនេះមានប្រាក់ចំណូលតិចតួច ប៉ុន្តែការចំណាយនៅដដែល គឺលោកស្រីត្រូវរ៉ាបរងចិញ្ចឹមកូន និងប្ដី ដែលកំពុងមានជំងឺទឹកនោមផ្អែម៖ «ខ្វល់ខ្លាំងខ្លាចអត់លុយប្ដីឈឺអ៊ីចឹង ខ្លាចអត់លុយទិញថ្នាំឱ្យប្ដីអ៊ីចឹង ហើយហូបចុកទិញអង្ករ ទិញអីចឹង។ ទិញម្ហូបតាមអត់ជួនកាលអស់ម៉ាម៉ឺនម្ហូបជួនកាល ស្រេចតែវាអត់ហើយ តាមអត់លុយ ជួនកាលចិញ្ច្រាំប្រហុកទៅទិញត្រីអីតិចតួច អ៊ីចឹងហូបទៅ។ អត់ហ៊ានចាយធំយើងរកអត់បាន រិះថាំដែរហ្នឹងតែថ្នាំគាត់ត្រូវទិញចាក់រាល់ខែរហូត។ ខ្ញុំចង់ថាឱ្យរដ្ឋាគាត់ជួយខ្លះថវិកាគ្រាន់ទិញហូបចុក»។
មិនខុសគ្នានេះដែរ ស្ត្រីមេម៉ាយ ឡាច សុខខៃ ឱ្យដឹងដែរថា កាលដែលលោកស្រីនៅមានការងារធ្វើនៅហាងម៉ាស្សា បើទោះជាចំណូលមិនច្រើនប៉ុន្មាន តែអាចរស់បាន មិនវេទនាពេកទេ។ លោកស្រីត្រូវស៊ីឈ្នួលបកខ្ទឹម ដែលអាចរកបានប្រមាណ៥០០០រៀលក្នុងមួយថ្ងៃ។ លោកស្រីត្រូវចាយវាយត្បិតត្បៀត ដើម្បីសន្សំទុកបង់ថ្លៃបន្ទប់ជួល ដោយបង់រំលួសឱ្យម្ចាស់ផ្ទះក្នុង១ថ្ងៃ ៣០០០រៀល។ ចំណែកកូន ២នាក់ របស់លោកស្រីក៏ជួយរកចំណូលដោយដើររើសសំបកកំប៉ុងលក់ដែរ។ លោកស្រីអំពាវនាវរកជំនួយពីរដ្ឋាភិបាល សុំត្រឹមបានហូបចុកសមរម្យ ក្នុងពេលលោកស្រី កំពុងរង់ចាំចូលធ្វើការងារវិញនៅពេលណា ដែលរដ្ឋាភិបាលបើកឱ្យមានការងារឡើងវិញ៖ «មួយខែ៥០ ប៉ុន្តែយើងសុំគេបង់រំលួសអីខ្លះ ៣ពាន់ៗអ៊ីចឹងទៅ ម៉ាខែហ្នឹង បើទឹកអស់ជិត២ម៉ឺន ភ្លើងអស់ជិត២ម៉ឺន ទៅខ្ចីគេខ្លះអ៊ីចឹងទៅ។ អ្នកជិតខាងអ៊ីចឹងដែរ គេចេះតាឱ្យខ្ចី ឃើញអត់គេចេះតែហុចអីលិចកើតឱ្យ។ ជួនកាលដូច្នេះហ្នឹង អត់ដាំតាបាយទៅ មានកូនត្រី ២ចៀន ទៅចែកគ្នាអ៊ីចឹងទៅ ថ្ងៃខ្លះអត់ខ្លាំងពងទារមួយគ្រាប់។ កូនពីរនាក់វាចេះតែនៅបេះបោះនៅក្បែរហ្នឹង។ កូនខ្ញុំជាង ១០ឆ្នាំ នោះជួយទៅរើសអេតចាយយកមកផ្សំហូបលិចហូបកើត»។
ក្រុមអ្នកធ្វើការនៅក្នុងវិស័យសេវាកម្មកម្សាន្តចំនួនជិត ១០០នាក់ ដែលរួមមានអ្នកធ្វើការនៅតាមហាងខារ៉ាអូខេ ហាងម៉ាស្សា និងស្ប៉ា ជាដើមបាននាំគ្នាផ្តិតមេដៃ ដាក់ញត្តិទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៦ ខែឧសភា។ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្ដល់ការគាំពារបន្ទាន់ដល់ពួកគេ ដែលកំពុងរងផលប៉ះពាល់ជីវភាពដោយសារតែរដ្ឋាភិបាលបានប្រកាសបិទសេវាកម្មផ្នែកខារ៉ាអូខេ និងភាពយន្តនៅទូទាំងប្រទេស។ ពួកគេបានលោកឡើងនូវចំណុចសំខាន់ចំនួន២ គឺស្នើសុំឱ្យជួយបន្ធូរបន្ថយថ្លៃឈ្នួលផ្ទះពាក់កណ្ដាល និងឧបត្ថម្ភប្រាក់ចំនួន ៤០ដុល្លារសម្រាប់ការផ្គត់ផ្គង់ចំណាយលើម្ហូបអាហារប្រចាំថ្ងៃ ដែលអាចឱ្យពួកគេអាចតស៊ូបានតទៀតរង់ចាំ ដល់ថ្ងៃរដ្ឋាភិបាលបើកឱ្យពួកគាត់បានធ្វើការឡើងវិញ។
ក្រុមស្ត្រីដែលអាស៊ីសេរីបានសម្ភាសលើកឡើងដូចៗគ្នាថា ពួកគេចង់បានការងារធ្វើឡើងវិញប្រសើរជាជាងហារមាត់សុំជំនួយពីរដ្ឋាភិបាលបែបនេះ៖ «ពិបាកមែនទែនជីវភាពលុយកាក់ ដល់អត់ការងារធ្វើអ៊ីចឹង។ ចង់ឱ្យជួយថវិកាតិចតួចអ៊ីចឹងទៅណាស់។ បើគេបើកការងារវិញចូលធ្វើវិញទៅ។ សុំតែជួយម៉ារយៈក៏បានដែរ ទម្រាំតែការងារវាដំណើរការឡើងវិញ ខ្ញុំចូលធ្វើការវិញប្រហែលអាចសម្រួលបានបន្តិច។ ទោះឥឡូវខ្ញុំទៅរកការងារផ្សេងទៀតក៏គេអត់មានរើសអ៊ីចឹងណាបង។ ថាខ្វះខាតទ័លហើយបង បានយើងសុំឱ្យជួយអ៊ីចឹងណាបង។ ពិបាកខ្លាំងគឺអត់ហូបនឹងហ្មង អ៊ីចឹងជាបឋមនឹងសុំឱ្យជួយសិនអ៊ីចឹង ទៅដល់ពេលមានការងារធ្វើយើងក៏បកទៅកន្លែងការងារវិញ»។
បើទោះជាយ៉ាងណាតំណាងសហជីពកម្មករក្នុងវិស័យនេះនៅតែមើលឃើញថា បញ្ហាជួបការលំបាករបស់ពួកគេនេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា រដ្ឋាភិបាលបានខកខានក្នុងការយកចិត្តទុកដាក់ដល់ក្រុមអ្នកធ្វើការក្នុងផ្នែកសេវាកម្មកម្សាន្ត នៅពេលដែលជីវភាពរស់នៅរបស់ពួកគាត់ជួបការលំបាករួចស្រេចទៅហើយ តាំងពីមុនមានវិបត្តិជំងឺកូវីដ-១៩ រួចទៅហើយនោះ៖ «ដល់ពេលនិយាយរឿងឱ្យបិទគឺបិទ តែដល់ពេលអត់មានគិតពីរឿងចុះពួកគាត់ពេលមានបញ្ហា អត់ការងារធ្វើ អត់ប្រាក់់ចំណូលអ៊ីចឹង? គិតតែរឿងកូវីដ តើពួកគាត់មានបញ្ហាអីនៅពេល ដែលគាត់អត់មានប្រាក់ចំណូល តើគាត់អាចរស់អីបាន? រដ្ឋាភិបាលត្រូវគិតគូដល់ជីវភាពរបស់ពលរដ្ឋ បានន័យថា ដៃម្ខាងទប់ការពាររឿងកូវីដ ដៃម្ខាងទៀតត្រូវជួយគាំទ្រដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យចៀសផុតពីភាពអត់ឃ្លាន»។
រដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រេចភ្លាមៗបិទទ្វារសេវាកម្មផ្នែកខារ៉ាអូខេ និងភាពយន្តកាលពីថ្ងៃទី១៧ ខែមីនា ក្នុងហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ សហជីពថា ការបិទទ្វារវិស័យនេះធ្វើឱ្យកម្មករជាង ៤ម៉ឺននាក់ បាត់បង់ការងារ ដែលអ្នកទាំងនោះក៏មានបន្ទុកចិញ្ចឹមសមាជិកគ្រួសារពួកគេ ដែលមានចំនួនរាប់ម៉ឺននាក់ផ្សេងទៀត។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បាននៅឡើយទេ។
ចំណែកអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ម៉ាន់ ចិន្ដា ធ្លាប់ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលផ្តោតទៅលើការទប់ស្កាត់ជំងឺឆ្លងរាលដាលជាសកលកូវីដ-១៩ ហើយដំណោះស្រាយបញ្ហាផលប៉ះពាល់រដ្ឋាភិបាលបានដោះស្រាយបណ្ដើរៗលើបញ្ហាមួយចំនួន និងកំពុងពិចារណាដោះស្រាយលើបញ្ហាផ្សេងៗទៀត។
ប៉ុន្តែបើតាមការប្រកាសរបស់រដ្ឋាភិបាលពេលនេះរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាទៅដល់ជុំទី៤ហើយចំពោះផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ នៅក្នុងផ្នែកមួយចំនួនរួមមានផលប៉ះពាល់ទៅលើកម្មករនៅក្នុងផ្នែករោងចក្រកាត់ដេរ វិស័យទេសចរណ៍ ពលរដ្ឋក្រីក្រ អ្នកងាយរងគ្រោះ និងការកែសម្រួលកម្ចីរបស់ពលរដ្ឋ ដែលជំពាក់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។ ក្នុងនោះរដ្ឋាភិបាលសន្យាថា ផ្ដល់ប្រាក់៤០ដុល្លារ ដល់កម្មករក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍។
នៅក្នុងញត្តិដែលដាក់ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះក្រុមកម្មករក្នុងផ្នែកសេវាកម្មកម្សាន្តសង្ឃឹមថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ដល់ពួកគេដូចកម្មករនៅក្នុងវិស័យផ្សេងទៀតដែរ៕